ភ្នំពេញ ៖ ខណៈដែលនៅសល់តែរយៈ ពេល១សប្តាហ៍ទៀត ការចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើបញ្ជីបោះឆ្នោតថ្មី នឹងត្រូវបញ្ចប់ មេបក្សមានអាសនៈនៅក្នុងរដ្ឋសភា គឺសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សកាន់អំណាច និងលោកសម រង្ស៊ី ប្រធានគណបក្ស ប្រឆាំង បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែល មិនទាន់បានទៅចុះឈ្មោះឆ្នោតអញ្ជើញទៅចុះ ឈ្មោះបោះឆ្នោតទាំងអស់គ្នា ដើម្បីមានសិទ្ធិ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ ឆ្នាំ២០១៧ ខាងមុខនេះ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច កន្លងមក ទាំងតាមទំព័រហ្វេសប៊ុក និង វេទិកាសាធារណៈ សម្តេចតែងអំពាវនាវដល់ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត (១៨ ឆ្នាំឡើង) អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោត ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើ បញ្ជីបោះឆ្នោតថ្មី ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ដោយឡែក ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់តាអង ខេត្តរតនគីរី ក្រោម ហរិញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តរតនគីរី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ សម្តេចហ៊ុន សែន បានប្រកាស អំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ ឱ្យទៅចុះឈ្មោះបោះឆ្នោត ព្រោះនៅសល់តែ ពេល៨ថ្ងៃទៀតប៉ុណ្ណោះ ដោយសម្តេចបាន បញ្ជាក់ថា ការទៅចុះឈ្មោះបោះឆ្នោត ដើម្បី ទទួលបានសិទ្ធិជាពលរដ្ឋក្នុងការជ្រើសមេដឹកនាំ ប្រទេស។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍ថា “ខ្ញុំករុណាខ្ញុំសុំអំពាវនាវ ហើយ ថ្ងៃនេះ ដោយសារតែនៅសល់តែ៨ថ្ងៃទៀត តែប៉ុណ្ណោះ ខ្ញុំព្រះករុណាខ្ញុំនៅទីនេះ ពីខេត្ត រតនគីរី ខ្ញុំព្រះករុណាខ្ញុំអំពាវនាវទៅកាន់ប្រជា- ពលរដ្ឋនៅទូទាំងប្រទេស ដែលមិនទាន់បានចុះ ឈ្មោះបោះឆ្នោត សុំទៅចុះឈ្មោះបោះឆ្នោត ឱ្យបានរួសរាន់ នៅមុនពេលដែលការិយាល័យ ចុះឈ្មោះបោះឆ្នោតត្រូវបិទទ្វារនៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា នេះ។ ការមិនបានចុះឈ្មោះ បោះឆ្នោត គឺស្មើនឹងការបោះបង់ចោលសិទ្ធិនៃ ការបោះឆ្នោត។ ដូច្នេះអំពាវនាវចំពោះប្រជា- ពលរដ្ឋរបស់យើង ដែលគ្រប់អាយុបោះឆ្នោត សុំរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ដើម្បីធានា