ច្បាប់រាជនេតិ ឬច្បាប់ព្រះរាជសម្ភារ ១ល្បះ ចែងថា “បាត់យសដ្បិតខ្ជិល បាត់ញាណទានសីល ដ្បិតសេពសុរា ប្រមាទបាត់ បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា បាត់ឥរិយាគាប់”។ បើយករឿងបាត់នេះ មកឆ្លុះមើលតថភាពសង្គម យើងឃើញថា មានកត្តាច្រើនណាស់ដែលនាំឱ្យបាត់ សូម្បី គ.ជ.ប “ថែម១ថ្ងៃ ក៏នៅតែបាត់ចំនួនអ្នកបោះឆ្នោត”។ ការបាត់ចំនួនមនុស្សរាប់លាន នាក់បែបនេះ មិនធម្មតាទេ គឺមកពីមានហេតុផល ដែល “នគរធំ” សូមលើករឿង “បាត់” មកធ្វើប្រធានបទបរិយាយថ្ងៃ នេះ…។
យោងតាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្តីពីដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតប្រមាណ៧ ៦៩៤ ១៦៩ នាក់ ស្មើនឹង៧៩,៦២ភាគរយ លើចំនួនសរុបជាង៩លាននាក់។ ទោះបីជាថ្ងៃទី២៨ និងទី២៩ នៅតែបន្តចុះឈ្មោះក៏ចំនួននេះ ហាក់នៅទ្រឹង ទើប គ.ជ.ប សម្រេចថែម១ថ្ងៃទៀត គឺត្រូវបញ្ចប់ការចុះឈ្មោះនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការថែម ១ថ្ងៃនេះ មិនខុសពីការថែមអំបិល១ចឹប ក្នុងសម្លសាបនោះទេ ដែលអំបិល១ចឹបនោះ វាពុំអាចលើករសជាតិសម្លឱ្យប្រៃល្មម ឬឆ្ងាញ់មាត់បានឡើយ គឺវានៅតែជាសម្លសាបដដែល។
តើកត្តាអ្វីខ្លះ ដែលនាំឱ្យបាត់ចំនួនមនុស្សរាប់លាននាក់បែបនេះ? យោងតាមការស្រាវជ្រាវ គឺមកពីពលករចំណាកស្រុក ឬអ្នកចេញទៅធ្វើការក្រៅប្រទេស គ្មានឱកាសវិលមកចុះឈ្មោះបោះឆ្នោត, អ្នកបាត់អត្តសញ្ញាណប័ណ្ណ, អ្នកទោសកំពុងជាប់ ពន្ធនាគារ ជាដើម។ នៅកត្តាសំខាន់មួយទៀត ដើរស្របនឹងច្បាប់ព្រះរាជសម្ភារ ថា “លេញលេងដៀលថា បាត់ឥរិយាគាប់” ដែលយើងសូមរៀបរាប់លម្អិតនៅពេលនេះ។
កន្លងមកយើងឃើញថា ឱ្យតែបោះឆ្នោតរួចរាល់ អ្នកនយោបាយខ្មែរគ្រប់និន្នាការ មិនចោលក្បួនឈ្លោះប្រកែក ដៀលថា ឱ្យគ្នាតាមក្បាលមីក្រូ ឬតាមបណ្តាញព័ត៌មាននោះឡើយ ដោយភាគីម្ខាងៗដណ្តើមគ្នាយកត្រូវតែរៀងខ្លួន មិនដែលឮសារភាព កំហុសនោះទេ។ ការឆ្លើយឆ្លងគ្នានេះ មានឈ្មោះថា “លេញលេងដៀលថា” នេះឯង ព្រោះពាក្យ “លេញលេង” សំដៅដល់លេង ជន្លជន្លេញ ចំអែចំអន់ លេងហើយលេងទៀតដដែលៗ។ អាណត្តិទី៥នេះ អ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំង លេញ លេង រហូតដល់អ្នកខ្លះជាប់គុកជាប់ច្រវាក់ ខ្លះជាប់បណ្តឹងអាជ្ញា ខ្លះរស់នៅនិរទេស។
