ដោយ អាចារ្យថាំ
កន្លងមក ពួកប្រឆាំងដឹកនាំដោយលោកសម រង្ស៊ី ឧស្សាហ៍បន្តុះបង្អាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “មុខដដែលៗ” ក៏ត្រូវសម្តេច វាយបកវិញថា សម រង្ស៊ី ក៏ “មុខដដែលៗដែរ”។ បើយកការរិះគន់គ្នានេះ មកពិចារណា ពិតជាយ៉ាងនេះមែន ព្រោះអ្នកនយោបាយខ្មែរ តាំងពីរាជ្យណារាជ្យណីមក តែប៉ុណ្ណឹង បើមានស្តេចសោយរាជ្យថ្មី តែងមានមេឧទ្ទាមថ្មីកើតឡើង ប្រឆាំងគ្នា ក្លាយជាវប្បធម៌ទៅហើយ ដែល “នគរធំ” ស្រាវជ្រាវឃើញ ក៏លើកពី “អ្នកនយោបាយមុខដដែលៗ” មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។
ឱ្យតែចូលដល់រដូវកាលឃោសនាបោះឆ្នោតម្តងៗ ពួកប្រឆាំងដែលខ្លាំងខាងវោហារសាស្ត្រ ចូលចិត្តបន្តុះបង្អាប់មេដឹកនាំ បក្សកាន់អំណាចថា “ក្រាញអំណាច ឃើញតែមុខដដែលៗ” ពោលគឺពុំត្រឹមតែរិះគន់ប្រមុខ ជភភ តែម្នាក់នោះទេ គេរិះគន់ ដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាអ្នកតស៊ូយូរអង្វែងថា សុទ្ធតែដដែលៗ គ្មានអ្វីដែលថ្មី។ ជាការឆ្លើយតប វិញ ប្រមុខ ជភភ និងសហការីក៏វាយសងវិញថា “សម រង្ស៊ី ក៏មុខដដែលៗ” គាត់ប្រឆាំងតាំងពីអាណត្តិទី១ រហូតដល់សព្វថ្ងៃ នៅតែប្រឆាំងដដែល តែមិនឃើញឈ្នះ។
នេះជាវប្បធម៌ទៅហើយដែលមើលឃើញ “អ្នកនយោបាយមុខដដែលៗ” នោះ សូម្បីពីបុរមបុរាណ ក៏អ្នកនយោបាយ ខ្មែរ សុទ្ធតែមុខដដែលៗ បែបនេះដែរ ដែល “នគរធំ” សូមបង្ហាញដោយត្រួសៗដូចខាងក្រោម ៖
-ព្រះបាទនរោត្តម ៖ នៅពេលឡើងសោយរាជ្យ ក្រោមអំណាចបារាំង ស្រាប់តែ “ព្រះអង្គម្ចាស់ស៊ីវត្ថា” ជាព្រះអនុជ កើតទុក្ខមិនសុខចិត្ត បង្កចលនាបះបោរប្រឆាំងព្រះរៀម។ នៅពេលព្រះអង្គម្ចាស់ស៊ីវត្ថា ថយកម្លាំង ក៏នៅមានសហការី បន្តវេនប្រឆាំង មិនព្រមចុះចាញ់ ដែលពួកឧទ្ទាមទាំងនោះ មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ឃើញតែមុខដដែលៗ ក្នុងនោះមាន “ស្នងសូរ មនោកែវ” ជាដើម សុទ្ធតែជាសហការីរបស់ស្តេចមេឧទ្ទាម។
-សម្តេចឪ ព្រះនរោត្តម សីហនុ ៖ នៅពេលដាក់រាជ្យថ្វាយព្រះបិតារួច ព្រះអង្គចុះមកដឹកនាំចលនាសង្គមរាស្ត្រនិយម ក៏មានមេឧទ្ទាមមុខដដែលៗ ដឹកនាំចលនាប្រឆាំងព្រះអង្គ។ ក្នុងនោះយើងឃើញលោកសឺង ង៉ុកថាញ់ ធ្លាប់ធ្វើនាយករដ្ឋ-មន្ត្រី មុនប្រទេសបានឯករាជ្យ លោករត់ទៅតស៊ូនៅតំបន់ភ្នំដងរែក អស់កាលជាច្រើនឆ្នាំ។ និយាយឱ្យច្បាស់ លោកសឺង ង៉ុកថាញ់ ជាប់ខ្សែរយៈពួកប្រជាធិបតេយ្យ មិនត្រូវធាតុគ្នាជាមួយរបបរាជានិយម ទោះបីជាកងកម្លាំងរដ្ឋាភិបាល បើក យុទ្ធនាការបង្ក្រាបយ៉ាងណា ក៏ខ្មែរសេរី លោកសឺង ង៉ុកថាញ់ បន្តការតស៊ូរហូតដល់ថ្ងៃរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ទើប ឈប់ ពោលគឺនៅពេលសម្តេចឪ អស់អំណាច ចលនាខ្មែរសេរី ក៏ចប់ដែរ ប៉ុន្តែលោកសឺង ង៉ុកថាញ់ ត្រូវបានប្រធានាធិបតី លន់ នល់ ហៅមកអង្គុយកៅអីនាយករដ្ឋមន្ត្រី ជាលើកទី២។
នៅប្រទេសហ៊្វីលីពីន ទោះបីជាមានការបោះឆ្នោតជ្រើសប្រធានាធិបតី ប៉ុន្មាននាក់ទៅហើយក្តី ក៏ចលនា “ឧទ្ទាម អាប៊ូសៃយ៉ាស (បៅុ យ្សាយាថ)” ដែលកាន់សាសនាអ៊ិស្លាម ស្និទ្ធពួកអាយស៊ីស (្សី្សី) ធ្វើសកម្មភាពប្រឆាំងដដែលៗ គឺ មេប្រឆាំងនោះមុខដដែលៗ ដោយចង់ឱ្យប្រទេសហ៊្វីលីពីន កាន់សាសនាអ៊ិស្លាម ខណៈដែលសាសនាគ្រិស្ត ជាសាសនារបស់ រដ្ឋ។ ការផ្ទុះគ្រាប់បែកដៃនៅក្នុងការិយាល័យបោះឆ្នោត កាលពីពេលថ្មីៗនេះ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសនោះ ត្រូវ គេសង្ស័យថា ផ្តើមចេញពីពួកឧទ្ទាមដដែលៗនោះ។
នេះជា “សភាវៈធម្មជាតិ” តាក់តែងមក បើកាលណាមានព្រះមហាក្សត្រថ្មី ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីថ្មី សម្រាប់ ប្រទេសតូចដែលមានពហុបក្ស ចៀសមិនផុតពី “អ្នកនយោបាយមុខដដែលៗ”។
សូម្បីព្រះពុទ្ធ្ធ បរមគ្រូ កាលអន្ទោលក្នុងវាលវដ្តសង្សារ ទោះព្រះអង្គទៅកើតជាមនុស្សឬសត្វ តែងតែត្រូវ “ទេវទត្ត” តាមចងកម្មចងពៀរគ្រប់ៗជាតិ។ ឧទាហរណ៍ កាលព្រះអង្គកើតជា “ព្រះវេស្សន្តរ” កាលនោះ “ទេវទត្ត កើតជាតាជូជក” តាមផ្តន្ទាព្រះអង្គ។ កាលកើតជាស្តេចដំរី ក្នុងព្រៃហិមពាន្ត ទេវទត្ត កើតជាព្រានព្រៃ អារយកភ្លុកដំរីនោះ។ កាលព្រះសមណ- គោតម កើតជាសព្វសិទ្ធិ កូនសេដ្ឋី ទេវទត្ត កើតជានាយភីលៀង តាមផ្តន្ទាព្រះពោធិសត្វ៘
បានន័យថា “ស្របនិងប្រឆាំង” មុខដដែលៗ គ្រាន់តែប្តូរអត្តសញ្ញាណប៉ុណ្ណោះ គេចទៅណាក៏មិនរួចដែរ។ អ្នកប្រឆាំង ព្រះមហាក្សត្រ ទាល់តែជាប់សែស្តេច ទើបប្រឆាំងកើត ដូច “ស្តេចកន” ត្រូវជាប្អូនថ្លៃ “ព្រះបាទស្រីសុគន្ធបទ” ទើបអាច ទៅកេណ្ឌទ័ពផ្តួលរំលំស្តេចបាន។ អ្នកប្រឆាំងប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ដែលកាន់អំណាចនីតិប្រតិបត្តិ ទាល់តែ មេប្រឆាំងនោះ “ជាប់ពូជនាហ្មឺនធំ” ទើបប្រឆាំងបាន។
យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានមេប្រឆាំងដ៏ស្វិតស្វាញបំផុត គឺលោកសម រង្ស៊ី។ បើពិនិត្យពី ប្រវត្តិរូប យើងដឹងថា មេប្រឆាំងនេះ មានជីតាឈ្មោះសម ញាណ អតីតមន្ត្រីរាជរដ្ឋាភិបាល តាំងពីមុនប្រទេសបានឯករាជ្យ។ ឪពុកគាត់ឈ្មោះសម សារី ជាអតីតឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ខណៈដែលឪពុកក្មេកគាត់ សម្តេច ចក្រី ញ៉ឹក ជូឡុង រាជសហការីជិតស្និទ្ធរបស់សម្តេចឪ។
