ដោយ អាចារ្យថាំ
ចំណាំមើលឱ្យតែដល់រដូវកាលបោះឆ្នោតម្តងៗ មន្ត្រីបក្សកាន់អំណាចថ្នាក់ក្រោមប្រឹងខ្លាំងណាស់ ក្នុងការអូសទាញ អ្នកគាំទ្របក្សប្រឆាំងឱ្យចុះចូល ដែលពីមុនគេហៅថា “ចលនាខ្មាំង” ពោលគឺអ្នកចុះចូលនោះ មកពីតំបន់ខ្មាំង។ បើពិចារណា ឱ្យហ្មត់ចត់មែនទែនទៅ នេះជា “ល្បិចដោះខ្លួន” របស់មន្ត្រីស្រុក ឃុំ ភូមិ សោះ តែស្មានថាគាត់ខ្លាំង។ ល្បិចនេះ មកពីថ្នាក់-ក្រោមខ្សោយ បណ្តោយឱ្យមូលដ្ឋានគាត់ “មានខ្មាំងច្រើន” ខ្លាចថ្នាក់លើស្តីបន្ទោស ក៏ប្រឹងប្រែងលាងខ្លួន ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ល្បិចដោះខ្លួន” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ឱ្យតែដល់រដូវឃោសនាបោះឆ្នោតជ្រើសតំណាងរាស្ត្រ ឬក្រុមប្រឹក្សាឃុំ-សង្កាត់ម្តងៗ បណ្តាញព័ត៌មានចេញពីរដ្ឋា-ភិបាល ឬបក្សកាន់អំណាច តែងថតបង្ហាញពី “ការចុះចូល ជភភ” ដែលបញ្ជូនព័ត៌មានចេញពីមូលដ្ឋាន។ ដូចប៉ុន្មានថ្ងៃមុន មានស្រុកមួយនោះ បានផ្តល់ព័ត៌មានលឿនរហ័សថា “មានពួកភ្លើងទៀន ៧៨រូប ចុះចូល ជភភ” ដែលការបង្ហាញនេះ មិន ខុសពីអាណត្តិមុនៗ។
“នគរធំ” បានកត់ត្រាទុកច្បាស់ណាស់ កាលបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ (មុនរំលាយ ជណភ្រ) មានអ្នកគាំទ្រ ជណភ្រ នៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ចំនួន២០០នាក់ចុះចូល ជភភ។ រីឯឃុំក្រយា និងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក៏មានអ្នកចុះចូលចំនួន ៣១៤នាក់ ឯពួកចុះចូលនោះបានទាំង “ដុតអាវ ជណភ្រ” ថតបង្ហាញ ជាមួយនឹងការប្តេជ្ញាចិត្ត ឈប់ជឿសម រង្ស៊ី-កឹម សុខា។ យើងបានកត់ត្រាទុក បានទាំងចុះផ្សាយ និងចង់ដឹងលទ្ធផលថា ឃុំ ដែលពួកប្រឆាំងចុះចូលនោះ មានស្ថានភាពបែបណា បានជាមានចលនាចុះចូលខុសពីឃុំ-សង្កាត់ឯទៀត?
លុះតាមដានទើបដឹងថា មកពីឃុំទាំងនោះមានមន្ត្រីពុករលួយ សមគំនិតជាមួយឈ្មួញកាប់ឈើលក់ ជាហេតុនាំឱ្យ ប្រជាពលរដ្ឋអាក់អន់ស្រពន់ចិត្ត ក៏ថយជំនឿពី ជភភ លុះសម រង្ស៊ី កឹម សុខា ដាក់គោលការណ៍ ចិញ្ចឹមពលរដ្ឋចាស់ជរា ពី អាយុ៦០ឆ្នាំឡើង ជូនប្រាក់១ខែ ៤ម៉ឺនរៀល និងទម្លាក់ថវិកាជាតិ ២០ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ដល់ឃុំ-សង្កាត់នានាមក ស្រាប់តែ ពួកប្រឆាំងកើតកូនកើតចៅច្រើនទៅៗ។ លុះដឹងថា មូលដ្ឋានខ្លួនចុះខ្សោយ ឬឃុំជាប់ព្រៃឈើស្រោងនោះ បក្សប្រឆាំង អូសទាញបាន ឯមេឃុំខ្លាចចាញ់ឆ្នោត ក៏ប្រឹងប្រែងអូសទាញមកវិញ។ លុះបោះឆ្នោត ចេញលទ្ធផលប្រដមប្រសងគ្នា ឬក៏ មានឃុំខ្លះ “ចាញ់ ជណភ្រ” ជាក់ស្តែងឃើញបានកៅអីសរុបដល់ទៅ ៥០០៧ឯណោះ។
