Sunday, December 22, 2024
Homeព័ត៌មានជាតិប្រជុំ​ថ្ងៃទី​២២ វិច្ឆិកា លោក​កឹម សុខា ប្រ​កាស​ចេញពី​ទីស្នាក់​ការ​បក្ស ចូល​រដ្ឋ​សភា

ប្រជុំ​ថ្ងៃទី​២២ វិច្ឆិកា លោក​កឹម សុខា ប្រ​កាស​ចេញពី​ទីស្នាក់​ការ​បក្ស ចូល​រដ្ឋ​សភា

ភ្នំពេញ ៖ ក្នុងសម័យប្រជុំរដ្ឋសភា នៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រកាស ថា លោកកឹម សុខា និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំជាមួយសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ដើម្បី ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ថវិកា ជាតិឆ្នាំ២០១៧។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាល ពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រុមតំណាងរាស្ត្រសំឡេងភាគតិចនៅរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អាច នឹងមានវត្តមានក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៥ ដើម្បីចូលរួមពិភាក្សាលើសេចក្តី ព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ដែលរបៀបវារៈដ៏សំខាន់ សម្រាប់ សមាជិកសភា គណបក្សសង្គ្រោះជាតិ ធ្វើការ តស៊ូមតិ។

kem-soka1

លោកយ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា  “ជាគោលការណ៍ យើងបានជម្រាបជូនហើយ យើងនឹងចូលរួមប្រជុំនៅសម័យពេញអង្គ ថ្ងៃ ២២ នេះ។ គាត់ (លោកកឹម សុខា) ធ្លាប់មាន បំណងចង់ចូលរួម ប៉ុន្តែខ្ញុំមិនប្រាកដដែរ។ ការ ចូលរួមនេះ ជារួបភាពមួយ ប៉ុន្តែរឿងដែល សំខាន់ ច្បាប់ថវិកាជាតិរបស់ប្រទេសមួយៗ ជា ច្បាប់សំខាន់ជាទីបំផុត ព្រោះពាក់ព័ន្ធជាមួយ នឹងប្រជាពលរដ្ឋ។ ដូច្នេះគណបក្សសង្គ្រោះជាតិ យល់ឃើញថា ជាច្បាប់មួយដ៏សំខាន់ ហើយ ខាងសំឡេងភាគតិចនឹងចូលរួម ដើម្បីពិភាក្សា ផ្តល់មតិយោបល់អីយ៉ាងណាខ្លះពេលនោះ”។

លោកយ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍បន្ត ថា “ដូចខ្ញុំជម្រាបជូន ខាងគណបក្សសង្គ្រោះជាតិ កំណត់ជាគោលការណ៍ថា យើងនឹងចូលរួមប្រជុំអចិន្ត្រៃយ៍ថ្ងៃនេះ ហើយនិងថ្ងៃ២២ ខាង មុខ។ វាមានស្ថានការណ៍ពាក់ព័ន្ធដូចយើងបាន ដឹងឮទាំងអស់គ្នា ហើយបន្ទាប់មកទៀត អ្វី ដែលខ្ញុំជម្រាបជូនអម្បាញ់មិញ ហៅថា ច្បាប់ ដ៏សំខាន់មួយ។ ដូច្នេះមតិយោបល់សំឡេង ភាគតិចនៅសភា អាចជាការផ្តល់ជាមតិយោបល់  ជាអនុសាសន៍ទៅខាងនីតិប្រតិបត្តិផងដែរ”។

អ្នកនាំពាក្យសំឡេងភាគច្រើនក្នុងរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោកឈាង វុន បានលើកឡើងថា លោកមិន ភ្ញាក់ផ្អើលនឹងការគ្រោងវិលត្រឡប់មកចូលរួម ប្រជុំសភាវិញរបស់លោកកឹម សុខា និងអ្នក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នោះទេ ព្រោះថាតំណាងរាស្ត្រមានភារកិច្ចបម្រើរាស្ត្រ  និងត្រូវចូលរួមប្រជុំក្នុងសភា។ ដូច្នេះមិនត្រូវ ចាត់ទុកការវិលចូលមកប្រជុំសភាវិញថា ជា រឿងចម្លែកអស្ចារ្យនោះទេ។

លោកឈាង វុន មានប្រសាសន៍ថា “ម៉េច បានចេះចូលចិត្តយកឈើពុកអណ្តែតទឹក មក ឆ្លាក់ធ្វើព្រះគោរពអ៊ីចឹង មិនកើតទេ! គាត់ ចូលៗទៅ គាត់មិនចូលក៏ហីទៅ ជារឿងរបស់ គាត់។ គាត់ទទួលភារកិច្ចរបស់ប្រជាពលរដ្ឋ គាត់ចូលមកប្រជុំទៅ គាត់មកប្រជុំជារឿងរបស់ គាត់។ វាអត់មានបង្កលក្ខណៈអីថ្មី”។

