Monday, December 23, 2024
Homeបរិយាយដុតទៀន គ្រាន់បើជាងងងឹត

ដុតទៀន គ្រាន់បើជាងងងឹត

ដោយ អាចារ្យថាំ

ជាទូទៅ “ដំឡូងស្យា” មានបន្លាស្អេកស្កះ មុតចុកដូចធ្មុងត្រីអណ្តែង តែមើមរបស់វា អាចជីកយកទៅហូបជំនួសបាយ បាន ក្នុងពេលស្រុកទេសជួបគ្រោះអត់ឃ្លាន។ អ្នកទៅជីកដំឡូងដែលដុះក្នុងព្រៃភ្នំនោះ បើអ្នកណាប្រសប់ ក៏ជីកបានច្រើន តែបើមិនប្រសប់ ក៏បានខ្លះ គ្រាន់បើជាងមិនទៅ។ យ៉ាងណាមិញ ទោះជាដឹងថា “បក្សភ្លើងទៀន” ភ្លឺមិនដល់ “អគ្គិសនី ជភភ” ក៏ភ្លើងទៀនប្លុងៗនោះ គ្រាន់បើជាងអត់ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ដុតទៀន គ្រាន់បើជាងងងឹត” មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។

លោក រស់ សារ៉ុម អ្នកវិភាគនយោបាយ-សង្គម បានផុសសំណេរតាមហ្វេសប៊ុក និងប្រាប់ “នគរធំ” មានខ្លឹមសារសង្ខេប ថា “សម្តេច ហ៊ុន សែន បញ្ឆោតសម រង្ស៊ី ដុតទៀន បញ្ចប់សម្ព័ន្ធភាពកឹម សុខា” តែអ្នកវិភាគរូបនេះថា “យ៉ាងណា ដុតទៀន គ្រាន់បើជាងអង្គុយចាំងាប់ជាមួយកឹម សុខា” ដែលបង្ហាញថា ការដែលលោកសម រង្ស៊ី ប្រកាសគាំទ្រគណបក្ស ភ្លើងទៀន ដោយរុញលោកសុន ឆ័យ អតីតសហការី ឱ្យទៅជួយដុតភ្លើងនោះ កំពុងដើរចូលអន្ទាក់ ជភភ និងធ្វើឱ្យសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា ប្រេះស្រាំកាន់តែខ្លាំង ឈានដល់បែកប្រាវ ដូចគេបោកកែវទៅលើថ្ម។

ទស្សនៈនេះ មិនខុសអ្វីទេ ប៉ុន្តែបើអានមិនពិចារណា គេយល់ថា អ្នកវិភាគ រស់ សារ៉ុម បញ្ចោញទស្សនៈបែប “បំបែក-បំបាក់” តែបើគិតឱ្យស៊ីជម្រៅ ពួកប្រឆាំងបែកគ្នាស្រាប់ទៅហើយ ទើបអ្នកវិភាគជាន់បន្ថែមតែម្តងទៅ។

សម្រាប់ “នគរធំ” មានទស្សនៈដោយឡែកថា “ដុតទៀន គ្រាន់បើជាងងងឹត” ដោយហេតុថា អតីតគណបក្សសង្គ្រោះជាតិ (ជណភ្រ) តាំងពីរលំរលាយមក “ខាំគ្នាឯង” ចែកក្រុម ចែកសាខា រញ៉េរញ៉ៃមែនទែន ទោះជាអ្នកវិភាគមិនលើកពីរឿងបែក ក៏អ្វីៗវាបែកបីបួនឆ្នាំហើយ។

លោក រស់ សារ៉ុម ថា “លោកសម រង្ស៊ី ចាញ់បញ្ឆោតសម្តេច ហ៊ុន សែន ឱ្យដុតភ្លើងទៀន” ចំណុចនេះ យើងយល់ថា លោកសម រង្ស៊ី ជាអ្នកនយោបាយប្រឆាំងជើងចាស់ ជាប់ពូជពីលោកតា សម ញាណ (ជីតា) និងលោកសម សារី (ឪពុក) សម្តេចចក្រី ញឹក ជូឡុង (ឪពុកក្មេក) មិនងាយឱ្យអ្នកណាបញ្ឆោតបានងាយៗនោះទេ។ ដូចគេលេងអុកចត្រង្គ បើអ្នកឆ្លាត ពេលឃើញច្រកចូល ក៏ដើរចូលក្រឡាយ៉ាងក្លាហាន ប៉ុន្តែគេត្រៀមកូនអុកខ្លះនៅពីក្រោយចាំជួយធ្វើអន្តរាគមន៍។ យ៉ាងណា ករណីលោកសម រង្ស៊ី ហ៊ានប្រកាសគាំទ្រ “បក្សភ្លើងទៀន” តែគាត់មិនបោះបង់សង្គ្រោះជាតិ នោះ គឺជា “ក្បាច់អុក” បើ ជភភ ធ្វេសប្រហែស អាចចាញ់ល្បិចមេប្រឆាំង។

លោកទូច វិបុល ប្រធានប្រតិបត្តិចលនាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ បានផុសសំណេរតាមបណ្តាញសង្គម និងប្រាប់ “នគរធំ” ថា “បើលោកសម រង្ស៊ី និងសហការី ដុតភ្លើងទៀន ទៅហើយ សុំស្នើឱ្យលាឈប់ពីសង្គ្រោះជាតិ” ចំណុចនេះ ដូចជួយ អេះរមាស់ឱ្យលោកសម រង្ស៊ី អ៊ីចឹង ព្រោះក្រឡាអុករបស់គាត់នៅត្រង់ “ដុតភ្លើងទៀនឱ្យឆេះ” ប៉ុន្តែ “បាំងផ្លិតសង្គ្រោះជាតិ” “ចាំទប់ខ្យល់ ជភភ” ក្រែងបោកបក់មករលត់ភ្លើងទៀន។ កុំឆ្ងល់ថា មេប្រឆាំងធំជាងគេនោះ “ឆោតចាក់អង្ករ យកអង្កាម” នោះ ព្រោះថា ភ្លើងទៀន ប្រៀបបាននឹងអង្កាម សង្គ្រោះជាតិ ប្រៀបបាននឹងអង្ករ។

“ដុតទៀន គ្រាន់បើជាងងងឹត” ចង់បង្ហាញថា ជណភ្រ ដែលរលំរលាយទៅហើយនោះ “មិនរស់វិញទេ” ទោះបីជាពួក ប្រឆាំង រត់ទៅពឹងអាមេរិក អឺរ៉ុប ឱ្យជួយធ្វើអន្តរាគមន៍ ក៏ទៅមិនរួច ព្រោះបក្សកាន់អំណាច (ជភភ) “មានខ្នងចិនក្រាស់ ណាស់” ដែលអាមេរិក ពិបាកលូកដៃ។ អ៊ីចឹងមានតែរុញសហការីខ្លះឱ្យ “ទ្រោលភ្លើងទៀន” ឬអុជបន្តគ្នាពី១ដើម ទៅ១ ដើម ពីខេត្ត១ ទៅខេត្ត១ ក៏អាចបំភ្លឺរាត្រីរនោចបានដែរ ទោះបីជាភ្លឺមិនដល់ភ្លើងអគ្គិសនី ជភភ ក៏វាគ្រាន់បើជាងអត់។

តាមការសន្និដ្ឋានក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ គណបក្សភ្លើងទៀន អាចនឹងដណ្តើមបាន កៅអី “ពាក់កណ្តាល” នៃចំនួនកៅអីដែល ជណភ្រ ធ្លាប់ទទួលបាន កាលពីឆ្នាំ២០១៧។ និយាយឱ្យចំ កាលពីឆ្នាំ២០១៧ ជណភ្រ បាន ៥០០៧ អ៊ីចឹងបោះឆ្នោត២០២២ នេះ ភ្លើងទៀន អាចទទួលបានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ២៥០៣។ ចំនួន នេះ ចុះថយដោយសារពួកប្រឆាំងបែកបាក់គ្នា ប៉ុន្តែអ្នកគាំទ្រលោកសម រង្ស៊ី មិនទាន់រលាយ ឬរត់ទៅណាទេ ដែលពួកគាត់ អាចទម្លាក់សន្លឹកឆ្នោត គាំទ្រការដុតភ្លើងទៀន។

ពួកប្រឆាំងខ្លះនិយាយផុយថា “គ.ជ.ប” សុទ្ធតែមន្ត្រី ជភភ គេចង់ឱ្យប៉ុន្មានក៏បាន? តែបើនិយាយយ៉ាងនេះ សួរថា តើ អន្តរជាតិ ដែលកម្ពុជា អញ្ជើញមកជួយឃ្លាំមើលការបោះឆ្នោត ជាពិសេស អ្នកសង្កេតការណ៍ជប៉ុន ក៏ដូចភ្នាក់ងារគណបក្ស ទៅណាអស់ បានជាបណ្តោយឱ្យ គ.ជ.ប ចេញលទ្ធផលតាមចិត្ត? គឺមិនអាចទៅរួចទេ ព្រោះការរាប់សន្លឹកឆ្នោតនៅក្នុង បន្ទប់បោះឆ្នោត អត់ដឹកទៅរាប់ឯសាលាស្រុក សាលាឃុំ នោះទេ។

ឧបមាថា ភ្លើងទៀន ទទួលបានជាង ២០០០កៅអីមែននោះ “គ្រាន់បើជាងងងឹត” ដែល ជភភ ពិបាកមើលរំលង លុះដល់ ពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាន់តែយ៉ាប់ ព្រោះភ្លើងទៀន អាចចាក់ប្ញសកាន់តែជ្រៅជាងនេះទៀត។

កុំឆោតថា លោកសម រង្ស៊ី “ពន្លែងលោកកឹម សុខា” ចេញពីដៃឱ្យសោះ ព្រោះយុទ្ធសាស្ត្រ “សម រង្ស៊ី-កឹម សុខា ជា មនុស្សតែមួយ” ត្រូវបានទទួលការគាំទ្រពីពួកប្រឆាំងភាគច្រើន។ រីឯសហការីលោកកឹម សុខា ដែលទាមទារឱ្យលោកសម រង្ស៊ី ផ្តាច់ខ្លួនពី ជណភ្រ និងឈប់ចាប់ដៃលោកកឹម សុខា នោះ បានត្រឹម “នាំលោកកឹម សុខា” ទៅរកជ្រោះមរណៈ ឬងាប់ នយោបាយតែប៉ុណ្ណោះ។ ពេលមានអាសន្នអន់ក្រ គេចាប់ដៃចងសាមគ្គីគ្នា មានចំណីឆ្ងាញ់មួយម៉ាត់មួយក ចែករំលែកគ្នា ហូប ប៉ុន្តែបើម្ខាងចង់ចងសម្ព័ន្ធ ឯម្ខាងទៀតទារបែក ធ្វើឱ្យអ្នកទារបែកនោះ បាត់បង់ប្រជាប្រិយភាព។

