Sunday, December 22, 2024
Homeបរិយាយដេកផ្ទះឈ្នះឆ្នោត?

ដេកផ្ទះឈ្នះឆ្នោត?

ដោយ អាចារ្យថាំ

យោងតាមរបត់នយោបាយកន្លងមក ជាពិសេស ការបោះឆ្នោតអាណត្តិទី៦ នៃការជ្រើសតាំងតំណាងរាស្ត្រនោះ បក្ស កាន់អំណាចដណ្តើមបាន ១២៥,១២៥ ក្លាយជា “ឯកបក្សក្នុងស្ថាប័ននីតិប្បញ្ញត្តិ ខុសពីរដ្ឋធម្មនុញ្ញែដលចែងពី “ពហុបក្ស”។ កាលបោះឆ្នោតឆ្នាំ២០១៨ នោះ ពួកប្រឆាំងដែលបែកគ្នាខ្ចាត់ខ្ចាយ បានប្រកូកប្រកាសកុំឱ្យអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ ទៅបោះឆ្នោត ដោយលើកពាក្យស្លោកដែលលោកសម រង្ស៊ី បង្កើតថា “ដេកផ្ទះឈ្នះឯង” ប៉ុន្តែចុងក្រោយ នៅតែមិនអាច ហៅអន្តរជាតិ ឱ្យជួយបាន។ ឥឡូវពួកប្រឆាំងខ្លះ ភាគច្រើននៅក្រុមលោកកឹម សុខា ក៏ដូចអ្នកវិភាគខ្លះ ចង់ឱ្យដេកផ្ទះទៀត តើសង្ឃឹមអី? ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ដេកផ្ទះឈ្នះឆ្នោត?” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកគឹម សុខ អ្នកវិភាគនយោបាយនិរទេស បានផុសសំណេរតាមហ្វេសប៊ុក រិះគន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះថា “ទោះជាខំហែក្បួនបាក់ភ្នំពេញ ហើយពលរដ្ឋទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ៩៩% ក៏មិនអាច កែប្រែលទ្ធផលដែល គ.ជ.ប និងលោកហ៊ុន សែន រៀបចំទុកនោះទេ។ លើកនេះ មិនមែនលួចបន្លំសន្លឹកឆ្នោត ដែលអាច សល់លទ្ធផលគួរសមឡើយ ប៉ុន្តែជាការប្លន់លទ្ធផលទុកជាមុន តាមលោកហ៊ុន សែន ចង់បាន”។

សំណេរនេះ មានន័យថា លោកគឹម សុខ “ចង់ឱ្យធ្វើពហិការបោះឆ្នោត” ឬ “ដេកផ្ទះឈ្នះឯង” ប៉ុន្តែប្រជាពលរដ្ឋដែល មាននិន្នាការប្រឆាំង ធ្លាប់ឆ្លងកាត់ឆាកជីវិតជូរចត់ ១អាណត្តិកន្លងមកនេះ មិនល្ងង់អីទៅដេកស្ងៀមទៀតទេ ចង់មិនចង់ក៏ ពួកគាត់ទៅបោះឆ្នោត អត់ខានទេ។ យ៉ាងច្រើនអ្នកដែលដេកផ្ទះ មិនហួសពី ៥% នៅ ៩៥%ទៀត មិនយកការដេកផ្ទះឈ្នះ ឆ្នោតទៀតទេ។

សូមរំព្ញកថា កាលបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៨ ដោយសារគ្មានគណបក្សស្មើទម្ងន់គ្នាចូលប្រកួត ធ្វើឱ្យអ្នកគាំទ្រ អតីត ជណភ្រ ជឿស្តាប់តាមលោកសម រង្ស៊ី ក៏នាំគ្នាធ្វើពហិការមិនតិចទេ។ ឯអ្នកដែលទៅបោះឆ្នោត មកពីគាត់ព្រួយបារម្ភ ថា ក្រែងលោមេឃុំ មេភូមិ មិនចេញសំបុត្រស្នាមឱ្យ បើគ្រួសារគាត់មានធុរៈរៀបមង្គលការកូន ឬទៅសុំច្បាប់ធ្វើបុណ្យ ក្រែងមេឃុំ មិនស៊ីញ៉េឱ្យ។ ខ្លះទៀត ផ្ទះគាត់អត់មានប្លង់ ខ្លាចគេរករឿងដកហូត ទោះចង់មិនចង់ ក៏ទៅបោះឆ្នោតដែរ ជាហេតុនាំឱ្យមាន “សន្លឹកឆ្នោតមិនបានការច្រើនគួរសម” ប៉ុន្តែដល់សរុបលទ្ធផលទៅ អ្នកនាំពាក្យ ជភភ លើកឡើងថា “មានអ្នកបោះឆ្នោតគាំទ្រ ជភភ ជាង ៨៣%” ដោយហេតុថា “ពួកប្រឆាំងដេកផ្ទះស្ងាត់ ឯអ្នកទៅបោះឆ្នោត មិនមែន ប្រឆាំង”។

