Monday, December 23, 2024
Homeបរិយាយជម្លោះត្រីកោណ

ជម្លោះត្រីកោណ

ដោយ អាចារ្យថាំ

មុនពេលតុលាការកំពូល ចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ (ជណភ្រ) មានជម្លោះក្តៅគគុកកើតឡើងរវាង បក្សកាន់អំណាច (ជភភ) និងបក្សប្រឆាំង ជណភ្រ។ សម្រាប់បក្សតូចៗឯទៀតរាប់សិបនេះ មិនរាប់បញ្ចូលទេ ព្រោះជា ជម្លោះមិនចំបញ្ហា អេះមិនចំរមាស់ គឺមានតែបក្សទ្វេភាគីប៉ុណ្ណោះ ដែលឈ្លោះប្រកែកគ្នា រហូតដល់ ជណភ្រ រលំរលាយ។ ឥឡូវអ្វីៗវាក្លាយទៅជា “ជម្លោះត្រីកោណ” ដូចមុមចង្ក្រាន រវាង ជភភ និងពួកប្រឆាំងនៃអតីត ជណភ្រ ហើយពួកប្រឆាំង ទៀតសោត ទរគ្នាឯងផង ពន្លះ ជភភ ផង ដែល “នគរធំ” ក្តាប់បានក៏លើកពី “ជម្លោះត្រីកោណ” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។

តាមការកត់សម្គាល់ គណបក្សប្រជាជនកម្ពុជា (ជភភ) មិនដែលទទួលស្គាល់ថា នៅកម្ពុជា មាន “ជម្លោះនយោបាយ” នោះទេ ប៉ុន្តែបានបញ្ចោញអំណះអំណាងថា មកពីពួកប្រឆាំងបង្កអនាធិបតេយ្យ បំពុលសង្គម នាំគ្រោះមហន្តរាយដល់សុខ សន្តិភាព ចាំបាច់ត្រូវតែបង្ក្រាប។ រឿងបង្ក្រាបនោះ ពិតជាមានមែន ឃើញធ្វើជាហូរហែ អត់ឈប់ទេ បើគិតតាំងពីថ្ងៃ១៦ វិច្ឆិកា ឆ្នាំ២០១៧ មក បន្ទាប់ពីតុលាការកំពូលរំលាយ ជណភ្រ ដោយដកកៅអីព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខេត្ត រាជធានី ពីពួកប្រឆាំង ទៅចែកឱ្យបក្សខ្លះ និងត្រូវ ជភភ យកមកចែកគ្នាអង្គុយ។ ឃើញមានការចាប់ខ្លួនសកម្មជន ប្រឆាំង ដាក់ពន្ធនាគារជាបន្តបន្ទាប់ បណ្តាក់គ្នាដូចខ្យង ដែលអាចនិយាយបានថា “បោសឱ្យរាបដូចស្មៅ” ប៉ុន្តែទោះបីជា ជភភ បោសយ៉ាងណា ក៏ប្រភេទ “ស្មៅព្រះខ្លប ឬស្មៅប្រក្រាប” ពេលយករំពាត់គោះ វាក្រាបរញមទៅ លុះបានមួយស្របក់ ក៏ងើបលូតលាស់ដូចដើមវិញ។

យ៉ាងណាមិញ ខ្មោចបក្ស ជណភ្រ នៅតែមានព្រលឹងលងបន្លាច ជភភ គ្មានលស់ថ្ងៃ ដោយឃើញខ្មោចបក្សនេះ បំបែក ខ្លួនជា២ គឺ “ក្រុមសម រង្ស៊ី និងក្រុមកឹម សុខា” មុនដំបូងពួកគេលងតែ ជភភ ឥឡូវលងទាំងគ្នាឯងទៀត។ ក្រុមលោកសម រង្ស៊ី វ៉ៃប្រហារលោកកឹម សុខា យ៉ាងចាស់ដៃ ដែលក្នុងនោះភាគច្រើននៅក្រៅប្រទេស ដូចជាលោកប៉ាង សុខឿន ហៅ ខ្មែរសុវណ្ណភូមិ លោកសេង រតនា លោកឆាំ ឆានី ជាដើម ដែលពេលផុសសំណេរតាមហ្វេសប៊ុក ម្តងៗ វ៉ៃតែកឹម សុខា។ រីឯក្រុមលោកកឹម សុខា ទាំងក្នុងនិងក្រៅប្រទេស មានលោកមុត ចន្ថា លោកសួន សូរីដា លោកលិម គិមយ៉ា លោកហ៊ុន កុសល លោកយឹម ស៊ីណន លោកមាជ សុវណ្ណារ៉ា លោកបោយ រើយ ជាដើម ព្រួតគ្នាពន្លះអតីតចៅហ្វាយសម រង្ស៊ី។

ក្រៅពីឈ្លោះគ្នាឯង ពួកប្រឆាំងទាំងពីរក្រុមនោះ ពន្លះបក្សកាន់អំណាច ដូចមិនស្លៀកខោ បណ្តាក់គ្នាដូចខ្យង ពិបាក ដល់លោកសុខ ឥសាន ជាអ្នកនាំពាក្យ ជភភ ព្យាយាមទប់ទល់វាយបកវិញ រកពេលសម្រាកឱ្យធូរខួរក្បាលគ្មានទេ។

