ដោយ អាចារ្យថាំ
សង្គ្រាមនិងជម្លោះនយោបាយ ធ្វើឱ្យគូភាគីទុកគ្នាជាសត្រូវ ពេលនៅរស់ លុះភាគីម្ខាងស្លាប់ទៅ អ្នកនៅរស់ បន្តការ ចងពៀរ រើសអើង ដាក់បណ្តាសាឱ្យអ្នកស្លាប់នោះ ធ្លាក់នរកក៏មាន។ តាមការឃ្លាំមើល សព្វថ្ងៃនៅកម្ពុជា មាន “នយោបាយ រើសអើងបុណ្យសព” មិនទាន់មានការកែលម្អនៅឡើយ ជាក់ស្តែងអ្នកបម្រើនយោបាយប្រឆាំងខ្លះ ដែលទទួលមរណភាព ឬគេលួចធ្វើឃាត កម្របានឃើញមន្ត្រីបក្សកាន់អំណាច ឬបក្សតូចៗឯទៀត ទៅចូលរួមបុណ្យសព ឬបុណ្យទក្ខិណានុប្បទាន ដែល “នគរធំ” ឃ្លាំមើលឃើញ ក៏លើកពី “ការរើសអើងបុណ្យសព” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
មិនមែនធម្មតាពេកទេ ដែលឧត្តមសេនីយ៍ហ៊្វុនស៊ិនប៉ិច ជាច្រើនរូប ដូចជាលោកចៅ សម្បត្តិ, ទា ប្ញទ្ធីឈុត, ហូ សុខ ជាដើម ត្រូវបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ “សង្គ្រាមមួយចម្អិនកំពឹស” កាលពីថ្ងៃ០៥-០៦ កក្កដា ឆ្នាំ១៩៩៧។ សពឧត្តម- សេនីយ៍ហ៊្វុនស៊ិនប៉ិច ដែលនៅសល់តែអដ្ឋិធាតុបានតម្កល់ក្នុងវត្ត ឃើញមានតែសាច់ញាតិ ក្រុមគ្រួសារប៉ុណ្ណោះ ដែលទៅធ្វើ បុណ្យឧទ្ទិសកុសល ប៉ុន្តែមន្ត្រីបក្សកាន់អំណាច (ជភភ) ក៏ដូចបក្សតូចៗរាប់សិបនោះ មិនដែលទៅអើតទេ។ សូម្បីតែសម្តេច ក្រុមព្រះ នរោត្តម រណប្ញទ្ធិ កាលព្រះអង្គនៅគង់ព្រះជន្ម និងលោកញឹក ប៊ុនឆៃ ក៏មិនសូវហ៊ានទៅជិតដែរ បានត្រឹមតែ ចាត់មនុស្សជំនិតយកទេយ្យទានទៅធ្វើបុណ្យជំនួស។
រីឯសពលោកជា វិជ្ជា, លោកឈុត វុទ្ធី និងអ្នកសារព័ត៌មានប្រឆាំងមួយចំនួន ដូចជាលោកនន្ទ ច័ន្ទ, ធូ ឆោមមង្គល ជាដើម ដែលត្រូវជនអនាមិកធ្វើឃាត ក៏មានការរើសអើងបុណ្យសពបែបនេះដែរ។
កាលលោកប៉ែន សុវណ្ណ អតីតប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ធ្លាប់ជាប់គុកហាណូយ ជាង១០ឆ្នាំ ក្រោយមកបានចូលបក្សសង្គ្រោះជាតិ ជាមួយលោកសម រង្ស៊ី-កឹម សុខា នៅពេលលោកទទួលមរណភាពដោយ វ័យជរា ឃើញលោកងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា ត្រូវថ្នាក់លើ ជភភ ចាត់ឱ្យទៅធ្វើអធិបតីភាពនៃពិធីបុណ្យសព ដែលដឹកពីខេត្តតាកែវ មកភ្នំពេញ។ លោកងួន ញ៉ិល បានទាំងបំពាក់មេដាយ “បច្ឆាមរណៈ” ជូនសពទៀតផង ប៉ុន្តែ មន្ត្រី ជភភ សំខាន់ៗឯទៀត មិនឃើញនៅជិតមឈូសសពទេ។
កាលលោកបណ្ឌិត កែម ឡី ត្រូវគេធ្វើឃាត យកសពទៅធ្វើបុណ្យនៅវត្តចាស់ (ជ្រោយចង្វា) ក៏មានតែពួកប្រឆាំង ប៉ុណ្ណោះ ទៅធ្វើបុណ្យឱ្យ បាត់ឯមន្ត្រី ជភភ ខណៈដែលមានការចាប់ខ្លួនបុគ្គលមួយចំនួន ដែលបានចោទថា ជភភ នៅពីក្រោយ ការធ្វើឃាត សូម្បីអ្នកវិភាគគឹម សុខ ក៏ត្រូវជាប់គុក ១៨ខែ ពីបទបរិហារកេរ្តិ៍។ ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបុណ្យ ៥ម៉ឺនដុល្លារ សម្រាប់យកទៅសង់ចេតិយតម្កល់សព ប៉ុន្តែមន្ត្រី ជភភ ឯទៀត មិនរវល់នៅជិត។
