ដោយ អាចារ្យថាំ
មន្ត្រីបក្សកាន់អំណាច (ជភភ) ក៏ដូចសហការីលោកកឹម សុខា និងអ្នកវិភាគមួយចំនួន បានចំអកឡកឡឺយឱ្យមេប្រឆាំង សម រង្ស៊ី ថា ជាមនុស្សកំសាក ឬថា “ចាំសេះដុះស្នែង” ទើបគាត់ហ៊ានចូលស្រុក។ ខ្លះទៀតថា សម រង្ស៊ី ជាមនុស្ស “បម្រើ ជភភ” ពីក្រៅប្រទេស ប៉ុន្តែក៏មានប្រជាពលរដ្ឋភាគច្រើន យល់ថា បើលោកសម រង្ស៊ី ជាខ្មែរ គាត់ត្រូវតែចូលស្រុកខ្មែរ បើមិនឆាប់ក៏យូរបន្តិច ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “មេប្រឆាំង ចូលស្រុកនៅពេលណា?” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
លោកសម រង្ស៊ី មេប្រឆាំងធំជាងគេ ទទួលបរាជ័យ ២ដងហើយ ក្នុងការរៀបចំដំណើរមាតុភូមិនិវត្តន៍។ កាលពីថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ស្របបុណ្យឯករាជ្យ គាត់លើកគម្រោងចូលស្រុកតាមច្រកប្រទេសថៃ ស្រាប់តែគាត់លុបគម្រោងនោះ ចោលវិញ ដោយលើកហេតុផលថា លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ មិនបើកផ្លូវ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងប្រដាប់អាវុធព្រោងព្រាត ទៅស្ទាក់ចាំស្វាគមន៍មេប្រឆាំង គ្រប់ច្រករបៀងនានាជាប់ព្រំដែនកម្ពុជា-ថៃ។ លើកទី២ទៀត មេប្រឆាំងបានរៀបចំឱ្យលោកស្រីមួរ សុខហួរ ដឹកនាំគ្នីគ្នាមួយចំនួនមកដល់ម៉ាឡេស៊ី ទៅហើយ ក៏ដកថយ វិញ ដោយមានលេសថា ថៃ មិនហ៊ានបើកផ្លូវ ព្រោះខ្លាចឥទ្ធិពលសម្តេចហ៊ុន សែន។ និយាយរួម គម្រោងមាតុភូមិនិវត្តន៍ របស់លោកសម រង្ស៊ី ទទួលបរាជ័យយ៉ាងឈឺចាប់ ខណៈដែលអ្នកគាំទ្រ ជភភ និងអ្នកដើរតាមលោកកឹម សុខា នាំគ្នាសើច កក្អឹកចោទថា “សម រង្ស៊ី ជាមនុស្សកំសាក” ខ្លះទៀតថា “បម្រើហ៊ុន សែន បំភ័ន្តភ្នែកអន្តរជាតិ”។
ថ្មីៗនេះ លោកសម រង្ស៊ី បានប្រកាសថា “ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ គណបក្សភ្លើងទៀន នឹងទទួលបាន ជ័យជម្នះ” មេប្រឆាំង ក៏បានលើកគម្រោងមាតុភូមិនិវត្តន៍ជាថ្មី “នៅពាក់កណ្តាលឆ្នាំ២០២២ លោកនឹងបានចូលស្រុក”។ មេប្រឆាំងធំជាងគេនេះ បានផុសសំណេរតាមហ្វេសប៊ុក ច្បាស់ៗថា “ហេតុអ្វីបានជាលោកសម រង្ស៊ី ជឿជាក់នឹងរំពឹងលើជ័យ- ជម្នះគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោត ឃុំ-សង្កាត់ ខាងមុខនេះ ដើម្បីធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅពាក់កណ្តាលឆ្នាំ២០២២នេះ?”
យោងតាមសុភាសិតថា “មនុស្សធ្លាប់និយាយកុហក ដល់និយាយត្រង់ គេមិនជឿ” អាចនឹងមិនខុសអ្វីទេ ពោលគឺលោក សម រង្ស៊ី កុហកគេ២ដង រឿងមាតុភូមិនិវត្តន៍នោះ ដូច្នេះ នៅពេលគាត់និយាយលើកទី៣ “តើមានអ្នកណាជឿ?” ដែល ឆ្លៀតពេលគេមិនជឿនេះ មេប្រឆាំងអាច “ហែករបងកន្លងចូលស្រុក” ដោយសុវត្ថិភាព នេះបើសិនជាយកមេរៀនប្រវត្តិ-សាស្ត្រ មកធ្វើការប្រៀបធៀប។
ឯកសារប្រវត្តិសាស្ត្រ បានចារទុកយ៉ាងច្បាស់ថា “ព្រះអង្គម្ចាស់ច័ន្ទរាជា” នៅពេល “ឃុនហ្លួងព្រះស្តេចកន” ធ្វើរដ្ឋ-ប្រហារផ្តួលរំលំ “ព្រះបាទស្រីសុគន្ធបទ” ជាព្រះរៀមនោះ ទ្រង់បានភៀសព្រះកាយទៅគង់នៅស្រុកសៀម។ ព្រះច័ន្ទរាជា ព្យាយាមសុំស្តេចសៀម វិលមកស្រុកវិញដែរ តែស្តេចសៀម មិនព្រម ក៏ចេះតែសុំហើយសុំទៀត។ ទីបំផុត ព្រះច័ន្ទរាជា ប្រើល្បិចចេញទាក់ដំរីស ព្រោះព្រះអង្គមានជំនាញខាងទាក់ដំរី រហូតដល់ស្តេចសៀមជឿ ប្រគល់ដាវអាជ្ញាសឹកឱ្យចេញទាក់ ដំរី លុះបានឱកាសល្អ ព្រះច័ន្ទរាជា ក៏នាំបរិវារធ្វើមាតុភូមិនិវត្តន៍ មកបោះបន្ទាយរាយពលនៅខេត្តពោធិ៍សាត់ រៀបចំធ្វើ សង្គ្រាម រហូតដល់ផ្តួលរំលំស្តេចកន បាន។
ចំណែក “ព្រះអង្គម្ចាស់ អង្គឌួង” បានភៀសព្រះកាយទៅគង់នៅស្រុកសៀមដែរ ព្រោះមិនពេញព្រះទ័យនឹងការដែល ស្តេចយួនអណ្ណាម លើកបន្តុប “ក្សត្រីអង្គម៉ី” ឱ្យឡើងសោយរាជ្យនៅរាជធានីឧដុង្គ។ រាជិនីអង្គម៉ី ត្រូវជាក្មួយព្រះអង្គឌួង កាន់អំណាចខ្សោយបំផុត ព្រោះកិច្ចការប្រទេសជាតិ នៅលើកណ្តាប់ដៃមេទ័ពយួន ទ្រឿង មិញយ៉ាង រហូតដល់ប្រជារាស្ត្រ ខ្មែរ រងទុក្ខវេទនាជាពន់ពេក។ ទីបំផុត ព្រះអង្គឌួង រកមធ្យោបាយចូលស្រុកទាល់តែបាន ដោយមានអន្តរាគមន៍ពីកងទ័ព សៀម ដឹកនាំដោយមេទ័ពសៀមឈ្មោះ “ពញាបតិន្ទតេជោ” ចូលមកដេញកងទ័ពយួន លើកព្រះអង្គឌួង ឡើងគ្រងរាជសម្បត្តិ ធ្វើឱ្យប្រទេសកម្ពុជា បានសុខសន្តិភាព។
រីឯលោក “សឺង ង៉ុកថាញ់” មេចលនាខ្មែរសេរី ប្រឆាំងរបបរាជានិយម និងចលនាសង្គមរាស្ត្រនិយម រហូតដល់រដ្ឋាភិបាល សម័យនោះ “កាត់តម្លៃក្បាល ១លានរៀល” ក៏បានចូលស្រុកដែរ។ កាលនោះ លោកសឺង ង៉ុកថាញ់ ធ្វើសកម្មភាពនយោ-បាយចេញពីតំបន់ភ្នំដងរែក ដោយមាន “ព្រះភិក្ខុធម្មបាលោ ខៀវ ជុំ” ជាឧត្តមទីប្រឹក្សា មានអ្នកគាំទ្រមិនតិចទេ នៅក្នុង ចំណោមពួកប្រជាធិបតេយ្យ។ រហូតដល់លោកលន់ នល់ ទ្រង់សិរីមតៈ លោកចេង ហេង លោកអ៊ិន តាំ ធ្វើរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ទើបពួករដ្ឋប្រហារ អញ្ជើញលោកសឺង ង៉ុកថាញ់ មកធ្វើនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ។
ការលើកឡើងដោយត្រួសៗនេះ បង្ហាញថា “មេប្រឆាំងមានជាតិជាខ្មែរ” ចៀសមិនរួចពីចូលស្រុកខ្មែរ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ មិនមែនរស់នៅស្រុកគេរហូតមួយជីវិតនោះទេ វៀរលែងតែអ្នកមិនធ្វើនយោបាយ តែបើជាអ្នកនយោបាយ ជួនកាល “មកដល់ប្លឺម” ខណៈដែលអ្នកស្រុកមិនចាប់អារម្មណ៍។
ដូច្នេះ មេប្រឆាំង សម រង្ស៊ី “ចៀសមិនផុតពីធ្វើមាតុភូមិនិវត្តន៍” ជួនកាលអាចពាក់កណ្តាលឆ្នាំ២០២២ ដូចអ្វីដែលគាត់ បានប្រកាស។ មន្ត្រី ជភភ និងក្រុមលោកកឹម សុខា ក៏ដូចអ្នកវិភាគគឹម សុខ រស់នៅប្រទេសហ្វាំងឡង់ ធ្លាប់រិះគន់ “ភាព កំសាករបស់លោកសម រង្ស៊ី” ឡើងសាំទៅហើយ គេថា “សម រង្ស៊ី ជាមនុស្សកំសាក រត់ចោលស្រុក” ខ្លះថា “ក្រែងតែសេះ ដុះស្នែង ទើបមេប្រឆាំងនោះហ៊ានចូលស្រុក”។
បើយកមេរៀនប្រវត្តិសាស្ត្រមកឆ្លុះបញ្ចាំង យើងដឹងថា ជួនកាលមេប្រឆាំង រង់ចាំឱ្យមាន “អន្តរាគមន៍” ពីអន្តរជាតិ ទើប បានចូលស្រុក ដូចករណី “ព្រះបាទអង្គឌួង បានកងទ័ពសៀមជួយនាំផ្លូវ” ក៏ដូចសម្តេចហេង សំរិន សម្តេចជា ស៊ីម សម្តេច ហ៊ុន សែន រត់គេចពីការចាប់ខ្លួនកម្ទេចរបស់ប៉ុល ពត ទៅជ្រកកោននៅទឹកដីវៀតណាម ក៏បានកងទ័ពវៀតណាម ១៨ កងពល ជួយធ្វើអន្តរាគមន៍ឱ្យបានកាន់អំណាច។ រីឯសម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ “ប្រធានចលនា ត្រីភាគី” បានយាងមាតុភូមិនិវត្តន៍ កាលពីឆ្នាំ១៩៩១ ក្រោយពេលមាន “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ១៩៩១” និងមានកងទ័ពមួកខៀវនៅកម្ពុជា ទើបព្រះអង្គអាចធ្វើមាតុភូមិនិវត្តន៍។ ដូចគ្នានេះដែរ មេប្រឆាំង សម រង្ស៊ី អាចនឹងមានអន្តរាគមន៍ពីមហាអំណាច ឬបានភ្លើងខៀវពីអ្នកនយោបាយខ្មែរ។ ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន “សច្ចាកាត់ដៃ” បើចុះហត្ថលេខាបើកផ្លូវឱ្យសម រង្ស៊ី នោះ អាចនឹងប្រែប្រួលទៅតាមកាលៈទេសៈ។
សរុបទៅ “មេប្រឆាំងចូលស្រុកពេលណា?” ជាចម្លើយប្រាកដនិយម គឺមានអន្តរាគមន៍ពីអន្តរជាតិ ឬឯកភាពគ្នារវាង ថ្នាក់ដឹកនាំប្រទេស និងអ្នកនយោបាយគ្រប់និន្នាការ។ ជាពិសេស លុះត្រាតែអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ធ្វើ អន្តរាគមន៍ ទើបមានផ្លូវ ប៉ុន្តែបើមហាអំណាច កំពុងញេញចង្កូមដាក់គ្នា រឿងសង្គ្រាមនៅអ៊ុយក្រែន នោះអាចពន្យារពេល មាតុភូមិនិវត្តន៍របស់មេប្រឆាំង ឱ្យយូរបន្តិចទៀត…’