ដូច្នេះយើងឃើញថា បើមេប្រឆាំងមិនជាប់ពូជនាហ្មឺនជាន់ខ្ពស់ ពិបាកធ្វើសកម្មភាពណាស់ ព្រោះនិយាយទៅ គេមិន ស្តាប់ ឬថាបើពូជពង្សថ្នាក់ទាបធ្វើចលនាប្រឆាំងថ្នាក់ដឹកនាំប្រទេស ពិបាកបំផុតក្នុងការអូសទាញអ្នកគាំទ្រ ប៉ុន្តែបើជាប់ ពូជនាហ្មឺន នឹងមានអ្នកចុះចូលច្រើន។
ករណីលោកកឹម សុខា មិនជាប់សែនាហ្មឺនធំ ដូចលោកសម រង្ស៊ី បើធ្វើនយោបាយប្រឆាំងតែម្នាក់ឯង ទៅមិនរួចទេ លុះត្រាតែចងសម្ព័ន្ធមិត្រជាមួយលោកសម រង្ស៊ី ឬធ្វើអនុប្រធាន។
លោក រស់ សារ៉ុម អ្នកវិភាគនយោបាយ-សង្គម បានប្រាប់ “នគរធំ” និងផុសសំណេរតាមហ្វេសប៊ុក ពី “សរសើរស្លាប់ បង្អាប់រស់” ដែលផ្តោតទៅលើជីវិតនយោបាយលោកសម រង្ស៊ី និងលោកកឹម សុខា នោះ មិនខុសអីទេ ដោយហេតុថា អកដែលបក្សកាន់អំណាច សរសើរលើកជើងនោះ ដូច “ជាន់ពន្លិច” អ៊ីចឹង ប៉ុន្តែអ្នកដែលបក្សកាន់អំណាច បន្តុះបង្អាប់ អាច រកច្រកស្ទុះឡើងបាន។
យ៉ាងណាក៏ដោយចុះ អ្នកនយោបាយខ្មែរ គ្រប់និន្នាការ សុទ្ធតែមុខដដែលៗហ្នឹង អត់ប្លែកទេ បើគិតពីអាណត្តិទី១មក។ អ្នកនយោបាយដែលស្វិតស្វាញបង្ហាញមុខគ្រប់អាណត្តិនោះ គឺសម្តេចហ៊ុន សែន លោកសម រង្ស៊ី និងលោកកឹម សុខា នេះឯង។ ដូចល្ខោនបាសាក់ ១វង់ តម្រូវឱ្យសម្តេចហ៊ុន សែន ដើរតួឯក លោកសម រង្ស៊ី ដើរតួកាច លោកកឹម សុខា ដើរតួ តាឥសី មិនអាចខ្វះតួណាមួយបានឡើយ។ តួទាំង ៣រូបនេះ ទៅសម្តែងនៅទីណា ក៏ទស្សនិកជនស្គាល់មុខដដែលៗ ទោះជា ផាត់ម្សៅយ៉ាងក្រាស់ ផ្លាស់ប្តូរសម្លៀកបំពាក់យ៉ាងណាក៏ដដែលៗ។
សម្រាប់ប្រទេសកុម្មុយនីស្ត ដូចរុស្ស៊ី ចិន វៀតណាម កូរ៉េខាងជើង គ្មានបក្សប្រឆាំងទេ ឃើញតែមេដឹកនាំមុខដដែលៗ លុះត្រាតែប្រទេសប្រជាធិបតេយ្យធំៗដូចអាមេរិក បារាំង អង់គ្លេស ជប៉ុន…ទើបអ្នកដឹកនាំ និងមេបក្សប្រឆាំង “មុខប្លែកៗ” ព្រោះគេខ្វែងគំនិតគ្នា លើវេទិការដ្ឋសភា ព្រឹទ្ធសភា មិនទរគ្នាតាមដងផ្លូវសាធារណៈដូចខ្មែរទេ។
សរុបទៅ “អ្នកនយោបាយមុខដដែលៗ” ជាបរិបទមិនបំផ្លើស តែងកើតមានលើទឹកដីខ្មែរ តាំងពីបុរមបុរាណមក។ នៅ ពេលអ្នកដឹកនាំចាស់ៗ និងមេប្រឆាំងចាស់ៗ ទទួលមរណភាព ឬជរាពិការ ក៏មានអ្នកដឹកនាំថ្មីឡើងជំនួស ឯមេប្រឆាំង ក៏មនុស្សថ្មីដែរ។ អ្នកទាំងពីរនេះ តាមផ្តន្ទាគ្នា ដូចស្រមោលអន្ទោលតាមប្រាណ មិនខុសពីព្រះពុទ្ធ បរមគ្រូ ទៅកើតជាអ្វី ក៏ទេវទត្ត តាមចងពៀរ ប្រឆាំងជំទាស់រហូត…’