ការប្រកាសចូលប្រជុំសភាពេញអង្គរបស់ តំណាងរាស្ត្រគណបក្សប្រឆាំង បានធ្វើឡើង ស្របពេលដែលសហភាពអន្តរសភា 9ភីបូ ដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ ប្រទេស ស្វីស កាលពី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បាន ជំរុញឱ្យគណបក្សធំៗទាំងពីរ វិលទៅរកការ សន្ទនាគ្នា។ ក្នុងនោះ លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងនិទេសខ្លួន នៅក្រៅប្រទេស ក៏បានគាំទ្រសេចក្តីសម្រេច របស់សហភាពអន្តរសភានេះ ដោយលោក អះអាងថា សហភាពអន្តរសភា ចង់ឱ្យបក្សទាំង ពីរដោះស្រាយបញ្ហានេះ ដោយសារគេបាន ដឹងច្បាស់ថា ការចោទប្រកាន់ ការផ្តន្ទាទោស ដល់អ្នកតំណាងរាស្ត្របក្សប្រឆាំង និងមន្ត្រីសង្គម ស៊ីវិល គឺជារឿងនយោបាយ។

គួរបញ្ជាក់ដែរថា មកទល់ពេលនះ មាន រយៈពេលជាង៦ខែហើយ ដែលលោកកឹម សុខា បន្តស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ដោយមិនព្រមចេញទៅណា សូម្បីតែ ចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ខកខានលែង បានធ្វើ គឺបានត្រឹមតែទទួលជួបនៅទីស្នាក់ការ- កណ្តាលគណបក្ស តាំងពីលោកត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ “បដិសេធក្នុងការ ចូលខ្លួន” កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ មក។

ថ្មីៗនេះ លោកកឹម សុខា បានធ្វើឱ្យមជ្ឈដ្ឋានតាមដានសង្គម មានការចាប់អារម្មណ៍ដែរ នៅ ពេលលោកបានចាកចេញពីទីស្នាក់ការកណ្តាល គណបក្ស ទៅចុះឈ្មោះបោះឆ្នោត។ បន្ទាប់ពី នោះមក លោកកឹម សុខា បន្តយកទីស្នាក់ការ បក្សជាកន្លែងស្នាក់នៅបន្តទៀត ដោយមិនបាន ចេញទៅក្រៅ។ សូម្បីតែថ្ងៃបុណ្យ ដង្ហែសព និង បូជាសពលោកប៉ែន សុវណ្ណ ដែលជាតំណាង រាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ នៃគណបក្សសង្គ្រោះជាតិ ក៏លោកមិនអាចទៅចូលរួម នៅទីវត្តកន្លែង ប្រារឰពិធីបាន គឺបានត្រឹមចេញមកក្រៅទីស្នាក់ការកណ្តាលគណបក្ស គោរពវិញាណក្ខន្ធនៅថ្ងៃ ដង្ហែសពកាត់មុខទីស្នាក់ការកណ្តាលគណបក្ស និងផ្ញើសាររំលែកទុក្ខតាមបណ្តាញសង្គមហ្វេស- ប៊ុក។

មជ្ឈដានទាំងនោះ ក៏បានធ្វើការកត់សម្គាល់ ដែរថា បើសិនលោកកឹម សុខា អញ្ជើញទៅ ចូលរួមប្រជុំសភាពេញអង្គ នៅថ្ងៃទី២២ ខែ វិច្ឆិកា នេះ ក្នុងនាមជាសមាជិកសភា នឹងបង្ហាញ ថា លោកកឹម សុខា បានប្រើសិទ្ធិគ្រប់គ្រាន់ ក្នុងនាមជាសមាជិកសភាគណបក្សប្រឆាំង។

ទោះយ៉ាងណា ពាក់ពន្ធនឹងការចូលប្រជុំ សភាពេញអង្គ របស់លោកកឹម សុខា ក្រៅពី លោកយ៉ែម បុញ្ញឫទ្ធិ មិនទាន់ប្រាកដថាច្បាស់ យ៉ាងណានោះ សម្រាប់តំណាងរាស្ត្រ មន្ត្រីជាន់ ខ្ពស់គណបក្សសង្គ្រោះជាតិ ដទៃទៀត ក៏បាន អះអាងស្របគ្នាថា ព័ត៌មាននេះមិនទាន់ច្បាស់ ១០០ភាគរយនៅឡើយ រង់ចាំការបញ្ជាក់ផ្ទាល់ ពីលោកកឹម សុខា ឬរង់ចាំដល់ពេលប្រជុំថ្ងៃ នោះ មកដល់ (២២ វិច្ឆិកា) ទើបច្បាស់ប្រាកដ ថា លោកកឹម សុខា ទៅប្រជុំ ឬមិនទៅ។

លោកមុត ចន្ថា មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ និងជាជំនួយការលោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា “ឯកឧត្តមកឹម សុខា តែងតែមានបំណងចូល  រួមប្រជុំសភា ក៏ប៉ុន្តែការចូលរួមប្រជុំសភា នៅ ថ្ងៃខាងមុខនេះ មិនទាន់ប្រាកដថា ឯកឧត្តម នឹងអាចអញ្ជើញចូលរួម ឬមិនអាចចូលរួមនៅ ឡើយទេ”។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ របៀបវារៈដែលត្រូវពិភក្សា និងអនុម័ត នៅក្នុង សម័យប្រជុំសភាពេញអង្គ ថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ រួមមានការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES