Monday, December 23, 2024
Homeបរិយាយគោបាត់ទើបធ្វើរបង

គោបាត់ទើបធ្វើរបង

ដោយ អាចារ្យថាំ

បទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអាជ្ញាធរមានសមត្ថកិច្ចឈរ ជើងនៅតំបន់ជុំវិញបឹងទន្លេសាប លាត់ជើងខោ មូរដៃអាវ បង្ក្រាបបទល្មើស នេសាទ និងដាំកូនឈើ ឈ្នះទឹកឡើងវិញនោះ ធ្វើឱ្យតាៗញៀនកាហ្វេមួយចំនួន ដែលមាននិន្នាការប្រឆាំង និយាយលេងសើច យកសុភាសិតខ្មែរ មកប្រៀបធៀប ថា “គោបាត់ទើបធ្វើរបង រៀបប្រឡង ទើបស្វាធ្យាយ”

សម្រាប់ “នគរធំ” មានទស្សនៈដោយឡែកថា ទោះជាគោបាត់ខ្លះ “ត្រូវ ប្រយ័ត្នគោនៅសល់” ក្រែងចោរលួចបាត់ទៀត ហេតុនេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល កុំធ្វេសឱ្យសោះ។

សុភាសិតនេះ ផ្តើមចេញពីរឿងដង្ខៅម្នាក់ ចិញ្ចឹមគោ ១ហ្វូង រាប់សិបក្បាល ដោយធ្វើក្រោលនៅជើងភ្នំ ដែលសម្បូរស្មៅខ្ចី និងល្បាស់លូតលាស់ខ្ចីល្វក់។ ដង្ខៅ ជួលគង្វាលពីរបីនាក់ ភាគច្រើនជាកូនក្មួយឯង ឱ្យទៅឃ្វាលហ្វូងគោ តែគង្វាល សាច់ញាតិឯង មិនសូវកោតក្រែងដង្ខៅ ក៏ធ្វើសប្រហែសឱ្យចោរចូលលួចគោ ម្តងមួយៗ រកមុខចោរមិនឃើញ។ លុះដង្ខៅបានដឹង ក៏ចុះពិនិត្យក្រោលគោ ដឹងថា គ្មានអ្វីការពារចោរ គាត់ក៏ចាត់ការប្រើបាវព្រាវ និងគង្វាល ឱ្យកាប់បន្លា អង្គ្រង ទៅស្រាស់ដីទួល និងធ្វើក្រោលដាក់រនុកយ៉ាងរឹងមាំ។ “បន្លាអង្គ្រង” មុត ចុកណាស់ បើស្រាស់ឱ្យក្រាស់ មនុស្ស ឬឆ្កែ ឈ្មុលចូលមិនរួចទេ ប៉ុន្តែពេលឃើញ ដង្ខៅប្រើបាវព្រាវ ឱ្យធ្វើរបង ក៏មានអ្នកស្រុកខ្លះបង្អាប់ថា “គោបាត់ទើបធ្វើ របងរៀបប្រឡងទើបស្វាធ្យាយ” ដែលឃ្លាទី២ ចង់ផ្តោតទៅលេសិស្សិសាលាវត្ត ជិតដល់ពេលប្រលង ទើបប្រឹងទន្ទេញមេរៀន។

ករណី “បឹងទន្លេសាប ធ្លាប់ជាប់លេខ១ លើពិភពលោក ខាងត្រីទឹកសាប ដែល១គីឡូម៉ែត្រក្រឡា ចាប់បានត្រី ១០តោន” ដែល “នគរធំ” ធ្លាប់សរសេរ ជាហូរហែ។ តាំងពីឆ្នាំ១៩៧៩ រហូត២០២២ នេះ ត្រីទន្លេសាប ខ្សត់ទៅៗ លុះអ្នកស្រាវជ្រាវរកឃើញ គឺមកពីការកាប់រានទន្ទ្រានព្រៃរនាម យកដីធ្វើស្រែ ប្រដេញទឹក, ការប្រើថ្នាំគីមី បាញ់សម្លាប់ក្រាដង្កូវស៊ីស្រូវ, ការប្រើឧបករណ៍ ឆក់ត្រី, ការដាក់សម្រាស់បិទចរន្តទឹកហូរ៘

