Monday, December 23, 2024
Homeបរិយាយកូនពស់ ក៏មានពិស

កូនពស់ ក៏មានពិស

ដោយអាចារ្យថាំ

មានរឿងតំណាលពីមេមាន់ ក្រាបភ្ញាស់ពងពស់វែក លុះពងនោះញាស់ បានជាកូនពស់ ប៉ុនចង្កឹះ ក៏ចឹកមេមាន់ដ៏មាន គុណនោះងាប់ទៅ វាជាលក្ខណៈធម្មជាតិតាក់តែងមក ដែលអ្នកសិក្សា មិនអាចទម្លាក់កំហុសទៅលើកូនពស់បានឡើយ តែគេថាមកពីមេមាន់ល្ងង់។ យ៉ាងណាមិញ បក្សកាន់អំណាច (CPP) ធ្លាប់ចាត់ទុកអតីតបក្សសង្គ្រោះជាតិ ជា “ពស់វែក” ទើបកម្ចាត់ចោលទៅ ប៉ុន្តែនៅសល់ “ពងពស់” អាចនឹងញាស់បន្តវេនចាំចឹក CPP។ ករណីក្រសួងមហាផ្ទៃប្រុងប្រយ័ត្ន ចំពោះ “គណបក្សបេះដូងជាតិ” អាចថាមកពី “កូនពស់ ក៏មានពិស” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។

ពស់ ចែកជា ២ប្រភេទ គឺពស់អត់ពិស ដូចជាពស់ថ្លាន់ ពស់ព្រៃ ពស់ព្រលិត ពស់សង់សឿ ពស់សម្លាប់កង្កែប ជាដើម។ ចំណែកពស់មានពិស មានដូចជា ពស់វែករនាម ឬទ្រង់រនាម ពស់វែកដំបូក ពស់វែកក្របី ពស់វែកស្រងែ ពស់ទង់ត្រាវ ឬធាងត្រាវ ពស់ស្រកាចាស់ ជាដើម។

បុរាណាចារ្យ បានបង្កើតពាក្យស្លោកថា “ពស់វែកដំបូក ១ស្រែ ពស់វែកស្រងែ ១ព្យាម ពស់វែករនាម ប៉សស្តូក” ដោយ ចង់បង្ហាញពីឥទ្ធិពលនៃពិសខ្លាំងខ្សោយរបស់វា។ ចំពោះពស់វែកគ្រប់ពូជ ទោះជាកូនពស់ ក៏មានពិសមិនធម្មតាដែរ ដោយ អាចប្រៀបធៀបថា អម្បាលយ៉ាងខ្ទួយ ក្អែប ឃ្មុំ ឪម៉ាល់ ជាសត្វល្អិត ម្តេចគង់មានពិសយាយីមនុស្សបាន ចុះទម្រាំកូនពស់- វែកប៉ុនកូនដៃ ឬប៉ុនចង្កឹះ ទើបនឹងញាស់នោះ តើពិសវាខ្លាំងយ៉ាងណាទៅ?

យើងធ្លាប់ឃើញបុរសផ្ទះជិតខាងម្នាក់ ដើរជាន់កូនពស់វែកដំបូក ទើបនឹងញាស់ ក៏ត្រូវពស់ខាំមេជើង តែគាត់វាយបាន កូនពស់នោះយកទៅត្រាំស្រា។ មុនដំបូងចុកល្មមៗទេ លុះរំលង ១យប់ ស្រាប់តែចុករមួលស្រែករោទ៍ ប៉ុន្តែក្រោយឆ្នាំ ១៩៧៩ គ្មានពេទ្យ និងគ្មានថ្នាំប្រឆាំងពិសពស់ (ច្វានិ នាតិវនេមិខ៉េ) ទើបក្រុមគ្រួសារដឹកបុរសនោះទៅរកគ្រូខ្មែរស្តោះផ្លុំ ប្រើឱសថបុរាណ ក៏បានជាសះស្បើយទាំងប្រផុតប្រផើយ ប៉ុន្តែកន្លែងពស់ចឹក ឡើងស្នាមពពាលដូចរលាកភ្លើង។

យ៉ាងណាមិញ យើងអាចប្រៀបធៀបអតីតបក្សប្រឆាំង (ជណភ្រ) ដូច “ពស់វែករនាម” ដែលបើកពពារចង់ចឹកបក្ស កាន់អំណាច CPP ប៉ុន្តែដោយសារតុលាការ ជា “គ្រូអាលម្ពាយ” ខ្លាំងពូកែ ក៏ចាប់ពស់ CNRP បាន តែមិនវាយសម្លាប់ទេ គ្រាន់តែយកទៅលែងចោលក្នុងព្រៃ។ ទោះជាពស់ដ៏ធំនោះទៅនៅព្រៃ ក៏បានបន្សល់ទុក “ពងពស់” ក្នុងសម្បុក ដើម្បីត្រៀម ញាស់ ក្នុងនោះមាន “ពស់ភ្លើងទៀន” ហើយឥឡូវមានពងពស់ “បេះដូងជាតិ” កំពុងដល់អាយុញាស់ជាកូនពស់វែករនាម។ ក្រសួងមហាផ្ទៃ មានការប្រុងប្រយ័ត្នខ្លាចកូនពស់នោះញាស់មក ក៏ព្យាយាមបន្ទច់បង្អាក់ យកដីទៅចាក់លុបរន្ធពស់ កុំឱ្យវា ចេញពីស៊ុតបាន ជាហេតុនាំឱ្យមានការតវ៉ា។

