ភ្នំពេញ៖តារាខ្លះមានកូនមុនរៀបការ និងខ្លះទៀតរៀបការបានតែ៦ខែក៍បានកូនង៉ាបីប្រលែងលេងទៅហើយ។ប៉ុន្ដែសម្រាប់សុគន្ធ និសា វិញរៀបការជាង៤ឆ្នាំនៅតែគ្មានកូន១គ្រាប់សោះ ទើបធ្វើឲ្យចំណងស្នេហាមិនសូវផ្អែមល្ហែមនោះទេ តែនៅថ្ងៃទិវារនៃក្ដីស្រលាញ់(Valentine ‘Day)កាលពីថ្ងៃទី១៤ខែកុម្ភៈ នោះនិសា ទទួលបានកាដូពិសេសពីស្វាមីហើយនាងទទួលស្គាល់ថាភាពរវល់រៀងៗខ្លួនរវាងនាងនិងប្ដីទើបធ្វើឲ្យមិនសូវមានពេលវេលាជួបគ្នា។ក្រោយនិសា ត្រូវប្ដីជូនកាដូពិសេសនោះFan របស់តារាហង្សមាសរូបនេះបានជូនពរឲ្យនាងឆាប់ទទួលបានកាដូធំនោះកូនលើកទី១ ខណៈដែលខ្លះទៀតបានលើកឡើងថាក្រោយសុគន្ធ និសា និងប្ដីរួមរស់ជាមួយគ្នាបានជាង៤ឆ្នាំនេះមើលទៅមុខមាត់អ្នកទាំង២កាន់តែដូចគ្នាដូចបងប្អូនបង្កើតអីចឹង។
សុគន្ធ និសា បានខកខានយកកូនដំបូងព្រោះតែនាងមិនទាន់ទទួលបានសិទ្ធិ(Visa)ចេញទៅរស់នៅអាមេរិកស្របច្បាប់នោះទេ ទើបធ្វើឲ្យផែនការណ៍នាងចង់បង្កើតកូនភ្លាមបានសញ្ជាតិអាមេរិកភ្លែតនោះត្រូវពន្យាពេល។ដោយសារតែនិសា មើលឃើញថាមិត្តភក្ដិនៅជុំវិញខ្លួនពួកគេមានប្ដីសុទ្ធតែមានកូនអស់ទៅហើយនោះទើបនិសា ប្ដូរចិត្តចង់យកកូននៅឆ្នាំ២០២១ ដើម្បីបំពេញបំណងចាស់ទុំទាំងសងខាងចង់បានចៅព។ប៉ុន្ដែគម្រោងការណ៍នេះត្រូវបានបរាជ័យទាំងស្រុងព្រោះតែនិសា បានជួបរឿងស៊យគឺការកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ធ្វើឲ្យនាងលុបចោលយកកូនភ្លាមៗតែម្ដង។នៅឆ្នាំ២០២២ នេះនិសា ក៍មិនទាន់រៀបគម្រោងយកកូនជាថ្មីទៀតដែរ បើទោះជានាងបានជាសះស្បើយពីកូវីដ ហើយមានសុខភាពល្អដូចដើមទៅហើយក្ដី តែពេលនេះនិសា បានប្រឹងរកលុយតាមរយៈ ការចេញ ច្រៀងសម្ដែងតាមកម្មវិធីមង្គលការជារៀងរាល់ថ្ងៃ។មិត្តភក្ដិអ្នកសិល្បៈបានសរសើរសុគន្ធ និសា ថានាងជាតារាដែលចេះប្រើប្រាស់ជំនាញនិងទេពកោសល្យរបស់ខ្លួនរកលុយដោយខ្លួនឯងគឺមិនដូចតារាខ្លះ មានប្ដីជាអាណិកជនមានទ្រព្យបែបនេះពួកគេបានឈប់ធ្វើការសិល្បៈហើយពឹងលើប្ដីចិញ្ចឹមជាមិនខាន។តែនិសា វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជាពេលនាងលាឈប់ពីសិល្បៈនៅថ្ងៃណាមួយក៍នាងមិនពឹងលើប្រាក់ចំណូលពីប្ដីតែមួយមុខដែរគឺត្រូវតែបង្កើតមុខរបរមួយក្រៅពីសិល្បៈជាពិសេសពេលត្រូវយកកូននាងនឹងត្រៀមខ្លួនឲ្យបានរួចរាល់ជាមុន។
សុគន្ធ និសា បានផ្អាកថតសម្ដែងភាពយន្ដឲ្យហង្សមាសក្រោយពីនាងឆក់បានតំណែងតួឯកដល់ទៅ៤រឿងជាប់គ្នានោះគឺរឿង”សិសិរដូវក្នុងបេះដូង”,”រាជនីយ ភូមិគ្រឹះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មី នៃសុភមង្គល” ដែលការសម្រុកថតភាពយន្ដដល់ទៅ៤រឿងជាប់គ្នានេះត្រូវបានគេជឿរថាដោយសារតែនិសា ចង់បន្សល់ស្នាដៃក្នុងភាពយន្ដមុននឹងដើរចេញ។ប៉ុន្ដែនិសា ធ្លាប់វាចារថានាងនឹងបន្ដអាជីពសិល្បៈជារៀងរហូតឲ្យតែបងប្អូននៅគាំទ្រ។នាងក៍បានឲ្យដឹងដែរថាស្វាមីចង់ឲ្យនាងឈប់ពីសល្បៈឲ្យដាច់ទាំងស្រុង តែដោយសារតែនាងបានលើកហេតុផលពីការតស៊ូក្នុងអាជីពមួយនេះរយៈពេលជាង១០ឆ្នាំមកហើយមិនអាចឈប់បានទើបប្ដីបានយល់ស្របហើយអនុញ្ញាត្តិឲ្យនាងច្រៀងនិងសម្ដែងភាពយន្ដតាមចិត្តចង់។
គេជឿរថានៅរដូវធ្លាក់ភ្លៀងខាងមុខនេះ សុគន្ធ និសា នឹងអាចគិកតូរឿងយកកូនឡើងវិញជាមិនខានព្រោះថាអាជីពសិល្បៈចាប់ផ្ដើមរយាលៗវិញហើយការមានកូននឹងធ្វើឲ្យចំណងស្នេហានាងកាន់តែរឹងមាំថែមទៀត។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់និសា ក្រោយបាត់បង់តំណែងជាគ្រូបង្វឹកកម្មវិធីThe Voice Kids Cambodia រដូវកាលទី២ធ្លាក់ក្នុងកណ្ដាប់ដៃនាងសួស វីសា នោះពេលនេះអ្នកនាងប៊ុន សុគន្ធា ហៅនិសា ស្ថិតក្នុងចំណោមតារាទាំង៣ដែលថៅកែនឹងឲ្យឡើងទៅអង្គុយកៅអីទាំង៣របស់ព្រាប សុវត្ថិ ដែលនៅទំនេរគឺCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior ដែលក្នុងនោះតារា២ដួងទៀតផ្សេងទៀតដែលអាចត្រងបានតំណែងនេះខ្លះដែរគឺពេជ្រ សោភា និងលោកខេម ប៊ុនថៃ ៕