Sunday, December 22, 2024
Homeបរិយាយឆៃយ៉ាំអព្យាក្រឹត

ឆៃយ៉ាំអព្យាក្រឹត

ដោយ អាចារ្យថាំ

កាលបរិច្ឆេទឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឈានមកដល់ហើយ ស្របពេលដែលគណបក្ស នយោបាយ១៧ រៀបជើងព្រួលរួចជាស្រេច ក្នុងការហែក្បួនឃោសនា។ កាលពីអាណត្តិមុនៗ ទោះជាបោះឆ្នោតជ្រើស តំណាងរាស្ត្រ ក៏ដូចជ្រើសមេឃុំ-ចៅសង្កាត់ តែងមានរបាំឆៃយ៉ាំ ឡកចាក់ក្បាច់នាំមុខក្បួន ធ្វើឱ្យអ្នកទៅស្តាប់ការឃោសនា បានសើចសប្បាយ ប៉ុន្តែ បើវង់ឆៃយ៉ាំនោះ “ច្រៀងនយោបាយ” នឹងថយចំនួនអ្នកស្តាប់ពាក់កណ្តាល។ ដូច្នេះបើចង់ឱ្យអ្នក ស្តាប់ដកកចំហមាត់ ឬសើចស្ញាញរហូតនោះ លុះត្រាតែជា “ឆៃយ៉ាំអព្យាក្រឹត” មិនច្រៀងលើកបក្សនេះ បង្គាប់បក្សនោះ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ឆៃយ៉ាំអព្យាក្រឹត និងឆៃយ៉ាំនយោបាយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ឆៃយ៉ាំ” ជាទម្រង់សិល្បៈមួយប្រភេទសម្រាប់លេងកំដរបុណ្យកឋិន បុណ្យផ្កា ឬហែព្រះ ហែនាគទៅបួស និងហែក្បួន ឥស្សរជននយោបាយជាដើម។ មានសិល្បករចូលរួមតាមតិចតាមច្រើន អាស្រ័យលើធនធានមនុស្ស ឬអ្នកមានទេពកោសល្យ ក្នុងការវាយស្គរ ឡកចាក់ក្បាច់ក្រមិចក្រមើម ធ្វើឱ្យទស្សនិកជនបានសើចសប្បាយ។ វង់ឆៃយ៉ាំឯកជន តែងមានទំនុក ច្រៀងបែបចំអេសចំអាស លាត់សើយបែបកំប្លុកកំប្លែង ដែលគ្មានអ្នកណាប្រកែប្រកាន់ចាប់កំហុសអ្វីឡើយ ដូចទំនុកច្រៀង ថា “ខ្មៅមិនខ្មៅ សមិនស ពាក់អាវវៀលក កំភើៗ ក្រឡេកមើលលើ កំប្លង់ៗ ក្រឡេកមើលត្រង់ ញឹមប្រូចៗ” គឺមានអ្នក-ច្រៀង និងអ្នកបន្ទរតាមចង្វាក់ស្គរកន្ត្រាក់ៗ ញាក់សរសៃ។ ទំនុកខ្លះទៀតថា “ហៃមានម៉ាកាក់ ហៃចាក់ម៉ាដប ប្រពន្ធធ្វើ ឆ្មប ប្តីធ្វើអាចារ្យ ប្រពន្ធផឹកស្រា ប្តីជក់អាភៀន កាលណាវាញៀន សើយលាត់ៗ”។

ទោះជាច្រៀងចំអេសចំអាស លាត់សើយយ៉ាងណាក៏ដោយចុះ អ្នកស្តាប់អត់ប្រកាន់ទោសអូសដំណើរអ្វីឡើយ ជួនកាល ក៏មានអ្នកធំ ឬលោកជំទាវ យកលុយកាក់ ទៅហុចឱ្យលើកទឹកចិត្តទៀតផង។