ករណីលោកសម រង្ស៊ី មិនអាចចូលស្រុកបាន តែនៅពីក្រោយបក្សភ្លើងទៀននោះ មិនខុសពី “លោកសឺង ង៉ុកថាញ់” មេចលនាខ្មែរសេរី កាលពីសម័យសង្គមរាស្ត្រនិយម។ លោកសឺង ង៉ុកថាញ់ រត់ចូលព្រៃ គេចពីការចាប់ខ្លួន និងត្រូវរដ្ឋាភិបាល សម័យនោះ “កាត់តម្លៃក្បាល ១លានរៀល” បើជនណាអាចកាត់ក្បាលមេប្រឆាំងនោះបាន។ កាលនោះ លោកសឺង ង៉ុកថាញ់ បានបញ្ជូនមនុស្សរបស់គាត់ដែលនៅក្នុងស្រុក ក្នុងនាម “គណបក្សប្រជាធិបតេយ្យ” ឱ្យចូលរួមបោះឆ្នោតឃុំ-សង្កាត់ ទោះជាមិនឈ្នះសង្គមរាស្ត្រនិយម ក៏បានកៅអីខ្លះតាមតំបន់ព្រៃ។ កៅអីដែលបានខ្លះនោះ បានក្លាយជាប្ញសកែវ និងជាឈ្នាន់ ឱ្យលោកសឺង ង៉ុកថាញ់ រួចទុក្ខទោស និងត្រូវបានរបបលន់ នល់ ហៅមកធ្វើនាយករដ្ឋមន្ត្រី។

គួរយល់ថា សង្គមកម្ពុជា បើមានការបោះឆ្នោត បែបប្រជាធិបតេយ្យ មិនដែលឈ្នះអ្នកកំពុងក្តោបអំណាចនោះទេ ដូច សង្គមរាស្ត្រនិយម ក្តាប់អំណាច ឈ្នះឆ្នោត, លន់ នល់ ក្តាប់អំណាច ឈ្នះឆ្នោតពីលើលោកកែវ អន លោកអ៊ិន តាំ ដែលឈរ- ឈ្មោះប្រធានាធិបតី។ ដូច្នេះ ជភភ ក្តាប់អំណាច ក៏នៅតែឈ្នះរហូត គ្មានប្រែក្រឡាស់បានឡើយ ប៉ុន្តែតាំងពីបុរាណកាលមក ខ្មែរឈ្នះគ្នា ដោយសង្គ្រាម ឬរដ្ឋប្រហារ។ លន់ នល់ ឈ្នះសម្តេចឪ ដោយរដ្ឋប្រហារ, ប៉ុល ពត ឈ្នះលន់ នល់ ដោយសង្គ្រាម, គណបក្សប្រជាជនកម្ពុជា ឈ្នះប៉ុល ពត ដោយសារបានអន្តរាគមន៍ពីកងទ័ពវៀតណាម។ សម្តេចហ៊ុន សែន ធ្លាប់លើកឡើង ថា “ខ្ញុំមិនល្ងង់ឱ្យគេធ្វើរដ្ឋប្រហារបានទេ” ដែលប្រសាសន៍នេះ ក្រោយពេលលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ថៃ ត្រូវគេធ្វើរដ្ឋប្រហារ ទើបសម្តេច ថ្លែងបែបនេះ ព្រមានទៅពួកប្រឆាំង។

សរុបទៅ “ដុតភ្លើងទៀន គ្រាន់បើជាងងងឹត” ចង់ផ្តោតទៅលើយុទ្ធសាស្ត្រលោកសម រង្ស៊ី ដែលរុញភ្លើងទៀន ឱ្យ ដំណើរការ តែគាត់នៅច្បាមយកសង្គ្រោះជាតិ និងមិនពន្លែងកឹម សុខា ពីដៃ។ ក្បាច់អុកនេះ ជភភ ត្រូវតែបើកឱ្យចូល មិន អាចរារាំងបានទេ ព្រោះបើ ជភភ រារាំង ឬផ្លុំពន្លត់ភ្លើងទៀន នឹងមានឈ្មោះថា “កំសាក” ដូច្នេះ ទោះជាភ្លើងទៀន បាន កៅអីខ្លះ ក៏វាគ្រាន់បើជាងអត់ដែរ…’

RELATED ARTICLES