ត្រង់ហ្នឹងហើយដែលហៅថា “ល្បិចដោះខ្លួន” ព្រោះមន្ត្រីឃុំ-ស្រុក ខ្លាចថ្នាក់លើដកបុណ្យស័ក្តិ ឬស្តីបន្ទោសដែលខ្លួន បណ្តែតបណ្តោយឱ្យពលរដ្ឋ ងាកទៅចូលបក្សប្រឆាំង ទាល់តែប្រឹងទាញមកវិញ។ សូមរំព្ញកថា ក្រោយរបបប៉ុល ពត ដួលរលំ ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ “ប្រមាណ៩៥% គាំទ្រគណបក្សប្រជាជន” ជាពិសេស គោរពស្រលាញ់សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេចហ៊ុន សែន ដោយតម្កល់ទុកសម្តេចទាំង៣ ជាឪពុកម្តាយទី២ បានផ្តល់កំណើតឱ្យខ្លួន។
លុះមានអំពើពុករលួយ បក្ខពួកកើតឡើងក្នុងជួរមន្ត្រីមូលដ្ឋាន ដែលមេឃុំខ្លះ រដ្ឋចាត់ឱ្យចែកដីស្រែជូនរាស្ត្រ គាត់ដើរ ខ្សែលើ កាត់យកដីពីគ្រប់ភូមិ ធ្វើឱ្យរាស្ត្រខឹងសម្បា លាក់គំនុំ លុះហ៊្វុនស៊ិនប៉ិច ឃោសនាអូសទាញកាលពីអាណត្តិទី១នោះ គណបក្សប្រជាជន ចាញ់ឆ្នោត ព្រោះតែថ្នាក់ក្រោមហ្នឹង។
ឥឡូវអ៊ីចឹងទៀតហើយ ទោះបីជាបក្សសង្គ្រោះជាតិ (ជណភ្រ) រលំរលាយ ក៏លេចចេញជា “បក្សភ្លើងទៀន” មកជំនួស ម្តង ខណៈដែលចំហាយប្រឆាំង មិនទាន់បាត់ក្តៅ។ ដោយខឹងសម្បាចៅហ្វាយស្រុក មេឃុំ-ចៅសង្កាត់ខ្លះ ពុករលួយ លួចយក ដីរដ្ឋ សមគំនិតជាមួយឈ្មួញទុច្ចរិត ក៏មានពលរដ្ឋដែលធ្លាប់គាំទ្រ ជណភ្រ ងាកទៅរួមគ្នា “ដុតភ្លើងទៀន” ម្តងវិញ។ ដូច្នេះ មន្ត្រី ជភភ នៅមូលដ្ឋានភ័យខ្លាចថ្នាក់លើដកបុណ្យស័ក្តិ ក៏ “ចេញស្នៀតចាស់ដដែលៗ” ដោយធ្វើការអូសទាញពួកប្រឆាំង ឱ្យ ចុះចូលតាមក្បាច់ “ឱ្យរបស់ ស្រណោះដៃ” ដែលជា “ល្បិចដោះខ្លួន” សោះ។
សម័យសង្គមរាស្ត្រនិយម មន្ត្រីស្រុកសំឡូត សមគំនិតជាមួយនាយទាហាន ចុះទិញស្រូវថោកៗ កិនជាអង្កររត់ពន្ធទៅ លក់ឱ្យពួកយៀកកុង ដែលកំពុងធ្វើសង្គ្រាមជាមួយរបបក្រុងព្រៃនគរ ដែលមានអាមេរិក នៅពីក្រោយ។ ប្រជារាស្ត្រស្រុក សំឡូត ក្តៅក្រហាយ ក៏ចុះចូលខ្មែរក្រហម ខ្មែរសេរី ធ្វើឱ្យមានការបង្ក្រាបបង្ហូរឈាម លុះមានការរិះគន់ពេក ទើបមាន “ចលនាខ្មាំង” អូសទាញអ្នកស្រុកដែលរត់ចូលព្រៃ ឱ្យមករួមរស់ក្នុងសង្គមជាតិវិញ។
សម័យពួកឧទ្ទាមខ្មែរក្រហម អុកឡុក នាទសវត្សឆ្នាំ១៩៨០ ក៏មាន “ចលនាខ្មាំង” យ៉ាងនេះដែរ ព្រោះមូលដ្ឋានខ្លះមាន មន្ត្រីពុករលួយ ធ្វើឱ្យប្រជារាស្ត្រស្អប់ ក៏រត់ទៅជំរំ ឬចុះចូលខ្មែរក្រហម។ លុះថ្នាក់លើដឹង ទើបថ្នាក់ក្រោមស្ទុះស្ទាអូសទាញ មកវិញ ដែល “នគរធំ” មិនបាច់សរសេរវែងឆ្ងាយ គ្រាន់តែបញ្ជាក់ថា “មកពីគង្វាលគោវាយធ្វើបាបគោពេក ទើបហ្វូងគោ រត់ចូលព្រៃ”។
