Sunday, December 22, 2024
HomeបរិយាយCPP រកគូប្រកួតបានហើយ

CPP រកគូប្រកួតបានហើយ

ដោយ អាចារ្យថាំ

កន្លងមក “នគរធំ” ធ្លាប់លើកឡើងរួចមកហើយថា បក្សកាន់អំណាច (ជភភ) ប្រៀបបាននឹងកីឡាករប្រដាល់ទម្ងន់រុយ ទាល់តែយកកីឡាករទម្ងន់រុយដូចគ្នា មកប្រកួត ទើបវាស៊ីលុយ ឬឈ្នះដោយកិត្តិយស ពុំមែនជ្រើសយកកីឡាករទម្ងន់មូស មកវ៉ៃគ្នាបង្អួតអន្តរជាតិនោះទេ។ ឥឡូវ “ជភភ រកគូប្រកួតបានហើយ គឺបក្សភ្លើងទៀន” ដែលចាត់ទុកជាបក្សប្រឆាំង ខ្លាំងនៅកម្ពុជា ជាប់តំណពូជពីសង្គ្រោះជាតិ (ជណភ្រ) បើប្រកួតគ្នាលើសង្វៀនឃើញថា ល្អមើលមែនទែន ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “គូប្រកួតស្មើទម្ងន់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ជភភ) បានប្រាប់ “នគរធំ” ក៏ដូចផុសសំណេរតាមហ្វេសប៊ុក ថា “សម រង្ស៊ី គឺជាស្ថាបនិកនៃបក្សភ្លើងទៀន = ហើយបច្ចុប្បន្ននៅតែផ្តល់ឱវាទដល់បក្សភ្លើងទៀននេះទៀត នេះជាសម្តី លោកសុន ឆ័យ” អ្នកនាំបក្សដ៏ពូកែនេះ ក៏បានបន្ថែមទៀតថា “ការបង្គាប់បញ្ជាបក្សភ្លើងទៀន = គេធ្វើដោយសម្ងាត់ មិន អាចឱ្យនរណាឮទេ តែគេអាចដឹង?”។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បង្ហាញពីភាពឆ្លាតវៃ ឬភាពក្លាហានរបស់បក្សកាន់អំណាច ដែលមិនខ្លាចចាញ់ ឆ្នោត ទោះបីជាសហការីលោកកឹម សុខា ជាពិសេស លោកមុត ចន្ថា បានបំភ័យ ជភភ ជារឿយៗឱ្យប្រយ័ត្នបក្សភ្លើង-ទៀន ដែលមានលោកសម រង្ស៊ី នៅពីក្រោយ។ លោកមុត ចន្ថា បានទាំងបង្ហាញហេតុផលថា “សម រង្ស៊ី ជាទណ្ឌិត បើ ភ្លើងទៀន ស៊ុមគ្រលុំជាមួយទណ្ឌិត អាចត្រូវរំលាយចោល”។

ទោះបីជាលោកមុត ចន្ថា បំភិតបំភ័យយ៉ាងណា ក៏បក្សកាន់អំណាច ធ្វើមិនដឹងមិនឮ យល់ព្រមឱ្យបក្សភ្លើងទៀន ដែលមានមនុស្សសំខាន់ៗ ៣រូប គឺលោកទាវ វណ្ណុល លោកថាច់ សេដ្ឋា និងលោកសុន ឆ័យ ជាអ្នកដឹកនាំ តែមានការផ្តល់ ឱវាទពីរៀមច្បងសម រង្ស៊ី ចេញពីក្រៅប្រទេស។

ទោះជាដឹងថា ភ្លើងទៀន ជាប់សែប្រឆាំងផ្កាប់មុខ មានពូជពី ជណភ្រ ក៏ក្រសួងមហាផ្ទៃ បានចុះបញ្ជីជាផ្លូវការ មិន រករឿងចាប់ដាក់គុក ដូចលោកសៀម ភ្លុក ត្រៀមបើកបក្សបេះដូងជាតិ។ “ជភភ បើចង់ឈ្នះដោយកិត្តិយស” ត្រូវតែ ក្លាហានទទួលបក្សភ្លើងទៀន ឱ្យប្រកួត គង់តែឈ្នះផុយ ដោយហេតុថា ភ្លើងទៀនប្លុងៗនោះ បើមានខ្យល់បក់ខ្លាំង រលត់ ភ្លឹប ឬបើកាលណាទៀនឆេះដល់គល់ ក៏រលត់ដូចគ្នា ដោយមិនចាំបាច់ផ្លុំពន្លត់ តាមអ្វីដែលសហការីលោកកឹម សុខា បំភ័យ។