នៅសម័យសង្គមរាស្ត្រនិយម គេបានបង្ហាត់សិស្សសាលា ឱ្យចេះឡកឆៃយ៉ាំ សម្រាប់សម្តែងក្នុងរាត្រីសមោសរ បញ្ចប់ ការរៀនសូត្រឈានទៅវិស្សមកាល ឬឈប់សម្រាកពីការសិក្សា។ ទំនុកច្រៀង ត្រូវបង្កប់ខ្លឹមសារនយោបាយខ្លះៗ ដោយ សរសើរអ្នកដឹកនាំប្រទេស ដូចទំនុកច្រៀងថា “កញ្ចាញ់ចេកអើយ លោតទំមែកស្វាយ ស្រុកយើងសប្បាយ ដោយអង្គ-សម្តេចឪ”៘ និយាយរួម សិល្បៈឆៃយ៉ាំ សម្រាប់បម្រើការសប្បាយ និងឃោសនានយោបាយផងដែរ ប៉ុន្តែសម័យនេះ ប្រទេសមានពហុបក្ស បើឆៃយ៉ាំ ច្រៀងទំនុកនយោបាយ អត់ចំណេញទេ។ ឆៃយ៉ាំឯកជនដែលគណបក្សនយោបាយណាមួយ ជួលទៅឡកនាំមុខក្បួននោះ លុះត្រាតែច្រៀងបែបចំអាសបន្តិច ទើបទទួលបានការទាក់ទាញ ប៉ុន្តែបើចេញនយោបាយ នឹង ធ្វើឱ្យបាត់ចំនួនអ្នកមកទស្សនាឆៃយ៉ាំនោះ។

ឧទាហរណ៍ បើសិនជា “បក្សភ្លើងទៀន” ជួលវង់ឆៃយ៉ាំក្នុងឃុំ ទៅឡកហែមុខក្បួន ដោយបង្គាប់ឱ្យច្រៀងថា “ហៃ-យោម៉ាស្កាត់ ហៃយ៉ាត់ម៉ាសាគី ពួកយើងមូលមីរ ជុំវិញភ្លើងទៀន” ឬច្រៀងថា “កញ្ចាញ់ចេកអើយ លោតទំមែកស្វាយ ស្រុកយើងសប្បាយ ដោយសារភ្លើងទៀន…” ច្បាស់ជាអ្នកស្តាប់ចែកផ្លូវគ្នា។ ដូចគ្នានេះដែរ បើសិនជាគណបក្សប្រជាជន- កម្ពុជា ជួលវង់ឆៃយ៉ាំ ទៅឡកចាក់ក្បាច់ បង្គាប់ឱ្យច្រៀងថា “កញ្ចាញ់ចេកអើយ លោតទំមែកស្វាយ ស្រុកយើងសប្បាយ ដោយសារស៊ីភីភី” ឬច្រៀងថា “ហៃម៉ារវ៉ា ហៃម៉ារវើ ក្រឡេកមើលលើ កំប្លង់ ក្រឡេកមើលត្រង់ ឃើញអង្គទេវតា…” ច្បាស់ណាស់ថា អ្នកមកស្តាប់ មានតែអ្នកគាំទ្របក្សទេវតា ឯអ្នកគាំទ្របក្សឯទៀត ដើរចូលផ្ទះអស់។

