Monday, November 18, 2024
Homeបរិយាយបិតា​ប្រ​ជា​ធិប​តេយ្យ ហេតុ​អ្វី​បង្ក្រាប​បាតុ​កម្ម?

បិតា​ប្រ​ជា​ធិប​តេយ្យ ហេតុ​អ្វី​បង្ក្រាប​បាតុ​កម្ម?

បន្ទាប់ពីលោកដូណាល់ ត្រាំ ឈ្នះតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ស្រាប់តែអ្នកគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន នាំគ្នាធ្វើបាតុកម្មគគ្រឹកគគ្រេង រហូតបង្កអំពើហិង្សា និងត្រូវបានសមត្ថកិច្ចបង្ក្រាបឱ្យរងរបួស និងចាប់ខ្លួនមួយចំនួននោះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរភាគច្រើនងឿងឆ្ងល់ថា “អាមេរិក ជាបិតាប្រជាធិបតេយ្យ ហេតុអ្វីបង្ក្រាបបាតុកម្ម?” សំណួរនេះ ដោយសារប្រជាពលរដ្ឋខ្មែរ ធ្លាប់ឃើញកម្ពុជា ធ្វើយ៉ាងនេះដែរ ហើយត្រូវបានក្រុមបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល រិះគន់ថា ជាការរំលោភសិទ្ធិមនុស្ស បំបិទសិទ្ធិសេរីភាពបញ្ចោញមតិ ដើរខុសគន្លងប្រជាធិបតេយ្យ ដែល “នគរធំ” សូមលើកមកបរិយាយ ថ្ងៃនេះ…។

សហរដ្ឋអាមេរិក ដែលកាន់របបប្រធានាធិបតីនិយម ជ្រើសតាំងតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ និងមាន ប្រធានាធិបតី ឡើងកាន់តំណែងដូរវេនគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ជាបន្តបន្ទាប់នោះ ត្រូវមនុស្ស ពេញពិភពលោក ចាត់ទុកថា ជា “បិតាប្រជាធិបតេយ្យ” ដោយមានគោលការណ៍គោរពសិទ្ធិមនុស្ស គោរពច្បាប់រដ្ឋធម្មនុញ្ញ ឥតល្អៀង ពុំធ្លាប់ជួបប្រទះបាតុកម្មគគ្រឹកគគ្រេង មិនទទួលស្គាល់លទ្ធផលការបោះឆ្នោតនោះទេ។ កន្លងមក មន្ត្រីជាន់ខ្ពស់ របស់អាមេរិក តែងតែឃ្លាំមើល ចាំចាប់កំហុសប្រទេសតូចៗ ដូចកម្ពុជា ភូមា វៀតណាម និងបណ្តាប្រទេសកុម្មុយនិស្តមួយ ចំនួនទៀតថា បាន “រំលោភសិទ្ធិមនុស្ស” ឬចោទប្រកាន់ថា “មិនដើរតាមមាគ៌ាប្រជាធិបតេយ្យ”។ បាតុកម្មដែលកើតឡើងជា បន្តបន្ទាប់នៅកម្ពុជា ហើយត្រូវសមត្ថកិច្ច បង្ក្រាបឱ្យរាបទាបទៅវិញនោះ មន្ត្រីអាមេរិក ដោយមានការជួយបន្ទរពីសហគមន៍ អឺរ៉ុប ជាពិសេស អ្នករាយការណ៍អ.ស.ប ស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា ចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា “បានរំលោភសិទ្ធិ មនុស្សយ៉ាងធ្ងន់ធ្ងរ” ដោយបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពនេះ ហើយបានទាំងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬផ្តាច់ជំនួយទៀតផង។

ឥឡូវមានឯណា! បន្ទាប់ពីលោកមហាសេដ្ឋីដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក និងកំពុងរៀបចំគណៈរដ្ឋមន្ត្រី ឡើងកាន់អំណាចបន្តពីលោកបារ៉ាក់ខ៍ អូបាម៉ា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ក៏ស្រាប់តែអ្នកគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន កើតទុក្ខមិនសុខចិត្ត នាំគ្នាធ្វើបាតុកម្មគគ្រឹកគគ្រេង។ បើត្រឹមតែធ្វើបែប អហិង្សានោះ មិនអីទេ ប៉ុន្តែ បាតុករខ្លះ បានផ្ទុះអំពើហិង្សាវាយកម្ទេចទ្រព្យសម្បត្តិឯកជន និងសាធារណៈ រហូតដល់ប៉ូលិស អាមេរិក បង្ក្រាបដោយវិធីក្តៅ ធ្វើឱ្យមានរបួសនិងចាប់ខ្លួនរាប់សិបនាក់។

