Monday, December 23, 2024
Homeបរិយាយមហិច្ឆតា នាំ​មនុស្ស​ឱ្យ​ប្រឹង​ប្រែង

មហិច្ឆតា នាំ​មនុស្ស​ឱ្យ​ប្រឹង​ប្រែង

សម័យប្រជុំពេញអង្គនៃរដ្ឋសភា នីតិកាលទី៥ ដើម្បីអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៧ ដោយមានវត្តមានតំណាងរាស្ត្រ បក្សកាន់អំណាច ៦៧រូប និងបក្សប្រឆាំង ៣៩រូបនោះ ស្តែងឱ្យឃើញថា គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ប្រឹងប្រែង ខ្លាំងណាស់ ដើម្បីចាប់បាននូវត្រើយអនាគត។ បក្សកាន់អំណាច ដែលកំពុងដើរលើស្ពាន ខណៈដែលបក្សប្រឆាំង ហែលទឹក ក្រោមស្ពាន សុទ្ធតែមានបំណងទៅដល់ត្រើយសុភមង្គលដូចគ្នា ស្របនឹងសុភាសិតសាកល១ឃ្លាថា “មហិច្ឆតានាំមនុស្សឱ្យ ប្រឹងប្រែង” (Ambition makes People diligent) ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បន្ទាប់ពីធ្វើពហិការជាង៦ខែមក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រមូលគ្នីគ្នាបានចំនួន៣៩រូប ចូលរួមប្រជុំពេញអង្គ រដ្ឋសភា ដើម្បីអនុម័តច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ សេចក្តីព្រាងច្បាប់ទូទាត់ថវិកាជាតិ ឆ្នាំ២០១៥ និងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ ព្រមទាំងរបៀបវារៈផ្សេងៗមួយចំនួនទៀត។ វត្តមានតំណាងរាស្ត្រ បក្សប្រឆាំង៣៩រូបនេះ ឃើញបាត់១៦រូបឯណោះ ព្រោះបក្សប្រឆាំងមាន៥៥អាសនៈ ប៉ុន្តែ ដោយសារលោកសម រង្ស៊ី ត្រូវបាន រដ្ឋសភា ដកសមាជិកភាព ហើយរស់នៅនិរទេស ក្លាយជាទណ្ឌិត ក្រោមអំណាចសាលក្រមតុលាការ ឯលោកកឹម សុខា សម្ងំក្នុង ទីស្នាក់ការគណបក្ស ធ្វើឱ្យបាត់១៦រូបយ៉ាងនេះទៅ។ ដោយឡែក បក្សកាន់អំណាច ដែលចូលប្រជុំ៦៧រូបនោះ ឃើញបាត់តែ ម្នាក់ទេ ហើយទោះជាអវត្តមាន១រូប ក៏បក្សកាន់អំណាច នៅតែគ្រប់ចំនួនក្នុងការអនុម័តច្បាប់ យកតាមរូបមន្ត៥០+១ រហូត។

ជាទូទៅ អ្នកស្រែ ធ្វើស្រែចង់បានស្រូវ អ្នកចម្ការ ចង់បានពោត សណ្តែក ឱ្យផលអ្នកជំនួញ ចង់ចំណេញកប់ក្តោង ក៏ដូចជា អ្នកនយោបាយ លុះត្រាចង់បានអំណាចបុណ្យស័ក្តិខ្ពង់ខ្ពស់ ទើបគាត់ធ្វើនយោបាយ។ ការចង់បានទៅតាមជំនាញរៀងៗខ្លួននេះ ជាភាសាបាលីថា “មហិច្ឆតា” បើប្រែឱ្យចំស័ព្ទដើម គឺមកពី “មហា+ឥច្ឆតា” (ភាវៈនៃអ្នកប្រាថ្នាធំ)។ ជាការពិត មនុស្សបុថុជ្ជន នេះ រុំស្រោបដោយលោភៈ ទោសៈ មោហៈ ជាពិសេស មានបំណងប្រាថ្នាដូចៗគ្នា វាមិនដែលមានអ្នកណាទៅស្ទូចត្រី មិនចង់ បានត្រីនោះទេ ហើយក៏គ្មានអ្នកនយោបាយណាប្រឹងធ្វើនយោបាយ ដោយមិនចង់បានអំណាចបុណ្យស័ក្តិនោះដែរ។