“ឆៃយ៉ាំអព្យាក្រឹត” មិនអាចច្រៀងក្លែមនយោបាយបានឡើយ វៀរលែងតែ “ឆៃយ៉ាំបក្ស” ឬមានការបង្ហាត់ទុកមុន ឱ្យចេះស្ទាត់សិន ដោយមិនចាំបាច់ជួលពីក្រៅ។ ឆៃយ៉ាំអព្យាក្រឹត ក៏មិនខុសពីព្រះសង្ឃនោះដែរ មិនអាចងាករេតាមខ្យល់ នយោបាយបានឡើយ ទោះជាព្រះសង្ឃមានសិទ្ធិបោះឆ្នោតក៏ដោយចុះ ចាំបាច់ត្រូវតែព្រះអង្គលាក់និន្នាការនយោបាយ កុំឱ្យ គេដឹង។ ឧបមាថា បក្សភ្លើងទៀន បក្សកែទម្រង់… និមន្តលោកទៅសូត្រមន្តប្រោះព្រំទីស្នាក់ការគណបក្ស តាមឃុំ-សង្កាត់ នៅមូលដ្ឋាននោះ ព្រះអង្គត្រូវតែទៅ ជាពិសេស គេចង់បានតែព្រះចៅអធិការវត្ត ពុំមែនលោកគ្រូសង្គ្រាជមិននិមន្តទៅ ដោយគ្មានអាពាធអ្វីសោះ តែបែរជាចាត់លោកនេន ទៅជំនួសនោះទេ។ ឧបមាថា ពេលបក្សប្រឆាំង និមន្តទៅប្រោះព្រំព្រះអង្គ មិនទៅ លុះបក្សកាន់អំណាចនិមន្ត ស្រាប់តែព្រះអង្គនិមន្តទៅទាំងញញឹមនោះ នឹង “បាត់ធម៌ឧបេក្ខា ឬអព្យាក្រឹត” មិនខាន ឡើយ ជាហេតុនាំឱ្យមានឈ្មោះថា “វត្តបក្ស លោកសង្ឃបក្ស” មិនស្របតាមព្រះពុទ្ធដីកា។

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ជាកាលបរិច្ឆេទចាប់ផ្តើមឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កំណត់ ត្រឹមថ្ងៃ០៣ មិថុនា និងត្រូវបោះឆ្នោតនៅថ្ងៃ០៥ មិថុនា ឆ្នាំ២០២២។ វង់ឆៃយ៉ាំតាមឃុំស្រុកនីមួយៗ អាចត្រូវគេជួលទៅ លេង ឬនាំមុខក្បួនហែ លុះត្រាតែជា “ឆៃយ៉ាំអព្យាក្រឹត” ទើបរកលុយបាន។ គាត់មិនអាចច្រៀងសរសើរបក្សនេះ បង្អាប់ បក្សនោះ ស្រេចតែគេបង្គាប់បានឡើយ ប៉ុន្តែបើបក្សណាចង់បានឆៃយ៉ាំ បម្រើបក្សខ្លួន លុះត្រាតែជ្រើសអ្នកមានទេពកោ- សល្យសិល្បៈ មកបង្ហាត់ឱ្យស្ទាត់សិន ឯស្គរឆៃយ៉ាំ គង ទ្រ ក្រាប ឆាប ដែលជាឧបករណ៍ភ្លេងអាចកុម្មង់ទិញពីកន្លែងលក់ ឧបករណ៍ភ្លេងបុរាណ ឱ្យតែមានលុយទិញ មិនខ្វះទេ។

កាលពីសម័យសង្គមរាស្ត្រនិយម មានបេក្ខជនតំណាងរាស្ត្រដែលសំបូរលុយ បានជួលឆៃយ៉ាំទៅជួយឃោសនារកសំឡេង ឆ្នោតឱ្យគាត់ ក៏បានជាប់ឆ្នោតដូចបំណង ព្រោះគាត់តែងទំនុកបង្កប់ខ្លឹមសារនយោបាយឱ្យអ្នកឡកឆៃយ៉ាំច្រៀង។ ជួនកាល ទៀត បេក្ខជនតំណាងរាស្ត្រខ្លះ “យកកុនទៅបញ្ចាំង” ចែកជូនប្រជារាស្ត្របានទស្សនាកម្សាន្ត តាមវត្តអារាមនានា ក៏ឈ្នះ ឆ្នោតដែរ បានន័យថា “នយោបាយនិងសិល្បៈ” ជាគូនឹងគ្នាក្នុងការទាញយកប្រជាប្រិយភាព។

