រដ្ឋាភិបាលឯកភាពជាតិឬរដ្ឋាភិបាលស្រមោល(NUG) បានចោទប្រកាន់របបយោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិវាយប្រហារដោយកាំភ្លើងធំ និងការវាយឆ្មក់តាមអាកាសលើជនស៊ីវិល។សេចក្តីថ្លែងការណ៍របស់NUGបាននិយាយកាលពីថ្ងៃសុក្រថាជនស៊ីវិលជាច្រើននាក់បានស្លាប់ និងរងរបួស ហើយរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅដោយការវាយប្រហាររបស់រដ្ឋាភិបាលដោយប្រើប្រាស់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រនៅក្នុងរដ្ឋ Kachin, Karen, Kayah, Chin និង Shan និងតំបន់ Sagaing និង Magwe ហើយទាហានរបបយោធាបានប្រព្រឹត្តការសម្លាប់រង្គាល ដុតផ្ទះ និងប្រើប្រាស់ជនស៊ីវិលជាខែលការពារ ។
NUG បាននិយាយថាការវាយប្រហាររបស់វាបំពានលើបទដ្ឋានអន្តរជាតិក្រមសីលធម៌និងច្បាប់ដែលត្រូវបានបង្កើតឡើងដើម្បី ការពារមនុស្សជាតិ។មន្ទីរពេទ្យនិងឱសថស្ថានបានរងការខូចខាតដោយការទម្លាក់គ្រាប់បែក របស់របបយោធានៅក្នុងតំបន់ ដែលគ្រប់គ្រងដោយសម្ព័ន្ធជាតិ Karen ក្នុងស្រុក Hpapun រដ្ឋ Karen កាលពីថ្ងៃទី 12 ខែមករា។ក្រសួងសុខាភិបាល ស្រមោល របស់ NUG ដោយដកស្រង់របាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិ បាននិយាយថា របបនេះបានសម្លាប់បុគ្គលិកសុខាភិបាល 32 នាក់ និងឃុំខ្លួន 288 នាក់ផ្សេងទៀត និងបានឆ្មក់ចូលមណ្ឌលថែទាំសុខភាពចំនួន 355 រួមទាំងមន្ទីរពេទ្យនិងគ្លីនីកនៅ ចន្លោះ ថ្ងៃទី 1 ខែកុម្ភៈដល់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំមុន។
យោធាបន្តវាយប្រហារតាមអាកាស
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗចុងក្រោយនេះរបបយោធាមីយាន់ម៉ាកំពុងប្តូរយុទ្ធសាស្ត្រថ្មីពីការវាយប្រហារដោយទ័ពថ្មើរជើងមកជាទ័ពអាកាសវិញដោយសារតែការវាយប្រហារទ័ពថ្មើរជើងទំនងជាមិនអាចយកឈ្នះក្រុមចលនាតស៊ូចម្រុះបាន។ ជាក់ស្តែងកាលពីវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះជនស៊ីវិលជាង10នាក់បានរងរបួសដោយសារការវាយប្រហារតាមអាកាសនៅក្នុងតំបន់មួយដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (Karen) នៅជិតព្រំដែនថៃក្នុងរដ្ឋ Karen ។នេះបើយោង តាមការទីភ្នាក់ងារសារព័ត៌មានThe Irrawaddy ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១៥ មករា ២០២២។
សារព័ត៌មានដដែលនោះបានអោយដឹងថាជនស៊ីវិលរងរបួស៨នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងក្រុង Mae Sot ជាប់ព្រំដែនថៃ។ ពួកគេត្រូវរបួសត្រង់ដើមទ្រូង ក្បាលជង្គង់ និងកជើង។នេះមិនមែនជាលើកទីមួយ ទេដែលរបបយោធា បានវាយប្រហារតាមអាកាស។ប៉ុន្មានថ្ងៃមុននេះពួកគេបានវាយប្រហារមកលើផ្ទះប្រជាពលរដ្ឋ សាលារៀននិងមន្ទីរពេទ្យ ។សាក្សីបាននិយាយថាឧទ្ធម្ភាគចក្រពីរគ្រឿងបានវាយប្រហារជំរុំមួយដែលគ្រប់គ្រងដោយសមាគមប្រជាធិបតេយ្យ Karen Benevolent ដែលជាក្រុមបំបែកនៃកងទ័ពរំដោះជាតិ Karen (KNLA)។ ជំរំនេះស្ថិតនៅជិតទីប្រជុំជនLay Kay Kaw ទីក្រុង ថ្មីដែលជាកន្លែងប្រយុទ្ធគ្នារវាងកងទ័ពរបបយោធា និង KNLA បានផ្ទុះឡើងអស់រយៈពេលមួយខែ។ ជនស៊ីវិលដែលបានរត់ គេចពីការប្រយុទ្ធគ្នាកំពុងជ្រកកោនក្នុងជំរំ។លោក Padoh Saw Taw Nee អ្នកនាំពាក្យសហភាពជាតិ Karen និងជាអ្នកនយោ បាយនៃ KNLA បានបញ្ជាក់ពីការវាយប្រហារ តាមអាកាសនៅថ្ងៃនេះ។លោកបានបន្តទៀតថាពួកគេបានវាយ ប្រហារជំរំមួយ នេះអស់ជាច្រើនថ្ងៃមកហើយ។ការវាយប្រហារ ថ្ងៃនេះគឺធ្ងន់ធ្ងរណាស់៕