ជាទូទៅ ព្រះមហាក្សត្រ ប្រធានាធិបតី ព្រឹទ្ធសភា រដ្ឋសភា គណៈរដ្ឋមន្ត្រី តុលាការ ព្រមទាំងស្ថាប័នរដ្ឋសំខាន់ៗ នៅលើ ពិភពលោកនេះ មុនចូលកាន់តំណែង តែងរៀបពិធីស្បថប្រណិធានជាមុនសិន ពោលគឺសម្រាប់ខ្មែរ ស្បថតាមរបៀបខ្មែរ ឯបារាំង ជប៉ុន អាមេរិក ជាដើម ស្បថតាមរបៀបគេ យោងទៅតាមជំនឿសាសនា។ បច្ចុប្បន្ន នៅកម្ពុជា មិនថាតែតំណាងរាស្ត្រនោះ ទេ ដែលស្បថចូលកាន់តំណែង សូម្បីមន្ត្រីនគរបាលយុត្តិធម៌ ដែលចូលបំពេញការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ ក៏ស្បថ ដែរ កើតចេញជាសំណួរថា “តើស្បថប្រណិធាន មានប្រសិទ្ធភាពឬអត់?” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
“ស្បថប្រណិធាន” គឺស្បថដោយមានសូត្រសច្ចាប្រណិធាន មានន័យថា ការតាំងសេចក្តីប្រាថ្នា សំបូងសង្រូងដោយពាក្យ ពិត ឬតំណាងពាក្យស្បថ ដោយមានអ្នកនាំសូត្រ។ ព្រះមហាក្សត្រខ្មែរ ពេលឡើងគ្រងរាជសម្បត្តិ ទ្រង់បានតាំងសច្ចាប្រណិធាន ដែលមានចារទុកក្នុងរដ្ឋធម្មនុញ្ញ ថា “ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ”។ រីឯប្រធាន អនុប្រធាន និងសមាជិករដ្ឋសភា ក៏មានពាក្យ សច្ចាប្រណិធាន ចារទុកយ៉ាងល្អិតល្អន់ក្នុងរដ្ឋធម្មនុញ្ញ ដែរ។ ចំណែកនាយករដ្ឋមន្ត្រី និងសមាជិក សមាជិកា នៃរាជរដ្ឋាភិបាល ក៏សុទ្ធតែមានពាក្យពេចន៍ចារទុកសម្បថ ក្នុងរដ្ឋធម្មនុញ្ញដូចគ្នា ដែលផ្តោតជាសំខាន់ទៅលើការដាក់ខ្លួនដាក់កាយបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដោយស្មោះត្រង់។ ដោយឡែក ស្ថាប័នរដ្ឋមួយចំនួន គ្មានពាក្យស្បថប្រណិធានចារទុកក្នុងរដ្ឋធម្មនុញ្ញ នោះទេ ប៉ុន្តែពាក្យស្បថនោះធ្ងន់ៗណាស់ ដូចករណីមន្ត្រីនគរបាលយុត្តិធម៌១១៩នាក់ ពេលស្បថចូលបំពេញការងារនៅអង្គ- ភាពប្រឆាំងអំពើពុករលួយ ដែលបែងចែកជា ៨នាយកដ្ឋាននោះ មានអ្នកនាំសូត្រជាអាទិ៍ថា “បើប្រព្រឹត្តល្អៀង មិនត្រឹមត្រូវ តាមច្បាប់ ដោយមានចេតនាទុច្ចរិត សូមអស់ទេវៈ និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ បំផ្លាញឱ្យវិនាស ឱ្យស្លាប់តៃហោង ដោយ គ្រាប់កាំភ្លើង រន្ទះបាញ់ ឡានម៉ូតូបុក ខ្លាខាំ ពស់ចឹក ឱ្យព្រាត់ប្រាសនិរាសឪពុកម្តាយ ដោយក្ររហាម រងទុក្ខវេទនាអស់ ៥០០ជាតិ…”។
ស្បថប្រណិធាន មានខ្លឹមសារត្រង់ៗបែបនេះធ្វើឱ្យអ្នកតាមដានភ័យញាក់សាច់ជំនួសអស់លោកប៉ូលិស ដែលនាំគ្នាលើកដៃ សូត្រតាមគេនោះ ដោយហេតុថា ខ្មែរយើងកាន់ព្រះពុទ្ធសាសនា លាយឡំនឹងព្រហ្មញ្ញសាសនា ក៏ដូចលទ្ធិព្រលឹង តែងចាត់ទុក ការស្បថស្បែ ជាករណីស័ក្តិសិទ្ធិ ពុំអាចរំលោភបំពានបានឡើយ។ ដូច្នេះ សួរថា “តើស្បថប្រណិធាន មានប្រសិទ្ធភាពឬ អត់?” ខណៈដែលវិទ្យាសាស្ត្រកំពុងជឿនលឿន ដោយរុញជំនឿអរូបីឱ្យដើរថយក្រោយនោះ?