ការប្រើសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសឃុំ- សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និង ការបោះឆ្នោតសភា នៅឆ្នាំ២០១៨ ខាងមុខ នេះ”។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មាន ប្រសាសន៍បន្តថា “នេះជាការអំពាវនាវមួយ ដែល ខ្ញុំព្រះករុណាខ្ញុំទទូចអំពាវនាវចំពោះប្រជាពលរដ្ឋ រួសរាន់និងក៏អំពាវនាវចំពោះមន្ត្រីខាងផ្នែកធ្វើ ការចុះឈ្មោះបោះឆ្នោត ប្រញាប់ប្រញាល់ជា- មួយនឹងការងារក្រែងលោនាទីចុងក្រោយ ប្រជា- ពលរដ្ឋសម្រុកទៅ ខិតខំធ្វើការដោយញាប់ដៃ ញាប់ជើង ដើម្បីបំពេញបែបបទ និងចុះឈ្មោះ បោះឆ្នោតជូនប្រជាពលរដ្ឋរបស់យើង”។
ចំណែកលោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខណៈដែលនៅសល់តែ៨ថ្ងៃទៀត ការ ចុះឈ្មោះបោះឆ្នោត ដែលរៀបចំដោយគណៈ- កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងត្រូវបិទបញ្ចប់ លោកបានសរសេរនៅក្នុង ហ្វេសប៊ុកនោះថា “សេចក្តីអំពាវនាវឱ្យពលរដ្ឋ ចុះឈ្មោះបោះឆ្នោត។ សូមជួយចែករំលែក (Share) រូបថតនេះ ឱ្យបានទូលំទូលាយគ្រប់ ទិសទី។ តាមតួលេខរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) គិតមកដល់ ថ្ងៃនេះ អ្នកដែលបានចុះឈ្មោះបោះឆ្នោត មាន ចំនួនត្រឹមតែ៧,៣លាននាក់ នៅសល់ប្រមាណ ជិត២,៤លាននាក់ទៀត ដែលមិនទាន់បានចុះ ឈ្មោះ។ សូមអ្នកដែលបានចុះឈ្មោះរួចហើយ ជួយក្រើនរំលឹក និងជួយណែនាំអ្នកនៅជុំវិញខ្លួន ដែលមិនទាន់ បានចុះឈ្មោះនៅឡើយ ឱ្យទៅ ចុះឈ្មោះជាបន្ទាន់ ដើម្បីសង្គ្រោះជាតិយើងទាំង អស់គ្នា”។
ជាមួយនឹងសំណេរតាមហ្វេសប៊ុកនោះ ក្នុងជំនួបជាមួយតំណាងរាស្ត្រនិងប្រធានគណៈ- កម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំ ខេត្តទាំងអស់ តាមប្រព័ន្ធអ៊ីនធើរណេត កាល ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកសម រង្ស៊ី បានថ្លែងថា នៅប្រទេសកម្ពុជា លទ្ធផលនៃការ បោះឆ្នោត មិនមែនអាស្រ័យថ្ងៃបោះឆ្នោតទេ គឺអាស្រ័យគុណភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ដូច្នេះចាំបាច់ទៅចុះឈ្មោះបោះឆ្នោតទាំងអស់ គ្នា ។
លោកសម រង្ស៊ី មានប្រសាសន៍ថា “លទ្ធ- ផលនៃការបោះឆ្នោតនីមួយៗនៅក្នុងប្រទេស កម្ពុជា មិនមែនអាស្រ័យថ្ងៃបោះឆ្នោតទេ អាស្រ័យ គុណភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ឈ្នះ- ចាញ់លើបញ្ជីឈ្មោះ បើបញ្ជីឈ្មោះរៀបចំត្រឹមត្រូវ ហើយយើងយល់ពីទឹកចិត្តប្រជារាស្ត្រ គឺយើង ឈ្នះ ហើយឈ្នះតាមបញ្ជីមុនថ្ងៃបោះឆ្នោតទៀត បើមានដំណើរធម្មតាទៅមុខ គឺយើងឈ្នះទៀត ឈ្នះមុនហ្នឹង តែបើបញ្ជីមិនសុក្រឹត បញ្ជីយើង ខ្វះមនុស្សទៅចុះឈ្មោះ បញ្ជីកេណ្ឌមនុស្ស ហើយ គេមានលទ្ធភាពបន្លំដូចមុន អាឈ្មោះខ្មោច អាឈ្មោះស្ទួន អាយកគម្រោងអីដល់១៨ យក ឈ្មោះខ្មោចយកទៅបំពាក់ឱ្យមនុស្សអត់មាន សិទ្ធិបោះឆ្នោត គេក្រឡុកបានតាមចិត្ត អាហ្នឹង គឺឈ្នះហើយ តែលើកនេះ អត់មានធ្វើអ៊ីចឹង កើតទេ…”។
