រដ្ឋាភិបាលហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍បានការពារច្បាប់ ដ៏ចម្រូងចម្រាសដែលបានហាមទៅលើអ្នក ដែលមិនបានចាក់វ៉ាក់ សាំងប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈនៅក្នុងរដ្ឋធានីម៉ានីលដែលជាកន្លែងដែលមេរោគបំប្លែងថ្មីអូមីក្រុនកំពុវាយប្រហារខ្លាំង។ច្បាប់ដែលត្រូវបានប្រកាសដោយនាយកដ្ឋានដឹកជញ្ជូនក្នុងសប្តាហ៍នេះហើយរំពឹងថានឹងចូលជាធរមាននៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ច្បាប់នេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីឌូតើតេ បានគំរាមចាប់ខ្លួនមនុស្សដែលមិនចាក់វ៉ាក់សាំង ។អ្នកដំណើរនឹងត្រូវបង្ហាញភ័ស្តុតាងនៃការចាក់ថ្នាំបង្ការ មុនពេលឡើងជិះរថយន្តក្រុងសាធារណៈ រថភ្លើង ទូក ឬយន្តហោះក្នុង ទីក្រុង Metro Manila ដែលការឆ្លងកំពុងកើនឡើងបង្កការរំខានយ៉ាងទូលំទូលាយសម្រាប់អាជីវកម្ម និងមន្ទីរពេទ្យ។
ការលើកលែងនឹងត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមិនចាក់វ៉ាក់សាំងដែលទទួលបានការអនុញ្ញាតជាផ្លូវការក្នុងការធ្វើដំណើរដើម្បីទិញអាហារ ស្វែងរកការព្យាបាល ឬទទួលថ្នាំបង្ការ។ប្រជាជនហ្វីលីពីនប្រហែលពាក់កណ្តាលប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញទោះបីជាអត្រានៅក្នុងរដ្ឋធានីគឺខ្ពស់ជាងនេះក៏ដោយ។នាយកដ្ឋានដឹកជញ្ជូនបាននិយាយថា គោលនយោបាយ គ្មានការចាក់វ៉ាក់សាំង ហាមជិះ” បណ្តោះអាសន្ន ត្រូវបានរៀបចំឡើងដើម្បីការពារមនុស្សគ្រប់រូប និងជៀសវាងការបិទប្រព័ន្ធដឹកជញ្ជូនសាធារណៈដែល បំផ្លាញសេដ្ឋកិច្ចក្នុង អំឡុងពេលមានការកើនឡើងចុងក្រោយនេះ។
វាបានបន្ថែមទៀតថា យើងជឿថាវាជាការប្រឆាំងនឹងភាពក្រីក្រ និងប្រឆាំងនឹងជីវិតច្រើនជាង ប្រសិនបើយើងមិនដាក់ អន្តរាគមន៍ដែលនឹងការពារការបាត់បង់អាយុជីវិតដោយសារតែការមិនចាក់វ៉ាក់សាំង។ទាក់ទងទៅនឹងបញ្ហានេះក្រុមសិទ្ធិមនុស្ស រួមទាំងអង្គការលើកលែងទោសអន្តរជាតិ បានរិះគន់គោលនយោបាយនេះ។លោកButch Olano មកពីអង្គការលើកលែងទោសអន្តរជាតិហ្វីលីពីនបាននិយាយថាផ្លូវចេញពីការរាតត្បាតនៃជំងឺនេះគឺ មិនត្រូវដាក់កំហិតមិនសមាមាត្រនិងការដាក់ទណ្ឌកម្មដែលមិនអាចទទួលយកបានចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង នោះទេ៕