សូមរំព្ញកថា សច្ចាប្រណិធាន តែងធ្វើតៗគ្នាតាំងពីបុរាណកាលមក ដូចឯកសារមហាបុរសខ្មែរចារទុកថា ខណៈដែល “ហ្លួង ព្រះស្តេចកន” រត់ទៅកទ័ពប្រឆាំងនឹងព្រះបាទស្រីសុគន្ធបទ ជាបងថ្លៃនោះ ព្រះមហាក្សត្រមិនទាន់បង្ក្រាបចលនាបះបោរ នោះភ្លាមទេ ដោយបានត្រាស់បង្គាប់ “ពិជ័យនាគ” ជាបិតាក្មេក និងជាបិតាបង្កើតរបស់ស្តេចកន ទៅលួងលោមហៅកូនប្រុស ឱ្យចូលសារភាពកំហុស ដោយព្រះមហាក្សត្រមិនយកទោសពៃរ៍អ្វីឡើយ។ មុនចេញបំពេញបេសកកម្ម ពិជ័យនាគ បានផឹកទឹក- សម្បថ ដែលកូរដោយព្រះខ័នដែលព្រាហ្មណ៍បុរោហិតថែរក្សា សច្ចាថា មិនក្បត់ស្តេចផែនដី។ ប៉ុន្តែ ពេលបានទៅជួបស្តេចកន ជាកូន ក៏ត្រូវកូនណែនាំអូសទាញឱ្យចូលរួមក្នុងចលនាបះបោរនោះដែរ បណ្តាលឱ្យពិជ័យនាគ ភ្លេចស្មារតី យល់ព្រមធ្វើការ ជាមួយកូន ស្រាប់តែគាត់ភ្លាត់ជំហានដើរដួលជង់នឹងផ្លែដាវ ធ្លាយពោះស្លាប់ទៅ។ មរណភាពរបស់ពិជ័យនាគ ត្រូវមនុស្ស សម័យនោះថា មកពីគាត់បានផឹកទឹកសម្បថដែលកូរដោយព្រះខ័ន ទើបបានជាត្រូវស្លាប់ដោយចុងដាវដ៏មុតបែបនេះ ឬថា មកពីចាញ់សម្បថ។
រឿងមួយទៀត កាលដាប ឈួន ម្ជុលពេជ្រ ជាអតីតមេឥស្សរៈ ចុះចូលជាមួយរាជរដ្ឋាភិបាលនោះ គាត់បានផឹកទឹកសម្បថ បែបនេះដែរ ហើយនៅពេលគាត់ក្បត់ ប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ក៏ត្រូវបែកការ។ ពេលដាប ឈួន រត់ឆ្លងដែនទៅប្រទេសថៃ ក៏ត្រូវពលទាហានដែលជាអតីតកូនចៅគាត់ស្ទាក់បាញ់ស្លាប់ នៅច្រកអូរស្មាច់ ដោយទាក់ច្រវាក់អូសខ្មោចគាត់តាមរថយន្តកង់ ១០ ដែលព្រឹត្តិការណ៍នេះបានកើតឡើង កាលពីឆ្នាំ១៩៥៩។ លោកសេនាប្រមុខលន់ នល់ ដែលឈឺស្លាប់មួយចំហៀងខ្លួននោះ ក៏ត្រូវប្រជាពលរដ្ឋខ្មែរមួយចំនួនថា មកពីគាត់ចាញ់សម្បថ ឬចាញ់បារមីទេវតាថែរក្សាស្វេតច្ឆត្រ។ រីឯមេដឹកនាំខ្មែរក្រហម មួយចំនួន ដែលធ្លាប់ធ្វើរដ្ឋមន្ត្រី ឬតំណាងរាស្ត្រ នាសម័យសង្គមរាស្ត្រនិយម ក៏សុទ្ធតែធ្លាប់ផឹកទឹកសម្បថ ដែលព្រាហ្មណ៍ បារគូ យកចុងកាំបិតទៅកូរនៅពីមុខព្រះរាជបល្ល័ង្ក ទើបបានជាមេដឹកនាំខ្មែរក្រហម ខ្លះស្លាប់មុនអាយុ ខ្លះទៀតកំពុងត្រូវសាលា- ក្តីកូនកាត់ផ្តន្ទាទោស…៘