កាលមុន ចង់ចុះ គេអត់ចុះឱ្យ បើចង់ចុះៗ ហើយ គេលុបឈ្មោះ អាហ្នឹងយើងចាញ់ ហើយ ប៉ុន្តែម្តងនេះ គ.ជ.ប ថ្មី បញ្ជីធ្វើតាមកុំព្យូរទ័រ បើចុះហើយចុះហើយ អត់មានលួចឈ្មោះ អត់ មានលុបឈ្មោះទេ។ អ៊ីចឹងកុំឱ្យបាត់ឱកាសហ្នឹង បងប្អូនច្រើនតែអត់បានចុះ អត់បានបោះ តែ លើកនេះ សុំឱ្យចុះទាំងអស់គ្នា ចុះដើម្បីថែរក្សា សិទ្ធិបោះឆ្នោតរបស់យើង។ ប្រជាពលរដ្ឋមានសិទ្ធិ ពេញលេញ ទាល់តែមានសិទ្ធិបោះឆ្នោត ដោយ មានតម្លៃពេញលេញតាមហ្នឹង។ អ៊ីចឹងយើង ត្រូវកេណ្ឌមនុស្សឱ្យចុះបានទាំងអស់ នៅក្នុង បញ្ជីអត់មានបាត់អា១លាន២សែន ដូចមុន ទៀតទេ ហើយបើបាត់ហ្នឹង ដោយសារចំណាក- ស្រុកចំណាកអី។ ប៉ុន្តែអ្នកនៅក្នុងស្រុក នៅ សល់ច្រើន គឺនៅតែឮគណបក្សប្រជាជន អ៊ីចឹង ដែលគេចង់ឱ្យមានការផ្លាស់ប្តូរ”។
លោកសម រង្ស៊ី មានប្រសាសន៍បន្តថា “បញ្ជីថ្មីនេះ គេសម្អាត ទាល់តែមានមនុស្សមែនទែនទៅចុះ ទាល់តែមានរូបថត ទាល់តែមាន ស្នាមម្រាមដៃ ចុះខ្មោចមានម្រាមដៃហ្នឹងពីណា មក? អ៊ីចឹងសម្អាតអា១លានហ្នឹង គឺស្អាត ជម្រះ ចេញអស់ អ៊ីចឹងគណបក្សប្រជាជន នឹងខាតអា ១លានហ្នឹង ដែលធ្លាប់យកឈ្មោះខ្មោចមកប្រើ ហ្នឹង គឺខាតហើយ។ អ៊ីចឹងបញ្ជីនេះ បញ្ជីស្អាត បញ្ជីត្រឹមត្រូវ គឺថាបញ្ជីល្អជាងមុនឆ្ងាយណាស់ អ៊ីចឹងធានាជោគជ័យគណបក្សង្គ្រោះជាតិហើយ មិនមែនដូចឆ្នាំ២០១៣ ទេ។ ហើយគណបក្ស ប្រជាជន គឺច្បាស់ជាបញ្ជាក់ហើយនិយាយអ៊ីចឹង ថា បោះធ្វើអី បោះទៅគ្មានតែឈ្នះគេដដែល។ មិនឈ្នះគេដដែល ដោយសារតែអាបញ្ជីចាស់ ឥឡូវសុំពន្យល់ថា បញ្ជីថ្មី គឺមិនអាចធ្វើអ៊ីចឹង កើតទេ ហើយដើម្បីឱ្យបញ្ជីថ្មីហ្នឹងកាន់តែល្អ ថែមទៀត ត្រូវតែចុះឈ្មោះ អ្នកណាដែលមិន ទាន់បានចុះឈ្មោះ ចុះទៅ សុខចិត្តចំណាយ ពេលកន្លះថ្ងៃ ដែលយើងនឹងធានាថា យើងនឹង បានសុខ គឺប្រទេសជាតិយើង សង្គមជាតិយើង នឹងមានសិរីសួស្តី ចាប់ពីថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ខាងមុខ ដែលខ្ញុំនិយាយហ្នឹង ធានាថា ទៅដល់ បោះឆ្នោតសភា ឬទៅបោះឆ្នោតជាតិហ្នឹង ខ្ញុំជឿ ជាក់ថា សកម្មជនយើងទាំងអស់ យល់ច្បាស់ ពីរឿងហ្នឹង ហើយសុំឱ្យប្រធានខេត្ត ប្រធានក្រុម ការងារ គណៈកម្មការប្រតិបត្តិ សូមឱ្យប្រឹងថែម ទៀតហើយនៅសល់១អាទិត្យចុងក្រោយហ្នឹង គឺសុំចុះជួយចូកចែវឱ្យពេញទំហឹង ឃុំនីមួយៗ ជួនកាលខុសគ្នាតែ៤-១០សំឡេង