ភ្នំពេញ៖មុនផ្ទុះកូវីដមាស សុខសោភា ធ្លាប់តែបណ្ដើរស្វាមីនាងលោកអ៊ឹត រ៉ាដា ទៅលេងនៅកាណាដាដែលជាទឹកដីទី២ខាងប្ដីនាងពេលខ្លះដល់ទៅរយៈពេលជាង១ឆ្នាំក៍មានដែរអំឡុងពេលនាងច្រៀងនៅថោន។ប៉ុន្ដែតាំងពីផ្ទុះកូវីដមកសុខសោភា មិនដែលបានរឹតចំណងស្នេហានៅក្រៅស្រុកនោះទេហើយកន្លងមកនាងថាមានអារម្មណ៍នឹកស្រុកគេដែលធ្លាប់ទៅដើរលេងនោះនឹងបន់ឲ្យតែកូវីដស្ងាត់នឹងអាលបានបណ្ដើរគូស្នេហ៍ទៅសាសងគ្នានៅឯនាយសមុទ្រថែមទៀតផង។យ៉ាងណាទោះជាពេលនេះស្ថានភាពកូវីដហាក់មានភាពល្អប្រសើរបន្ដិចក្ដី តែសោភា និងលោករ៉ាដា នៅតែមិនទាន់ដឹកដៃគ្នាទៅកាណាដាដូចឆ្នាំមុនៗឡើយ ដែលការពន្យាពេលបែបនេះដោយសារតែសោភា ជាប់ដៃរកស៊ីជាមួយថៅកែរាម ។ដោយឡែកចំណងស្នេហា រយៈពេល១៤ឆ្នាំ(២០០៧-២០២១)រវាងសុខសោភា-រ៉ាដា នោះទោះជាមិនទាន់បានរឹតចំណងថែមទៀតឲ្យកាន់តែរឹងមាំមែន ប៉ុន្ដែស្នេហ៍ឆ្លងទ្វីពរវាងតារាល្បីល្បាញរូបនេះនិងអាណិកជនខ្មែរមកពីកាណាដា បានចាក់ស្រេះរឹងមាំជាងគូស្នេហ៍មួយចំនួនទៀតដែលមានខាន់ស្លាផងព្រោះតែលោកគូ្រពេទ្យរូបនោះបានសម្របខ្លួនតាមនាងគ្រប់បែបយ៉ាងទាំងអស់តែម្ដង។



មាស សុខសោភា មិនទាន់មានបទចម្រៀងមួយណាផ្ទុះខ្លាំងដូចមុនទេអំឡុងពេលច្រៀងនៅថោនជិត១០ខែនេះ តែនៅលើបណ្ដាញសង្គមនាងបែជាមានការគាំទ្រខ្លាំងបទ”Friday Night “ដែលនាងច្រៀងនៅថោន ទៅវិញ។អ្នកជំនាញសិល្បៈធ្លាប់លើកឡើងថាប្រសិនបើមាស សុខសោភា ទៅហង្សមាស ឬGalaxy ម្លេះពេលនេះនាងមានសន្ទុះខ្លាំងក្លាជាងនេះជាមិនខាន តែសោភា ជ្រើសរើសរាម នោះពិបាកប្រជែងជាមួយតារាចម្រៀងស្រីលំដាប់ជូរមុខខ្លាំងដែលឈជើងនៅផលិតកម្មទាំងនោះជាមិនខាន។ប៉ុន្ដែសុខសោភា ហាក់មិនគិតក្វល់ច្រើនរឿងនោះទេព្រោះពេលនេះនាងបានក្លាយទៅជាថៅកែស្រីដែលមានហាងដល់ទៅ២ផ្សេងគ្នាចំណាយទុនអស់ជាច្រើនម៉ឺនដុល្លារនៅរដូវកូវីដនេះ។



ដោយឡែករឿងរៀបការវិញសោភា ដែលលុបចោលមង្គលការយ៉ាងទាន់ហន់កាលពីឆ្នាំ២០០៩ នោះមានដំណឹងថានាងចង់រៀបផែនការណ៍រៀបការជាលើកទី២នៅឆ្នាំ២០២១ តែដោយសារកូវីដផ្ទុះខ្លាំងពេកទើបមានព័តមានថាសោភា ចង់រៀបអាពាហ៍ពិពាហ៍ធំមិនឲ្យចាញ់ឱក សុគន្ធកញ្ញា ឡើយនៅឆ្នាំ២០២២ ខាងមុខនេះ។ប៉ុន្ដែនៅពេលសាកសួររឿងរៀបការនេះនាពេលកន្លងមកសុខសោភា ម្ដងថានាងចង់រៀបការនៅ២ទៅ៣ឆ្នាំខាងមុខទៀតនិងជូនកាលថាមិនដែលចង់រៀបការជាចំហម្ដងណាឡើយ ដែលចម្លើយប្រែប្រួលបែបនេះពិបាកយកជាការបាន៕