បក្សកាន់អំណាច ចោទលោកសម រង្ស៊ី ថា “ក្បត់ជាតិទាំងឪទាំងកូន” បានជំរុញឱ្យមេប្រឆាំងនេះ នៅក្រៅស្រុកជារៀង រហូត ក្រោមអាជ្ញាយុកាលរបស់តុលាការ ក្លាយទៅជាទណ្ឌិត។ សហការីជុំវិញលោកសម រង្ស៊ី មានលោកអេង ឆៃអ៊ាង លោកស្រីមួរ សុខហួរ លោកហូរ វ៉ាន់ ជាដើម ក៏សុទ្ធតែជាប់សំណាញ់ច្បាប់ ក្លាយជាទណ្ឌិតទាំងអស់។

បក្សកាន់អំណាច ក៏បានចោទលោកកឹម សុខា “ចង់ធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់” តាមរយៈការសម-គំនិតគ្នាជាមួយអាមេរិក ប៉ុន្តែ ជភភ អត់ហ៊ានប្តឹងអាមេរិក ទេ។ ទោះបីជាលោកកឹម សុខា ត្រូវទទួលការអញ្ជើញពីអង្គការ មួយទៅធ្វើបទបង្ហាញ នៅប្រទេសអាល្លឺម៉ង់ ក៏តុលាការមិនបើកផ្លូវឱ្យដែរ ខណៈដែលក្រុមលោកសម រង្ស៊ី អំពាវនាវឱ្យ លោកកឹម សុខា រត់ទៅក្រៅ ដើម្បីចូលរួមចលនាតស៊ូជាមួយលោកសម រង្ស៊ី តទៅទៀត។

បក្សសង្គ្រោះជាតិ ដែលក្លាយជាខ្មោចនោះ នៅសល់តែព្រលឹងវិញ្ញាណដែលលោកសម រង្ស៊ី និងលោកកឹម សុខា អះអាងដូចគ្នាថា នឹងទាមទារមកវិញ មិនចុះចាញ់ឡើយ ប៉ុន្តែករណីសហការីលោកសម រង្ស៊ី ខ្លះ មានលោកថាច់ សេដ្ឋា ទាវ វណ្ណុល សុន ឆ័យ “អុជភ្លើងទៀន” នោះ ក៏ជំពាក់ជំពិនដល់លោកសម រង្ស៊ី ឯណោះថា ជាប្រភពផ្តល់ថវិកា។ រីឯក្រុម លោក កឹម សុខា បានចោទលោកសម រង្ស៊ី ថា អុជភ្លើងទៀន ចូលរួមការបោះឆ្នោតគឺ “កំដរ ជភភ” ឬថា “បម្រើហ៊ុន សែន”។ ក្រុមលោកសម រង្ស៊ី ក៏ធ្លាប់ចោទប្រកាន់ថា ករណីលោកអ៊ូ ច័ន្ទរ័ត្ន ប៉ុល ហំម យ៉ែម បុញ្ញប្ញទ្ធិ ជាដើម ដែលទៅបើកបក្ស ថ្មីនោះគឺ “ជភភ ប្រើឱ្យធ្វើ”។

និយាយរួម “ជម្លោះត្រីកោណ” កំពុងកើតឡើងយ៉ាងពេញបន្ទុក ដោយមិននិយាយពីបក្សឯទៀត កំពុងអេចអូចដូច ត្រីកំភ្លាញនោះទេ។ ទោះបីជាបក្សលោកតាម៉ម សូណង់ដូ បក្សលោកពេជ្រ ស្រស់ បក្សកូនប្រុសលោកគង់ គាំ ប្រកូក- ប្រកាសថា “ចង់ឱ្យមានការផ្លាស់ប្តូរ” ក៏បក្សទាំងប៉ុន្មាននេះ “ប្រឆាំងលំៗ ច្បោលៗ អេះមិនចំរមាស់”។ ឃើញតែ ជភភ ក្រុមសម រង្ស៊ី និងក្រុមកឹម សុខា ដែលកំពុងពាក់មុខយក្សដាក់គ្នា “ក្តៅទាំង៣” ដូចមុមចង្ក្រាន ដែលមុមណាក៏ភ្លើងឆេះ ក្តៅដូចគ្នា។ ទាំង៣ភាគីនេះ “ដណ្តើមគ្នាយកត្រូវ” តែរៀងខ្លួន និយាយតែពីកំហុសគេ ឯកំហុសខ្លួនមើលមិនឃើញ ដូចរឿង បុរាណក្នុងអក្សរសិល្ប៍ខ្មែរ។