ដោយឡែក “បាត់ឥរិយាគាប់” មានន័យថា កាតព្វកិច្ចរបស់ពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត និងចេញទៅបោះឆ្នោត ជា “ឥរិយាបថគាប់ប្រសើរថ្លៃថ្លាណាស់” ប៉ុន្តែ ដោយសារពួកគាត់ធុញទ្រាន់នឹងការ “លេញលេងដៀលថា” បណ្តាលឱ្យ “បាត់ ឥរិយាគាប់” យ៉ាងនេះទៅ។ តាមពិតទៅ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងកត្តានេះ សុទ្ធតែមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ និងប្រកបរបររកស៊ីក្នុងស្រុក មិនបានធ្វើចំណាកស្រុក ឬបាត់អត្តសញ្ញាណប័ណ្ណនោះទេ ប៉ុន្តែ ពួកគាត់មិនរវល់ ទៅចុះឈ្មោះបោះឆ្នោត ដែលមួយចំនួនហ៊ាននិយាយមិនសំចៃមាត់ថា “បោះឆ្នោតរួចពេលណា ឮតែអ្នកនយោបាយឈ្លោះគ្នា ឡើងសង្កៀរត្រចៀក បើអ៊ីចឹងកុំបោះឆ្នោត កុំចុះឈ្មោះបោះឆ្នោតស្រួលជាង!” ការលើកឡើងបែបនេះ គឺមកពីឥរិយាបថ ឬកាតព្វកិច្ចជាពលរដ្ឋបាត់បង់ ដោយទម្លាក់កំហុសទៅលើអ្នកនយោបាយដែលធ្វើឱ្យរាស្ត្រធុញទ្រាន់។
កន្លងមក អ្នកនាំពាក្យបក្សកាន់អំណាច តែងលើកឡើងថា “នៅកម្ពុជា គ្មានជម្លោះនយោបាយទេ… គ្មានអ្នកទោសនយោបាយ ទេ គឺមានតែអ្នកនយោបាយជាប់ទោស…” ចំណែកអ្នកនាំពាក្យបក្សប្រឆាំង តែងប្រកាសថា ពួកគាត់ “រងការគាបសង្កត់ផ្នែក នយោបាយ… អភ័យឯកសិទ្ធិសភារងការរំលោភបំពាន… តុលាការជាអាយ៉ងអ្នកនយោបាយ…” ដូច្នេះ ការឆ្លើយឆ្លងគ្នានេះ អាចស្របនឹង “លេញលេងដៀលថា បាត់ឥរិយាគាប់” នេះហើយ។ ជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើល នៅត្រង់ គ.ជ.ប បន្ថែម១ថ្ងៃ សម្រាប់ការចុះឈ្មោះបោះឆ្នោត ក៏នៅតែបាត់មនុស្សរាប់លាននាក់ ពិតជាមិនធម្មតាឡើយ ហើយបើទោះជាបន្ថែម១០ថ្ងៃទៀត ក៏នៅតែបាត់ដដែលហ្នឹង ព្រោះមនុស្សមិនចង់ទៅ ទោះជាទាញដៃបង្ខំយ៉ាងណា ក៏គាត់មិនទៅ តែបើគាត់ចង់ទៅ មិនចាំបាច់ ទាញទេ ឬថា “ទាញមិនឈ្នះទៅ”។
ទោះជាបានដឹងថា ចំនួនអ្នកចុះឈ្មោះបាត់ប្រមាណ២០ភាគរយក្តី ក៏សហគមន៍អឺរ៉ុប តាមរយៈអង្គការ ណូភ្សឿ បានផ្តល់ ជំនួយ សម្រាប់តែការចុះឈ្មោះបោះឆ្នោត ចំនួន៥ ៤០០ ០០០ដុល្លារអាមេរិក ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាឆ្នាំ២០១៧ ខាងមុខនេះ ដោយគិតទាំងសម្ភារៈបរិក្ខារផ្សេងៗ។ ធម្មតាអ្នកផ្តល់ជំនួយ គឺគេដឹងតែជួយ ដោយមិនគិតពីរឿងបាត់ចំនួនអ្នក ចុះឈ្មោះបោះឆ្នោតនោះទេ ប៉ុន្តែ គ.ជ.ប ជាអ្នកទទួលខុសត្រូវលើការបង្ហាញទិន្នន័យ ឬចំនួនមនុស្សសរុប ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។
