Sunday, December 22, 2024
Homeបរិយាយត្រឡាចវារទៅ ល្ពៅវារមក

ត្រឡាចវារទៅ ល្ពៅវារមក

ជម្លោះនយោបាយរវាងបក្សកាន់អំណាច (ជភភ) និងពួកប្រឆាំងនៃអតីតគណបក្សសង្គ្រោះជាតិ (ជណភ្រ) ត្រូវបាន អ្នកគាំទ្រ ជភភ លើកឡើងស្របគ្នាថា “ខ្មោចងាប់ទៅហើយ វាមិនរស់វិញទេ” ប៉ុន្តែពួកប្រឆាំង នៅតែមានជំនឿថា “ប្រជា- ធិបតេយ្យ មិនចេះផុតពូជ” ករណីបណ្ឌិតសេង សារី អ្នកវិភាគនយោបាយ ស្កាត់ទៅជួបលោកសម រង្ស៊ី ដល់ប្រទេសអូស្ត្រាលី បានទាំងធ្វើបុណ្យឧទ្ទិសកុសល និងបួងសួងសូមឱ្យកម្ពុជា មានដំណោះស្រាយនយោបាយនោះ លុះត្រាតែធ្វើតាមសុភាសិត “ត្រឡាចវារទៅ ទើបល្ពៅវារមក” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ត្រឡាចវារទៅ ល្ពៅវារមក” បើបរិយាយតាមអត្ថានុរូប ឬន័យត្រង់ សំដៅដល់កសិករភ្ជួររាល់ដីទួល ដាំត្រឡាចល្ពៅ ឱ្យវារលើដី ដោយមិនចាំបាច់ធ្វើទ្រើង។ គាត់ដាំត្រឡាច ១ជួរ ល្ពៅ ១ជួរ ឬចែកជាពីរផ្នែក ព្យាយាមថែទាំដាក់ជី រហូតដល់ ដំណាំបន្លែនេះ បោះទងចេញក្តឹប ចេញផ្កា អំឡុងពេល ៦០ថ្ងៃ។ ត្រឡាច នៅជួររងម្ខាង ក៏បោះទងទៅរកល្ពៅ ឯល្ពៅ ក៏បោះដៃ ទៅរកត្រឡាច ជួនកាលវ័ណ្ឌទងគ្នា ចេញផ្លែនៅលាយឡំគ្នាពេញទួលនោះ។

យ៉ាងណាមិញ អ្នកនយោបាយមាននិន្នាការខុសគ្នា បើឈានដល់ដំណាក់កាលបង្រួបបង្រួមជាតិ លុះត្រាតែអនុវត្តតាម សុភាសិត “ត្រឡាចវារទៅ ល្ពៅវារមក” ទើបបាន។ យើងឃើញហើយសង្គ្រាមស៊ីវិល អូសបន្លាយតាំងពីឆ្នាំ១៩៧៩ រហូត ដល់អ៊ុនតាក់ ចូលគ្រប់គ្រងប្រទេសបណ្តោះអាសន្ននោះ សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ជាព្រះប្រធាន “ចលនាត្រីភាគី” បានផ្តួចផ្តើមការចរចាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃភាគីរដ្ឋកម្ពុជា។ ឥស្សរជនទាំងពីរអង្គ- នាក់នេះ ដូចត្រឡាច និងល្ពៅ វារទៅវារមក ចាប់ព្រះហស្ត ចាប់ដៃ ឱបរឹតគ្នា រហូតដល់ចេញផ្លែផ្កាជា “កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១” ពន្លត់ភ្លើងសង្គ្រាមរ៉ាំរ៉ៃ ឧទ្ទាមកម្មនៅកម្ពុជា។

តាំងពីពេលបោះឆ្នោតអាណត្តិទី១មក ខ្មែរគ្រប់និន្នាការ រួបរួមគ្នាជាធ្លុងមួយ ជំរុញរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប៉ុន្តែបានឆ្លងកាត់សង្គ្រាមមួយចម្អិនកំពឹសម្តងដែរ កាលពីថ្ងៃទី៥-៦កក្កដា ឆ្នាំ១៩៩៧។

បច្ចប្បន្ន ទោះបីជាស្រុកខ្មែរ មានសុខសន្តិភាព ក៏ជម្លោះតឹងសរសៃករវាងបក្សកាន់អំណាច និងពួកប្រឆាំង នៃអតីត ជណភ្រ នៅតែបន្តគ្មានថ្ងៃបញ្ចប់ ដល់ថ្នាក់សកម្មជនប្រឆាំងនៅអាមេរិក ប្រព្រឹត្តអំពើមិនគប្បី គប់ស្បែកជើងទៅលើនាយក- រដ្ឋមន្ត្រី នាំក្តីអាម៉ាស់ដល់ប្រជាជាតិខ្មែរ។

តើយើងត្រូវរក្សាទុកជម្លោះរបៀបនេះ ជារៀងរហូតបានទេ? ក្នុងន័យនេះ អ្នកគាំទ្រ ជភភ លើកឡើងស្របគ្នាថា “គ្មានពេលសម្របសម្រួលជាដាច់ខាត” ខ្លះទៀតថា នឹងសងសឹកជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែការសងសឹកនោះ មិនដឹងជាធ្វើបែបណា ឬមួយចាំគប់ស្បែកជើងដាក់មន្ត្រីអាមេរិក ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា?

