Monday, December 23, 2024
Homeបរិយាយវាសនាភ្លើងទៀន

វាសនាភ្លើងទៀន

ដោយ អាចារ្យថាំ

មេប្រឆាំង សម រង្ស៊ី បានអួតអាងជាថ្មីថា “គណបក្សភ្លើងទៀន នឹងឈ្នះ ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២” បើពិចារណាទៅ នេះជាវោហារសាស្ត្រ របស់អ្នកនយោបាយតែប៉ុណ្ណោះ ព្រោះ “គោឯងមិនអួត ទៅអួតគោគេ” យ៉ាង ម៉េច?

គោរបស់ខ្លួនទោះបីជាមាឌល្អិត ស្នែងទែក ក៏ម្ចាស់អួតថា “អាទែកពូកែ អូសន័ង្គល” រួចបង្អាប់គោគេដែលមានមាឌធំ ស្នែងខុបថា “អាខុប ពូកែខាង ដាក់នឹម” អ៊ីចឹងទៅ។

យ៉ាងណាមិញ គណបក្សភ្លើងទៀន ដែលអ្នកគាំទ្រ ជភភ កំពុងស្អប់ខ្ពើម នោះ បើលោកសម រង្ស៊ី មិនជួយអួត ធ្វើម៉េចស្ទុះរួច ព្រោះជោគវាសនាបក្ស នេះ មានលោកសម រង្ស៊ី នៅពីក្រោយ។ ពាក្យថា “ឈ្នះឆ្នោត” នោះ ដូចកាល បោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ដែលបក្សសង្គ្រោះជាតិ (ជណភ្រ) ទទួលបាន ៥០០៧កៅអីនោះ ក៏លោកសម រង្ស៊ី ថា “ឈ្នះឆ្នោត” ដែរ កុំប្រញាប់ភ្លេចពេក ព្រោះឈ្នះនៅត្រង់ “ដណ្តើមបានកៅអីពី ជភភ” នេះឯង។

ឥឡូវលោកសម រង្ស៊ី ប្រកាសថា ភ្លើងទៀន ឈ្នះឆ្នោតទៀតហើយ ដោយ ហេតុថា សព្វថ្ងៃ ជភភ ឱបក្តាប់កៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ទើរតែ១០០% ដោយដកហូតកៅអី ជណភ្រ ៥០០៧នោះ មកចែកគ្នា។ ដូច្នេះ ឧបមាថា ភ្លើង-ទៀន ដណ្តើមបានកៅអីត្រឹមតែពាក់កណ្តាលនៃចំនួនកៅអីទាំង៥០០៧ នៃ អតីត ជណភ្រ ឬយក ៥០០៧ ចែកនឹង២ ស្មើនឹង២៥០៣ កៅអី ក៏ “អាចថា ឈ្នះបានដែរ”។

បានជា “នគរធំ” ហ៊ានថា បានកៅអីពាក់កណ្តាលនៃ ជណភ្រ ដោយហេតុថា ពួកប្រឆាំង ចែកជា ២ក្រុម គឺក្រុមសម រង្ស៊ី និងក្រុមកឹម សុខា ក៏ដូចយក ៥០០៧ ចែកជា២ដែរ។ អ៊ីចឹងបើសិនជាបក្សភ្លើងទៀន ដែលមានលោកសម រង្ស៊ី នៅ ពីក្រោយនោះ ដណ្តើមបាន ២៥០៣កៅអី ក៏ដូចឈ្នះអ៊ីចឹង។ ឧបមាទៀតថា ភ្លើងទៀន ដណ្តើមបានលើសពីពាក់កណ្តាល ឬបានរហូតដល់ ៣០០០-៤០០០ កៅអីក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ច្បាស់ជាលោកសម រង្ស៊ី “អួតកប់ពពក” ទៀត ហើយ។ បើមេប្រឆាំងអួតឈ្នះ ធ្វើឱ្យ ជភភ មួម៉ៅ ក្តៅក្រហាយមិនស្ទើរទេ ដោយហេតុថា “រឹបអូសកៅអី៥០០៧ មកកាន់កាប់” បែរជារបូតទៅវិញនោះ តើមិនក្តៅឯណាបាន?

ដូច្នេះ “ជោគវាសនាភ្លើងទៀន” នៅក្នុងកណ្តាប់ដៃលោកសម រង្ស៊ី ឯណោះ ទេ មិនមែននៅក្នុងដៃលោកសុន ឆ័យ លោកថាច់ សេដ្ឋា និងលោកទាវ វណ្ណុល នោះឡើយ។ អាចថា ប្រជាពលរដ្ឋដែលគាំទ្រលោកសម រង្ស៊ី នឹងបោះឆ្នោតឱ្យ ភ្លើងទៀន បើ ជភភ មើលរំលងបញ្ហានេះ អត់ស្រួលទេ។

ទោះយ៉ាងណា បក្សកាន់អំណាច ឆ្លាតមិនធម្មតាទេ ឧបមាថា ភ្លើងទៀន ដណ្តើមបានកៅអីពាក់កណ្តាលនៃ ជណភ្រ ព្រោះបានលោកសម រង្ស៊ី ជួយយោង នោះ ជួនកាល ជភភ តាមរយៈតុលាការ អាចពន្លែងអតីតសង្គ្រោះជាតិ (ជណភ្រ) ប្រគល់ទៅឱ្យលោកកឹម សុខា គ្រប់គ្រងវិញ។ លោកកឹម សុខា អាចរួចទុក្ខទោស មួយប៉ប្រិចភ្នែក បើសិនជាសម្តេចហ៊ុន សែន ទូលស្នើព្រះមហាក្សត្រ ទ្រង់ ព្រះរាជទានការលើកលែងទោស។

បើលោកសម រង្ស៊ី នៅពីក្រោយភ្លើងទៀន ឯលោកកឹម សុខា បានដឹកនាំ ជណភ្រ វិញនោះ ពួកគេនឹងពាក់មុខយក្សដាក់គ្នា នៅពេលបោះឆ្នោតជ្រើស តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣។ បើពួកប្រឆាំងចែកជា២ក្រុម ខាំគ្នាខ្លាំង ដូចលើកជយភណ្ឌ ជូន ជភភ មិនបាច់ប្រឹង។ ជួនកាលបើហ៊្វុនស៊ិនប៉ិច ធ្វើនយោ-បាយប្រឆាំងដូចសម្តេចក្រុមព្រះ កាលពីឆ្នាំ១៩៩៣ (អាណត្តិទី១) នោះ ហ៊្វុន-ស៊ិនប៉ិច នឹងឈ្នះភ្លូកទឹកភ្លូកដី ក៏អាចថាបាន…’

RELATED ARTICLES