ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅ ឯប្រទេសបារាំង បានខកខានមិនបានមកចូល រួមពិធីបុណ្យសពម្តាយក្មេករបស់លោកនោះទេ ខណៈដែលសពលោកស្រី មាសកេត សមភ័ត្រ ត្រូវបានបូជារួចរាល់ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបរិវេណវត្តស្វាយពពែ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅក្នុងពិធីបុណ្យសព លោកស្រីញឹក ជូឡុង មាសកេត សមភ័ត្រ ម្តាយបង្កើតលោកស្រី ជូឡុង សូមួរ៉ា និងត្រូវជាម្តាយក្មេកលោកសម រង្ស៊ី ពីថ្ងៃទី២៤ ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ មានសែរាជវង្សជាច្រើនបានចូលរួមក្នុង នោះ រួមមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេច ក្រុមឃុន នរោត្តម សេរីវុឌ្ឍ នរោត្តម បុប្ផាទេវី សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឥស្សរជននយោបាយជាច្រើន ទាំងបក្សប្រឆាំង និងបក្សកាន់អំណាច ក្នុងនោះក៏មានវត្តមាន លោកហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា និងជាបុត្រារបស់សម្តេចហ៊ុន សែន ក៏បានចូលរួមផងដែរ ខណៈដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិត ផ្លូវការចូលរួមរំលែកទុក្ខ ព្រមទាំងបានទូរស័ព្ទ ជួបផ្ទាល់ជាមួយលោកស្រីជូឡុង សូមួរ៉ា រយៈ ពេលប្រមាណ៥នាទី ដើម្បីសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ អ្នកមានគុណរបស់លោកស្រីផងដែរ។
ប៉ុន្តែសម្រាប់លោកសម រង្ស៊ី ដែលកំពុង និរទេសខ្លួននៅក្រៅប្រទេសនោះ ទោះជាលោក បានផ្ញើលិខិតទៅកាន់សម្តេចហ៊ុន សែន ដើម្បី សុំអន្តរាគមន៍ឱ្យលោក បានចូលស្រុកវិញ ដើម្បី ចូលរួមពិធីបុណ្យសពម្តាយក្មេកយ៉ាងណាក្តី ក៏លោកនៅតែមិនមានឱកាសបានវិលត្រឡប់ ចូលស្រុក ដើម្បីចូលរួមពិធីបុណ្យសព និងពិធី បូជាសពជូនដំណើរម្តាយក្មេកលោក ជាលើក ចុងក្រោយនោះទេ។
ជុំវិញអវត្តមានរបស់លោកសម រង្ស៊ី ក្នុង ពិធីបុណ្យសពម្តាយក្មេកនេះ លោកហង់រី ឡូកាស ជាប្រវត្តិវិទូជនជាតិបារាំង និងជាអតីតគ្រូបង្រៀន លោកស្រីជូឡុង សូមួរ៉ា ដែលបានចូលរួមក្នុង ពិធីបូជាសពលោកស្រីញឹក ជូឡុង មាសកេត សមភ័ត្រ ដែរនោះ បានលើកឡើងថា អវត្តមាន លោកសម រង្ស៊ី ក្នុងពិធីបុណ្យសពនេះ គឺជាការ គួរឱ្យសោកសៅ។ ប៉ុន្តែយ៉ាងណាលោកយល់ ថា ស្ថានភាពរបស់លោកសម រង្ស៊ី ដែលកំពុង ប្រឈមនឹងទោសទណ្ឌជាប់ពន្ធនាគារ គឺពិបាក នឹងអាចឱ្យលោកវិលមកចូលរួមបុណ្យសពម្តាយ ក្មេករបស់លោកបាន។
គួរបញ្ជាក់ថា លោកស្រីញឹក ជូឡុង មាសកេត សមភ័ត្រ ជាភរិយារបស់សម្តេចចក្រីញឹក ជូឡុង ដែលជាមន្ត្រីជំនិតរបស់សម្តេចព្រះបរមរតនកោដ្ឋ បានទទួលមរណភាព កាលពី វេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ នៅ រាជធានីភ្នំពេញ៕
ដោយ ៖ ដារិទ្ធ