“សងសឹក ជាកម្លៅ” ដូច “នគរធំ” លើកឡើងរួចហើយថា សូម្បីព្រះពុទ្ធ បរមគ្រូ ក៏ត្រូវទេវទត្ត តាមចងពៀរគ្រប់ៗ ជាតិ ចុះទម្រាំអ្នកដឹកនាំប្រទេស ចៀសមិនផុតពីការឈ្នានីស។ លោកចច ប៊ូស អតីតប្រធានាធិបតីអាមេរិក ធ្លាប់ត្រូវអ្នក- កាសែតអ៊ីរ៉ាក់ គប់ស្បែកជើង ក្នុងពេលធ្វើសន្និសីទកាសែត ចំណែកលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ត្រូវសកម្មជនបក្សប្រឆាំងបារាំង ទះកំផ្លៀង ក្នុងពេលលោកដើរចាប់ដៃពលរដ្ឋបារាំង។

ចង់បញ្ចប់បញ្ហានេះ លុះត្រាតែអ្នកនយោបាយខ្មែរ ឈប់ពាក់មុខយក្សដាក់គ្នា ដោយបន្ធូរបន្ថយភាពតានតឹង ចាប់ដៃ គ្នាវិញប្រសើរជាង។ ទ្រឹស្តីបុរាណាចារ្យថា “ត្រឡាចវារទៅ ល្ពៅវារមក” មានខ្លឹមសារអប់រំល្អណាស់ សូម្បីតែប្តីប្រពន្ធទាស់ គ្នា ចែកឆ្នាំងចានជាង១ឆ្នាំ ក៏ត្រូវគ្នាវិញដែរ នៅពេល “ប្តីបោះដៃ ប្រពន្ធបោះកន្សែង” បញ្ចប់ជម្លោះ”។

លោកបណ្ឌិត សេង សារី អ្នកវិភាគផ្អៀងទៅពួកប្រឆាំង បានស្កាត់ទៅជួបមេប្រឆាំងសម រង្ស៊ី ដល់ប្រទេសអូស្ត្រាលី បានផុសសំណេរតាមហ្វេសប៊ុក ថា “មានកិត្តិយសបានចូលរួមបុណ្យវិសាខបូជា ជាមួយឯកឧត្តមសម រង្ស៊ី នៅវត្តពុទ្ធរង្សី ក្រុងម៉ែលប៊ន។ សូមឧទ្ទិសកុសលផលបុណ្យ និងសូមបួងសួងឱ្យកម្ពុជា មានដំណោះស្រាយនយោបាយឆាប់ៗ”។

សំណេរនេះ ផ្តោតទៅលើ “ការបន់ស្រន់” ត្រង់ស័ក្តិសិទ្ធិឬយ៉ាងណានោះ យើងមិនដឹងទេ ប៉ុន្តែ “ដំណោះស្រាយនយោ-បាយ” សំដៅដល់ “វប្បធម៌សន្ទនា” នោះ លុះត្រាតែអ្នកនយោបាយកំពូល “វារទៅ វារមក” ដូចត្រឡាចល្ពៅ ទើបបាន។ បើ ពិនិត្យឱ្យហ្មត់ចត់មែនទែនទៅ មុនដំបូងលោកសម រង្ស៊ី បដិសេធ មិនចូលរួមការបោះឆ្នោតជាដាច់ខាត បើ “ជណភ្រ មិនរស់ វិញ” ប៉ុន្តែករណីគាត់គាំទ្រនិងនៅពីក្រោយ “បក្សភ្លើងទៀន” នោះ មានន័យថា “ត្រឡាចវារទៅ” ចង់ទៅ “ចាប់ដៃល្ពៅ” ដែលមានពូជខុសគ្នា។

ដោយឡែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ ជភភ បានប្រកាសដាច់អហង្ការថា មិនអនុញ្ញាតឱ្យសម រង្ស៊ី ចូល ស្រុក បើសម្តេច ហ៊ានស៊ីញ៉េទូលថ្វាយព្រះមហាក្សត្រ សុំព្រះរាជទានការលើកលែងទោសឱ្យមេប្រឆាំងនោះ “សម្តេច សុខចិត្ត កាត់ដៃ” ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល យល់ព្រមសម្របសម្រួលឱ្យបក្សភ្លើងទៀន បានចូលរួមការបោះឆ្នោត ឃុំ-សង្កាត់នោះ គឺមានន័យថា “ល្ពៅវារមក” ចាប់ទងត្រឡាចវេញបញ្ចូលគ្នា។