សូមរំព្ញកថា បាតុកម្មនៅអាមេរិក មានជាហូរហែពាក់ព័ន្ធដល់វិស័យសេដ្ឋកិច្ច ឬយោធា ដូចជាតវ៉ាពីរឿងទំនិញឡើងថ្លៃ ទាមទារកុំឱ្យបញ្ជូនទាហានទៅច្បាំងនៅបរទេសជាដើម ដែលសមត្ថកិច្ចបើកសិទ្ធិឱ្យធ្វើ។ ប៉ុន្តែពេលនេះបាតុកម្មពាក់ព័ន្ធនឹង នយោបាយ បើសមត្ថកិច្ចមិនទប់ទល់ ច្បាស់ជាមានការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ ឬទទួលវាសនាមិនល្អដូចអតីតសហភាពសូវៀត ដែលបំបែករដ្ឋជំនាន់លោកមីខាអ៊ីល ហ្គ័របាឆូវ។ ទោះជាយ៉ាងណា អ្វីដែលប្រជាពលរដ្ឋខ្មែរ ងឿងឆ្ងល់ត្រង់ថា “បិតាប្រជាធិប- តេយ្យ ហេតុអ្វីបង្ក្រាបបាតុកម្ម?” ខ្លះទៀតថា អាមេរិក ធ្លាប់តែចាប់កំហុសរដ្ឋាភិបាលកម្ពុជា រឿងបង្ក្រាបបាតុកម្មរបស់ បក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យ រហូតមានការចាប់ខ្លួនសកម្មជនបក្សប្រឆាំងមួយចំនួន បញ្ជូនទៅតុលាការ រហូត ជាប់ពន្ធនាគារ មិនទាន់រួចផង ដូចករណីលោកមាជ សុវណ្ណារ៉ា ជាដើម ចុះហេតុអ្វីអាមេរិក បែរជាធ្វើដូចកម្ពុជា?

សំណួរនេះ អាចថា មកពីប៉ូលិសអាមេរិក មិនលូកដៃចូលនយោបាយ រក្សាអព្យាក្រឹតភាពចំពោះគណបក្សនយោបាយ ជាពិសេសប៉ូលិសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ ដូច្នេះបើមានបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោត ប៉ូលិសអាមេរិក ត្រូវតែទប់ស្កាត់ រក្សាសណ្តាប់ធ្នាប់សង្គម ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺនៅត្រង់ “គណបក្សកាន់អំណាចចាញ់ឆ្នោត ហើយ ប៉ូលិសបង្ក្រាបអ្នកគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន ដែលជាបេក្ខជនរបស់បក្សកាន់អំណាច ដើម្បីជួយលោកដូណាល់ ត្រាំ ដែលជាបេក្ខជនរបស់បក្សប្រឆាំង” ផ្ទុយពីកម្ពុជា ដែលសមត្ថកិច្ចបង្ក្រាបបាតុកម្មបក្សប្រឆាំង ដើម្បីជួយបក្សកាន់អំណាច ដែលជាប់ឆ្នោត។ សកម្មភាពនេះ បង្ហាញថា ប៉ូលិសអាមេរិក រក្សាអព្យាក្រឹតភាពឥតលម្អៀង មិនលូកដៃចូលនយោបាយ ប៉ុន្តែ មានភារកិច្ចថែរក្សាសណ្តាប់ធ្នាប់សង្គម ការពារអ្នកឈ្នះឆ្នោត ទោះជាបេក្ខជនណាឈ្នះក៏ត្រូវតែការពារតាមច្បាប់រដ្ឋធម្មនុញ្ញ។

“នគរធំ” ក៏មានទស្សនៈផ្សេងទៀតថា ធម្មតាប្រទេសមហាអំណាច គេទុកខ្លួនគេដូច “ព្រះអាទិទេព” ដែលធ្វើអ្វីមិន ចេះខុស ប៉ុន្តែ ព្រះអាទិទេព ចាំឃ្លាំមើលកំហុសសត្វលោកជានិច្ច។ ឧទាហរណ៍ព្រះវិស្ណុ អាចចោលកងចក្រសម្លាប់យក្សបាន ឬរំលាយពិភពលោកក៏បាន ដោយគ្មានបាបកម្មអ្វីទេ ព្រោះព្រះអង្គជាម្ចាស់បាបបុណ្យទៅហើយ ប៉ុន្តែ បើយក្សសម្លាប់មនុស្ស ឬមនុស្សសម្លាប់សត្វ ច្បាស់ជាព្រះវិស្ណុ ដាក់ទណ្ឌកម្មឱ្យរងបាបកម្មមិនខាន។ ដោយឡែក “ព្រះពុទ្ធអង្គ និងព្រះបច្ចេកពុទ្ធ ឈ្មោះថា ជាបុគ្គលមិនត្រូវអាបត្តិ” ប៉ុន្តែ ព្រះពុទ្ធជាអ្នកដាក់វិន័យសិក្ខាបទ ២២៧ ឱ្យសាវ័កយកទៅអនុវត្ត បើសាវ័កណា ធ្វើខុសតែបន្តិច ក៏ត្រូវអាបត្តិភ្លាម។

