ភ្នំពេញ៖សុគន្ធ និសា រងចាំVisa ពីស្ថានទូតអាមេរិករយៈពេលជិត៤ឆ្នាំទៅហើយតែនៅពេលនេះនាងអត់ទាន់បានសិទ្ធិទៅរស់នៅស្របច្បាប់នៅអាមេរិកនៅឡើយ បើទោះជាស្វាមីនាងលោកចៅ សម្បត្តិ ដែលជាអាណិកជនខ្មែររស់នៅរដ្ឋBoston សហរដ្ឋអាមេរិកនោះមានផ្ទះនៅទីនោះហើយបច្ចុប្បន្នលោកជានាយកផ្នែកប្រតិបតិរបស់ក្រុមហ៊ុនមេនញូឡាយប្រចាំនៅកម្ពុជាដែលត្រូវគេចាត់ទុកថាជាអ្នកមានទ្រព្យម្នាក់ក្ដី។ការមិនទាន់បានVisa ដូចចិត្តនេះធ្វើឲ្យសុគន្ធ និសា ត្រូវពន្យាពេលក្នុងការពពោះយកកូនដំបូងរបស់នាងទៅទៀតព្រោះនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនដំបូងគឺចង់ផ្ដល់កណើតនៅអាមេរិកពោលគឺមានន័យថាកើតភ្លាមបានសញ្ជាតិភ្លែតតែម្ដង។ប៉ុន្ដែដោយសារការធ្លាក់Visaនៅតែយឺតយ៉ាវបែបនេះហើយទើបកាលពីចុងឆ្នាំ២០២០និសា បានផ្លាស់ប្ដូរជំហដោយថានាងអាចនឹងពពោះនៅឆ្នាំ២០២១ព្រោះចាស់ទុំទាំងសងខាងបានជម្រុញឲ្យយកកូនតាំងពីក្រោយរៀបការភ្លាមៗម្លេះ តែពេលនេះគេនៅតែមិនឃើញនិសា ហ៊ានពពោះនោះទេដោយសារតែកាលពីដើមខែមីនាឆ្នាំ២០២១ នាងកើតកូវីដទើបធ្វើឲ្យគម្រោងនៃការយកកូនត្រូវប្រែប្រួលទោះជាពេលនេះនាងមានសុខភាពល្អដូចដើមក៍ដោយ។យ៉ាងណានិសា ថានាងនិងស្វាមីចង់បានកូនតាមគម្រោងទើបមិនដូចតារាខ្លះដែលគេការហើយភ្លាមយកកូនភ្លែតនោះទេ។



សុគន្ធ និសា បានផាត់ចោលសំណើរស្នេហ៍បុរសក្នុងស្រុកជាមន្រ្ដីធំៗដោយនាងជ្រើសស្នេហ៍លោកចៅ សម្បត្តិ រស់នៅសហរដ្ឋអាមេរិកហើយអ្នកទាំង២បានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ដែល១សប្ដាហ៍ខាងមុខនេះទៀតនិសា នឹងប្រារពខួបអាពាហ៍ពិពាហ៍គម្រប់៤ឆ្នាំហើយ។អ្នកសិល្បៈមិនតិចទេសរសើរថានិសា ជ្រើសប្ដីត្រូវព្រោះលោកសម្បត្តិ មិនត្រឹមតែអត់ចេះប្រចណ្ឌហួងហែងនាងនោះទេ ប៉ុន្ដែលោកបានបើកដៃឲ្យនិសា បន្ដអាជីពសិល្បៈដោយសេរីទាំងច្រៀងនិងការភាពយន្ដតែម្ដង។ដោយឡែកសម្រាប់ការចេញច្រៀងសម្ដែងរបស់និសា តាមបណ្ដារឆាកតន្រ្ដីវិញគេក៍មិនដែលឃើញស្វាមីនាងដើរតាមដូចតារាមួយចំនួនទៀតដែលមានប្ដីជាអាណិកជននោះដែរ។និសា ប្រាប់ថានោះគឺជាទំនុកចិត្តរវាងប្ដីប្រពន្ធនាងគឺមានដូចគ្នា ហើយម្យាងទៀតស្វាមីនាងមានការងារច្រើនត្រូវធ្វើហេតុនេះហើយគ្មានពេលត្រូវទៅតាមនាងគ្រប់ពេលវេលានោះទេ។



ក្រៅពីសុគន្ធ និសា តារាដែលយកប្ដីអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណា,វ៉េត រតនា ,សារ៉ាយ សក្កណា និងវ៉ាង ស្រីណូ ជាដើម។ចំពោះនិសា វិញគេកត់សម្គាល់ថានាងក៍មិនខុសពីតារាល្បីៗមួយចំនួនទៀតដែរពោលគឺក្រោយមានប្ដីមិនសូវមានសន្ទុះខ្លាំងដូចកាលនៅលីវនោះទេ ទើបធ្វើឲ្យទីផ្សារចម្រៀងប្រឈមនៅទ្រឹង។ទោះជាយ៉ាងណារយៈពេលចុងក្រោយនេះគេឃើញនិសា ត្រូវប៉ាន់ស្ពតពាណិជ្ជកម្មធំៗ ហើយនាងក៍ងាកទៅរកស៊ីលក់ផលិតផលតាមOnlineផងដែរ ខណៈដែលនាងបានបើកហាងគុយទាវខ្ចប់ជាច្រើនឆ្នាំមកហើយ។អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធ និសា នឹងបញ្ចប់អាជីពចម្រៀងនាពេលខាងមុខនេះដូចអតីតារាហង្សមាសអ្នកនាងគឹម លក្ខិណា ដែរដើម្បីចេញទៅរស់នៅតាមស្វាមីនៅអាមេរិកហើយមុនចាកចេញនេះនិសា ក្រៅពីបានបន្សល់ស្នាដៃចម្រៀងជាច្រើនបទនោះនាងក៍ធ្វើឲ្យទស្សនិកជនចងចាំតាមរយៈភាពយន្ដធំៗ៤រឿងក្នុងតំណែងជាតួឯកគឺរឿង”សិសិរដូវក្នុងបេះដូង”,”រាជនីយភូមិគ្រឹះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មីនៃសុភមង្គល”។ប៉ុន្ដែនិសា ធ្លាប់អះអាងថាអាជីពចម្រៀងជាផ្នែកមួយដែលនាងស្រលាញ់បំផុត ហេតុនេះហើយនាងមិនអាចបញ្ឈប់ត្រឹមនេះបានទេ។នាងថានឹងច្រៀងរហូតឲ្យតែទស្សនិកជននៅគាំទ្រ ព្រោះនាងបានតស៊ូវិស័យនេះរយៈពេលជាង១០ឆ្នាំមកហើយ៕



