ទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន និងលោកពូទីនបានយល់ព្រមចូលតុចរចាតាមសំណើររប ស់ប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអ៊ែល ម៉ាក្រុង ដើម្បីរំលត់ភ្លើងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក ម៉ាក្រុងបានស្នើឱ្យមានកិច្ចប្រជុំកំពូលមួយ ដែលធ្វើឡើងរវាង ប្រធានាធិបតី បៃឌិននិងប្រធានាធិបតី ពួទីន ហើយបន្ទាប់មកជាមួយភាគីពាក់ព័ន្ធដើម្បីពិភាក្សាអំពីសន្តិសុខនិង ស្ថិរភាពជាយុទ្ធសាស្រ្តនៅក្នុងទ្វីបអឺរ៉ុប។លោកបានបន្ថែមថា លោកបៃឌិននិង ពូទីន បានទទួលយកគោលការណ៍នៃកិច្ចប្រជុំកំពូលបែបនេះ។ទោះជាយ៉ាងនេះក្តីកិច្ចប្រជុំអាចធ្វើឡើងក្នុងលក្ខខណ្ឌដែលរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែន។ ខ្លឹមសារនៃកិច្ចប្រជុំកំពូល ប្រសិនបើវាកើតឡើងនឹងត្រូវរៀបចំដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេ ដែលរំពឹងទុកនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ។ខណៈដែលវិមានក្រឹមឡាំងមិនទាន់ចេញការអត្ថាធិប្បាយនៅឡើយ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា លោកប្រធានាធិបតី បៃឌិន«បានទទួលយកជាគោលការណ៍នៃកិច្ចប្រជុំជាមួយលោកប្រធានាធិបតីពូទីន បន្ទាប់ពីការចូលរួមរបស់ លោក Blinken-Lavrov ម្តងទៀតប្រសិនបើការឈ្លានពានមិនទាន់កើតឡើង»។
EU គាំទ្រជំនួបបៃឌិន-ពូទីន
ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបគាំទ្រការប៉ុនប៉ងចុងក្រោយបំផុតក្នុងការរៀបចំកិច្ចចរចាបន្ថែមទៀតរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូ ដើម្បីស្វែងរកដំណោះស្រាយការទូតចំពេលមានការពង្រឹងយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន។លោកBorrellបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលមុនកិច្ចប្រជុំមួយថា កិច្ចប្រជុំកំពូលកម្រិតមេដឹកនាំ កម្រិតរដ្ឋមន្ត្រី និងទម្រង់បែបណាក៏ដោយគឺជាការព្យាយាមបញ្ចៀសសង្រ្គាម ដែលចាំបាច់ណាស់។លោកបានបន្ថែមថាយើងនឹងគាំទ្រអ្វីដែលអាចធ្វើឱ្យការសន្ទនាការទូតជាមធ្យោបាយដ៏ល្អបំផុតដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែន។
អាមេរិកបង្ហាញបញ្ជីឈ្មោះជនជាតិអ៊ុយក្រែនត្រូវសម្លាប់ ពេលរុស្ស៊ីឈ្លានពាន
សហរដ្ឋអាមេរិកបានព្រមានទៅអង្គការសហប្រជាជាតិថា ខ្លួនមានព័ត៌មានជាក់លាក់ ថារុស្ស៊ីមានបញ្ជីជនជាតិអ៊ុយក្រែន ដែលត្រូវសម្លាប់ឬបញ្ជូនទៅជំរុំឃុំខ្លួននៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានរបស់ខ្លួន។នេះបើយោងតាមលិខិតដែលផ្ញើទៅប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងទទួលបានដោយ AFP កាលពីថ្ងៃអាទិត្យ ថ្ងៃទី 20 ខែកុម្ភៈ ។សំបុត្រនោះ បាននិយាយថាសហរដ្ឋអាមេរិកមាន ការព្រួយបារម្ភយ៉ាងខ្លាំង”និងព្រមានអំពី មហន្តរាយសិទ្ធិមនុស្សដែលអាចកើតមាន។លិខិតនោះបានសរសេរថា សហរដ្ឋអាមេរិកមាន ព័ត៌មានគួរឱ្យទុកចិត្តដែលបង្ហាញថាកងកម្លាំងរុស្ស៊ីកំពុងបង្កើតបញ្ជីឈ្មោះជនជាតិអ៊ុយក្រែនដែលត្រូវសម្លាប់ ឬបញ្ជូនទៅជំរុំបន្ទាប់ពីការកាន់កាប់ដោយយោធា។កំណត់សម្គាល់ដែលចុះហត្ថលេខាដោយលោក Bathsheba NellCrocker ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ព្រមានថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនអាចនាំមកនូវការរំលោភបំពានដូចជាការចាប់ពង្រត់ ឬការធ្វើទារុណកម្មហើយអាចកំណត់គោលដៅអ្នកប្រឆាំងនយោបាយសាសនា និងជនជាតិភាគតិច ក្នុងចំណោមអ្នកដទៃទៀត។
ប៉ុស្ដិ៍យាមរុស្សីរងការវាយប្រហា
កាលពីរសៀលថ្ងៃច័ន្ទ ប៉ុស្ដិ៍យាមរុស្សីមួយកន្លែងនៅព្រំដែនអ៊ុយក្រែន រងការវាយប្រហារដែលគេសង្ស័យថាបាញ់ផ្លោងពីអ៊ុយក្រែន ។ព័តមានបឋមពុំទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់និងរបួសនៅឡើយទេ៕