ប្រភពព័ត៌មានថា គណបក្សភ្លើងទៀន ដែលមានលោកទាវ វណ្ណុល ជាប្រធាននោះ ក្រសួងមហាផ្ទៃ មិនសូវបារម្ភពេក ទេ ព្រោះជា “កូនពស់បាក់ចង្កូម” តាំងកំណើតមកម៉្លេះ មិនអាចខាំ CPP បានឡើយ ប៉ុន្តែអ្វីដែលត្រូវប្រយ័ត្ន គឺគណបក្ស បេះដូងជាតិ ដែលមានលោកសៀម ភ្លុក ជាប្រធាន ដែលប្រភពថា ជា “កូនអុករបស់លោក សម រង្ស៊ី”។

ឥឡូវឮថា លោកសៀម ភ្លុក កំពុងរៀបចំប្តឹងផ្តល់ទៅតុលាការកំពូល ករណីក្រសួងមហាផ្ទៃ មិនព្រមចុះបញ្ជី ដោយ សំអាងលើស្នាមមេដៃក្លែងក្លាយ។

ចំណែកមន្ត្រីអ្នកនាំពាក្យ ក៏បង្ហាញភាពប្រុងប្រយ័ត្នដែរ ក្រែងលោកូនពស់ CNRP នោះ ញាស់មក ពិបាកការពារខ្លួន ព្រោះវាតូចប៉ុនចង្កឹះ មើលមិនឃើញ តែពិសវា “ប៉សស្តូក” នេះ សម្រាប់ពស់ទ្រង់រនាម។

លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានបង្ហោះសំណេរតាមហ្វេសប៊ុក ថា “បើកទូលាយឱ្យបង្កើតគណបក្ស = តែត្រូវ បំពេញបែបបទត្រឹមត្រូវតាមច្បាប់កំណត់ មិនមែនធ្វើទង្វើទុច្ចរិត ហើយចេះតែអនុញ្ញាតទេ។ បើមានការខ្វះខាតបន្តិចបន្តួច គេណែនាំឱ្យបំពេញបន្ថែម = តែបើណែនាំហើយមិនកែ ថែមទាំងមានអំពើទុច្ចរិត ចាំបាច់ត្រូវទៅតុលាការ”។

សំណេរនេះ ច្បាស់ហើយថា “កូនពស់បេះដូងជាតិ, កំពុងនៅក្នុងសំបកស៊ុតនៃមេពស់វែករនាម CNRP អត់ទាន់ញាស់ ចេញមកទេ។ ទោះយ៉ាងណា ជាលក្ខណៈធម្មជាតិរបស់ពស់ បើដល់កំណត់ខែថ្ងៃ ទោះបីជាគេយកពស់នោះកប់ក្នុងខ្សាច់ ឬអង្កាម ក៏វាញាស់ចៀសមិនរួច វៀរលែងតែយកពង “ទៅស្ងោរស៊ី”។ អ្នកធ្លាប់បរិភោគពងពស់វែក អួតថាឆ្ងាញ់ណាស់ ប៉ុន្តែ បន្ទាប់ពីផឹកស្រាក្លែមពងពស់នោះរួច ក៏វ៉ៃប្រពន្ធកូន បង្កអំពេហិង្សិាផ្សេងៗ ព្រោះតែជាតិពិសកូនពស់ ជ្រាបចូលក្នុងខ្លួន។

ករណី CPP ប្រុងប្រយ័ត្នមិនចង់ឱ្យ “ពងពស់បេះដូងជាតិ” របស់លោកសៀម ភ្លុក ញាស់ គឺមកពីដឹងថា មាន “មេពស់ សម រង្ស៊ី” នៅពីក្រោយ ចាំបើកពពារ ព្រួសពិសដាក់បក្សកាន់អំណាច។ ជភភ អត់ខ្លាច ”កូនពស់ភ្លើងទៀន” នោះទេ ទោះបីជា ដឹងថា លោកថាច់ សេដ្ឋា ជាមនុស្សស្និទ្ធស្នាលនឹងលោកសម រង្ស៊ី បានក្លាយជាអ្នកនាំពាក្យបក្សនេះក៏ដោយ។ CPP ក៏មិន ដែលខ្លាចគណបក្សទើបបង្កើតថ្មី បែកឆ្វេងចេញពី CNRP ជាពិសេស បែកចិត្តិពីលោកកឹម សុខា។ បក្សកែទម្រង់កម្ពុជា បក្ស ឆន្ទៈខ្មែរ ជាដើម គ្មានឥទ្ធិពលអ្វីធ្វើឱ្យ ជភភ ព្រួយបារម្ភនោះទេ។ រីឯបក្សកំពុងអង្គុយកៅអី “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” មានបក្សលោកតាម៉ម សូណង់ដូ, បក្សលោកពេជ្រ ស្រស់ ជាដើម គ្មានន័យអ្វីទេ សូម្បីតែបក្សលោកខឹម វាសនា សញ្ញាជួង ពូកែខាងជេរលោកសង្ឃ ក៏ CPPអត់ញញើតប៉ុនក្រចក។