អ្នកនយោបាយបក្សកាន់អំណាច ដែលក្តោបអំណាចតាំងពីក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ មកនោះ មិនចង់ឱ្យអំណាចរបូត ពីដៃបានឡើយ មានតែប្រឹងប្រែងស្រវាស្រទេញពង្រឹងអំណាចនោះឱ្យបានណែន តាមរយៈការអភិវឌ្ឍ ជាពិសេស យកចិត្តថ្លើម ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននេះឯង។ ចំណែកអ្នកនយោបាយបក្សប្រឆាំង ដែលខំប្រឹងប្រែងបោះឆ្នោតចាញ់គ្រប់អាណត្តិនោះ ក៏នៅតែប្រឹងប្រែង ធ្វើយ៉ាងណាឱ្យបានអំណាចមកកាន់កាប់ ព្រោះបើមានអំណាច ក៏ដូចជាមានអ្វីៗទាំងអស់។ បក្សប្រឆាំង មានរបៀបធ្វើ ឬយុទ្ធសាស្ត្រនយោបាយផ្ទុយពីបក្សកាន់អំណាច ពោលគឺ “បើមិនបានធ្វើ ឱ្យតែពូកែថា ក៏សង្ឃឹមឈ្នះ”។ បច្ចុប្បន្នយើងឃើញថា បក្សកាន់អំណាច ក៏ដូចរាជរដ្ឋាភិបាល ជាអ្នកធ្វើ គឺធ្វើនេះ ធ្វើនោះមិនឈប់ គ្រប់វិស័យ តាំងពីកសាង ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ បក្សប្រឆាំង មានថវិកាឯណាយកទៅធ្វើ? ម៉្លោះហើយ គេចាំតែថា ដូចករណីកាប់បំផ្លាញព្រៃឈើ, ករណីខ្ចីលុយបរទេសមក កសាងសមិទ្ធផលនានាអត់គុណភាព, រឿងពុករលួយក្នុងក្រសួងស្ថាប័ន, រឿងបក្ខពួកគ្រួសារនិយម, រឿងចាយថវិកាជាតិខ្ជះខ្ជាយ គ្មានគុណភាព តម្លាភាព និងប្រសិទ្ធភាពជាដើម។

សព្វថ្ងៃយើងឃើញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឹងប្រែងជាងគេ ក្នុងនាមសម្តេចជាប្រធានបក្សកាន់អំណាច ដោយចេញពីខេត្តមួយ ចូលខេត្តមួយ ចុះជួបប្រជារាស្ត្រ មិនសូវបានឈប់សម្រាន្តឱ្យពេញភ្នែកទេ។ ចំណែកលោកសម រង្ស៊ី មេបក្សប្រឆាំង ទោះជានៅក្រៅប្រទេស ក៏ប្រឹងប្រែងរិះគន់រដ្ឋាភិបាល មិនសំចៃ តាមរយៈហ្វេសប៊ុក ឬប្រព័ន្ធ ក្សយផេ រហូតដល់ ប្រកូកប្រកាសថា នឹងឈ្នះឆ្នោតនៅអាណត្តិក្រោយ។ ដោយឡែក លោកកឹម សុខា ទោះជាមិនហ៊ានចេញពីសម្បុក ក៏ពូកែថា មិនល្មមដែរ ដូចជាពេលថ្មីៗនេះ លោកប្រកាសថា “បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នឹងអភិវឌ្ឍនៅតាមព្រំដែន ដើម្បី ពង្រឹងការពារព្រំដែន ដោយមិនចាំបាច់សាងសង់កំពែងការពារដូចគម្រោងការប្រធានាធិបតីថ្មីរបស់អាមេរិក នោះទេ” ការលើក ឡើងបែបនេះ ធ្វើឱ្យយើងនឹកឃើញដល់ការឃោសនារបស់លោកដូណាល់ ត្រាំ ដែលសន្យាថា បើលោកឈ្នះឆ្នោតនឹងកសាង កំពែងព្រំដែន រវាងសហរដ្ឋអាមេរិក-ម៉ិកស៊ិក ឱ្យបានរឹងមាំ ដើម្បីទប់ទល់ជនអន្តោប្រវេសន៍។ ការឃោសនារបស់លោកត្រាំ មុនដំបូង គេសើចចំអក លុះដល់លោកជាប់ឆ្នោតប្រធានាធិបតីអាមេរិក ធ្វើឱ្យអ្នកសើចនោះគាំងស្ញេញ ដោយយល់ថា “អ្នក ពូកែថា ក៏ឈ្នះដែរ ឱ្យតែថាចំគោលដៅនូវអ្វីដែលម្ចាស់ឆ្នោតចង់បាន”។