ដូច “នគរធំ” បង្ហាញខាងលើថា ឃុំក្រយា ឃុំសាគ្រាម ជាតំបន់ព្រៃ កាលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ មានពួក ប្រឆាំង ជណភ្រ ចុះចូល ជភភ ៣១៤នាក់ ដល់រាប់សន្លឹកឆ្នោត ប្រដមប្រសងគ្នា ខណៈដែលឃុំខ្លះ ត្រូវ ជណភ្រ ដណ្តើមកៅអី បាន។ ឃុំកុមាររាជា មានអ្នកចុះចូល ២០០នាក់ បានទាំងដុតអាវ ជណភ្រ ចោលខ្ទេច តែទីបំផុត បើកុំតែ “តុលាការរំលាយ ជណភ្រ” ដកហូតកៅអី៥០០៧ ទៅចែកបក្សឯទៀតនោះ ច្បាស់ជាបក្សកាន់អំណាច “សណ្តកប្ញស” មិនខាន ដោយសារតែ មន្ត្រីមូលដ្ឋានមួយចំនួន ធ្វើឱ្យរាស្ត្រស្អប់។ លុះខ្លាចថ្នាក់លើ ដកបញ្ឈរជើង ទើបគាត់ព្យាយាមអូសទាញមកវិញ ដែលតាមពិត ជា “ល្បិចដោះខ្លួន” សោះ។
ករណីវិទ្យុ-ទូរទស្សន៍ ផ្សព្វផ្សាយពីស្រុកមួយនោះ មានពួកភ្លើងទៀន ៧៨នាក់ ចុះចូល ជភភ មិនមែនជារឿងប្លែក នោះទេ គឺវាដដែលៗ បើថ្នាក់លើ ជភភ ភ្លេចប្រុងប្រយ័ត្ន ច្បាស់ជាមន្ត្រីថ្នាក់ក្រោម បំភ័ន្តភ្នែកជញ្ជីងបាន។
សួរថា តើ “ពួកភ្លើងទៀន មកពីណា?” ជាចម្លើយប្រាកដនិយម គឺគ្មានមកពីស្រុកណាឆ្ងាយទេ គាត់នៅភូមិហ្នឹង ឃុំ ហ្នឹង តលា តលួត ឬគិតតាំងពីឆ្នាំ១៩៧៩មក ខ្លះទៀតមានផ្ទះជាប់ផ្សារ ឬជាប់របងផ្ទះមេភូមិ មេឃុំ ជភភ។ លុះមេភូមិ មេឃុំ ធ្វើឱ្យគេស្អប់ ក៏ស្អប់ឆ្លងដល់ ជភភ ទាំងមូល លុះមានបក្សប្រឆាំងឃោសនា ក៏ជឿបក្សប្រឆាំង។ អ្វីៗមកពីគង្វាល កាច ឬមិនឱ្យស្មៅគោស៊ី បានជាគោបោលចូលព្រៃ លុះគង្វាលខ្លាចដង្ខៅរករឿងដេញចេញ ក៏ទៅកៀងគោមកវិញ ដែលមិន ពិបាកយល់។ គោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន “មិនឱ្យវាយគោទេ គឺឱ្យថែបំប៉នស្មៅខ្ចី” តែគង្វាលគោ ធ្វើឱ្យខូចគោលនយោបាយនោះ លុះទឹកដល់ច្រមុះ ឬជិតបោះឆ្នោត ក៏ប្រឹងកៀងពលរដ្ឋប្រឆាំងមកវិញ ជា ល្បិចលាងខ្លួនឱ្យស្អាត។
សរុបទៅ “ល្បិចដោះខ្លួន” លេចចេញជាការអូសទាញពួកប្រឆាំង ឱ្យចុះចូលនោះ សម័យនេះអត់ពួកប្រឆាំង ចេញពីព្រៃ ដូចសម័យនាយទាហានរត់ពន្ធអង្ករ ធ្វើទុក្ខបុកម្នេញពលរដ្ឋ ឬដូចសម័យខ្មែរក្រហមអុកឡុកនោះទេ។ ពួកភ្លើងទៀន មាន លំនៅឋានក្នុងភូមិ ជាប់របងផ្ទះមន្ត្រី ជភភ ហ្នឹង ឯរឿងបែកចិត្តពី ជភភ គឺមកពីមន្ត្រីខិលខូច ពុករលួយ លុះការបោះឆ្នោត កាន់តែកៀក តាំងចេញក្បួនអូសទាញ ចង់ឱ្យថ្នាក់លើសរសើរ ដូច្នេះបើថ្នាក់លើមិនប្រយ័ត្ន អាចចាញ់ល្បិចដោះខ្លួនរបស់ ថ្នាក់ក្រោមខិលខូច…’