ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ ដែលទើបបានចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា”មន្ដស្នេហ៍កំពង់ស្ពឺ”ដោយដឹកដៃស្រីស្អាតម្នាក់ត្រូវបានគេសង្ស័យថាជាគូស្នេហ៍របស់លោកថតសម្ដែងMVជាមួយគ្នាលើកបង្ហាញពីតំបន់ទេសចរណ៍នៅខេត្តកំពង់ស្ពឺជាច្រើនកន្លែងដើម្បីឲ្យពលរដ្ឋបានទៅកម្សាន្ដទីនោះឲ្យកាន់តែច្រើននោះបានឲ្យដឹងថាលោកបានត្រៀមចេញបទចម្រៀងរៀបរាប់ពីវិស័យទេសចរណ៍គ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាតែម្ដងដើម្បីជាការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុករបស់យើងឲ្យកាន់តែមានសក្ដានុពលថែមទៀត។លោកថាខេត្តនីមួយៗសុទ្ធតែមានតំបន់ទេសចរណ៍រៀងៗខ្លួនហេតុនេះហើយក្នុងនាមលោកជាតារាចម្រៀងម្នាក់ដែលចេញបទចម្រៀងណែនាំពីតំបន់ទេសចរណ៍ទាំងនោះគឺលោកពេញចិត្តនឹងធ្វើតាមរយៈការភ្ជាប់ជាបទចម្រៀងដើម្បីឲ្យបងប្អូនកាន់តែចាប់អារម្មណ៍ពីវិស័យទេសចរណ៍របស់យើង។លោកថាចំពោះបទចម្រៀងទាំងនោះគឺជាការផលិតភ្លេងថ្មីទាំងស្រុងគឺដូចគ្នាបទ”មន្ដស្នេហ៍កំពង់ស្ពឺ”ដែលលោកទើបចេញថ្មីៗនេះដែរហើយសម្រាប់ទីតាំងថតMVគឺនឹងទៅផ្ដិតយករូបភាពនៅកន្លែងទេសចរណ៍របស់ខេត្តនោះផ្ទាល់តែម្ដងដើម្បីឲ្យស៊ីគ្នាទៅនិងបទចម្រៀង។



ដោយឡែកទាក់ទងការហៅស្រីស្អាតម្នាក់ថតសម្ដែងMVត្រូវបានគេសង្ស័យថាជាគូសង្សាររបស់ខ្លួននោះត្រូវបានលោកករុណា ពេជ្រ អះអាងថាតាមពិតនារីដែលថតសម្ដែងជាមួយលោកនោះក៍ជាតារាម្នាក់ដែរហើយពីមុននាងធ្លាប់ធ្វើការងារសិល្បៈជាច្រើនមកហើយគ្រាន់តែពេលចាប់ដៃសម្ដែងជាមួយលោកភ្លាមគឺគេចាប់អារម្មណ៍ប្លែកជាងមុន។លោកករុណា ពេជ្រ នៅតែថាលោកនិងនារីរូបនោះមិនមានទំនាក់ទំនងពិសេសជាមួយគ្នានោះទេ ប៉ុន្ដែការអះអាងរបស់លោកបែបនេះមិនសូវមានគេជឿរជាក់ទាំងស្រុងឡើយព្រោះថាមាត់ប្រកែកតែកាយវិការគឺកាន់តែស្អិតល្មូតទាំងក្នុងនិងក្រៅឆាកតែម្ដង។



អ្នកចម្រៀងថោនលោកករុណា ពេជ្រ នៅបន្ដកាន់ទុក្ខជូនឪពុករបស់លោកឧបាសកម៉ុក សាខន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ ហើយលោកបានចំណាយថវិការធ្វើបុណ្យជូនឪពុកដល់ទៅជា១០ម៉ឺនដុល្លារ។នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១លោកករុណា ពេជ្រ នឹងហោះទៅប្រទេសបារាំងដើម្បីបានជួបនិងមើលថែរម្ដាយដោយផ្ទាល់បន្ទាប់ពីម្ដាយទើបតែបានធូស្រាលពីជំងឺត្បៀតសសៃឈាម ខណៈដែលថ្មីៗនេះលោកពេជ្រ ទើបទទួលបានVisaពីស្ថានទូតបារាំងដែលអនុញ្ញាត្តិឲ្យលោកទៅបរាំងរហូតដល់១ឆ្នាំឯណ្ណោះ។ប៉ុន្ដែតារាថោន បានឲ្យដឹងថាលោកនឹងត្រឡប់មកធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃជូនឪពុកនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ ខាងមុខនៅស្រុកកំណើតរបស់គាត់ដែលជាទីបញ្ចុះសពនោះនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកថាក្រោយធ្វើបុណ្យជូនឪពុករួចទើបលោកត្រូវវិលទៅបារាំងវិញ៕



