ចលនាតស៊ូមីយ៉ាន់ម៉ាសុំជំនួយអាវុធពីលោកខាងលិចប្រយុទ្ធនឹងរបបយោធា

លោកYee Mon រដ្ឋមន្ត្រីការពារជាតិរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា NUG បានអំពាវនាវដល់សហគមន៍អន្តរជាតិ អោយមានការគាំទ្រស្រដៀងគ្នាទៅនឹងប្រទេសអ៊ុយក្រែន ដោយផ្តល់អាវុធ ដល់កងកម្លាំងតស៊ូរបស់ខ្លួនដែលកំពុងប្រយុទ្ធនឹងរបបយោធាកំពុងកាន់អំណាចក្រោយរដ្ឋប្រហារ ថ្ងៃទី១កុម្ភៈ​២០២១។

ការលើកឡើងរបស់លោក Yee Mon ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ NUG លោកZin Mar Aung​ បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកស្រី Wendy Sherman និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah នៅសហរដ្ឋអាមេរិកនៅខាងក្រៅកិច្ចប្រជុំកំពូលអន្តរជាតិមួយ។

លោក Yee Mon បាននិយាយថាប្រជាជនអ៊ុយក្រែន និងកងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា សុទ្ធតែកំពុងប្រយុទ្ធនិងបូជាជីវិតដើម្បីសេរីភាពរបស់ពួកគេ ។

នៅក្នុងសុន្ទរកថាសរសេរដោយដៃផ្តល់ទៅឱ្យសារព័ត៌មានរ៉យទ័រមានខ្លឹមសារថាជំហររបស់សហគមន៍អន្តរជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ាគឺជាការគាំទ្រខាងសីលធម៌។យើងដឹងគុណចំពោះវា។

យើងនឹងដឹងគុណកាន់តែច្រើនប្រសិនបើយើងទទួលបានជំនួយផ្នែកអាវុធនិងថវិកា។លោកបានបន្តទៀតប្រសិនបើមានការគាំទ្រជាសព្វាវុធនិងថវិកានោះយើងនឹងអាចបញ្ចប់បដិវត្តន៍ឱ្យបានឆាប់ ដោយកាត់បន្ថយការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិរបស់ពួកគេ។

អ្នក​នាំ​ពាក្យ​របប​យោធា​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ហៅ​ទូរសព្ទ​របស់រ៉យទ័រដើម្បីសុំការអត្ថាធិប្បាយបានទេ។គណៈប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងYangonមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការអំពាវនាវរបស់លោក Yee Mon បានដែរ។

NUGដែលជាសម្ព័ន្ធមិត្តនៃក្រុមប្រឆាំងរដ្ឋាភិបាលយោធាបានប្រកាសសង្រ្គាមការពារប្រជាជននៅតាមជនបទកាលពីឆ្នាំមុន ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់យោធាក្នុងការបង្រួបបង្រួមអំណាចបន្ទាប់ពីការបង្ក្រាបដ៏សាហាវរបស់ខ្លួនអស់រយៈពេលជាច្រើនខែលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ហើយរបបយោធាបានចាត់ទុក NUGថាជា ភេរវករ។

កងកម្លាំងតស៊ូភាគច្រើនមានអាវុធធុនស្រាល ដោយប្រើប្រាស់កាំភ្លើងវែង និងគ្រឿងផ្ទុះផលិតក្នុងស្រុក ដើម្បីប្រយុទ្ធជាមួយយោធាដែលមានបំពាក់យ៉ាងល្អ ដែលត្រូវបានចោទប្រកាន់ដោយអង្គការសហប្រជាជាតិថាបាន ប្រើប្រាស់អាវុធធុនធ្ងន់និងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងប្រជាជនស៊ីវិល៕