យ៉ាងណាមិញ មហាអំណាចអាមេរិក ជាបិតាប្រជាធិបតេយ្យ គេចាំតែចាប់កំហុសប្រទេសតូចៗ មានកម្ពុជា ភូមា កូរ៉េខាងជើង ជាដើម ពីរឿងសិទ្ធិមនុស្ស ប៉ុន្តែ បើអាមេរិក ខ្លួនឯងជំពើបរឿងសិទ្ធិមនុស្ស អាមេរិក នៅតែស្ងៀម មិនឮនិយាយ ពីរឿងរំលោភសិទ្ធិមនុស្ស។ រឿងដែលអាមេរិកមិននិយាយនេះ អាចថា មកពីប៉ូលិសគេធ្វើស្របច្បាប់ រក្សាអព្យាក្រឹតភាព នេះឯង។ ជាក់ស្តែង ប៉ូលិសមានទៅជួយគណបក្សប្រជាធិបតេយ្យ របស់លោកស្រីហ៊ីលឡារី គ្លីនតុន ដែលជាបក្សកាន់អំណាច តែចាញ់ឆ្នោតឯណា? បែរជាប៉ូលិសបង្ក្រាបអ្នកគាំទ្រលោកស្រីគ្លីនតុន ទៅវិញ។

ជាទូទៅ ប្រធានាធិបតីអាមេរិក មួយណាក៏ដូចមួយណាដែរ សុទ្ធតែមានមហិច្ឆតាត្រួតត្រាពិភពលោកដូចគ្នា ដែលខ្មែរយើង ធ្លាប់ហៅ “ចក្រពត្តិ”។ តាមពិត ចក្រពត្តិ គឺសំដៅដល់ស្តេច “ចក្រពត្រាធិរាជ” ដែលមានអំណាចខ្លាំងបំផុត និងយូរៗមាន ម្តង កើតឡើងដោយបុណ្យបារមី។ ព្រះបាទអសោកមហារាជ នៅប្រទេសឥណ្ឌា ក៏ដូចជាស្តេចអាឡិចសង់ ឡឺក្រង់ នៃប្រទេស ម៉ាសេដ្វាន ត្រូវអ្នកសិក្សាប្រវត្តិសាស្ត្រ ចាត់ទុកជាស្តេចចក្រពត្រាធិរាជ។ ស្តេចទាំងពីរអង្គនេះ ធ្វើអ្វីក៏មិនចេះខុសដែរ ដោយ មានអំណាចត្រួតត្រាពិភពលោកដូចប្រធានាធិបតីអាមេរិក ប៉ុន្តែសម័យនេះមានច្បាប់អន្តរជាតិ សម្រាប់ទប់មហិច្ឆតាមហាអំណាច ឬចក្រពត្តិ ឱ្យមានព្រំដែនកំណត់ ពុំអាចឈ្លានពានប្រទេសតូចតាចដូចព្រះបាទអសោក ឬអាឡិចសង់ ឡឺក្រង់ បានឡើយ។

រួចមកហើយយើងឃើញថា បើសមត្ថកិច្ចកម្ពុជា បង្ក្រាបបាតុកម្មរបស់បក្សប្រឆាំង ច្បាស់ជាអាមេរិក ថ្កោលទោសភ្លាម ប៉ុន្តែ ពេលសមត្ថកិច្ចអាមេរិក បង្ក្រាបបាតុកម្មតវ៉ារឿងបោះឆ្នោត បែរជាគ្មានកំហុស។ ចំណុចនេះអាចថា មកពីប្រធានាធិបតីអាមេរិក លោកបារ៉ាក់ខ៍ អូបាម៉ា ក៏ដូចលោកស្រីហ៊ីលឡារី គ្លីនតុន ទទួលស្គាល់ជ័យជម្នះរបស់លោកដូណាល់ ត្រាំ បាន ទាំងអបអរសាទរជំរុញឱ្យលោកត្រាំ រៀបចំគណៈរដ្ឋមន្ត្រីថ្មីទៀតផង។ ឯរឿងបង្ក្រាបបាតុកម្មនោះ ជារឿងរបស់ប៉ូលិស អព្យាក្រឹត ដែលការពារបក្សប្រឆាំងឈ្នះឆ្នោត ពុំមែនការពារបក្សកាន់អំណាចដែលចាញ់ឆ្នោតនោះទេ។

សរុបទៅ “បិតាប្រជាធិបតេយ្យ ហេតុអ្វីបង្ក្រាបបាតុកម្ម” គឺមានន័យយ៉ាងនេះឯង។ ហេតុនេះគួរតែសមត្ថកិច្ចកម្ពុជា មើលគំរូប៉ូលិសអាមេរិក ខ្លះផង ដែលគេធ្វើការប្រកបដោយមនសិការជាតិ អព្យាក្រឹតឥតលម្អៀង ដោយព្យាយាមបង្ក្រាប ចលាចល ដោយមិនប្រកាន់និន្នាការនយោបាយ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES