Saturday, October 19, 2024
Homeព័ត៌មានជាតិលទ្ធ​ផល​ជំនួប​ប្រជុំ​ទ្វេ​ភាគី កម្ពុជា​-​ឡាវ

លទ្ធ​ផល​ជំនួប​ប្រជុំ​ទ្វេ​ភាគី កម្ពុជា​-​ឡាវ

ខេត្តសៀមរាប  សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជួប ប្រជុំទ្វេភាគីជាមួយលោកថងលុន ស៊ីស៊ូលីត (Thongloun SISOULITH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ នៅឯសណ្ឋាគារអប្សរាផាឡេស ក្នុងទឹកដី ខេត្តសៀមរាប។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការររបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន បញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ថានៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមប្រជុំទ្វេភាគីជាមួយលោកថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅឯសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។ នៅក្នុងជំនួបទ្វេភាគី នេះ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាលើ បញ្ហាមួយចំនួន រួមទាំងបញ្ហាព្រំដែនដែលប្រមុខ ដឹកនាំទាំងពីរបានលើកឡើងថា មកដល់ពេល នេះ គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំង ពីរ កម្ពុជាឡាវ ពុំទាន់បានជួបគ្នាជាបន្តទៀត នៅឡើយទេ។ នៅក្នុងខែ មិថុនា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីឡាវ មកកម្ពុជា គឺបានឯកភាពគ្នាឱ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរជួបគ្នាឱ្យបាន ឆាប់ ដើម្បីដោះស្រាយបញ្ហា ដែលនៅសេសសល់។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានធ្វើកំណត់ទូត តាំងពីខែកក្កដា ដើម្បីជំរុញការងារនេះឱ្យបាន ដំណើរការទៅឆាប់រហ័ស។

hun-sen0

សម្តេចតេជោ ហ៊ុន សែន បានជម្រាប ជូនភាគីឡាវ ត្រូវខិតខំជំរុញនិងដោះស្រាយ ១តំបន់តាងឿន ២ការបើកច្រកព្រំដែន ចំនួន ០៣ ដែលកន្លងមកបានចាត់ឱ្យគណៈកម្មការ ចម្រុះព្រំដែន អាជ្ញាធរខេត្ត និងមន្ត្រីកុងស៊ុល ធ្វើការជាមួយគ្នា។ ដោយឡែកមានច្រកព្រំដែនអន្តរជាតិមួយកន្លែងទៀត ដែលចំនឹងកន្លែង សង់ស្ពានឆ្លងកាត់ព្រែកល្ពៅ និងច្រកអូរស្វាយវឿនខាំ និងច្រកទ្វារតំបន់កោះប្ញស្សី និងច្រក លេខ៤៨ ខាងឡាវ។ តំបន់ទាំងនេះ គឺមិនទាន់ ឈានដល់ការសម្រេចដើម្បីបើកច្រកទាំង០៣ នេះនៅឡើយទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឱ្យគណៈកម្មការចម្រុះព្រំដែន សម្រេច ឱ្យបានឆាប់ ដើម្បីឈានដល់ការបើកច្រកទាំង នេះឱ្យបានជាស្ថាពរ។

ចំពោះគម្រោងសាងសង់ស្ពានព្រែកល្ពៅ  កន្លងមក គឺភាគីទាំងពីរបានធ្វើការត្រួតពិនិត្យ រួចរាល់អស់ហើយ ប៉ុន្តែពេលនេះ មានបញ្ហា ប្រែប្រួលមួយចំនួន ដែលទាមទារឱ្យភាគីទាំងពីរសម្រួលការងារបន្ថែមទៀត។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីការប្រើប្រាស់ប័ណ្ណឆ្លងកាត់តាមព្រំដែន ដើម្បី សម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋ ជា ពិសេសខេត្តដែលមានព្រំប្រទល់ជាប់គ្នា។ ប្រទេស ទាំងពីរបានឯកភាពឱ្យប្រើប្រាស់ប័ណ្ណនេះ ចាប់ ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បាន ពិភាក្សាគ្នាផងដែរអំពីគម្រោងរៀបចំសម្ពោធ ច្រកអន្តរជាតិត្រពាំងក្រៀលណងនុឃឿន ជា ច្រកមួយដ៏សំខាន់ ដែលភាគីទាំងពីរបានចរចា គ្នារួចហើយ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាលើវិធាន ការផ្លាស់ប្តូរអ្នកទោសរវាងប្រទេសទាំងពីរ បន្ទាប់ពីបញ្ហានេះត្រូវបានពិភាក្សាគ្នារួចមកហើយនោះ។

ពាក់ព័ន្ធនឹងតំបន់វារីអគ្គិសនីដនសាហុង គឺក្រោយពីភាគីកម្ពុជា បានពិនិត្យស្ថានភាពនៅ ទីនោះរួចហើយ គឺមិនមានបញ្ហាលើគម្រោង អភិវឌ្ឍន៍នេះឡើយ។ ចំពោះការព្រួយបារម្ភរបស់ កម្ពុជា អំពីកង្វះខាតទឹក ឬចលនារស់រានរបស់ ត្រី ក៏មិនមានការប៉ះពាល់ដែរ។ នៅពេលនេះ ឡាវ បានចាប់ដំណើរការសាងសង់គម្រោងវារីអគ្គិសនីនេះហើយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះភាគីឡាវ ដែល បានសន្យាលក់អគ្គិសនីមកឱ្យបណ្តាខេត្តរបស់ កម្ពុជា ដែលជាប់ព្រំដែនជាមួយនឹងតំបន់វារីអគ្គិសនីនេះ ក្នុងតម្លៃថោក។

ប្រមុខដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការដំឡើងចំនួនអាហារូបករណ៍ពី១០ ទៅ១៥កន្លែង និងបានឯកភាពដំឡើងប្រាក់ ឧបត្ថម្ភអាហារូបករណ៍ពី១៥០ដុល្លារ ដល់១៨០ ដុល្លារ សម្រាប់និស្សិតដែលផ្លាស់ប្តូរការសិក្សា រវាងប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមអនុវត្ត នៅដើមឆ្នាំក្រោយ។

កិច្ចប្រជុំនៃប្រមុខដឹកនាំប្រទេសទាំងពីរ បានពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់រវាងកម្ពុជាឡាវ ដើម្បីជំរុញ ការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ រវាង ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឱ្យកាន់តែឆាប់  និងមានប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងបន្ត ពិភាក្សាគ្នាបន្ថែមទៀត ក្នុងក្របខ័ណ្ឌ CLV ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ  កម្ពុជាឡាវ

ដោយ ៖ ដារិទ្ធ

RELATED ARTICLES