បន្ទាប់ពីស្រាវជ្រាវឃើញពីផលអាក្រក់នាំឱ្យខ្សត់ពូជត្រី ទើបសម្តេចនាយក- រដ្ឋមន្ត្រី ចេញបញ្ជាឱ្យបង្ក្រាបបទល្មើស ដកហូតយកដីធ្លាប់ដុះព្រៃលិចទឹកមក វិញ ដោយចាប់ខ្លួនមន្ត្រីអន្ទ្រើសៗខ្លះទៅកែប្រែ។

យើងមានទស្សនៈថា គោ១ក្រោលនោះ ចោរលួចបាត់ខ្លះក៏ពិតមែន ប៉ុន្តែ នៅសល់ “មេគោកូនកាត់” អាចបង្កើតកូនបានទៀត គ្រាន់តែស្រាស់របង ធ្វើ រនុកក្រោលឱ្យរឹងមាំ។ មេគោ អាចបង្កើតបាន “អានប់ កូនក្រោល” និងកើត កូនច្រើនទៅៗនៅពីរបីឆ្នាំខាងមុខ ហើយអាកើតក្រោយនេះ អាចជំនួស “អាខុប អាទែក” ដែលចោរលួចទៅ។

យ៉ាងណាមិញ ការបង្ក្រាបបទល្មើស លែងយោគយល់គ្នាឯងគ្នាគេ នឹងជួយ ជំរុញពូជត្រីដែលនៅសល់ ឱ្យបង្កកំណើតពងកូន និងហែលរកចំណីក្នុងព្រៃលិច ទឹក ដែលទើបដាំឡើងវិញ។ ព្រៃលិចទឹក ទោះបីជាមិនបានដាំ ក៏វាដុះឯងៗ បើសិន ជាកសិករឈប់ទៅភ្ជួររាស់ លើដីលិចទឹកនោះ។ កសិករគួរបង្វិលមុខព្រួញទៅ ធ្វើស្រែទួលវិញ រួចប្រគល់ដីលិចទឹកជូនរដ្ឋ ទុកឱ្យដុះព្រៃស៊ុបទ្រុបដូចដើម ធានា ថា ត្រឹមតែ៣ឆ្នាំ ច្បាស់ជាមានដើមត្រែង ភ្នំភ្នែង រាំងទឹក រាំងសាប ដែលជា ប្រភេទឈើឈ្នះទឹក ដុះទ្រុបទ្រុលមិនខានឡើយ។ ដើមត្នោត ក៏ឈ្នះទឹកដែរ តែវាមិនធ្លាប់ដុះទៅតំបន់ដីលិចទឹក បើយកគ្រាប់វាទៅដាំឱ្យចាំដី អត់បញ្ហាទេ។

“គោបាត់ទើបធ្វើរបង” បង្ហាញថា ទោះជាចោរលួចគោបាត់បួនប្រាំក្បាល ក៏នៅមានមេគោពូជ និងគោបា សម្រាប់បង្កើតកូនទៀត បើម្ចាស់គោរវៀសរវ៉ៃ ស្រាស់បន្លាអង្គ្រង កុំឱ្យចោរឈ្មុលចូលបាន ជាពិសេស “គោះខ្នងគង្វាល” ឱ្យ សកម្មឡើងវិញ ឈប់ស្ពឹកស្រពន់  ដេកទ្រមក់់ អត់ដឹងថា ចោរចូលលួចគោ។

យ៉ាងណា អាជ្ញាធរមានសមត្ថកិច្ចនៅជុំវិញបឹងទន្លេសាប ល្មមឈប់ដេក ទ្រមក់ស្ពឹកស្រពន់ទៀតហើយ “ប្រយ័ត្នត្រូវរំពាត់តាដង្ខៅ” ឬ “ប្រយ័ត្នរបូត បុណ្យស័ក្តិ” ពួកលោកត្រូវតែអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រី ឱ្យម៉ឺងម៉ាត់ ហ្មត់- ចត់ ធ្វើរហូតដូចភ្លៀងរលឹម ពុំមែនធ្វើតែមួយឈុល រួចសំងំឈឹង ឱ្យឈ្មួញឆក់ត្រី បានទៀតទេ ព្រោះថា “កំហុសជាបទពិសោធន៍ស្វែងរកត្រូវ តែកុំខុសដដែលៗ””

RELATED ARTICLES