ដោយឡែក ពីមុន សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជា“មេពស់ហ៊្វុនស៊ិនប៉ិច” ក៏មានពិសមិនធម្មតាដែរ ប៉ុន្តែសព្វថ្ងៃ មេពស់នោះរេចរឹលចង្កូម សកស្រកាអស់ហើយ គ្មានបារម្ភទៀតទេ ខណៈដែលកូនពស់ហ៊្វុនស៊ិនប៉ិច ខ្លះចុះចូល CPP បាន ទទួលតំណែងខ្លាញ់។

ឃើញនៅសល់តែ“មេពស់ CNRP ២ក្បាល” អត់ទាន់អស់ឥទ្ធិពលទេ ទោះបីជាពស់សម រង្ស៊ី នៅព្រៃជ្រៅ ឯពស់កឹម សុខា នៅក្នុងទ្រុង ក៏ពិបាកឃ្លាំមើលបំផុត ព្រោះពស់វែកទាំងពីរនេះ ពងចោលក្នុងរន្ធជាច្រើនកន្លែង ជិតដល់ពេលញាស់។

ទោះយ៉ាងណា បើ CPP រវល់តែទប់ទល់ “កូនពស់បេះដូងជាតិ” អាចធ្វើឱ្យអន្តរជាតិវាយតម្លៃបានថា “ខ្លាចសព្វបើកូន ពស់” មិនខុសពីពាក្យស្លោកថា “ខ្លាមិនខ្លាច ខ្លាចអាចម៍ខ្លា”។ សួរថាតើលោកសៀម ភ្លុក ដែលមិនសូវមានអ្នកស្គាល់នោះ មានឥទ្ធិពលកម្រិតណា នៅក្នុងនិន្នាការប្រឆាំង? បើកាលណាអ្នកគាំទ្រ ជណភ្រ មិនសូវស្គាល់ ក៏គេពិបាកបោះឆ្នោតឱ្យដែរ ព្រោះការបោះឆ្នោតភ្ជាប់ទៅដោយ “វិចារណញ្ញាណ” មិនចេះតែបោះស្មានៗ ដូចក្មេងលេងស្លឹកឈើឯណា?

អ្នកបោះឆ្នោត ធ្លាប់បោះឱ្យ CNRP ព្រោះគេជឿសម រង្ស៊ី-កឹម សុខា លុះអ្នកនយោបាយទាំងពីរនេះ លេចសញ្ញាបែកបាក់ តើបោះឱ្យអ្នកណាទៀត? តើទុកចិត្តលោកសៀម ភ្លុក ឯណាបាន? ដែលជាចំណុចសំខាន់សម្រាប់បក្សកាន់អំណាច ពិចារណា កុំចេះតែបារម្ភពីកូនពស់។

នគរធំ” ហ៊ានសន្និដ្ឋានថា ទោះបីជាគណបក្សបេះដូងជាតិ ឬ “កូនពស់ CNRP” នោះញាស់ ក៏មិនអាចយកឈ្នះ “នាគរាជ CPP” បានដែរ។ នាគរាជនេះមានក្បាល៩ បើកពពារមើលឃើញដល់ចក្រវាល កម្រព្រួសពិសផ្តេសផ្តាសណាស់ ប៉ុន្តែបើ ព្រួសពិសភ្លើង តែបន្តិច ធ្វើឱ្យកូនពស់វែករនាម រលាយទៅជាផេះផង់។

ការប្រៀបធៀប “នាគរាជ CPP និងកូនពស់ CNRP” នេះ ល្មមយល់ហើយ ដូច្នេះបើបក្សបេះដូងជាតិ ចង់ចូលរួម ប្រកួត ទោះបីជាដឹងថា មានមេប្រឆាំងឬពស់សម រង្ស៊ី នៅពីក្រោយ ក៏មិនគួរ “នាគរាជខ្លាចកូនពស់” នោះដែរ។

សរុបទៅ “កូនពស់ ក៏មានពិស” មានន័យយ៉ាងនេះឯង។ បក្សកាន់អំណាច បើចេះតែបារម្ភហួសហេតុពេក គេថាកំសាក ខ្លាចអីមិនខ្លាចទៅខ្លាចកូនពស់ ខណៈដែល CPP ជា “ភុជង្គនាគ ឬនាគរាជ”។ ហេតុនេះ គួរតែប្រថុយឱ្យបក្សកូនពស់នោះ លូនចូលសង្វៀនប្រជាធិបតេយ្យចុះ គ្រាន់តែដាក់លក្ខខណ្ឌ ហាមបង្កការអុកឡុករំខានដល់ការបោះឆ្នោត ជាការស្រេច…”

RELATED ARTICLES