សង្កាត់ នីមួយៗ ខុសគ្នាតែ៤-១០សំឡេង បានតំណែង មេឃុំ បានតំណែងចៅសង្កាត់។ ដូច្នេះកុំថាមិន បានការអីទេ ៤-១០សំឡេង។ បានការ ៤-១០ សំឡេងហ្នឹងឈ្មះចាញ់ ៤-១០សំឡេងហ្នឹង នៅ តាមឃុំ-សង្កាត់នីមួយៗ។ អ៊ីចឹងបងប្អូនទាំង អស់ យើងចាប់ដៃគ្នា យើងកៀកស្មាគ្នា យើង ពង្រឹងស្មារតីការងារយើងទាំងអស់គ្នា ម្តងនេះ គឺយើងខំ១០ថ្ងៃដែលនៅសល់ ខំឱ្យពេញទំហឹង ខ្ញុំថាជោគជ័យយើងមកដល់ហើយ”។
ជាមួយគ្នានោះដែរ លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ក៏បានលើក ឡើងទាក់ទងនឹងការចូលរួមកិច្ចប្រជុំរៀបចំ ផែនការយុទ្ធនាការ៧ថ្ងៃចុងក្រោយ សម្រាប់ ការចុះឈ្មោះបោះឆ្នោត ឱ្យបានទូទាំងប្រទេស ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន មកពី២៥រាជធានី-ខេត្ត របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះផងដែរ។
លោកយ៉ែម បុញ្ញឫទ្ធិ បានសរសេរនៅ ក្នុងទំព័រហ្វេសប៊ុករបស់លោកថា “យុទ្ធនាការ ៧ថ្ងៃពីភូមិមួយទៅមួយ ពីឃុំមួយទៅឃុំមួយ ពី ស្រុកមួយទៅស្រុកមួយ ដើម្បីចូលរួមចំណែក យ៉ាងសកម្មតាមការអំពាវនាវរបស់គណៈកម្មា- ធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុង ការជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ដែលពុំ ទាន់បានចុះឈ្មោះ ឱ្យអញ្ជើញទៅចុះឈ្មោះតាម ការកំណត់របស់គ.ជ.ប ដែលត្រូវផុតកំណត់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
យុទ្ធនាការ ៧ថ្ងៃ ក្នុងការចូលរួមរបស់ ថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ គឺមាន សារសំខាន់ជាទីបំផុត ដើម្បីឱ្យប្រជាពលរដ្ឋ យល់ដឹង បានទទួលព័ត៌មាន និងចូលរួមធ្វើ សេចក្តីសម្រេចក្នុងការជ្រើសរើសថ្នាក់ដឹកនាំ របស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គ.ជ.ប ថ្មី បញ្ជីឈ្មោះ បោះឆ្នោតថ្មី ត្រូវតែផ្តល់ភាពជឿជាក់ និងផ្តល់ ទំនុកទុកចិត្តជូនដល់ប្រជាពលរដ្ឋ សម្រាប់ បម្រើការក្នុងការបោះឆ្នោត ឱ្យមានលក្ខណៈល្អ ប្រសើរ ដែលខ្មែរគ្រប់រូបអាចទទួលយកបាន”។
គួរបញ្ជាក់ដែរថា យោងតាមលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មី ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រឹមម៉ោង ១៨ៈ០០ល្ងាច ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សរុប មានចំនួន៧៣៨១ ៣១៥នាក់ ស្រី៣៩៧៨៨៤៤ នាក់ គិតជាភាគរយ ៧៦,៣៨ ចំនួននេះ តាម ការប៉ាន់ស្មាន គឺនៅសល់ប្រជាពលរដ្ឋគ្រប់អាយុ បោះឆ្នោតចំនួនជាង២លាននាក់ទៀត ដែល មិនទាន់បានចុះឈ្មោះបោះឆ្នោត៕
ដោយ ៖ កុលបុត្រ