ជាការគួរឱ្យសោកស្តាយណាស់ ដែលប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបោះឆ្នោតដល់ទៅ៩លាន៦សែននាក់ បែរជាបាត់ប្រមាណ ២០ភាគរយបែបនេះ តើអ្នកណាទទួលខុសត្រូវ? គេមិនត្រូវគិតរាក់ៗថា ៧លាននាក់ ក៏បោះឆ្នោតកើត…៥លាននាក់ ក៏ បោះឆ្នោតបាន… នោះទេ។ នៅសហរដ្ឋអាមេរិក ក៏មានបាត់ចំនួនអ្នកបោះឆ្នោតដែរ ដែលភាគច្រើនគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន។ អ្នកបោះឆ្នោតមានឈ្មោះក្នុងកុំព្យូទ័រ គ្រាន់តែពួកគេមិនបានទៅបោះ ដោយសង្ឃឹមថា លោកស្រីហ៊ីលឡារី គ្លីនតុន គង់តែឈ្នះ ព្រោះតាមការស្ទាបស្ទង់មតិមុនពេលបោះឆ្នោត គេដឹងថា លោកស្រីនាំមុខ។ លុះប្រកាសលទ្ធផលបោះឆ្នោត បង្ហាញថា លោកដូណាល់ ត្រាំ ឈ្នះឆ្នោត ក៏ស្រាប់តែអ្នកគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន ដែលភាគច្រើនមិនបានទៅបោះឆ្នោត កើតទុក្ខមិនសុខចិត្ត នាំគ្នាតវ៉ាគគ្រឹកគគ្រេង ពិបាកដល់ប៉ូលិសអាមេរិក ក្នុងការទប់ស្កាត់ ព្រោះប៉ូលិសគេអព្យាក្រឹត មិនកាន់ ជើងលោកស្រីគ្លីនតុន ខាងបក្សកាន់អំណាចនោះទេ។
ចំណែករឿងខ្មែរវិញ បើអ្នកមិនបានចុះឈ្មោះបោះឆ្នោត ដេកចាំស្តាប់លទ្ធផលបោះឆ្នោត ដឹងថាគណបក្សដែលពួកគាត់ គាំទ្រចាញ់គេ ស្រាប់តែកើតទុក្ខមិនសុខចិត្ត នាំគ្នាតវ៉ានោះ ច្បាស់ជាសមត្ថកិច្ចទប់ស្កាត់ នាំផលវិបាកដល់សង្គមមិនខានឡើយ។ ការធ្វេសប្រហែសមិនយកចិត្តទុកដាក់ចំពោះកាតព្វកិច្ចពលរដ្ឋ គឺជារឿងបុគ្គល ដែលជួនកាលបុគ្គលនោះស្រវឹងស្រារាល់ថ្ងៃ ភ្លេចទៅចុះឈ្មោះក៏សឹងមាន។ ការបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ឈ្មោះថាបាត់យស ក៏ដូចជាបាត់ទានសីល ឯកំហឹងបុគ្គល ដែលខឹងអ្នកនយោបាយឈ្លោះគ្នា ស្រាប់តែខ្លួនឯងមិនរវល់ទៅចុះឈ្មោះបោះឆ្នោត នឹងនាំឱ្យបាត់ប្រាជ្ញា បាត់បុណ្យនេះឯង វាប្រទាក់គ្នាពីមួយទៅមួយ។
សរុបទៅ ព្រះរាជបណ្តាំអតីតព្រះមហាក្សត្រខ្មែរថា “បាត់យសដ្បិតខ្ជិល បាត់ញាណទានសីល ដ្បិតសេពសុរា ប្រមាទ បាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា បាត់ឥរិយាគាប់” មានន័យយ៉ាងនេះឯង។ ការបាត់ចំនួនប្រជាពលរដ្ឋរាប់លាន នាក់ មិនបានទៅចុះឈ្មោះបោះឆ្នោត គួរតែអ្នកនយោបាយគ្រប់និន្នាការទទួលខុសត្រូវខ្លះទើបសម ព្រោះថា ទោះជា គ.ជ.ប ឱ្យ “ថែម១ថ្ងៃ នៅតែបាត់…” គឺមកពីប្រជាពលរដ្ឋដែលបាត់នោះ ធុញទ្រាន់នឹងអ្នកនយោបាយឆ្លើយឆ្លងគ្នាឡើងសង្កៀរត្រចៀក នេះឯង។ ប្រជាជនកម្ពុជា មានចំនួនប្រមាណជាង១៥លាននាក់ លុះទៅបោះឆ្នោតបានត្រឹម៨លាននាក់នោះ ជារឿងគួរឱ្យ ស្តាយណាស់ ត្រូវតែមានការកែលម្អពីករណីនេះផង ចៀសវាងអ្នកនយោបាយនិយាយថា ៥លាននាក់ ក៏អាចបោះឆ្នោតបាននោះ ខ្មាសគេណាស់៕
ដោយ ៖ អាចារ្យថាំ