ចំណុចនេះ ហៅថា “នយោបាយរើសអើងបុណ្យសព” ភ្លេចថា ពុទ្ធភាសិត “ពៀររម្ងាប់ដោយការមិនចងពៀរ” តម្រូវឱ្យ មនុស្សរំលត់កំហឹងសងសឹក ដើម្បីបញ្ចប់ពៀរវេរា។ ការរើសអើងបុណ្យសព មានដូចគ្នាស្មើទៅស្មើមក ដូចកាលលោកងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា ទទួលអនិច្ចកម្ម គ្មានឃើញពួកប្រឆាំងណាទៅចូលរួមបុណ្យសពនោះទេ (ចំពោះតែប្រឆាំង ខ្លាំង) តែក៏មានអ្នកប្រឆាំងលំៗទៅចូលរួមខ្លះដែរ។ អ្នកប្រឆាំងខ្លាំង មិនត្រឹមតែមិនបានទៅបុណ្យសពនោះទេ ថែមទាំង ដាក់បណ្តាសាសពទៀតផង ដែលសកម្មភាពបែបនេះ ដើរផ្ទុយពីមាគ៌ាពុទ្ធនិយម និងប្រពៃណីខ្មែរ។
យោងតាមឯកសារប្រវត្តិសាស្ត្រចារទុកថា “ពញាអុង” ជារាជវង្សខ្មែរ ត្រូវស្តេចសៀម យកទៅចិញ្ចឹម និងតែងតាំងជា ចៅហ្វាយខេត្តសុវណ្ណខាក់លោក។ នៅពេលព្រះច័ន្ទរាជា មិនព្រមចំណុះសៀម ស្តេចសៀម បានត្រាស់បង្គាប់ពញាអុង ឱ្យ លើកទ័ពសៀម ១០ម៉ឺននាក់ ចូលឈ្លានពានទឹកដីខ្មែរ។ កាលនោះ “ព្រះបាទអង្គច័ន្ទទី១ ឬព្រះច័ន្ទរាជា” បានលើកទ័ពទៅ ទប់ទល់ ដេញវាយទ័ពសៀមរត់ខ្ចាត់ខ្ចាយ ខណៈដែលពញាអុង ត្រូវព្រួញធ្លាក់ពីខ្នងដំរី ក្ស័យព្រះជន្មលើសមរភូមិ។ ទោះជា ពញាអុង “ក្បត់ជាតិ” ក៏ព្រះមហាក្សត្រខ្មែរ អត់ទោស សន្តោសប្រោសប្រណី ត្រាស់បង្គាប់ឱ្យលើកសពពញាអុង ធ្វើបុណ្យ ថ្វាយព្រះភ្លើង រើសព្រះអដ្ឋិធាតុ បញ្ចុះក្នុងចេតិយមួយនៅខេត្តពោធិ៍សាត់ សល់ភ័ស្តុតាងដល់សព្វថ្ងៃ។
កាលលោកអៀវ កើស ប្រធានគណបក្សប្រជាធិបតេយ្យ និងជាប្រធានរដ្ឋសភា ត្រូវជនមិនស្គាល់មុខ បោកគ្រាប់បែក សម្លាប់លោក កាលពីឆ្នាំ១៩៥២ ទោះបីជាមាននិន្នាការនយោបាយមិនត្រូវធាតុគ្នា ក៏អ្នកនយោបាយខ្មែរ គ្រប់និន្នាការ គ្រប់គណបក្ស បានទៅចូលរួមដង្ហែសពយ៉ាងគគ្រឹកគគ្រេង ដោយមិនប្រកាន់បក្ខពួក។
លុះចូលមកដល់សម័យលន់ នល់ និងសម័យប៉ុល ពត ការប្រកាន់និន្នាការនយោបាយក៏ចាប់ផ្តើមឡើង គេទុកខ្មែរដូចគ្នា ជាខ្មាំងសត្រូវ ទោះជាឃើញមនុស្សស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ក៏គ្មានអ្នកណាធ្វើបុណ្យឱ្យ។ របបប៉ុល ពត គ្មានស្គាល់ បុណ្យបាបអ្វីឡើយ សូម្បីតែគ្នាឯង ក៏កម្ទេចចោលដែរ សឹងមានគុកទួលស្លែង គុកជើងឯក ជាភស៉្ត័តាងស្រាប់។
