Sunday, December 22, 2024
Homeបរិយាយនយោបាយកូន មិនដូចឪពុក

នយោបាយកូន មិនដូចឪពុក

ដោយ អាចារ្យថាំ

ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសហ៊្វីលីពីន កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ លទ្ធផលធ្លាក់ទៅលើ លោកហ៊្វែរឌីណង់ ម៉ារកូស (ធរេដិនានដ រាំចៀស ្ញ្រ) ជាកូនបង្កើតរបស់អតីតប្រធានាធិបតីផ្តាច់ការហ៊្វីលីពីន ម៉ារកូស។ ការជាប់ឆ្នោតនេះ ប្រជាជនហ៊្វីលីពីន ចេះពិចារណា ល្អិតល្អន់ណាស់ ក្នុងការផ្តល់តម្លៃថ្នាក់ដឹកនាំប្រទេស ដោយមានទស្សនៈ ភាគច្រើនថា “នយោបាយកូន មិនដូចឪពុក” ដូច្នេះ សម្រាប់កម្ពុជា ក៏យ៉ាងនេះដែរ “កូននិងឪពុក ចិត្តខុសគ្នា” ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អតីតប្រធានាធិបតីផ្តាច់ការ ហ្វែរឌីណង់ ម៉ារកូស មុនដំបូងជាអ្នកដឹកនាំចលនាទ័ពព្រៃ ក្នុងមុខងារជាមេធាវី ប្រកប- ដោយមហិច្ឆតាអំណាច រហូតជាប់ឆ្នោតប្រធានាធិបតីនៅឆ្នាំ១៩៦៥។ លោកដឹកនាំប្រទេសឱ្យមានភាពច្របូកច្របល់ អសន្តិសុខកើតឡើងវិបត្តិសេដ្ឋកិច្ចទប់មិនជាប់ ប៉ុន្តែគ្រួសារលោកសេសសល់ទ្រព្យសម្បត្តិមហាសាល បណ្តាលឱ្យប្រជាជន ហ៊្វីលីពីន ក្តៅក្រហាយ ងាកទៅចូលរួមជាមួយមេប្រឆាំង លោកអាគីណូ។

នៅឆ្នាំ១៩៨៣ ខណៈដែលមេប្រឆាំងអាគីណូ ត្រឡប់ពីរស់នៅនិរទេស ឯទឹកដីសហរដ្ឋអាមេរិក មកដល់ព្រលានយន្ត-ហោះក្រុងម៉ានីល ក៏ត្រូវខ្មាន់កាំភ្លើង មានមុខងារជាទាហានរដ្ឋាភិបាល បាញ់សម្លាប់ ដូចដុតកំហឹងប្រជាជនហ៊្វីលីពីន កាន់តែ ពុះពោរថែមទៀត។

បាតុកម្មដឹកនាំដោយសម្តេចសង្ឃកាតូលិក ហៃមី ការឌីណាល់ ស៊ិន ចាប់ផ្តើមធ្វើសកម្មភាពបណ្តេញប្រធានាធិបតី ផ្តាច់ការ កាន់អំណាចយូរ ដែលមានឈ្មោះថា “បដិវត្តន៍អំណាចប្រជាជន” ផ្ទុះពេញប្រទេស ជំរុញប្រធានាធិបតីនេះ នាំគ្រួសារ រត់ចោលស្រុក នៅខែកុម្ភៈ ឆ្នាំ១៩៨៦។

នៅពេលអ្នកបេះបោរ ចូលឆែកឆេរក្នុងវិមានប្រធានាធិបតី បានរកឃើញគ្រឿងសង្ហារិមថ្លៃៗ ហួសពីកម្រិតបៀវត្ស ប្រធានាធិបតី ដោយហោចទៅ គ្រាន់តែស្បែកជើង និងកាបូបស្ពាយរបស់ភរិយាប្រធានាធិបតី លោកស្រី អ៊ីមែលដា ម៉ារកូស មានរាប់ពាន់ ដាក់គរពេញបន្ទប់ ដោយមិនបាច់និយាយដល់លុយរាប់ពាន់លានដុល្លារ ផ្ញើនៅធនាគារក្រៅប្រទេស។

