Wednesday, June 25, 2025
Homeព័ត៌មានជាតិទ្រព្យរបឹប

ទ្រព្យរបឹប

ដោយ អាចារ្យថាំ

លោកសុខ ឥសាន អ្នកនាំពាក្យកាន់អំណាច (ជភភ) បានផុសសំណេរ តាម ហ្វេសប៊ុក ថា “ការដាក់ទណ្ឌកម្ម រឹបអូសទ្រព្យសម្បត្តិ និងរឹបអូសលុយកាក់ ៖ គឺ ជាវប្បធម៌របស់អ្នកខ្លាំង ដែលគ្មាននរណាហ៊ាននិយាយពីការរំលោភសិទ្ធិមនុស្សទេ”។

បើនិយាយពីរឿងវប្បធម៌ “នគរធំ” ក៏នឹកឃើញដល់ “ទ្រព្យរបឹប” ដែលជា វប្បធម៌ខ្មែរបុរាណ ដែលដុះស្នឹមយ៉ាងក្រាស់ក្នុងសង្គមខ្មែរ។ ទ្រព្យរបឹប មានន័យថា ទ្រព្យដែលរាជការរឹបអូសពីកូនបំណុល ឬរឹបអូសជយភណ្ឌពីអ្នកចាញ់សង្គ្រាម។ ជួនកាលពួកឧទ្ទាម បានកៀរប្រជារាស្ត្រឱ្យចូលព្រៃ ចូលរួមក្នុងចលនាប្រឆាំង ស្តេចផែនដី លុះកងទ័ពស្តេចវាយកម្ទេចជំរំពួកឧទ្ទាមបាន ក៏រឹបអូសទ្រព្យសម្បត្តិ ពីប្រជារាស្ត្រដែលដើរតាមពួកឧទ្ទាម រួមមាន ដីស្រែ គោ ក្របី ដំរី សេះ ជាដើម។ ជួនកាលរាជការដាក់មនុស្សមានកំហុសជា “ពលរបឹប” សម្រាប់ប្រើឱ្យលើកផ្លូវ លើកទំនប់ ជីកព្រែកជាដើម។

ដោយឡែក សេដ្ឋី ថៅកែ ក្តុម្ពី (កុដុម្ពិកៈ) ក៏មានសិទ្ធិរឹបអូសទ្រព្យសម្បត្តិ កូនបំណុលដែរ ជួនកាលរឹបយកមនុស្ស ឬសមាជិកគ្រួសារទៅបម្រើខ្លួន។ យើង ឃើញសេដ្ឋីក្នុងរឿង “ដឹងសងដឹង អំបែងសងអំបែង” បានរឹបអូសកូនកំលោះនៃ ត្រកូលទុរគត ទៅបម្រីខ្លួន ដោយសារបុរសមេគ្រួសារខ្ចីដឹងសេដ្ឋី ទៅកាប់ឈើ ស្រាប់តែផ្លែដឹងរង្គោះទៅជាប់នឹងសត្វប្រើស បោលចូលព្រៃបាត់។ សេដ្ឋីល្មោភ នោះ ទាមទារតែដឹងចាស់របស់គាត់ ទោះជាបុរសកម្សត់ សុំសងដឹងថ្មី ១ជា១០ ក៏ សេដ្ឋីមិនព្រម ក៏យកកូនកំលោះទុរគត ទៅបម្រើ។ ក្រោយមក បុរសទុរគតឃើញ ប្រើសងាប់ជាប់ផ្លែដឹង ក៏រើសយកទៅជូនសេដ្ឋី លោះកូនប្រុសមកវិញ។ ក្រោយ មកទៀត សេដ្ឋីទៅខ្ចីអំបែងបុរសកម្សត់ មកដាល់អំបុក ទុកប្រហែស លុះឆ្កែខាំ គ្នា ក៏ពារឈើអំបែងនោះបែកខ្ទេច ទោះជាសេដ្ឋីសុំសងអំបែងថ្មី ១ជា១០ ក៏បុរស នោះមិនព្រម រហូតក្តីក្តាំឡើងដល់ព្រះមហាក្សត្រ…៘