លោកសុខ ឥសាន ក៏បានបន្ថែមសំណេរថា “នៅឆ្នាំ២០១៧ ជភភ បានកៅអីមេឃុំ-ចៅសង្កាត់ ជិត១២០០ ឯបក្ស ប្រឆាំង (ជណភ្រ) បានជាង៤០០” ដូច្នេះការបោះឆ្នោតឆ្នាំ២០២២ នេះ ជណភ្រ បែកជា២ទៅហើយ ធ្វើម៉េចបានកៅអី មេឃុំ-ចៅសង្កាត់ ជាង៤០០ដូចមុន? ដោយមិនបាច់និយាយដល់កៅអីជំទប់នោះទេ។

ចំណុចសំខាន់ ជភភ ចង់ផ្លាស់ប្តូរគោលនយោបាយពី “ឯកបក្ស” ទៅ ជាពហុបក្សវិញ ពុំមែនមានន័យថា មិនពហុបក្ស តាមរដ្ឋធម្មនុញ្ញោនាះទេ ប៉ុន្តែ ជភភ កាន់កាប់អាសនៈរដ្ឋសភា ១២៥,១២៥ និងកៅអីមេឃុំ-ចៅសង្កាត់ ស្ទើរទាំងអស់ ដោយ ដកហូតកៅអី ជណ្រភ មកអង្គុយធ្វើឱ្យ ជភភ ឯកបក្ស ឬថា ជំនុំពិភាក្សា អនុម័ត ច្បាប់អ្វីមួយ មានតែតំណាងរាស្ត្រ ជភភ លើកដៃស្រុះគ្នាល្អណាស់ អត់មានសំឡេងជំទាស់ទេ។

ដល់ឯកបក្សពេកទៅ និងគាបសង្កត់សកម្មជនប្រឆាំង មិនឱ្យងើបរួច ឬត្រូវចាប់ដាក់គុកជាបន្តបន្ទាប់នោះ បានដៃ ឯមន្ត្រី ជភភ ខិលខូចលេងល្បិចថ្ពឹនភ្នែកថ្នាក់លើ គឺបើថ្នាក់លើចាត់តាំងឱ្យទៅមើលព្រៃ គាត់លេបព្រៃ ឱ្យទៅមើលភ្នំ លេបភ្នំ ធ្វើឱ្យខូចគោលនយោបាយថ្នាក់លើ។

ដូច្នេះ ជភភ ចាំបាច់ត្រូវតែប្តូរទម្រង់ អនុម័តច្បាប់ដោយលើកដៃព្រោងព្រាតនោះ “ឱ្យមានបក្សជំទាស់ឡើងវិញ” ព្រោះអន្តរជាតិ មិនចូលចិត្តឱ្យកម្ពុជា “ចេញក្បួនដូចចិន យួន កូរ៉េខាងជើង…” ជាប្រទេសកុម្មុយនីស្ត មិនឱ្យមានបក្ស ប្រឆាំងនោះទេ។

ឥឡូវ “ជភភ រកគូប្រកួតបានហើយ” ទោះបីជាបានដឹងយ៉ាងប្រាកដនិយមថា លោកសម រង្ស៊ី ចាំតែផ្តល់ឱវាទដល់ លោកសុន ឆ័យ ថាច់ សេដ្ឋា ទាវ វណ្ណុល ក៏ ជភភ ចាំបាច់ត្រូវតែហៅឡើងសង្វៀនប្រជាធិបតេយ្យ។ ជភភ មិនល្ងង់អី ទៅជឿស្តាប់សហការីលោកកឹម សុខា ព្រមានឱ្យលុបភ្លើងទៀន ពីបញ្ជី ឬផ្លុំពន្លត់ភ្លើងទៀននោះទេ ព្រោះការបិទ ច្រករបៀង ឬ “បិទទ្វារវាយឆ្កែ” គេត្រូវ “បិទទ្វារមុខ ទុកទ្វារក្រោយ ឱ្យឆ្កែចេញ បើពុំនោះទេ ពេលឆ្កែទាល់ច្រក វាខាំ មនុស្ស អត់ស្គាល់ថាជាម្ចាស់វានោះទេ”។

