Monday, December 23, 2024
Homeបរិយាយជូនពរឆ្នាំថ្មី !

ជូនពរឆ្នាំថ្មី !

ដោយ អាចារ្យថាំ

ទោះបីជាមាតុភូមិរងការរំខានដោយមេរោគមហាប្រល័យ កូវីដ-១៩ បំប្លែងជា ដែលតា អូមីក្រុង ក៏ប្រជាពលរដ្ឋខ្មែរ មិនដែលអាក់ខានឡើយ ក្នុងការរៀបចំគ្រឿងសក្ការបូជា ទទួលទេវតារក្សាឆ្នាំថ្មី ទោះមិនបានចេញដើរកម្សាន្តក៏ដោយ។ ចូលមកដល់ពេលនេះ ទេពធីតា រក្សាឆ្នាំថ្មី នឹងយាងមកបន្តវេនពីទេពធីតាឆ្នាំចាស់ រក្សាការពារកូនចៅនិងទឹកដីខ្មែរ ដែល ឆ្លៀតឱកាសនេះ “នគរធំ” សូមសម្តែងកិច្ចស្វាគមន៍ និងជូនពរឆ្នាំថ្មី ទុកជាប្រធានបទបរិយាយថ្ងៃនេះ…។

ឆ្នាំខាល ចត្វាស័ក ឆ្នាំ២០២២ សង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង ១០ៈ០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ ខណៈដែលព្រះពុទ្ធសាសនា កន្លងទៅបាន ២៥៦៥ ឈានចូល ២៥៦៦ព្រះវស្សា ត្រឹមថ្ងៃអាទិត្យ ពេញបូណ៌មី ខែពិសាខ។

ទេពធីតាឆ្នាំថ្មីនេះ ទ្រង់ព្រះនាម “កិរិណីទេវី” ជាបុត្រទី៥ របស់កបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌បៃតង សៀតផ្កាមន្ទារ (ផ្កាក្រអូបនៅឋានសួគ៌) ទ្រង់អាភរណៈកែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារ សណ្តែក ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រ លើខ្នងគជសារ (ដំរី) ជាពាហនៈ នាំអស់ពពួក ទេពនិករ បវរកញ្ញាទាំង ១សែនកោដិ ដង្ហែសិរសាកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ រួចចុះមករក្សាផែនដី។

ក្បួនតម្រាមហាសង្ក្រាន្ត ដែលបុរាណាចារ្យខ្មែរ បានចងក្រងទុក ក៏បានចុះបទទំនាយព្យាករណ៍ផ្សេងៗ ពីរបាយទឹក-ភ្លៀង ទឹកជំនន់ ផលរបរកសិករតាមទំនៀមទម្លាប់ខ្មែរ ជាពិសេសក្បួនបុរាណ បានណែនាំមនុស្សគ្រប់ជាតិសាសន៍ ឱ្យ ព្យាយាមសាងអំពើល្អ មេត្តា ករុណា មុទិតា និងឧបេក្ខា វៀរចាកអំពើអបាយមុខផ្សេងៗ ដែលនាំមកនូវអពមង្គល។

ក្នុងឱកាសដ៏បវរមហាប្រសើរនេះ អ្នកនយោបាយ អ្នកបម្រើនយោបាយ និងអ្នកគាំទ្រនយោបាយ គ្រប់និន្នាការ គួរ ព្យាយាម “អត់ធ្មត់ឱ្យដល់កម្រិត” ផ្អាកជេរប្រទេច លាបពណ៌ រិះគន់គ្នា។ អ្នកនយោបាយ បើមិនចេះអត់ធ្មត់ ឬនៅតែបន្តការ ដៀមដាមគ្នានោះ “អាចនឹងត្រូវទណ្ឌកម្មទេវតារក្សាឆ្នាំថ្មី” មិនខានឡើយ។ ក្បួនមហាសង្ក្រាន្តថា “កិរិណីទេវី កាន់កាំភ្លើង” សំដោដល់កាំភ្លើងសម្រាប់បាញ់ប្រហារគ្នា លើសមរភូមិ ប៉ុន្តែ ក៏មានទស្សនៈខ្លះថា “កិរិណីទេវី កាន់វជ្រាវុធ ឬកាំរន្ទះ”។

ទោះជាអាវុធណាក៏ដោយចុះ បើតាមជំនឿបុរាណ រងគ្រោះដូចគ្នា ប៉ុន្តែកាំភ្លើង បើវាផ្ទុះ អាចរកកន្លែងក្រាបពួន ឬចូលលេណដ្ឋាន បានរួចជីវិត រីឯកាំរន្ទះ បើបាញ់ចំ គេចទៅណាក៏មិនរួចដែរ ម៉្យាងអត់ដឹងថា មានរន្ទះកើតឡើងផង។

បច្ចុប្បន្ន ដោយសារការប្រើប្រាស់ឧបករណ៍ស្រូបតាមរលកធាតុអាកាស ឬវិទ្យុសកម្ម ជាហេតុនាំឱ្យ “មានរន្ទះបាញ់មនុស្ស ស្លាប់” ១ឆ្នាំៗ មិនតិចទេ នៅកម្ពុជា គ្មានការបាញ់គ្នាដោយកាំភ្លើងនោះទេ ទោះជាមានឃាតកម្ម ឬបាញ់ប្លន់ ជាលក្ខណៈ ចោរកម្ម ក៏មិនសូវមានគ្រោះថ្នាក់ដោយកាំភ្លើង។

ហេតុនេះ គួរយើងត្រេកអរឱ្យទេវតាឆ្នាំថ្មី កិរិណីទេវី កាន់កាំភ្លើងបានហើយ កុំចង់ឱ្យព្រះនាងកាន់កាំរន្ទះអី គ្រោះថ្នាក់ ណាស់។ អ្នកនយោបាយ ដែលចូលចិត្តលាបពណ៌គ្នានោះ ក៏កុំត្រេកអរ ឬចង់ឱ្យទេវតាឆ្នាំថ្មី កាន់វជ្រាវុធ ឬកាំរន្ទះ អត់ស្រួល ទេ តែបើត្រេកអរនឹងការកាន់កាំភ្លើងនិមិត្តរូបនោះ អត់បញ្ហា។

ទស្សនៈថា “ឆ្នាំខាល” ជាឆ្នាំ “ខ្លាស៊ីមនុស្ស” អាចជាប្រផ្នូលថា មកពីនយោបាយខ្វះការសន្តោសយោគយល់គ្នា ជំរុញ មនុស្សឃោរឃៅព្រៃផ្សៃ ឱ្យក្លាយជាខ្លាសាហាវ ឯជនស្លូតត្រង់ក្លាយជាគោក្របី ត្រូវខ្លាពាំយកទៅស៊ី។ ដូច្នេះ មានតែភាព អត់ធ្មត់ មិនប្រើកំហឹងទល់កំហល់ ទើបធ្វើឱ្យឆ្នាំខ្លា ក្លាយទៅជាឆ្នាំសុខសន្តិភាព និងអភិវឌ្ឍន៍។ ឆ្នាំនេះ ត្រូវរៀបចំការបោះ ឆ្នោតឃុំ-សង្កាត់ផង បើសិនជាអ្នកខ្លាំងក្លាយជាខ្លា ឯអ្នកខ្សោយក្លាយជាគោ បានត្រឹមជំរុញជោគវាសនាមាតុភូមិ ឱ្យមាន ហានិភ័យ។

យ៉ាងណាក៏ដោយចុះ ការបង្ហាញហេតុផលពីទេវតាកាន់កាំភ្លើង កាន់កាំរន្ទះ ស្របនឹងឆ្នាំខ្លានោះ គ្រាន់តែជាការព្រួយ បារម្ភរបស់ប្រជាពលរដ្ឋខ្លះប៉ុណ្ណោះ មិនមែនជាទូទៅនោះទេ។ កាំភ្លើងសម័យនេះ “មានរូបសំណាកកួចកាណុង” ទៅហើយ រីឯឆ្នាំខ្លា វាជា “ខ្លាក្រដាស” ដែលគេគូរ បិទតាមជញ្ជាំង ឬគ្មានអ្វីគួរឱ្យខ្លាចនោះទេ។

ប៉ុន្តែអ្វីដែលត្រូវខ្លាច នៅត្រង់ “មិនទាន់មានឯកភាពជាតិ” បង្កទៅជាជម្លោះនយោបាយ ជេរប្រទេចគ្នា រង្គើហ្វេសប៊ុក។ ប្រទេសបានសុខសន្តិសុខ ឬអសន្តិសុខ នៅក្នុងដៃអ្នកនយោបាយ ប៉ុន្តែជំនឿបុរាណថា “មានទេវតាសែកសោយ” ចូលសណ្ឋិត ក្នុងខ្លួនអ្នកនយោបាយ ជួនកាលធ្វើឱ្យក្តៅក្រហាយអន្ទះអន្ទែង ជួនកាលធ្វើសុខស្ងប់ត្រជាក់ចិត្ត។

“នគរធំ” ជាសារព័ត៌មានកណ្តាល មិនផ្អៀងតាមខ្យល់នយោបាយ ឃើញយ៉ាងណាថាយ៉ាងនោះ ឆ្លៀតឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ទូលព្រះបង្គំ យើងខ្ញុំក៏សូមថ្វាយព្រះពរ និងជូនពរដល់ ៖

-ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និង ព្រះរាជវង្សានុវង្ស ជាទីសក្ការៈ។

-ថ្នាក់ដឹកនាំព្រឹទ្ធសភា សម្តេចសាយ ឈុំ និងសហការី!

-ថ្នាក់ដឹកនាំរដ្ឋសភា សម្តេចហេង សំរិន និងតំណាងរាស្ត្រគ្រប់រូប។

-ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខា ព្រមទាំងមន្ត្រីរាជការ គ្រប់ក្រសួង។

-ថ្នាក់ដឹកនាំបក្សប្រឆាំង លោកសម រង្ស៊ី លោកកឹម សុខា និងអ្នកនយោបាយ ដឹកនាំគណបក្សតូចៗ ជាង៤០ទៀត។

-ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ព្រះសង្ឃ ឧបាសក ឧបាសិកា និស្សិត សិស្ស បណ្ឌិត បញ្ញវន្ត ទាំងក្នុងនិងក្រៅប្រទេស។

សូមព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា បានប្រកបតែនឹង សិរីមង្គលវិបុលសុខ ជាពិសេស ប្រកបតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រៅពីការប្រសិទ្ធពរនេះ “នគរធំ” ក៏មានសំណូមពរយ៉ាងទទូច ស្នើសុំអ្នកនយោបាយគ្រប់រូប “ផ្អាកបញ្ឆោះទំនាស់” ក្នុង អំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ។ ឥស្សរជននយោបាយកំពូល មាន៣រូប ដែលលេចធ្លោជាងគេ គឺសម្តេចហ៊ុន សែន លោក សម រង្ស៊ី និងលោកកឹម សុខា ឯជម្លោះនយោបាយសព្វថ្ងៃនេះ គឺចេញពីអ្នកនយោបាយខ្លាំងទាំង៣។ បើសិនជាឥស្សរជន ទាំង៣ ហាមតែបន្តិច ក៏គ្មានអ្នកគាំទ្រឯណាហ៊ានរឹងទទឹង ប៉ុន្តែបើមិនបានហាមឃាត់ ជួនកាលអ្នកបម្រើនយោបាយ ប្រែ ក្លាយពិធីបុណ្យចូលឆ្នាំ ឱ្យក្លាយទៅជាវេទិកាជម្លោះ។

អ្នកនយោបាយ ឬអ្នកបម្រើនយោបាយ (សកម្មជន) ក៏មិនត្រូវឆ្លៀតឱកាសយកវត្តអារាម “ធ្វើវេទិកាឃោសនាបោះ ឆ្នោត” នោះដែរ ព្រោះវត្តអារាម ជាទីតាំងអព្យាក្រឹត បើយកនយោបាយទៅលេងក្នុងវត្ត បានត្រឹមបង្កអរិភាព ខូចឈ្មោះ វត្ត ឬថា វត្តនោះ នឹងមានឈ្មោះថា “វត្ត ជភភ ឬវត្តប្រឆាំង” ចៀសមិនរួចឡើយ។

សរុបទៅ “សង្ក្រាន្តឆ្នាំថ្មី” ដែលមានទេវតាកាន់កាំភ្លើង និងជិះដំរី អមដោយយក្សស្រីជិះខ្លា ធ្វើឱ្យមហាជនព្រួយបារម្ភ នោះ លុះត្រាតែអ្នកនយោបាយខិតរកគ្នាបន្តិចម្តងៗ ទើបបញ្ចប់ក្តីបារម្ភបាន។ កាំភ្លើងកួចកាណុងអស់ហើយ ឯខ្លាក៏ជាខ្លា ក្រដាស ខ្លារូបសំណាក វាមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែ ចំណុចសំខាន់នៅត្រង់ការចេះយោគយល់គ្នា ចែករំលែកគ្នារស់ ពុំមែន ដណ្តើមគ្នារស់នោះទេ…’

RELATED ARTICLES