មិនចាំបាច់បួងសួង បន់ស្រន់រកដំណោះស្រាយអ្វីទេ ព្រោះការបង្កលក្ខណៈងាយស្រួលឱ្យបក្សភ្លើងទៀន ដែលមាន លោកសម រង្ស៊ី នៅពីក្រោយនោះ ចាត់ទុកជា “ដំណោះស្រាយសម្ងាត់” លុះត្រាតែអ្នកមានភ្នែកមុត ទើបយល់។ ឧបមាថា បក្សភ្លើងទៀន ដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ ជំទប់ត្រឹមតែ ១,២ នៃចំនួនកៅអី ៥០០៧ ដែលអតីត ជណភ្រ ទទួល បានពីមុននោះ អាចធ្វើឱ្យស្ថានការណ៍នយោបាយ ឈានទៅរកដំណោះស្រាយបានល្អជាងនេះទៀត។

តាំងពីរាជ្យណារាជ្យណីមក អ្នកនយោបាយខ្មែរ ទាស់គ្នាតែអ៊ីចឹង ក្លាយជាវប្បធម៌ទៅហើយ លុះទាស់អស់ចិត្ត អស់ចង់ ក៏ត្រូវរ៉ូវគ្នាវិញ។ ជភភ ដែលហ៊ានបើកឱកាសភ្លើងទៀន ចូលប្រកួតជាមួយនោះ មកពី “ឯកបក្ស” អត់សូវចំណេញ រហូត ដល់បាត់បង់ការអនុគ្រោះពន្ធ អ្សភ និង ពែៅ ដូច្នេះ បើឈប់ឯកបក្ស ដោយមានបក្សប្រឆាំងពង្រឹងអំណាចនៅមូលដ្ឋាន ខ្លះនោះ សង្ឃឹមថា អាមេរិក អឺរ៉ុប នឹងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនោះមកវិញ។

ដំណោះស្រាយនយោបាយដែលចាំបាច់ និងសំខាន់បំផុត ជភភ ត្រូវធ្វើជាមួយ “មេប្រឆាំងផ្កាប់មុខ” មិនមែន “ប្រឆាំង លំៗ អេះមិនចំរមាស់” នោះទេ។ យ៉ាងណាមិញ ដំណោះស្រាយជាមួយលោកសម រង្ស៊ី សំខាន់ណាស់ ប៉ុន្តែបើជាមួយលោក កឹម សុខា មិនសូវចំបញ្ហានោះទេ។

តាមការស្ទាបស្ទង់កន្លងមក ពួកប្រឆាំងដែលធ្លាប់គាំទ្របក្សសង្គ្រោះជាតិ នៅតែគាំទ្រលោកសម រង្ស៊ី ភាគច្រើន ឯ ភាគតិច គាំទ្រលោកកឹម សុខា។ ដូច្នេះ ដំណោះស្រាយនយោបាយ អាចនឹងរៀបចំឡើងវិញ ក្រោយពេលដឹងពី “កម្លាំងស្ទុះ របស់ភ្លើងទៀន”។ នាយករដ្ឋមន្ត្រី មិនអាចចុះហត្ថលេខាបើកផ្លូវឱ្យលោកសម រង្ស៊ី បានឡើយ ព្រោះជាប់សម្បថកាត់ដៃ ប៉ុន្តែ “នាយករដ្ឋមន្ត្រីស្តីទី” អាចចុះហត្ថលេខាជំនួសបាន។

“ត្រឡាចវារទៅ ល្ពៅវារមក” ចេញផ្កាផ្លែពេញទួលនោះ នាំផលចំណេញដល់កសិករ ប៉ុន្តែ “បើមិនរកទីផ្សារជូនកសិករ” ធ្វើម៉េចអាចលក់ផ្លែត្រឡាច ផ្លែល្ពៅទាំងនោះបាន?

សរុបទៅ “ត្រឡាចវារទៅ ទើបល្ពៅវារមក” មានខ្លឹមសារយ៉ាងនេះឯង។ ដំណោះស្រាយនយោបាយ ឬការចរចាបញ្ចប់ អរិភាព ចៀសមិនរួចទេ បើដល់ដំណាក់កាលរួបរួមគ្នា។ ប្រទេសប្រកបដោយសុខសន្តិភាពពិតប្រាកដនៅត្រង់ខ្មែរ ចងបាច់ គ្នាជាធ្លុងមួយ ប៉ុន្តែបើមានពួកប្រឆាំងរត់ទៅក្រៅប្រទេស ចាំតែបន្ទច់បង្អាក់ រិះគន់រដ្ឋាភិបាល មិនឈប់ឈរនោះ លុះត្រាតែ ហាហៅឱ្យមករិះគន់លើវេទិកាស្របច្បាប់វិញ ទើបសន្តិភាពនោះពេញបរិបូណ៌…’

RELATED ARTICLES