សុភាសិតបារាំង១ឃ្លា ចែងថា “មកដល់យឺត ប្រសើរជាងមិនមក” (Mieux vaut tard que jamais) ឬជាភាសា អង់គ្លេសថា (Better late than never) មានខ្លឹមសារអប់រំល្អណាស់ សម្រាប់មនុស្សគ្រប់ជាតិសាសន៍យកទៅអនុវត្ត។ កិច្ចការអ្វីក៏ដោយ ដែលយើងជាប់កិច្ចសន្យាជាមួយគេ ឬជាកាតព្វកិច្ចរបស់ពលរដ្ឋ ចាំបាច់ត្រូវធ្វើនោះ ទោះជាមកមិនទាន់ ពេលវេលា ក៏វាប្រសើរជាងអវត្តមាន ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ ខណៈដែលប្រជាពលរដ្ឋ មានឈ្មោះត្រូវបំពេញកាតព្វកិច្ចបោះឆ្នោត បែរជាបាត់ចំនួនរាប់លាននាក់…។
កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រទំនើប ត្រូវផុតកំណត់ត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ហើយ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមេបក្សប្រឆាំង បានអំពាវនាវហើយអំពាវនាវទៀត ឱ្យប្រជាពលរដ្ឋ គ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ យោងតាមតួលេខប្រកាសព័ត៌មានរបស់ គ.ជ.ប គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកដែលបានចុះឈ្មោះបោះឆ្នោត មានចំនួនត្រឹមតែជាង៧,៣លាននាក់ ដោយនៅសល់ប្រមាណជិត២,៤ លាននាក់ទៀត ដែលមិនទាន់បានមកចុះឈ្មោះ។ ការបាត់ឈ្មោះប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឱ្យថ្នាក់ដឹកនាំ ប្រទេស ក៏ដូចជាអ្នកនយោបាយមានការព្រួយបារម្ភ បានត្រឹមអំពាវនាវយ៉ាងទទូចឱ្យបងប្អូនចំណាយពេលវេលាដ៏មានតម្លៃ នេះ ទៅចុះឈ្មោះឱ្យទាន់កាលបរិច្ឆេទដែលមានចែងក្នុងច្បាប់បោះឆ្នោត។
ដូច្នេះ ទោះជា “មកដល់យឺត ក៏វាប្រសើរជាងមិនមក” ដោយហេតុថា ការបោះឆ្នោត ជាអាយុជីវិតជាតិ ពុំមែនជារឿង លេងសើចនោះទេ។ តាមការឃ្លាំមើលទិដ្ឋភាពជាក់ស្តែង អ្នកមិនបានមកចុះឈ្មោះបោះឆ្នោត ភាគច្រើនជាពលករ-ពលការិនី ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់។ មួយភាគទៀត ជាកម្មករ-កម្មការិនី នៅកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត ដែលគ្មានលទ្ធភាពមកចុះឈ្មោះនៅក្នុងប្រទេសកំណើត។ ទោះយ៉ាងណា ចំនួនពលករ-ពលការិនី កម្មករ-កម្មការិនី មិនទាន់មានបរិមាណចូលខ្ទង់២,៤លាននាក់នោះទេ ដែលតួលេខនេះ យើងអាច ប៉ាន់ប្រមាណបានថា មនុស្សនៅក្រៅប្រទេសពាក់កណ្តាល ហើយនៅក្នុងប្រទេសពាក់កណ្តាល ដែលយូរដៃយូរជើងមិនទាន់ ទៅចុះឈ្មោះ ឬថា អ្នកនៅក្នុងប្រទេស ខ្លះមិនរវល់ទៅចុះឈ្មោះតែម្តង ទោះជាមានការអំពាវនាវប្រកូកប្រកាសយ៉ាងណាក្តី។
ការធ្វេសប្រហែសមិនរវល់ទៅចុះឈ្មោះបោះឆ្នោតនេះ មានកត្តាច្រើនយ៉ាងដូចអ្វីដែលតាៗញៀនកាហ្វេ បានលើកមក ពិភាក្សា ដែល “នគរធំ” ក្តាប់បាន ក៏យកមកបង្ហាញនៅពេលនេះ…។
នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរស្ថានទូតចិន តាម្នាក់មាននិន្នាការគាំទ្របក្សកាន់អំណាច បាននិយាយថា “មកពី បងប្អូនមានរវល់ក្នុងការរកស៊ី ក៏មិនចាប់អារម្មណ៍នឹងការទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែ ចាំមើលកៀកថ្ងៃបញ្ចប់ច្បាស់ជាមាន អ្នកទៅចុះឈ្មោះកកកុញ”។ តាម្នាក់ទៀត គាំទ្របក្សប្រឆាំង បានលើកឡើងថា “បោះឆ្នោត៥អាណត្តិកន្លងមកនេះ គ្មាន ឃើញស្អីប្រែប្រួលទេ មេឃុំនៅតែមេឃុំ រដ្ឋមន្ត្រីនៅតែរដ្ឋមន្ត្រី ដដែល។ អ៊ីចឹងហើយបានជាអ្នកខ្លះធុញទ្រាន់ ខ្ជិលទៅចុះ ឈ្មោះ”។ តាម្នាក់ទៀតជាមន្ត្រីចូលនិវត្តន៍ មិនច្បាស់និន្នាការនយោបាយ បានបញ្ចោញទស្សនៈថា “បោះឆ្នោតជាកាតព្វកិច្ច របស់ពលរដ្ឋ បើចង់ឱ្យមានការផ្លាស់ប្តូរ ត្រូវទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ព្រោះការផ្លាស់ប្តូរតាមប្រជាធិបតេយ្យ ចាញ់ឈ្នះ គ្នាដោយការបោះឆ្នោត មិនមែនដោយរដ្ឋប្រហារនោះទេ”។ បុរសរត់ម៉ូតូកង់បី ដែលញៀនកាហ្វេដែរនោះ ពោលថា “ឱ្យតែបោះ- ឆ្នោតហើយម្តងៗ អ្នកនយោបាយឈ្លោះគ្នាឱ្យទ្រហឹង ដោយភាគីម្ខាងមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឯ គ.ជ.ប មិនដោះស្រាយតាមពាក្យបណ្តឹងឱ្យអស់មន្ទិលសង្ស័យ ចំណែកភាគីម្ខាងទៀត តែងប្រើធម៌ក្តៅបង្ក្រាបអ្នកតវ៉ា។ បើអ៊ីចឹងៗ នោះ គ្មានអ្នកណាចង់បោះឆ្នោតទៀតទេ សូម្បីតែរូបខ្ញុំ (អ្នកបើករ៉ឺម៉ក) មិនទាន់ទៅចុះឈ្មោះផង ព្រោះតែធុញទ្រាន់រឿង គេឈ្លោះគ្នាហ្នឹង”។
ដូច្នេះយើងឃើញថា មកពីអ្នកនយោបាយខ្វះសាមគ្គីធម៌នេះឯង ជាកត្តាធំបំផុត ដែលបណ្តាលឱ្យប្រជាពលរដ្ឋរួញរា ស្ទាក់ស្ទើរ លែងចង់ទៅបោះឆ្នោត។ ដូចពេលនេះជាដើម យើងឃើញបក្សកាន់អំណាច និងបក្សប្រឆាំង ពាក់មុខយក្សដាក់គ្នា រហូត ដោយភាគីម្ខាងៗគិតតែប្រយោជន៍បក្ស គ្នាយើង គ្នាគេ នាំឱ្យរាស្ត្របាត់បង់ទំនុកចិត្ត។ ប្រជារាស្ត្រលោកបោះឆ្នោត ចង់ឱ្យអ្នកនយោបាយចេះរួបរួមសាមគ្គីគ្នាការពារ កសាងមាតុភូមិ ដោយចែកតួនាទី មុខជំនាញគ្នាធ្វើទៅ ប៉ុន្តែ បើបោះឆ្នោត រួចភាគីម្ខាងទៅនេះ ម្ខាងទៅនោះ មិនព្រមស្រុះស្រួលធ្វើការរួមគ្នាដើម្បីប្រយោជន៍ជាតិបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋមិន សប្បាយចិត្ត ក៏កិកកុកលែងចង់បោះឆ្នោត។
ទោះយ៉ាងណាក៏ដោយចុះ គួរតែបងប្អូនប្រជាពលរដ្ឋពិចារណាឱ្យល្អិតល្អន់ ព្រោះថា ការបោះឆ្នោត ជាអាយុជីវិតជាតិ ដែលប្រទេសណាក៏គេធ្វើដែរ។ នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ យើងឃើញការបោះឆ្នោតជ្រើសប្រធានាធិបតី បាន ប្រព្រឹត្តទៅតាមកាលបរិច្ឆេទ។ ទោះជាបោះឆ្នោតរួច មានបាតុកម្មផ្ទុះឡើងក្តី ក៏អ្វីៗបង្ហាញឱ្យឃើញនូវមាគ៌ាប្រជាធិបតេយ្យ ដែលគេយកការបោះឆ្នោតជាការផ្លាស់ប្តូរអំណាច។ នៅប្រទេសរុស្ស៊ី ចិន វៀតណាម ដែលជាប្រទេសកុម្មុយនិស្ត ក៏មាន ការបោះឆ្នោតជ្រើសមេដឹកនាំដែរ គ្រាន់តែមានរបៀបធ្វើខុសគ្នាខ្លះៗទៅតាមរបបសង្គម។ សម្រាប់កម្ពុជា ដែលធ្លាប់ឆ្លងកាត់ការបោះឆ្នោតជាហូរហែនោះ ក៏បង្ហាញពីគោលការណ៍ប្រជាធិបតេយ្យដែរ ដែលអ្នកបោះឆ្នោត និងមិនបានបោះឆ្នោត ត្រូវមានគុណសម្បត្តិ និងគុណវិបត្តិ ចៀសមិនផុត។
