Sunday, December 22, 2024
Homeព័ត៌មានជាតិគ.ជ.ប ប្រកាស​លុប​ឈ្មោះ​លោក​ប៉ែន សុវណ្ណ ដាក់​សួន រីដា ជំនួស

គ.ជ.ប ប្រកាស​លុប​ឈ្មោះ​លោក​ប៉ែន សុវណ្ណ ដាក់​សួន រីដា ជំនួស

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះ លោកប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ដែលបានទទួលមរណភាពចេញ ពីបេក្ខភាពតំណាងរាស្ត្រជាប់ឆ្នោត មណ្ឌល ខេត្តកំពង់ស្ពឺ និងបានប្រកាសទទួលស្គាល់ លោក សួន រីដា ជាបេក្ខភាពជាប់ឆ្នោតតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ស្ពឺ ជំនួសលោកប៉ែន សុវណ្ណ តាមការស្នើពីគណបក្សសង្គ្រោះជាតិ។

យោងតាមសេចក្តីសម្រេចរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ៣៧៣/១៦ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក បានសម្រេចដូចខាងក្រោម ៖

ប្រការ ១- លុបឈ្មោះឯកឧត្តមប៉ែន សុវណ្ណ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១៥ ខែមេសា ឆ្នាំ ១៩៣៦ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ មណ្ឌល ខេត្តកំពង់ស្ពឺ។

ប្រការ ២-គណបក្សនយោបាយសាមី អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវ អនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព។

ប្រការ ៣-សេចក្តីសម្រេចនេះ មានអានុ- ភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ដោយឡែក យោងតាមសេចក្តីសម្រេច មួយផ្សេងទៀត របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត លេខ៣៧៤/១៦ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកស៊ិក ប៊ុនហុក បានបញ្ជាក់ ដូចខាងក្រោម ៖

ប្រការ ១-ទទួលស្គាល់លោកសួន រីដា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ៣១ ខែធ្នូ ឆ្នាំ១៩៧២ ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ស្ពឺ។

ប្រការ ២-គណបក្សនយោបាយសាមី អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវ អនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព។

ប្រការ ៣-សេចក្តីសម្រេចនេះ មានអនុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

យោងតាមរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈអ្នកតំណាងរាស្ត្រ នៅ ពេលដែលសមាជិកសភា ឬតំណាងរាស្ត្រនៃ គណបក្សណាមួយដែលមានអាសនៈនៅក្នុង រដ្ឋសភា លាឈប់ឬទទួលមរណភាព តែងតែ ដាក់បេក្ខជនថ្មីមកជំនួស។

គួរបញ្ជាក់ថា លោកប៉ែន សុវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្កកំពង់ស្ពឺ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុង ជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។ ដោយឡែក សមាសភាពបេក្ខភាពតំណាងរាស្ត្រថ្មី ដែល ត្រូវដាក់ជំនួសលោកប៉ែន សុវណ្ណ នោះ គឺលោក សួន រីដា ជាបេក្ខភាពតំណាងរាស្ត្រមិនជាប់ឆ្នោតមណ្ឌលកំពង់ស្ពឺ ជាអតីតអនុប្រធានក្រុម ការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ស្ពឺ និងបច្ចុប្បន្នត្រូវបានគណបក្សបញ្ជូនឱ្យមកធ្វើ ជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះ- ជាតិ នៅរាជធានីភ្នំពេញ។

គួររំលឹកថា នៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៥ កាលពីឆ្នាំ២០១៣ សម្រាប់បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិមណ្ឌល ខេត្តកំពង់ស្ពឺ របស់គណបក្សសង្គ្រោះជាតិ មាន ចំនួន៦នាក់ តាមចំនួនអាសនៈ។ ក្នុងនោះ រួម មាន ១-លោកប៉ែន សុវណ្ណ ២-លោកនុត រំដួល ៣-លោកសុខ អ៊ុំស៊ា ៤-លោកសួន រីដា ៥-លោកប៉ុក ស៊ីណាវុធ និង៦-លោកនៅ សារ៉ាត់។ ក្នុងចំណោមបេក្ខជនពេញសិទ្ធិទាំង៦នាក់នោះ ជាលទ្ធផលនៃការបោះឆ្នោត បានជាប់តែ៣រូប ប៉ុណ្ណោះ តាមលំដាប់លេខរៀងអាសនៈ ចំនួន៣ ៖

គឺ១-មានលោកប៉ែន សុវណ្ណ ដែលទើប ទទួលមរណភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។

២-លោកនុត រំដួល បច្ចុប្បន្នជាប្រធាន ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈកម្មការទី១០នៃរដ្ឋសភា។

៣-លោកសុខ អ៊ុំស៊ា បច្ចុប្បន្នជាសមាជិក គណៈកម្មការទី៦នៃរដ្ឋសភា។

ចំណែកលោកសួន រីដា និងបេក្ខជន២ រូបទៀត មិនបានជាប់ជាតំណាងរាស្ត្រទេ។ ប៉ុន្តែ ពេលនេះ បន្ទាប់ពីលោកប៉ែន សុវណ្ណ ដែលជា បេក្ខភាពលំដាប់លេខរៀងទី១ ទទួលមរណភាព លោកសួន រីដា ដែលស្ថិតនៅលេខរៀងទី៤ បានឡើងជំនួសកៅអីលោកប៉ែន សុវណ្ណ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES