អាជ្ញាធរ ប្រេស៊ីលបាននិយាយកាលពីល្ងាចថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដីនៅក្នុងទីក្រុង Petropolis ក្នុងរដ្ឋ Rio de Janeiro បានកើនឡើងដល់ 104 នាក់ហើយ។យ៉ាងហោចណាស់ផ្ទះចំនួន 54 ត្រូវបានបំផ្លាញ ហើយមនុស្ស 370នាក់កំពុងស្ថិតនៅក្នុងជម្រកសុវត្ថិភាព។នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មានប្រេស៊ីល G1 ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានពីតំបន់រងគ្រោះដោយទឹកជំនន់ អភិបាលរដ្ឋ Rio de Janeiro លោក Claudio Castro បាននិយាយថាតំបន់នេះត្រូវបានប៉ះពាល់នឹងភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ 1932 ។អ្នកពន្លត់អគ្គីភ័យជាង 400 នាក់បានខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅក្នុងតំបន់ ដោយសង្គ្រោះមនុស្សចំនួន 21 នាក់ ខណៈដែលមនុស្ស 35 នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនរហូតមកដល់ពេលនេះប៉ុន្តែអាជ្ញាធរមិនទាន់កំណត់ចំនួនអ្នកបាត់ខ្លួនសរុបនៅឡើយ។

មនុស្សជាង900នាក់បានស្លាប់នៅក្នុងសោកនាដកម្មទឹកជំនន់នៅក្នុងទីក្រុងនេះក្នុងឆ្នាំ 2011 ហើយជាង 100 នាក់ផ្សេងទៀតបានបាត់ខ្លួន៕