ក្រោយពេលលោកស្រីអាគីណូ ភរិយាមេប្រឆាំង ជាប់ឆ្នោតប្រធានាធិបតី ទ្រព្យសម្បត្តិលោកម៉ារកូស ត្រូវដកហូត មកវិញ តែមិនបានធ្វើទុក្ខបុកម្នេញដល់កូនចៅលោកម៉ារកូស នោះឡើយ ជាពិសេស អាមេរិក ដែលទទួលយកគ្រួសារ ម៉ារកូស ទៅរស់នៅ ក៏មានភាពធូររលុង។ តាំងពីពេលនោះមក ប្រធានាធិបតីហ៊្វីលីពីន មានច្បាប់កំណត់អាណត្តិត្រឹម ៥ឆ្នាំ ប៉ុណ្ណោះ និងមិនអាចធ្វើបាន ២អាណត្តិ ឬ១០ឆ្នាំ ឯរបបផ្តាច់ការ ក៏លែងមានតទៅទៀត ប៉ុន្តែប្រធានាធិបតី ឌូតឺរតេ ដែល ចេញបញ្ជាឱ្យបាញ់សម្លាប់ឈ្មួញគ្រឿងញៀននោះ មិនទាន់ហៅថា “ផ្តាច់ការ” នោះទេ ខុសពីលោកម៉ារកូស បានបង្កើត “ច្បាប់អាជ្ញាសឹក” គាបសង្កត់បក្សប្រឆាំង។

ឥឡូវកូនប្រុសអតីតប្រធានាធិបតី ម៉ារកូស ជាប់ឆ្នោតភ្លូកទឹកភ្លូកដី ប៉ុន្តែជនជាតិខ្មែរភាគច្រើន មានទស្សនៈថា “ឪខ្លា កូនខ្លា” ច្បាស់ជាកូនប្រុសនេះ ដឹកនាំផ្តាច់ការទៀត។ ផ្ទុយទៅវិញ ប្រជាជនហ៊្វីលីពីន ដែលបោះឆ្នោតឱ្យលោកម៉ារកូស (កូន) យល់ថា “នយោបាយកូន មិនដូចឪពុក” និងនិយាយថា “បេក្ខជនប៉ាកគីអាវ ខ្លាំងតែខាងប្រដាល់ តែចំណេះទាប ឱ្យដឹកនាំប្រទេស មិនកើតទេ”។

បើមានករណីប្រទេសហ៊្វីលីពីន មកប្រៀបធៀបសង្គមកម្ពុជា ឃើញថា ព្រះមហាក្សត្របុរាណ កាន់អំណាចទាំង ៣ ណែន ព្រះហស្ត “មានខ្លាំង មានខ្សោយ” មិនដូចគ្នាទេ។

ឧទាហរណ៍ “ព្រះបាទធរណិន្ទ្រាវរ្ម័នទី២” នៅសម័យអង្គរ (ខ្សោយ) ប៉ុន្តែ “ព្រះបាទជយវរ្ម័នទី៧” ជាព្រះរាជបុត្រខ្លាំង ណាស់។ លុះព្រះបាទជយវរ្ម័នទី៧ សោយទិវង្គតទៅ “ព្រះបាទឥន្ទ្រវរ្ម័នទី១” ជាបុត្រ ខ្សោយបំផុត។

ព្រះបាទអង្គអេង ឡើងសោយរាជ្យនៅសម័យឧដុង្គ ខ្សោយណាស់ កាលនោះស្រុកខ្មែរនៅក្រោមការឱបក្តាប់របស់ ស្តេចសៀម “ព្រះចៅពុទ្ធយ៉តហ្វាចូឡាលោក”។ រីឯ “ព្រះបាទអង្គចន្ទ ទី២ និងក្សត្រីអង្គម៉ី” (បុត្រ និងចៅព្រះអង្គអេង) ក៏ខ្សោយមែនទែន ខណៈដែលប្រទេសខ្មែរធ្លាក់នៅក្រោមអំណាចស្តេចយួនអណ្ណាម “ព្រះចៅមិញម៉ាង និងយ៉ាឡុង”។ លុះ “ព្រះបាទអង្គឌួង” ជារាជសន្តតិវង្ស (បុត្រពៅព្រះអង្គអេង) ឡើងសោយរាជ្យ ខ្លាំងបំផុត ព្រះអង្គបានដឹកនាំប្រទេសឱ្យរួច ផុតពី “រដ្ឋទ្រនាប់របស់សៀម-យួន” ដែលឯកសារប្រវត្តិសាស្ត្រចារទុកយ៉ាងច្បាស់។