រឿង “តាជូជក” សុំទានបានមាស ១០០តម្លឹង យកទៅផ្ញើត្រកូលព្រាហ្មណ៍ ជាក្លើ ដូចយកភ្លើងដុតផ្ទះ។ អ្នកទទួលបញ្ញើនេះ ចេះតែយកមាស ១០០តម្លឹង ស៊ីចាយអស់ទៅ លុះតាជូជក គំរាមប្តង្តឹ ក៏សុំលើកកូនក្រមុំឈ្មោះនាងអមិត្តធីតា ឱ្យជាប្រពន្ធតាជូជក។

ដូច្នេះ “ទ្រព្យរបឹប” ជាវប្បធម៌មានមករាប់ពាន់ឆ្នាំមកហើយ សូម្បីតែមហា អំណាច ឬប្រទេសមូលធន ក៏យកវប្បធម៌នេះទៅប្រើដែរ។ ករណីអាមេរិក រឹប អូសទ្រព្យសម្បត្តិលុយកាក់មន្ត្រីខ្មែរមួយចំនួននោះ លោកសុខ ឥសាន ធ្លាប់លើក ឡើងថា “បើអត់លុយផ្ញើផង បានអីរឹបអូស?” ឥឡូវឮថា អាមេរិក បានបង្កក ទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជា មួយចំនួនប្រាកដមែន ដោយគេចោទប្រកាន់ ពីបទរំលោភសិទ្ធិមនុស្ស។ ករណីនេះ វាជាវប្បធម៌សកល សូម្បីជប៉ុន ឱ្យរបប លន់ នល់ ខ្ចីលុយ គេទាររដ្ឋាភិបាលបច្ចុប្បន្នសងវិញ ទើបគេឱ្យខ្ចីទៀត ប៉ុន្តែ សម្តេចហ៊ុន សែន ចេះសម្របសម្រួលទទួលយកទំនិញជប៉ុន មកលក់ កាត់កង សងបំណុលបានរួចរាល់ហើយ ទើបជប៉ុន ឱ្យខ្ចីលុយជាបន្តបន្ទាប់។

ករណីអាមេរិក រឹបអូសលុយមន្ត្រីធំៗនោះ គេលាក់ការមិនឱ្យដឹងពីចំនួន និងឈ្មោះអ្នកផ្ញើនោះទេ ប៉ុន្តែបើរាជរដ្ឋាភិបាលកម្ពុជា រកមធ្យោបាយ “ទឹកពន្លត់ ភ្លើង” ទៅប្រើ ធានាថា អាមេរិក ឱ្យលុយវិញ អត់ពិបាកប៉ុន្មានទេ ព្រោះគេ គ្រាន់តែបង្កក អត់ដកយកទៅចាយឯណា? និងត្រៀមប្រគល់ឱ្យវិញ បើយើង ចេះសម្របសម្រួលជាមួយគេ។

សូម្បីលោកវ៉្លាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន និង កូនស្រីទាំងពីរនាក់របស់គាត់ ក៏ត្រូវអាមេរិក បង្កកលុយដែរ ដើម្បីគាបសង្កត់ មេដឹកនាំរុស្ស៊ី ឱ្យដកទ័ព។ បើយើងកុំយកលុយទៅផ្ញើអាមេរិក ក៏អត់អីដែរ តែបើទុកលុយក្នុងប្រទេស ក៏មិនស្រួល ដូច្នេះវិធីដែលល្អ លុះត្រាតែយើងចេះ សម្របសម្រួលជាមួយគេ ទើបបាន ព្រោះវប្បធម៌រឹបអូស ឬទ្រព្យរបឹប ប្រទេស ណាក៏ប្រើដែរ…”

RELATED ARTICLES