Thursday, September 19, 2024
Homeសន្ដិសុខសង្គមចេញក្បួនចាស់ ខ្មាសរាស្ត្រ

ចេញក្បួនចាស់ ខ្មាសរាស្ត្រ

ដោយ អាចារ្យថាំ

តាមការកត់សម្គាល់ ឱ្យតែដល់រដូវឃោសនាបោះឆ្នោតម្តងៗ អ្នកនយោបាយ ឬបេក្ខជនតំណាងរាស្ត្រ មេឃុំ ចៅសង្កាត់ ចេញក្បួន “សំពះរាស្ត្រ និងចែកអំណោយ” ក្លាយជាវប្បធម៌ទៅហើយ។

អំណោយទាំងនោះ មានដូចជា លុយកាក់ សារុង ក្រមា ប៊ីចេង ថ្នាំពេទ្យ រហូតដល់អាវជជុះ ឃើញគេយកទៅចែកក្នុងវត្ត ដោយឱ្យប្រជាពលរដ្ឋ អង្គុយ តម្រៀបជួរ រង់ចាំទទួលអំណោយ។ ឯអ្នកចែកអំណោយ សុភាពរាបសាណាស់ គាត់ញញឹមស្ញេញរហូត លើកដៃសំពះអត់ដកទេ។

នេះជាក្បួនចាស់ដែលគ្រប់គណបក្សទាំងធំ ទាំងតូច យកមកប្រើក្នុងការ ស្ទូចបេះដូងប្រជារាស្ត្រ យកសន្លឹកឆ្នោត និងឃើញថា បក្សកាន់អំណាច ជភភ “ប្រសប់ជាងគេ” ក៏ឈ្នះឆ្នោតគ្រប់អាណត្តិ។

ឥឡូវបើគ្រប់គណបក្ស “យកក្បួនចាស់នេះមកប្រើ ខ្មាសរាស្ត្រហើយ!” សូម មេត្តាកែលម្អផង ដោយហេតុថា ជីវភាពប្រជារាស្ត្រខ្មែរសម័យនេះ មិនដូច សម័យអ៊ុនតាក់ ឬសម័យខ្មែរក្រហមអុកឡុកនោះទេ។ ប្រជារាស្ត្រតាំងពីក្រុង ដល់ ស្រែ ទៅមើលចុះ! ផ្ទះណាក៏មានម៉ូតូ ឬរថយន្តប្រើប្រាស់ដែរ និងកាន់ទូរស័ព្ទ ទំនើបស្ទើរគ្រប់ដៃ។

ក្រមុំៗស្លៀកតែខោខូវប៊ុយណែនប៉ែស អត់ចូលចិត្តស្លៀកសារុងនោះទេ បើ បក្សណាយកសារុងទៅចែក ពួកនាងមិនត្រេកអរប៉ុន្មានឡើយ តែបើគេឱ្យ ក៏ យកទៅ។

ការចែកលុយម្នាក់ ១ម៉ឺនរៀល អង្វរសុំសន្លឹកឆ្នោត ក៏ពិបាកយកភ្នែកមើល ដែរ ព្រោះរាស្ត្រសម័យនេះ ភាគច្រើនសល់លុយរាប់លានរៀល ខ្លះទៀត លុយ ១ម៉ឺនរៀលនោះ គាត់ទិញស្រាបៀរផឹក ១ពេល មិនគ្រប់ផង។ ខ្លះទៀត “ចាក់ កន្ទុយលេខ” ម្តងៗអស់ ៤-៥ម៉ឺនរៀល បើសិនជាឈ្នះ ក៏បានលុយរាប់សែនរៀល អ៊ីចឹងបើគេយក ១ម៉ឺន ទៅចែកអំណោយនោះ គាត់មិនត្រេកអរទេ តែបើជូន ១លានរៀល ទើបត្រេកអរ។

បើចែកក្រមា ១ តម្លៃជាង២០០០រៀលនោះ តើរាស្ត្រឯណាត្រេកអរទៅ? បើពីរពាន់រៀល គាត់លក់តែត្រកួនក្រោយផ្ទះ ក៏បានយ៉ាងងាយ។ បើចែកអាវ ជជុះ ក៏រឹតតែយ៉ាប់មែនទែន ព្រោះអាវជជុះសព្វថ្ងៃ គេលែងសូវពាក់ទៅហើយ ដោយទុកវាសម្រាប់តែជូតម៉ាស៊ីនបោះពុម្ព ឬជូតដៃជាងជួសជុលឡាន ម៉ូតូ។ បើ ចែកថ្នាំពេទ្យដូចមុន គាត់មិនចង់បានទេ ព្រោះថ្នាំខ្លះ “ហួសដឺឡេ” ម៉្យាងទៀត ខ្វះអីថ្នាំគេលក់នៅឱសថស្ថាន ចង់ទិញប៉ុន្មានក៏បានដែរ។

និយាយរួម “បើយកក្បួនចែកអំណោយមកប្រើ ខ្មាសរាស្ត្រ!” តែអ្នកនយោ- បាយ ឬបេក្ខជន ក៏គ្មានជម្រើសអ្វីក្រៅពីការចែកអំណោយ ជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង៘

ជាយោបល់របស់ “នគរធំ” បើអ្នកនយោបាយ ឬបេក្ខជន ចង់ចែកអំណោយ ឱ្យរាស្ត្រសប្បាយចិត្ត គួរប្តូរក្បួនចាស់ចេញ ដោយឈប់ចែកសារុង ក្រមា ប៊ីចេង អាវជជុះ ប៉ុន្តែត្រូវកសាងសមិទ្ធផលនានា ជាលក្ខណៈ សមូហភាពវិញ។ ផ្លូវ រទេះក្នុងភូមិ ឬភ្លឺប្រឡាយ ត្រូវអភិវឌ្ឍន៍ជាផ្លូវក្រាលក្រួសក្រហម។ កន្លែងអត់ ទឹកប្រើនៅរដូវប្រាំង ត្រូវជីកស្រះ ជីកអណ្តូង ទាញយកទឹកស្អាតមកប្រើ។ វត្ត អារាមអត្តខាត់ ត្រូវជួយផ្ចុងផ្តើមរៃអង្គាសជួយកសាង និងទំនុកបម្រុងដល់ សមណភេទ។ កន្លែងដែលអ្នកភូមិធ្លាប់ដើរលុយទឹកឆ្លងអូរ បឹងបួ គួរលៃលក ឱ្យទៅជាស្ពានថ្ម សសរត្រង់។

សម្រាប់ជនក្រីក្រ អនាថា ពិការពិកល្យ អាចបន្តជូនអំណោយគាត់ជា គ្រឿងឧបភោគ បរិភោគ កុំឱ្យដាច់ទាន់ ពុំមែនជូនគាត់តែ ១ដង រួចបោះបង់ ចោល ក៏មិនសមដែរ អាចជូនប្រចាំខែ ជារឿងល្អ។

ការលើកឡើងខាងលើនេះ ជាចេតនាដ៏ល្អរបស់ “នគរធំ” ពុំមែនបន្តុះបង្អាប់ នោះទេ ព្រោះក្បួនចាស់ ចែកអំណោយដដែលៗ មិនមើលជីវភាពរាស្ត្រដែល មានឡាន ម៉ូតូ តាំងពីក្រុង ដល់ស្រែ យក ១ម៉ឺនរៀល ទៅជូនគាត់ ឬហុច សារុង ១នោះ មានន័យអ្វីទៅ សូមពិចារណា!!…”

RELATED ARTICLES