អ្វីជា “គុណវិបត្តិ សម្រាប់អ្នកមិនបានបោះឆ្នោត?” សំណួរនេះ មិនពិបាកឆ្លើយទេ គឺពលរដ្ឋនោះ ហាក់មិនពេញសិទ្ធិជា ពលរដ្ឋ ទោះជាមានឈ្មោះក្នុងបញ្ជីអត្រានុកូលដ្ឋាន ក៏ដូចជានៅក្រៅបញ្ជី។ បើត្រូវការទៅធ្វើសំបុត្រស្នាមនៅសាលាឃុំ ច្បាស់- ជាមេឃុំសួរដេញដោលខ្លះៗមិនខាន ពីមូលហេតុដែលខ្លួនមិនបានបោះឆ្នោត ជួនកាលក៏ត្រូវមន្ត្រីឃុំ-សង្កាត់ ស្តីបន្ទោសក៏អាច ថាបាន ខណៈដែលខ្លួននៅដេកមើលទូរទស្សន៍ឯផ្ទះ មិនរវល់ទៅបោះឆ្នោត។ អ្នកមិនបានបោះឆ្នោត តែមានឈ្មោះក្នុងបញ្ជី អាចចាត់ទុកថា បានធ្វើ “ពហិការ” ឬ “អបគមន៍” ក៏មិនខុសអ្វីដែរ បើសិនជាមានគេចោទប្រកាន់។
ដោយឡែក “គុណសម្បត្តិសម្រាប់អ្នកបានបោះឆ្នោត គឺពេញសិទ្ធិជាពលរដ្ឋដ៏ល្អរបស់មាតុភូមិ បើចង់ទៅណាមកណា អាចចូលចំណោមគេបាន ជាពិសេស បើត្រូវការធ្វើសំបុត្រស្នាមអី អាជ្ញាធរមិនសូវដេញដោលទេ។ ជាងនេះទៀត អ្នកបាន បោះឆ្នោត ឈ្មោះថា បានចូលរួមចំណែកក្នុងការកសាងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ធ្វើឱ្យប្រទេសក្លាយជានីតិរដ្ឋពិតៗ”។
កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត ជិតដល់ថ្ងៃបញ្ចប់ហើយ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរួញរាស្ទើរ- ស្ទាក់ដូចលើកឡើងខាងលើនេះ មេត្តាពិចារណាម្តងទៀត។ សម្រាប់អ្នកជាប់ការងារនៅក្រៅប្រទេស ជាតួនាទីដែលរាជរដ្ឋា- ភិបាល ត្រូវដោះស្រាយ ប៉ុន្តែ សម្រាប់អ្នកនៅតាមភូមិ-ឃុំ ដែលមិនរវល់ទៅចុះឈ្មោះ ជារឿងដោះស្រាយខ្លួនឯង។ ហេតុ នេះ បើបងប្អូនចង់រក្សាទុកថ្នាក់ដឹកនាំប្រទេស ក៏ដូចជាអាជ្ញាធរដដែល ឬក៏ចង់ឱ្យមានការផ្លាស់ប្តូរ ចាំបាច់ត្រូវតែចូលរួមក្នុង ការបោះឆ្នោត កុំខានឱ្យសោះ។ ការមកយឺតពេល វាប្រសើរជាងមិនមក ព្រោះរឿងយឺត ដោយសារចិត្តមិនចង់ ប៉ុន្តែពេល យើងកាច់បំបាក់ចិត្តនេះបាន ក៏អាចមកចុះឈ្មោះបានទាន់ពេលវេលា។
សរុបទៅ “មកដល់យឺត ប្រសើរជាងមិនមក” មានន័យយ៉ាងនេះឯង។ កាតព្វកិច្ចរបស់ពលរដ្ឋ ធំជាងការរកស៊ីឯកជន ឆ្ងាយណាស់ ឬថា រឿងជាតិធំជាងរឿងបុគ្គល ដែលគួរដល់ការពិចារណា។ ពេលវេលានៅសល់៥-៦ថ្ងៃនេះ សូមបងប្អូន ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត (១៨ឆ្នាំឡើង) ជាង២លាននាក់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមរួសរាន់ទៅ ចុះឈ្មោះនៅតាមការិយាល័យក្នុងឃុំ-សង្កាត់នានា ទូទាំងប្រទេស ដើម្បីមានសិទ្ធិបោះឆ្នោត៕
ដោយ ៖ អាចារ្យថាំ