ឥឡូវដល់ពេលហើយ ទោះបីជាការឃោសនារកសំឡេងឆ្នោត ថ្នាក់លើ ជភភ មិនលូកដៃ ក៏នៅតែជួយជាថវិកា ក៏ដូចជា សម្ភារៈ ឧបត្ថម្ភក្រុមការងារឃុំ-សង្កាត់ ជភភ ឱ្យមានកម្លាំងធ្វើការ។ បក្សភ្លើងទៀន ដែលត្រូវមើលឃើញថា ជាបក្សប្រឆាំង ជំនួសសង្គ្រោះជាតិ (ជណភ្រ) ក៏មានថ្នាក់លើពួកគេ លួចជួយជាថវិកាដូចគ្នា ទើបស្ទុះរួច។

ដូច្នេះ បើបក្សណាចង់ឈ្នះឆ្នោត ត្រូវតែជួលឆៃយ៉ាំទៅសម្តែងឱ្យមានភាពទាក់ទាញ ប៉ុន្តែ “អ្នកឡកឆៃយ៉ាំ” បើភ្លាត់ មាត់តាមនិន្នាការនយោបាយ ច្រៀងសរសើរបក្សមួយ បង្គាប់បក្សមួយ “ច្បាប់ជាចោលលុយ” ព្រោះជួលបានតែបក្សមួយ ហ្នឹង ឯបក្សឯទៀត គេមិនជួល។ មិនខុសពីក្រុមសិល្បៈកំប្លែងថ្នាក់ជាតិ ដែលបម្រើនយោបាយបក្សកាន់អំណាច ជភភ គឺ មានតែ ជភភ មួយគត់ ដែលជួលទៅសម្តែង ឯបក្សប្រឆាំងមិនជួលទេ។ អ្នករាំកាត់សក់ក្នុងពិធីរៀបមង្គលការ ក៏យ៉ាង នេះដែរ បើហ៊ានច្រៀងថែមថយខ្លឹមសារនយោបាយ លើកបក្សនេះ សម្អុយបក្សនោះ នឹងធ្វើឱ្យបាត់បង់ប្រាក់ចំណូល អស់ ពាក់កណ្តាល មិនបាច់ឆ្ងល់។

ដូច្នេះសិល្បៈគ្រប់ទម្រង់ នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស លុះត្រាតែចេះរក្សាតួនាទីអព្យាក្រឹត ទើបរក លុយបាន។ យ៉ាងណាក៏ដោយចុះ យើងដឹងថា បក្សកាន់អំណាច ជភភ ឱបក្តាប់សិល្បៈយ៉ាងទូលំទូលាយ ឬកាន់ផ្តាច់មុខគ្រប់ ទម្រង់សិល្បៈ សូម្បីតែវង់ឆៃយ៉ាំ តាមភូមិក៏ ជភភ ឱបក្តាប់ដែរ។ បក្សកាន់អំណាច អាចជួលក្រុមឆៃយ៉ាំ ទៅហែក្បួន ឃោសនា ប៉ុន្តែបក្សប្រឆាំង មិនអាចជួលបានឡើយ ដោយហេតុថា “គេមិនហ៊ានទៅ” ខ្លាចវ័ណ្ឌកដោយសារនយោបាយ ប្រតោងប្រទាញ។

សរុបទៅ “ឆៃយ៉ាំអព្យាក្រឹត” សម្រាប់តែក្នុងពិធីបុណ្យកឋិន បុណ្យផ្កា ហែព្រះ ហែនាគ ឬទទួលឥស្សរជន ប៉ុន្តែបើគេ ជួលទៅហែបក្ស ត្រូវតែច្រៀងតាមទំនុកដែលគេតែងឱ្យ។ សុភាសិតថា “បំណាច់នឹងបាប ឱ្យវាឆ្អាបមាត់” ដូច្នេះបំណាច់គេ ជួលឱ្យច្រៀងនយោបាយ ត្រូវតែអ្នកលេងឆៃយ៉ាំ លៃលកយ៉ាងណា ទារលុយឱ្យក្រែលបន្តិច កុំឱ្យខាត ព្រោះបក្សឯទៀត មិនហ៊ានជួលទេ…’

RELATED ARTICLES