Sunday, December 22, 2024
Homeបរិយាយមនុស្សសន្សំរឿង

មនុស្សសន្សំរឿង

ដោយ អាចារ្យថាំ

មិនពិបាកចំណាំចរិតមនុស្សនោះទេ ដោយចាំសង្កេតមើលថា បើមានភ្ញៀវ ណាម្នាក់ មកលេងផ្ទះយើង អង្គុយភ្លាមក៏រើកកាយពីរឿងគេមកប្រាប់ ឬ “និយាយ ដើមគេ” សុទ្ធតែគេនោះអាក្រក់ ឯខ្លួនឯងល្អនោះ មានន័យច្បាស់ក្រឡែត ថា គាត់ ជា “មនុស្សសន្សំរឿង”។

មនុស្សសន្សំរឿង មានជាទូទៅ ទាំងប្រុសទាំងស្រី ចាស់ក្មេង គាត់និយាយ ដៀមដាម បន្តុះបង្អាប់អ្នកដែលគាត់ស្អប់ រួចលើកខ្លួនឯងកប់ពពក បើម្ចាស់ផ្ទះ នោះធ្លោយជឿតាម “ដូចយកជ័រព្នៅត្បៀតក្លៀក”។

ក្នុងនយោបាយ ក៏យ៉ាងនេះដែរ បើអ្នកបម្រើនយោបាយបក្សណាចូលចិត្ត និយាយអាក្រក់ពីគេ តែគេមិនឆ្លើយតប គឺបុគ្គលនិយាយដើមគេហ្នឹងហើយ ជា មនុស្សសន្សំរឿង។ បើគាត់សន្សំរឿង អាចនាំមកនូវជម្លោះ និងការបែកបាក់ សាមគ្គីគ្នា ហេតុនេះបើប៉ះបុគ្គលសន្សំរឿង គួរ “មនុស្សល្អចៀសឱ្យឆ្ងាយ”។

សព្វថ្ងៃ បុគ្គលនយោបាយខ្លះ រៀនដល់បណ្ឌិត ប៉ុន្តែគាត់អត់ស្គាល់តម្លៃបណ្ឌិត ដែលត្រូវ “កាន់សុចរិតធម៌ ១០ប្រការ” នោះទេ ដឹងតែវាយប្រហារ ដៀមដាម អុជអាលគ្នា។

ពួកប្រឆាំងទាំងពីរក្រុមនោះ ក៏មិនធម្មតាដែរ ពួកគាត់យកបណ្តាញសង្គម ហ្វេសប៊ុក-យូធូប ធ្វើជាវេទិកាជម្លោះ។ ក្រុមសហការីលោកកឹម សុខា មួយចំនួន ព្រួតគ្នាវាយប្រហារចៅហ្វាយសម រង្ស៊ី និងពួកភ្លើងទៀន។ រីឯក្រុមសហការី លោកសម រង្ស៊ី មួយចំនួននោះ ក៏ព្រួតគ្នាវាយប្រហារបំផ្លាញកិត្តិយសលោក កឹម សុខា ពាក់ព័ន្ធរឿងស្រីញីជាដើម។ ចំណែកអ្នកនយោបាយខ្លះ ចេះរៀបចំ ខ្លួនបានល្អណាស់ ដូចលោកសម រង្ស៊ី មិនដែលឆ្លើយតបអតីតកូនចៅ ដែលជេរ ដៀមដាមគាត់។ លោកកឹម សុខា ក៏រក្សាឥរិយាបថថ្លៃថ្នូរ មិនតបតទៅអ្នកជេរ ប្រមាថគាត់។

ដោយឡែកលោកអ៊ូ ច័ន្ទរ័ត្ន, ប៉ុល ហំម, ជីវ កត្តា, រៀល ខេមរិន្ទ្រ៘ ក៏ ចេះសង្រួមកាយវាចាចិត្តបានល្អដែរ ព្រោះពួកគាត់មិនរវល់សន្សំរឿង។ លោក ថាច់ សេដ្ឋា, ទាវ វណ្ណុល, សុន ឆ័យ ក៏ចេះរក្សាភាពស្អាតស្អំ ប្រកបដោយ សុជីវធម៌ មិនឆ្លើយឆ្លងជាមួយអ្នករិះគន់ពួកគាត់។

ផ្ទុយទៅវិញ អស់លោក លោកស្រីមួយចំនួន (មិនបាច់ប្រាប់ឈ្មោះ) អួត ខ្លួនថា “មិនបែកពីសង្គ្រោះជាតិ” ប៉ុន្តែពួកគាត់ប្រឹងខ្លាំងណាស់ក្នុងការជេរប្រទេច អ្នកគាំទ្រសង្គ្រោះជាតិ ដូចគ្នា ដោយលាបពណ៌ថា “ក្បត់គ្នាទៅបម្រើ ជភភ”។

ត្រង់ហ្នឹងហើយដែលហៅថា “មនុស្សសន្សំរឿង” ព្រោះមួយថ្ងៃៗគាត់អត់ គិតពីផ្លូវសាមគ្គីភាព ទប់ទល់នឹងការបែកបាក់នោះទេ បែរជាប្រឹងខាំគ្នាទៅវិញ។

ដោយឡែកអ្នកគាំទ្របក្សកាន់អំណាច (ជភភ) ក៏មានមួយចំនួននៅមិនសុខ មិនសាប់ ប្រឹងសន្សំរឿងដែរ។ គាត់ជេរពួកប្រឆាំងមិនស្កប់ស្កល់ ក៏ប្រឹងវិភាគ រឿងរុស្ស៊ី-អ៊ុយក្រែន ឯណោះទៀត ដោយចង់ឱ្យគេសរសើរថា គាត់គ្រាន់បើ។

“មនុស្សសន្សំរឿង” មិនខុសពីកង្កែប ត្រូវភ្លៀងធ្លាក់ពេញវាល ក៏ស្រែក អូក! អូក! ឮដល់អ្នកស្រុក ចេញទៅឆ្លុះ ចាប់បានយកទៅឆាខ្ញី។ បើកុំ អូក! អូក! ក៏អត់អីដែរ ដូច្នេះមនុស្សសន្សំរឿង “ងាប់ពីព្រោះមាត់”…”

RELATED ARTICLES