កាលពីព្រឹកថ្ងៃពុធទី ១៥ ធ្នូ ២០២១ នាវាចម្បាំងអាល្លឺម៉ង់មួយគ្រឿងបានធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូងជាលើកដំបូងក្នុងរយៈពេលជិត 20 ឆ្នាំ ដែលជាទង្វើមួយត្រូវបានគេមើលឃើញទីក្រុងប៊ែរឡាំងចូលរួមជាមួយប្រទេសលោកខាងលិចផ្សេងទៀតក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីមហិច្ឆតារបស់ចិនក្នុងការលេបត្របាក់កោះតៃវ៉ាន់។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ប្រទេសចិនបានទាមទារស្ទើរតែទាំងស្រុងយកសមុទ្រចិនខាងត្បូងជាកម្មសិទ្ធិរបស់ខ្លួនបើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថាទីក្រុងប៉េកាំងមិនមានមូលដ្ឋានផ្លូវច្បាប់សម្រាប់ការទាមទារទាំងនេះក៏ដោយ។មិនតែប៉ុណ្ណោះចិនថែមទាំងបានសាងសង់ប៉ុស្តិ៍យោធានៅលើកោះសិប្បនិម្មិតនៅក្នុងដែនទឹកដែលមានកន្លែងឧស្ម័ន និងការនេសាទដ៏សម្បូរបែបថែមទៀត។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិនៅទីក្រុងប៊ែរឡាំងបាននិយាយកាលពីថ្ងៃពុធថានាវាកងទ័ពជើងទឹកអាល្លឺម៉ង់បានចាប់ផ្តើមឆ្លងកាត់សមុទ្រចិនខាងត្បូងនៅលើផ្លូវទៅកាន់ប្រទេសសិង្ហបុរីដែលរំពឹងថានឹងចំណាយពេលច្រើនថ្ងៃ។The Frigate Bayernគឺជានាវាចម្បាំងអាល្លឺម៉ង់ដំបូងគេដែលឆ្លងកាត់សមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ 2002 ដែលជាដែនទឹក40ភាគរយនៃពាណិជ្ជកម្មបរទេសរបស់អឺរ៉ុបឆ្លងកាត់។ក្រុមមន្ត្រីនៅទីក្រុងប៊ែរឡាំងបាននិយាយថា កងទ័ពជើងទឹកអាល្លឺម៉ង់នឹងប្រកាន់ខ្ជាប់នូវផ្លូវពាណិជ្ជកម្មរួម។ នាវាចម្បាំងនេះមិនត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដូចដែលសហរដ្ឋអាមេរិកបានធ្វើកន្លងមកហើយត្រូវបានថ្កោលទោសដោយទីក្រុងប៉េកាំងនោះទេ ។

យ៉ាងណាក៏ដោយ អតីតរដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា បេសកកម្មនេះគឺដើម្បីសង្កត់ធ្ងន់លើការពិតដែលអាល្លឺម៉ង់មិនទទួលយកការទាមទារទឹកដីរបស់ចិន។ប្រទេសអាល្លឺម៉ង់ត្រូវបានគេមើលឃើញថាកំពុងដើរលើខ្សែពួរដ៏តឹងតែងរវាងសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ទីក្រុងប៊ែរឡាំង។ការនាំចេញរបស់អាល្លឺម៉ង់ទៅចិន បានជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ-១៩លើវិស័យសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប។ប្រទេស អង់គ្លេស បារាំង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ក៏បាននិងកំពុងពង្រីកសកម្មភាពរបស់ខ្លួននៅប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន៕