ការលើកឡើងដោយត្រួសៗនេះបង្ហាញថា “នយោបាយកូន មិនដូចឪពុក” ពុំមែនមានន័យថា កូនមិនអនុវត្តតាមមាគ៌ា ឪពុកនោះទេ តែមកពី “ធ្វើមិនបាន”។ យើងឃើញហើយ លោកប្រធានាធិបតីលន់ នល់ សល់កូនប្រុសម្នាក់ឈ្មោះលន់ រិទ្ធ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ បានចូលប្រកួតការបោះឆ្នោត “ចាញ់រហូត”។ ចំណុចនេះមិនមែនមកពីបក្សកាន់អំណាច ជភភ ខ្លាំងនោះទេ គឺមកពីលោកលន់ រិទ្ធ ខ្សោយពេក។ សម្តេចបវរសេដ្ឋាធិបតី សឺន សាន អតីតនាយករដ្ឋមន្ត្រី សល់កូនប្រុស ម្នាក់ដែរ គឺលោកសឺន សូប៊ែរ្តិ៍ បានត្រឹមហែហមគេរហូត មិនខ្លាំងដូចឪពុកទេ។

ដោយឡែក ពួកប្រឆាំងមួយចំនួន បានលើកឡើងថា “លោកហ៊ុន ម៉ាណែត បើបានធ្វើនាយករដ្ឋមន្ត្រីនឹងដូចឪពុក” ពាក្យថា ដូចនេះ ពួកគេចង់ផ្តោតទៅលើការបង្ក្រាបបាតុកម្ម កូដកម្ម ឯណោះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទុកឱ្យ អ្នកប្រឆាំងធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គមនោះឡើយ។ ចំណុចនេះ អាចថា លោកហ៊ុន ម៉ាណែត “ជួនកាលអាចបើកឱ្យធ្វើ បាតុកម្មដោយសេរី” ព្រោះលោកបានទៅរៀននៅអាមេរិក ប៉ុន្តែមានច្បាប់កំណត់ឱ្យធ្វើ។

របត់នយោបាយរវាងឪពុកនិងកូន មិនដូចគ្នានៅត្រង់ “ធ្វើមិនបាន” លុះដល់ធ្វើមិនបាន ក៏ប្តូររបៀបធ្វើ ដែលមិនបាច់ ឆ្ងល់។ ដូច “ព្រះបាទអង្គអេង” ព្រះបាទអង្គចន្ទទី២ ក្សត្រីអង្គម៉ី សុទ្ធតែនៅក្រោមអាណានិគមសៀម យួន ប៉ុន្តែព្រះបាទអង្គ ឌួង រើបម្រះរួច ដោយ “ចាប់ដៃបារាំង” ឱ្យធ្វើអន្តរាគមន៍។ ដឹងអី! “ព្រះបាទនរោត្តម ភ្លាត់ស្នៀតត្រូវបារាំង គំរាមឱ្យឡាយ ព្រះហស្តលេខា ដាក់ស្រុកខ្មែរ ក្រោមអាណាព្យាបាលបារាំង៘

តាមពិត “កូនគោរពឪពុក” ចង់ធ្វើឱ្យដូចឪពុកដែរ តែធ្វើមិនបាន ព្រោះសមត្ថភាពមិនដល់ឪពុក។ ជួនកាលឪពុកខ្សោយ បែរជាកូនខ្លាំង ព្រោះមានសមត្ថភាពខ្ពស់ ជាពិសេស បញ្ញាញាណវាងវៃ បន្ថែមពីលើចំណេះដឹងជ្រៅជ្រះ។

សរុបទៅ “នយោបាយកូន មិនដូចឪពុក” ប្រៀបធៀបមេដឹកនាំហ៊្វីលីពីន និងកម្ពុជា មានន័យយ៉ាងនេះឯង។ ម៉ារកូសកូន មិនដូចម៉ារកូសឪពុកទេ ព្រោះគាត់មិនអាចដឹកនាំផ្តាច់ការបានឡើយ។ លោកលី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏មិន ដល់លោកលី ក្វាន់យូ ជាឪពុក ព្រោះកូនធ្វើមិនបានស្មើ។ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបុត្រទាហាននយោបាយ ហ៊ុន ម៉ាណែត ក៏មិនដូចគ្នាដែរ តែ “កូនគោរពធ្វើតាមឪពុក” ដែលជាបរិបទសម្រាប់ទាំងអស់គ្នាពិចារណាតាមគួរ…’

RELATED ARTICLES