ដូច្នេះយើងឃើញថា ប្រវត្តិសាស្ត្របានចារទុកយ៉ាងច្បាស់ពីគ្រោះថ្នាក់របស់មន្ត្រីដែលបានតាំងសច្ចាប្រណិធាន លុះខ្លួន ភ្លេចពាក្យសម្បថ ក៏ដល់នូវគ្រោះមហន្តរាយទ្រព្យសម្បត្តិ និងអាយុជីវិត។ សច្ចាប្រណិធាន គឺការប្រកាន់ពាក្យពិត ឬសច្ចធម៌ នេះឯង ទើបព្រះមហាក្សត្រពីបុរាណ គោរពសច្ចធម៌នេះណាស់ សូម្បីក្នុងអក្សរសិល្ប៍ រឿង “រាមកេរ្តិ៍” បានតំណាលពីព្រះបាទ ទសរថ ជ្រុលមានព្រះបន្ទូលថា នឹងលើករាជសម្បត្តិថ្វាយព្រះភិរុត បណ្តាលឱ្យព្រះរាម ព្រះលក្សណ៍ ត្រូវខ្ចាត់ព្រាត់ទៅនៅ ក្នុងព្រៃ ព្រោះតែព្រះបិតាកាន់សច្ចធម៌មិនអាចប្រែក្រឡាស់ព្រះបន្ទូលបាន។ ផលវិបាកនៃការមិនកាន់ពាក្យសច្ចៈ ក៏មានចារទុក យ៉ាងច្បាស់ក្នុងរឿង “មាយើង” ដែលតំណាលពីព្រះបាទព្រហ្មទត្ត សន្យាថា នឹងនិទានរឿងឱ្យចៅមាយើង ស្តាប់ ប៉ុន្តែ ពេលត្រូវខ្យល់បក់ត្រសៀកៗ ព្រះអង្គបែរជាផ្ទំលក់លើភ្លៅចៅមាយើង បណ្តាលឱ្យរុក្ខទេវតា ដែលរង់ចាំស្តាប់ស្តេចនិទានរឿង ខកបំណង ចងគំនុំនឹងស្តេច ដោយកាច់មែកជ្រៃ កាច់បំបាក់ខ្លោងទ្វារវាំង និងប្រែកាឡាជាពស់ប៉ុនដើមត្នោត ទៅចឹកស្តេច និយាយកុហកនោះ ប៉ុន្តែ ត្រូវបានចៅមាយើង ជួយស្តេចឱ្យគង់ព្រះជន្ម…។
ក្រឡេកមើលបច្ចុប្បន្នភាពវិញ យើងឃើញការស្បថប្រណិធាន (ពាក្យសាមញ្ញោហៅក្លាយជា “ស្បថប្រាំធាន”) ត្រូវបាន យកមកប្រើ ស្របតាមរដ្ឋធម្មនុញ្ញ សម្រាប់មន្ត្រីជាន់ខ្ពស់កាន់ជាប់ខ្លួន មុនពេលចូលកាន់តំណែង។ ករណីមន្ត្រីប៉ូលិសអង្គ- ភាពប្រឆាំងអំពើពុករលួយ លើកដៃស្បថឱ្យឡាន ម៉ូតូបុក ឬបើដើរចូលព្រៃឱ្យពស់ចឹក ខ្លាខាំនោះ ពុំដឹងជាមានប្រសិទ្ធភាព ឬយ៉ាងណានោះទេ បើសិនជាពួកលោកមិនកាន់សច្ចធម៌។ កន្លងមក ក៏មានប្រជាពលរដ្ឋចោទប្រកាន់ថា អង្គភាពប្រឆាំង អំពើពុករលួយ ចាប់បានតែ “ឆ្មាស៊ីត្រីអាំង” ចំណែក “អាខ្លាស៊ីគោ” ចាប់អត់បាន ឬមិនហ៊ានចាប់។ មេបក្សទើបបង្កើតថ្មីខ្លះ ក៏បានសរសេររិះគន់តាមហ្វេសប៊ុកថា “ចង់បោសសម្អាតអំពើពុករលួយ គេធ្វើពីលើទៅក្រោម តែបើធ្វើពីក្រោមទៅលើ នឹង ធ្វើឱ្យអំពើពុករលួយកាន់តែរីកធំទៅៗ”។ ខ្លះទៀត បានទាំងស្នើឱ្យមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសទ្រព្យសម្បត្តិ ជាសាធារណៈទៀតផង ដែលស្តែងឱ្យឃើញថា ប្រជាពលរដ្ឋតាមដានខ្លាំងណាស់ចំពោះសកម្មភាពរបស់ស្ថាប័នមួយនេះ។ ឥឡូវមន្ត្រីនគរបាលយុត្តិធម៌ បានស្បថប្រណិធានរួចហើយ ដោយលើកដៃស្តាំលាម្រាមទាំង៥សូត្រស្រុះគ្នាតាមអ្នកនាំសូត្រ ពុំមែនជារឿងលេងសើចនោះទេ។ ការស្បថសុទ្ធតែមានបន្ទាល់សាក្សី ឬថា មានព្រះពុទ្ធប្បដិមា (ស្បថមុខព្រះ) មានទេវរូប ពីមុខខ្ទមអ្នកតា ជាដើម ប៉ុន្តែ បើស្បថអត់បន្ទាល់សាក្សី មិនអាចយកជាការបានទេ ដូចករណី “ទឹកហូរមិនដែលហត់ ប្រុស ស្បថកុំឱ្យជឿ” ពោលគឺបើនារីណាជឿប្រុសស្បថ ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់។
សរុបទៅ “ស្បថប្រណិធាន មានប្រសិទ្ធភាពឬអត់?” ជាសំណួរមួយ ដែលប្រវត្តិសាស្ត្របានឆ្លើយរួចមកហើយ ពុំចាំបាច់ ឆ្លើយទៀតទេ។ អ្វីដែលប្រវត្តិសាស្ត្រ ក៏ដូចជាអក្សរសិល្ប៍ បានបន្សល់ទុក គឺជាចម្លើយប្រាកដនិយម ពោលគឺ មកពីធ្លាប់មើល ឃើញប្រសិទ្ធភាពនៃការស្បថ ទើបប្រវត្តិវិទូ ឬកវីបណ្ឌិតចារឹកទុកកុំឱ្យភ្លេច។ ហេតុនេះ គួរតែអ្នកស្បថទាំងអស់នៅគ្រប់ អង្គភាព ស្ថាប័ន រក្សាសច្ចវាចាឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសផលវិបាក ដែលកើតឡើងពីការក្បត់ពាក្យសច្ចៈ៕
ដោយ អាចារ្យថាំ