ងាកមករឿងខ្មែរវិញ ខណៈដែលសម័យប្រជុំពេញអង្គរដ្ឋសភា ពិភាក្សានិងអនុម័តច្បាប់ថវិកាជាតិនោះ ច្បាស់ជាមានស៊ីសងគ្នា រវាង “អ្នកធ្វើ និងអ្នកថា” មិនខានឡើយ។ អ្នកធ្វើ គឺរាជរដ្ឋាភិបាល ដែលយកថវិកាជាតិទៅប្រើប្រាស់ ក្រោមការឃ្លាំមើល របស់អ្នកជំនាញខាងសេដ្ឋកិច្ច បើភ្លាត់ស្នៀតចាយវាយមិនចំគោលដៅ ឬខ្ជះខ្ជាយថវិកា ធ្វើឱ្យអ្នកចាំតែថានោះឈ្នះមិនបាច់ប្រឹង ដែលស្របនឹងសុភាសិតខ្មែរថា “ដួលមិនបាច់ច្រាន បានមិនបាច់ខំ”។ ផ្ទុយទៅវិញ បើរាជរដ្ឋាភិបាលប្រើប្រាស់ថវិកា ប្រកប ដោយតម្លាភាព ប្រុងប្រយ័ត្នមិនឱ្យធ្លាក់ទៅដល់ដៃបុគ្គលពុករលួយនោះ ច្បាស់ជាអ្នកពូកែថា ចាញ់មិនខាន។ ដូចយើងបានលើក ឡើងរួចមកហើយថា អ្នកនយោបាយណាក៏ចង់ឈ្នះដែរ ដោយមានយុទ្ធសាស្ត្រខុសគ្នាក្នុងការដណ្តើមសន្លឹកឆ្នោត បើភាគីណា ដើរភ្លាត់ជំហាន នឹងចាញ់គេមិនខាន។ ករណីបក្សប្រឆាំង ស្នើទៅក្រសួងមហាផ្ទៃ ឱ្យរំសាយក្រុមសន្តិសុខសាលារាជធានី ដែល ធ្លាប់បង្ក្រាបអ្នកតវ៉ាតាមដងផ្លូវ ហើយត្រូវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ច្រានចោល ដោយលើកឡើងពីកាតព្វកិច្ចរបស់ “ប្រជាការពារ” ព្រមទាំងព្រមានថា នឹងមានការត្រួតពិនិត្យក្រុមសន្តិសុខខុសច្បាប់របស់បក្សប្រឆាំងវិញនោះ គឺមិនខុសពី “អង្កាមច្រាសខ្យល់”។

និយាយរួម ភាគីណាក៏ប្រឹងប្រែងដែរ សូម្បីលោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ លោកពេជ្រ ស្រស់ មេបក្សយុវជន កម្ពុជា ដែលកំពុងលេចធ្លោលើឆាកនយោបាយជាតិនោះ ឃើញថា ពួកលោកប្រឹងប្រែងមែនទែន ដោយបញ្ចោញវោហារសាស្ត្រ ជួនកាលរិះគន់បក្សកាន់អំណាច ជួនក៏រិះគន់បក្សប្រឆាំងកប់ៗមាត់។

សរុបទៅ “មហិច្ឆតា នាំមនុស្សឱ្យប្រឹងប្រែង” មានខ្លឹមសារយ៉ាងនេះឯង។ បុគ្គលណាក៏មានមហិច្ឆតាដូចគ្នា គ្រាន់តែចង់ បានលទ្ធផលតាមមុខជំនាញ ពោលគឺ និស្សិតចង់បានសញ្ញាបត្រ អ្នកធ្វើសមាធិកម្មដ្ឋានចង់បានឋានសួគ៌និព្វាន ខណៈដែលអ្នក នយោបាយ ចង់បានអំណាចបុណ្យស័ក្តិ។ មហិច្ឆតារបស់អ្នកនយោបាយ អាស្រ័យលើប្រជាពលរដ្ឋជាអ្នកសម្រេច ពោលគឺ “អ្នកធ្វើ និងអ្នកថា” អាចដណ្តើមបានជ័យជម្នះដូចគ្នា។ ហេតុនេះ គួរតែអ្នកធ្វើប្រុងប្រយ័ត្នកុំឱ្យមានចន្លោះប្រហោងក្នុងការ ប្រើប្រាស់ថវិកាជាតិ ព្រោះថា “ធ្វើគុណ១០០សំពៅ ទោស១ចូលទៅ រលាយគុណអស់”។ រីឯអ្នកថា ត្រូវមានភ័ស្តុតាងគ្រប់គ្រាន់ កុំចេះតែថា មិនមើលមុខក្រោយ ក្រែងអង្កាមច្រាសខ្យល់ហើរចូលភ្នែក៕

ដោយ ៖  អាចារ្យថាំ

RELATED ARTICLES