Friday, March 29, 2024
Homeសេដ្ឋកិច្ចជាតិមេគយថា ឱសានវាទបង់ពន្ធរថយន្តគ្មានពន្ធ និងចង្កូតស្ដាំ សល់តែជាង៥០ថ្ងៃទៀតទេ

មេគយថា ឱសានវាទបង់ពន្ធរថយន្តគ្មានពន្ធ និងចង្កូតស្ដាំ សល់តែជាង៥០ថ្ងៃទៀតទេ

ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងចុះបង្ក្រាបរថយន្តគ្មានពន្ធកាន់តែខ្លាំង ក្រោយផុតឱសានវាទជាង ៥០ថ្ងៃទៀត ខណៈរថយន្ដចង្កូតស្ដាំ បង្ក្រាបបាន នឹងកម្ទេចចោល។

លោក គុណ ញឹម បានបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ដែលរៀបចំធ្វើឡើងនាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

លោក គុណ ញឹម បញ្ជាក់ថា ឱសានវាទចុងក្រោយនៃយុទ្ធនាការប្រមូលពន្ធអាករលើរថយន្ដមានស្រាប់នៅក្នុងប្រទេស ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពុំមានសិទ្ធទទួលបង់ពន្ធរថយន្ដមានស្រាប់ក្នុងប្រទេសនោះទេ តួនាទីដ៏សំខាន់ គឺការចុះបង្ក្រាប។

លោក គុណ ញឹម បានបញ្ជាក់ថា «ករណីដែលរថយន្ដគ្មានពន្ធ បង្ក្រាបបានក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺរថយន្ដចង្កួតឆ្វេង ត្រូវទទួលរងនូវការបង់ពន្ធអាករ តាមច្បាប់ជាធរមាន និងបង់ពិន័យ ដោយឡែករថយន្ដចង្កួតស្ដាំ នឹងត្រូវដោះបំណែកទៅជាគ្រឿងបំណែករថយន្ដ និងមួយទៀត គឺអាចកម្ទេចចោលតែម្ដង»។

លោក គុណ ញឹម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពុំមានសិទ្ធិទទួលបង់ពន្ធរថយន្ដមានស្រាប់ក្នុងប្រទេសនោះទេ តួនាទីដ៏សំខាន់ គឺការចុះបង្ក្រាប ដោយមិនត្រឹមតែរថយន្ដទេ គឺយានយន្ដ និងទំនិញគ្មានពន្ធដទៃទៀត មាននៅក្នុងប្រទេស ដែលលួចនាំចូល។

លោក គុណ ញឹម បានបន្ថែមថា ករណីដែលរថយន្ដគ្មានពន្ធ បង្ក្រាបបានក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺរថយន្ដចង្កួតឆ្វេង ត្រូវទទួលរងនូវការបង់ពន្ធអាករ តាមច្បាប់ជាធរមានផង និងបង់ពិន័យថែមទៀត។ ដោយឡែករថយន្ដចង្កួតស្ដាំ នៅពេលដែលបង្ក្រាបបាន នឹងត្រូវដោះបំណែក ដោយបំប្លែងរថយន្ដទៅជាគ្រឿងបំណែករថយន្ដ ពីព្រោះរថយន្ដចង្កួតស្ដាំ គឺជារថយន្ដហាមឃាត់ក្នុងការនាំចូលសម្រាប់ប្រើប្រាស់នៅក្នុងប្រទេស និងមួយទៀត គឺអាចកម្ទេចចោលតែម្ដង។

លោក គុណ ញឹម ក៏បានអំពាវនាវដល់ម្ចាស់រថយន្ដទាំងឡាយដែលនៅមិនទាន់នាំយករថយន្ដរបស់ខ្លួនចូលមកបង់ពន្ធអាករ សូមរួសរាស់មកបំពេញកាតព្វកិច្ចពន្ធអាករ ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលនៅសល់ពេលមិនដល់ ៦០ថ្ងៃទៀតនោះទេ។

សូមបញ្ជាក់ថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធ ចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធអាករ ១០ភាគរយ។ ខណៈរថយន្តចង្កួតស្តាំ (កែចង្កួតរួច បង់ពន្ធ) ទទួលបានការអនុគ្រោះពន្ធ ១០ភាគរយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។  

គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ម្ចាស់រថយន្តគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេងនិងចង្កូតស្តាំ ចំនួនជិត ៧ពាន់គ្រឿង បានចូលខ្លួនបង់ពន្ធ ដែលគិតជាទឹកប្រាក់ ប្រមាណ ៦០លានដុល្លារ៕

RELATED ARTICLES