ភ្នំពេញ៖លោកសុខ មេសា ហៅនាយចឺម បានធ្វើឲ្យអ្នកមេម៉ាយកូន១សេង សុខគីម ជាប់ស្នេហ៍ដកចិត្តមិនរួចឡើយ ព្រោះតែការពូកែវោហាស័ព្ទរបស់លោកមេសា ។តែរឿងដែលមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេករូបនេះកាន់តែមានទំនុកចិត្តលើនាយចឺម ថែមទៀតនោះគឺតារាចម្រៀងសាន់ដេរូបនេះស្រលាញ់កូនប្រុសរបស់នាងដូចជាកូនបង្កើតរបស់គេដែរ ទើបនាងសុខគីម សែនកក់ក្ដៅនិងពេញចិត្តនាយចឺម ស្ដូកតែម្ដង។យ៉ាងណាតាមនាយចឺម ធ្លាប់ប្រាប់តាមទូរស័ព្ទនោះថាពេលនេះនាយ មិនទាន់គិតគូរឿងភ្ជាប់ពាក្យ ឬគម្រោងដឹកដៃសង្សារថ្មីរូបនេះចូលរោងការឆាប់ៗឡើយ។ប៉ុន្ដែក្រោយនាយចឺម រកបានសង្សារថ្មីនេះមកអោបភ្លាមនាយ ធ្លាប់ចេញមុខសរសើរកំពូលស្នេហ៍ថាខុសពីសង្សារចាស់ៗរបស់នាយ ដែលចូលមកក្នុងជីវិតនាយ ដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ តែនាងសុខគីម ជាមនុស្សល្អណាស់ហើយនាយសូមបញ្ចប់ស្នេហ៍ត្រឹមនារីម្នាក់នេះគឺគ្រប់គ្រាន់ហើយ។ដោយឡែកនាងសុខគីម ធ្លាប់បញ្ចេញសារថានាង មិនក្វល់ពីអ្នកណាថានាយចឺម ជាមនុស្សមិនល្អនោះទេគឺសំខាន់នាយចឺម ល្អចំពោះរូបនាង។


នាយចឺម បានផ្ដាច់ស្នេហ៍តារាសម្ដែងវ័យក្មេងដែលជាក្រមុំនាងហ្វា ហ្វា ហៅស្រីយី មកភ្ជាប់ស្នេហ៍អ្នកមេម៉ាយកូន១សេង សុខគីម ហើយពេលនេះអ្នកទាំងពីរបានចេញមុខរកស៊ីជាមួយគ្នាដូចប្ដីប្រពន្ធ។កាលពីថ្ងៃទី១៥ខែកុម្ភៈ នាងសុខគីម បានប្រារពខួបកំណើតហើយគេចាប់អារម្មណ៍ឃើញរូបថតរបស់នាងនិងនាយចឺម អោបគ្នានោះត្រូវបានផ្ដិតដាក់តាំងក្នុងស៊ុមរូបថតធំនៅពីមុខនំខេក ដែលមើលទៅដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង។នៅថ្ងៃខួបអានាគតប្រពន្ធនោះដែរនាយចឺម បង្ហាញការស្រលាញ់ចំពោះកូនប្រុសរបស់សង្សារដែលធ្វើឲ្យភ្ញៀវទាំងឡាយ និងមិត្តភក្ដិរបស់ពួកគេទាំងសងខាងដែលចូលរួមនោះសរសើរនាងសុខគីម ថាសង្សារល្អដូចនាយចឺម ពិតជាកម្ររកបានណាស់។


ទោះជាយ៉ាងណានាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារវាងនាយនិងនាងសុខគីម ពេលនេះគឺស្ថិតក្នុងតំណាក់កាលជាគូសង្សារនិងគ្នានៅឡើយ ហេតុនេះមិនដឹងថាតើថ្ងៃខាងមុខមានរឿងអ្វីកើតឡើងនោះទេ ព្រោះថាប្ដីប្រពន្ធខ្លះគង់មានថ្ងៃបែកគ្នា។ប៉ុន្ដែនាយចឺម ថាចាស់ទុំទាំងសងខាងបានដឹងឭរឿងស្នេហានាយ និងសង្សារអស់ហើយតែសំខាន់លើនាយនិងសង្សារប៉ុណ្ណោះ ព្រោះឪពុកម្ដាយមិនមែនរស់នៅជាមួយកូនៗជាប់ជាប្រចាំរាល់ថ្ងៃនោះទេ។


ទស្សនិកជនរងចាំមើលថាតើនាយចឺម អាចរក្សារចំណងស្នេហាថ្មីជាមួយនាងសេង សុខគីម បានយូអង្វែងឬទេ បន្ទាប់ពីនាយ ប្រេះឆាសង្សារជាតារាសម្ដែងដល់ទៅ៣ដួងគឺស្រីស្អាតអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី៕