ភ្នំពេញ៖ការផ្ទុះកូវីដអូមីក្រុងនាពេលនេះធ្វើឲ្យពិធីមង្គលការតារាមួយចំនួនត្រូវបានលើកពេលសារជាថ្មីទៀត ព្រោះតែពួកគេខ្លាចពិធីសប្បាយរីករាយនោះក្លាយទៅជាការភ័យខ្លាចឆ្លងមេរោគមួយនេះឬភ្ញៀវទៅចូលរួមទាំងមិនរីករាយ។ប៉ុន្ដែសម្រាប់ពិធីមង្គលការតារា២ដួងគឺនាងទឹម រដ្ឋា និងតារាកំប្លែងនាងវ៉ាន់ នីឡា វិញត្រូវបានរក្សារនិងរៀបចំទៅតាមគម្រោងការដដែលនៅចុងខែមីនាឆ្នាំ២០២២ ។


ទឹម រដ្ឋា៖តារាសម្ដែងនិងបង្ហាញម៉ូដរូបនេះបានប្រកាសនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២២ ថាមង្គលការរបស់នាងនឹងធ្វើនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ខាងមុខនេះហើយ ដែលរៀប ចំនៅកោះពេជ្រ អាគារCity Hall ។ការបញ្ជាក់ច្បាស់នេះរដ្ឋា កុំឲ្យមិត្តភក្ដិរួមអាជីពនិងភ្ញៀវរបស់នាងទាំងអស់មានការយល់ច្រឡំថាពិធីអាពាហ៍ ពិពាហ៍របស់នាងត្រូវបានលុបចោល(Cancel)ព្រោះថាពេលនេះអ្វីៗនឹងរៀបចំដូចផែនការណ៍ទោះជាស្ថានភាពកូវីដនៅមិនទាន់ស្ងប់ស្ងាត់ក្ដី តែនាងនិងបុរសអេស្បាញកាត់អាមេរិកលោកJovany Antonio នៅតែត្រូវរៀបការ។តារារូបនេះក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាពិធីជប់លៀងការនាងគ្រោងធ្វើចំនួន៨០តុ ហើយក្នុងនោះភ្ញៀវរបស់នាងភាគច្រើនគឺជាតារាសិល្បករ ចំណែកភ្ញៀវខាងគូស្នេហ៍មានជនបរទេសខ្លះនិងអ្នកជំនួញធំៗ។រដ្ឋា ក៍បានឲ្យដឹងថាក្រោយរៀបការនៅខ្មែររួចនាងក៍គ្រោងចេញទៅរៀបការនៅអាមេរិកម្ដងទៀតនាពេលខាងមុខនេះដែរ។ចំពោះមូលហេតុដែលរដ្ឋា ថាមិនអាចលើកឬពន្យាពេលនៃការរៀបការបាននោះព្រោះថាពេលនេះនាងនិងគូស្នេហ៍សុទ្ធតែមានអាយុច្រើនដែរហើយអីចឹងដល់ពេលវេលារៀបការឬគិតគូរឿងយកកូន។យ៉ាងណានាងថាចង់បានកូនតាមគម្រោងការណ៍ច្បាស់លាស់ ខណៈដែលក្រោយមានប្ដីនាងនៅតែបន្ដអាជីពសិល្បៈជាធម្មតា តែនឹងបន្ថែមអាជីពថ្មីមួយទៀតនោះគឺការធ្វើជំនួញជាមួយប្ដីនាង។


វ៉ាន់ នីឡា៖កូនក្រមុំលោកតា វ៉ុចទ័រ រូបនេះបានលើកពេលរៀបការជាមួយគូដណ្ដឹងនាងលោកស៊ុត សក្ការៈ ចំនួន២លើកមកហើយនោះគឺចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ។ប៉ុន្ដែពេលនេះនីឡា និងលោកសក្ការៈ នឹងរៀបការនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២២ ខាងមុខនេះហើយដែលពិធីនោះនឹងរៀបចំនៅសណ្ឋាគាសុខាភ្នំពេញ ដែលភ្ញៀវរបស់នាងភាគច្រើនគឺជាអ្នកសិល្បកររួមអាជីពដែរ ពិសេសគឺអ្នកកំប្លែងតែម្ដង។លោកតាវ៉ុច ទ័រ ធ្លាប់អះអាងថាលោកមិនអាចនិយាយមុនថាការកូនធ្វើប៉ុន្មានតុនោះទេ ព្រោះអ្វីៗគឺរៀបចំទៅតាមវិធានរបស់ក្រសួងសុខាភិបាលជានិច្ច។លោកថាចំពោះការលើកពេលរៀបការកូនស្រីជាបន្ដបន្ទាប់កន្លងមកនោះគឺដោយសារតែចង់រៀបការកូនម្ដងឲ្យសប្បាយរីករាយ មិនចង់ការទាំងភ័យព្រួយរឿងកូវីដនោះឡើយ។

វ៉ាន់ នីឡា ក៍មិនខុសពីទឹម រដ្ឋា ដែរដោយនាងធ្លាប់និយាយថាបន្ទាប់ពីការប្ដីរួចនាងនៅតែបន្ដអាជីពសិល្បៈដូចមុន ព្រោះថាលោកសក្ការៈ មិនចេះប្រចណ្ឌឬហួងហែងនាងលេងសិល្បៈឡើយ។យ៉ាងណានីឡា ថាពេលនេះនាងផ្ដោតតែលើអាជីពកំប្លែង១មុខប៉ុណ្ណោះ មិនមានគម្រោងវិលត្រឡប់ទៅចាប់អាជីពជាពិធីការិនី និងចម្រៀងដូចមុនវិញឡើយ។

គូរបញ្ជាក់ថាក្រោយកូវីដថមថយ ជាងមុនបន្ដិចនេះមានតារា៣ដួងមកហើយដែលបានរៀបការជាបន្ដបន្ទាប់ក្នុងនោះមាននាងវីរៈ និច្ច,លោកវង្ស សារ៉ាវ៉ាន់ និងផេន ខេក ។តាមព័តមានថាតារាដែលត្រៀមចូលរោងការមានជាច្រើនដួងទៀតប្រសិនបើស្ថានភាពកូវីដប្រសើរជាងនេះក្នុងនោះមានដូចជាប៉ាច គីមមួយ,ពេជ្រ សោភា,ទេព បូព្រឹក្ស,ម៉ានីកា និងនាយចឺម ជាដើម៕