នៅសហរដ្ឋអាមេរិក គេឱ្យមានតែគណបក្ស២ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ចូលប្រកួត ការបោះឆ្នោត ព្រោះទម្ងន់ស្មើគ្នា ក៏បានកាន់អំណាចឆ្លាស់គ្នា។ បើសិនជាអាមេរិក បើកឱ្យមានបក្សរាប់សិបដូចស្រុក ខ្មែរ នឹងចៀសមិនផុតពីសង្គ្រាមស៊ីវិលដណ្តើមអំណាចគ្នា ឬជម្លោះនយោបាយមិនខានឡើយ។ លោកសុខ ឥសាន ថា “សង្គមកម្ពុជា មិនដូចសង្គមអាមេរិក” មិនខុសអ្វីទេ ដោយហេតុថា កម្ពុជា ត្រូវតែមានបក្សរាប់សិប ចូលរួមប្រកួត ចំណែកអាមេរិក គេឱ្យមានតែ២បក្ស ដើម្បីបញ្ចៀសសង្គ្រាមដណ្តើមអំណាចគ្នា។

ទម្លាប់អាក្រក់របស់កម្ពុជា តាំងពីរាជ្យណារាជ្យណីមក បើមានការផ្លាស់ប្តូរអ្នកដឹកនាំប្រទេស ក៏ប្តូររលីង តាំងពី លើដល់ក្រោម ជួនកាលអ្នកថ្មីចាប់អ្នកចាស់យកទៅសម្លាប់ ដូចរបបប៉ុល ពត ជាដើម បោសខ្ទេច។ នៅអាមេរិក បារាំង ជប៉ុន… គេមិនធ្វើយ៉ាងនេះទេ គេប្តូរតែរដ្ឋាភិបាល រីឯមន្ត្រីចាប់ពីអគ្គនាយកតាមក្រសួងនានា ចុះទៅក្រោម គេរក្សា ទុកដដែល។

ករណីបក្សកាន់អំណាច ហ៊ានឱ្យបក្សភ្លើងទៀន ចូលប្រកួត ដោយមិនរវល់ជឿស្តាប់សហការីលោកកឹម សុខា ចាក់ ចង្កេះនោះ ជារឿងត្រឹមត្រូវ ដើម្បីឱ្យមានមតិប្រឆាំងខ្លះ នៅក្នុងរដ្ឋអំណាចមូលដ្ឋាន។ ឧបមាថា មេឃុំ-ចៅសង្កាត់ ជភភ ដែលទទួលបានថវិកាជាតិមកឱបក្តាប់ រួចចង់កសាងផ្លូវលំ ឬស្ពានឆ្លងទឹកអូរ ឬព្រែកស្ទឹង ត្រូវតែសួរ “ជំទប់ភ្លើងទៀន” មិនអាចអត្តនោម័ត ឬសួររំលងដល់ចៅហ្វាយស្រុក ជភភ ដូចគ្នានោះទេ។ រដ្ឋអំណាចមូលដ្ឋានបែបពហុបក្ស នឹងឈានទៅ បង្កើតស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា ព្រឹទ្ធសភា ទៀត ដែលអន្តរជាតិ ចង់បានបំផុត ដើម្បីផ្តល់ជំនួយឱ្យកម្ពុជា យកទៅកសាង ហេដ្ឋារចនាសម្ព័ន្ធ។

សរុបទៅ “ជភភ រកគូប្រកួតបានហើយ” ជាឥរិយាបថដ៏ឧត្តមឈានទៅឯកភាពជាតិ។ បើមានបក្សប្រឆាំងក្នុងរដ្ឋអំណាច ធ្វើឱ្យជម្លោះនយោបាយស្ងប់ស្ងាត់បន្តិចម្តងៗ លែងសូវមានអ្នកជេរគ្នាតាមបណ្តាញសង្គមដូចពេលនេះទៀត។ និយាយរួម ជភភ ដើរតាមផ្លូវត្រូវ នៅត្រង់រកគូប្រកួតតាមការចង់បានរបស់មជ្ឈដ្ឋានពួកប្រឆាំង និងអន្តរជាតិ ម្ចាស់ជំនួយនេះឯង…’

RELATED ARTICLES