“នយោបាយរើសអើសបុណ្យសព” គួរតែមានការកែលម្អផង ព្រោះអ្នកស្លាប់នោះ មិនអាចក្រោកតដៃមកឈ្លោះជាមួយ អ្នកនៅរស់បានទៀតទេ គួរតែអ្នកនៅរស់ ទម្លាក់ចោលអស្មិមានះ ដោយបង្ហាញព្រហ្មវិហារធម៌ ល្អជាងការចងពៀរ។ បើ មិនបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ក៏គួរកុំទៅរំខាន ឬបន្ទច់បង្អាក់គេអី ទុកឱ្យសាច់ញាតិ ឬមិត្តភក្តិនៃសពនោះ បាន បំពេញកាតព្វកិច្ចឧទ្ទិសកុសលដល់សពផង។
ថ្មីៗនេះ លោកឆឺយ ឧត្តមរស្មី កូនប្រុសលោកឈុត វុទ្ធី អតីតសកម្មជនព្រៃឈើ បានអំពាវនាវឱ្យសប្បុរសជនគ្រប់ មជ្ឈដ្ឋាន ចូលរួមធ្វើបុណ្យទក្ខិណានុប្បទាន ជូនឪពុករបស់លោក ដែលប្រារឰធ្វើនៅថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ការអំពាវនាវនោះ អាចថា មានតែពួកប្រឆាំងប៉ុណ្ណោះ ដែលទៅ ចូលរួម ឬផ្ញើបច្ច័យ ទេយ្យទានទៅចូលបុណ្យ ប៉ុន្តែអ្នកគាំទ្របក្សកាន់អំណាច ប្រហែលមិនចូលរួមទេមើលទៅ ព្រោះលោក ឈុត វុទ្ធី ក៏ដូចកូនប្រុសនោះ ធ្វើសកម្មភាពមិនស្របតាមការចង់បានរបស់បក្សកាន់អំណាច។ បើត្រឹមការពារព្រៃឈើ មិនអីទេ តែគាត់ធ្វើនយោបាយហួសពីព្រៃឈើ ជាហេតុនាំឱ្យបក្សកាន់អំណាច មិនពេញចិត្ត។ រីឯបក្សតូចៗរាប់សិបនោះ ក៏ប្រហែលជាមិនចូលរួមដែរមើលទៅ? ព្រោះតែការប្រកាន់ទ្រឹស្តីបុគ្គលនិយមថា “អាណាងាប់ៗទៅ ឱ្យតែអញរស់?”។
ហេតុនេះ ជាសំណូមពរ “នគរធំ” សូមអ្នកនយោបាយ អ្នកបម្រើនយោបាយ អ្នកគាំទ្រនយោបាយគ្រប់រូប គ្រប់និន្នាការ គ្រប់គណបក្ស មេត្តាពិចារណាឡើងវិញ។ មនុស្សស្លាប់ទៅហើយ មិនរស់វិញទេ ដូច្នេះ អ្នកនៅរស់ ចាំបាច់ ត្រូវតែរំសាយ កំហឹង ឈប់ចងពៀរគ្នាទៅ។ មានរឿងពិតមួយ កាលពីសម័យសង្គមរាស្ត្រនិយម មានព្រះចៅអធិការវត្ត ១អង្គ ចង់សឹក ក៏ទៅនិមន្តព្រះសង្ឃ ១អង្គទៀត ពីស្រុកឆ្ងាយមកធ្វើចៅអធិការ។ លោកសង្គ្រាជចាស់នោះ សឹកយកប្រពន្ធ តែគាត់ ឧស្សាហ៍ចូលវត្ត ដាស់តឿនណែនាំសង្គ្រាជថ្មី ឱ្យព្យាយាមកសាងសមិទ្ធផលបន្តវេនពីគាត់។ ប៉ុន្តែសង្គ្រាជថ្មី មិនស្តាប់ ក៏កើត ជាជម្លោះជាមួយអន្ទិតនោះ។ ទីបំផុត អន្ទិតលែងខ្ចីចូលវត្ត១០ឆ្នាំ លុះសង្គ្រាជថ្មីនោះសុគត ស្រាប់តែអន្ទិតចូលមកចាត់ចែង ធ្វើបុណ្យ ហូរទឹកភ្នែកសស្រាក់ ស្តែងឱ្យឃើញថា “ពៀររម្ងាប់ដោយការមិនចងពៀរ”។
សរុបទៅ “នយោបាយរើសអើងបុណ្យសព” កំពុងកើតមាននៅក្នុងជម្លោះនយោបាយ មិនទាន់មានការកែលម្អនៅឡើយ។ នៅពេលអ្នកបម្រើនយោបាយប្រឆាំងស្លាប់ មន្ត្រី ជភភ មិនទៅជិត លុះមន្ត្រី ជភភ ស្លាប់ ពួកប្រឆាំងមិនរវល់ទៅអើត។ បើខ្មែរចងពៀរគ្នា ខុសព្រះពុទ្ធដីកាយ៉ាងនេះ អត់ល្អទេ គួរតែគ្រប់គ្នាស្រុះស្រួលកែមារយាទផងទាន…’