នៅក្នុងរឿង “បុរស៣នាក់ ឈ្លោះដណ្តើមដំណេកគ្នា” ដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរ បានតំណាលថា កាលនោះ មានបុរសកម្លាច ៣នាក់ ដើរចូលព្រៃ លុះពេលរាត្រីចូលមកដល់ ក៏ដណ្តើមគ្នាដេកកណ្តាល ព្រោះតែខ្លាចសត្វសាហាវ យាយី។ បុរសឆោតនិងខ្លាច ទាំង៣នាក់នោះ ឈ្លោះគ្នាដណ្តើមដេកកណ្តាល ពេញ១យប់ គ្មានបានដេកពួនទេ លុះព្រឹក ឡើងក៏នាំគ្នាទៅប្តឹងចៅក្រម។ ឯចៅក្រមនោះក៏ស្ទើរភ្លើងដែរ ដោយរកគន្លឹះដោះមិនចេញ ទើបបុរសឆោតទាំង៣ ឡើង ដល់ព្រះមហាក្សត្រ ដែលជាកំពូលចៅក្រម។ ស្តេចក៏ត្រាស់បង្គាប់ឱ្យបុរសទាំង៣នេះ “ដេកដាក់ក្បាលឈមចូលគ្នា ដោយ សណ្តូកជើងទៅក្រៅដូចមុមចង្ក្រាន” ឃើញថា បានដេកកណ្តាលទាំងអស់គ្នា ធ្វើឱ្យកូនក្តីពេញចិត្ត ក្រាបថ្វាយបង្គំលាចេញទៅ បាត់ឯជម្លោះនោះអស់ទៅ។

ដូច្នេះយើងឃើញថា “ជម្លោះត្រីកោណ” រវាង ជភភ ក្រុមសម រង្ស៊ី និងក្រុមកឹម សុខា មិនខុសពីបុរស៣នាក់ ដណ្តើម គ្នាដេកកណ្តាលនោះទេ។ ដើម្បីឱ្យបានដេកកណ្តាល ទាល់តែដាក់ក្បាលឈមចូលគ្នា សំដៅដល់ “ឯកភាពបង្រួបបង្រួមជាតិ” នេះឯង មិនពិបាកយល់នោះទេ។ ទោះជាភាគីទាំង៣ ឈ្លោះដណ្តើមគ្នាយកត្រូវយ៉ាងណា ក៏នៅតែឈ្លោះគ្មានថ្ងៃបញ្ចប់ ដរាបណារកគន្លឹះឯកភាពជាតិមិនទាន់ឃើញ។ តាមពិតក្រោយពេលបោះឆ្នោតដែល ជភភ ឈ្នះ និង ជណភ្រ ជាប់ឆ្នោត ប្រកៀកប្រកិតគ្នា នោះយល់ព្រមធ្វើការចូលគ្នា ដោយចាប់យក “វប្បធម៌សន្ទនា” សម្រាប់ដោះស្រាយបញ្ហាជាតិ ប៉ុន្តែ “ដូចទឹកនិងប្រេង” លាយចូលគ្នាមិនកើត ក៏បែកបាក់គ្នារហូតពេលនេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន “ស្បថកាត់ដៃស្តាំ” បើសិនជាសម្តេច ទោរទន់ដូចមុន ហ៊ានចុះហត្ថលេខាទូលស្នើ ព្រះមហាក្សត្រ សុំព្រះរាជទានការលើកលែងទោសដល់លោកសម រង្ស៊ី។ សម្តេច ក៏បានចេញបញ្ជាឱ្យចាប់ខ្លួនលោកកឹម សុខា ទាំងកណ្តាលអធ្រាត្រយកទៅដាក់គុកត្រពាំងផ្លុង និងបន្តពន្យារនីតិវិធី រហូតដល់សព្វថ្ងៃ។ មុនដំបូង មានតែជម្លោះ រវាង “អ្នកឈ្នះនិងអ្នកចាញ់” តែឥឡូវ អ្នកចាញ់ឈ្លោះគ្នារង្គើហ្វេសប៊ុក ចែកជា២ក្រុម រញ៉េរញ៉ៃសម្បើម រួចបន្តជម្លោះ ជាមួយអ្នកឈ្នះទៀត។

សរុបទៅ “ជម្លោះត្រីកោណ” ឬ៣ជ្រុងនេះ មិនងាយផ្សះផ្សាទេ ផ្ទុយពី “ជម្លោះរវាង ជភភ និងចលនាត្រីភាគី” ដែល កាលនោះ សម្តេចឪព្រះបរមរតនកោដ្ឋ ទ្រង់បានបង្កើតចលនាត្រីភាគី ឱ្យមានឯកភាព ពុំមែនត្រីភាគីឈ្លោះគ្នាទេ ពោលគឺ ខ្មែររាជានិយម ខ្មែរសេរី ខ្មែរក្រហម រួមគ្នាតែមួយ។ ផ្ទុយទៅវិញ “ជម្លោះត្រីកោណ” សព្វថ្ងៃនេះ ចែកជា៣ក្រុមធំៗ ដូច ប្រជាពលរដ្ឋបានជ្រាបជាទូទៅ បើអ្នកនយោបាយជាន់ខ្ពស់ រកគន្លឹះដោះស្រាយមិនចេញទេនោះ ធ្វើឱ្យបែកបាក់សាមគ្គីជាតិ ផ្តល់គំរូដ៏អាក្រក់ដល់កូនចៅស្រករក្រោយទៀត…’

RELATED ARTICLES