រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃចន្ទថាការចរចាសន្តិភាពជាមួយអ៊ុយក្រែន អាចនឹងបន្តតែលោកបានព្រមានថាអាចមាន គ្រោះថ្នាក់ពិតប្រាកដនៃសង្គ្រាមលោកលើកទី៣។នេះមិនមែនជាលើកទីមួយទេដែលរុស្ស៊ីព្រមានបែបនេះ។ការព្រមានជាថ្មីនេះបានកើតឡើងស្របពេលដែលសម្ព័ន្ធមិត្តអាមេរិកកំពុងជួបប្រជុំគ្នានៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងការផ្តល់សព្វាវុធទៅអោយអ៊ុយក្រែនបន្ថែមទៀត។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី លោកបានរិះគន់វិធីសាស្រ្តរបស់ទីក្រុងគៀវក្នុងកិច្ចចរចា ដោយបន្ថែមថា សុច្ឆន្ទៈនៃការចរចាមានដែនកំណត់។ ប្រសិនបើមិនមានការធ្វើសម្បទានគ្នាទៅវិញទៅមកទេវានឹងមិនជួយដល់ដំណើរការចរចាទេ។ លោកLavrov បានចោទប្រកាន់អតីតតារាសម្តែង ហ្សេឡិនស្គីថា ធ្វើពុត ដើម្បីចរចា។លោកបានបន្ថែមថា៖ «គាត់ជាតារាសម្ដែងដ៏ល្អម្នាក់។
ជាមួយគ្នានេះដែរលោក Lavrov បាននិយាយថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរឥឡូវនេះគឺ សំខាន់ខ្លាំងណាស់។ខ្ញុំមិនចង់ឱ្យវាកើតឡើងទេប៉ុន្តែមានមនុស្សជាច្រើន(អឺរ៉ុប)ដែលចង់បានវា។ គ្រោះថ្នាក់គឺធ្ងន់ធ្ងរណាស់។ វាមិនអាចមើលស្រាលបានទេ។
ទីក្រុងមូស្គូជឿថាជម្លោះបែបនេះគឺ មិនអាចទទួលយកបានប៉ុន្តែមិនមែនមានន័យថាវាមិនអាចទៅរួចនោះទេដោយសារភាពតានតឹងកើនកំពុងកើនឡើងលើអ៊ុយក្រែន។
ប្រធានUNៈ យើងចង់ឲ្យរុស្ស៊ីបញ្ចប់សង្គ្រាម
ថ្លែងនៅពេលចាប់ផ្តើមកិច្ចចរចាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergei Lavrovអគ្គលេខាធិការអង្គការ
សហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។លោកនឹងជួបជាមួយប្រធានាធិបតីវ៉្លាឌីមៀពូទីនបន្តទៀតនៅថ្ងៃនេះដែរដោយនិយាយថា លោកចង់ជួយបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនា បទឈប់បាញ់ និងទីបំផុត គឺសន្តិភាព។
លោកបានបន្តថាយើងត្រូវការបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អាល្លឺម៉ង់ត្រៀមបញ្ជូនរថក្រោះប្រឆាំងយន្តហោះទៅអ៊ុយក្រែន

រដ្ឋាភិបាលអាល្លឺម៉ង់គ្រោងនឹងបញ្ជូនរថក្រោះប្រឆាំងយន្តហោះចល័តទៅកាន់អ៊ុយក្រែន។ប្រព័ន្ធកាំភ្លើងភ្លោះ Gepard បានដំណើរការជាមួយកងទ័ពអាល្លឺម៉ង់តាំងពីទសវត្សរ៍ឆ្នាំ 1970 ហើយត្រូវបានដាក់នៅលើតួរថក្រោះ Leopard ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Christine Lambrecht ត្រូវបានគេរំពឹងថានឹងផ្តល់ព័ត៌មានលម្អិតនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិលោកខាងលិចនៅថ្ងៃអង្គារនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់។
រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានគេចោទប្រកាន់ពីបទពន្យារពេលការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ផ្ទុយពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសជិតខាងអឺរ៉ុបខាងកើតរបស់អ៊ុយក្រែន៕