ឥឡូវបើពួកប្រឆាំងចេញក្បួនចាស់ “ដេកផ្ទះឈ្នះឯង” ដូចមុននោះ ខាតធំណាស់ ព្រោះបក្សកាន់អំណាច ចាំតែបូកសរុប លទ្ធផល យកជាភាគរយដូចពីមុន ឬថា ទោះជាមនុស្សមិនទៅបោះឆ្នោត១០នាក់ ឯអ្នកទៅបោះ ២០នាក់ គិតតាមភូមិ មានន័យថា ២០នាក់នោះ “គាំទ្រ ជភភ” មិនពិបាកឆ្ងល់។

ចំពោះអ្នកដេកផ្ទះឈ្នះឆ្នោតនោះ “សម្រាប់តែឆ្នោតកន្ទុយលេខ” ដោយហេតុថា អ្នកចាក់កន្ទុយលេខ គេត្រូវការ កន្លែងស្ងាត់ ស្រួលដេកយល់សប្តិ រួចយកសុបិននោះមកកាត់ជាលេខឆ្នោត។ ដូចករណីទាហានម្នាក់ ខឹងប្រពន្ធថា ប្រាក់ខែ គ្រាន់តែផឹកមិនគ្រប់ គាត់ង៉ក់មិនខ្ចីដេកផ្ទះ ក៏វេះទៅដេកមុខខ្ទមអ្នកតាក្នុងភូមិ ក៏ស្រាប់តែព្រឹកឡើងគាត់ដើរប្រាប់មិត្តភក្តិ ថា “អ្នកតាពន្យល់សប្តិឱ្យគាត់ចាក់ឆ្នោតលេខ ៨០គត់”។ គាត់មិនសូវមានលុយ ក៏ចាក់តិចតួច ឯមិត្តភក្តិចាក់តាម ស្រាប់តែ ត្រូវម៉ាច់ ឯទាហាននោះបានលុយពីត្រូវឆ្នោត យកទៅឱ្យប្រពន្ធ ញញឹមបិទមាត់មិនជិត។

មានន័យថា “ឆ្នោតកន្ទុយលេខ គេរកកន្លែងដេកស្ងាត់” ក៏ឈ្នះឆ្នោត ប៉ុន្តែ “ឆ្នោតតំណាងរាស្ត្រ ឬឆ្នោតមេឃុំ-ចៅ-សង្កាត់” នៅផ្ទះដេកយល់សប្តិ អត់កើតទេ ត្រូវតែចេញទៅគូសសន្លឹកឆ្នោត។ រឿងដែលពួកប្រឆាំងចោទ គ.ជ.ប បន្លំសន្លឹក ឆ្នោតនោះ បើពិចារណាទៅ ការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ដែលជាបន្ទប់សាលារៀន មានភ្នាក់ងារ គណបក្ស អ្នកសង្កេតការណ៍ ចាំតែបាំងដៃមើលការរាប់នោះ “បន្លំអត់កើតទេ” ព្រោះភ្នែកដូចម្នាស់។ លុះរាប់រួច សុទ្ធតែកត់ត្រា លទ្ធផលទុករៀងៗខ្លួន មុនបញ្ជូនទៅលើ ធ្លាក់នៅ ជជែ រួចទៅ ភជែ មុននឹងឆ្លងដល់ ណជែ។

បើឱ្យគេបន្លំបាន ខំចាត់ភ្នាក់ងារបក្ស និងអ្នកសង្កេតការណ៍ បង្ហិនលុយធ្វើអី? ចំណែកអន្តរជាតិ ដែលចូលសង្កេតការណ៍ ដែរនោះ “ទីងមោងឬយ៉ាងណា?” ដែលខ្លួនខំជិះយន្តហោះមកស្រុកខ្មែរ មិនយកចិត្តទុកដាក់ក្នុងការងារ?

ឥឡូវការឃោសនារកសំឡេងឆ្នោត កំពុងរលូនទៅមុខ ដោយគ្មានឧបសគ្គ ឃើញតែសកម្មជនគណបក្សនីមួយៗ ដើរ ចែកប័ណ្ណគោលនយោបាយ និងពន្យល់ប្រជារាស្ត្រ ឯប្រជារាស្ត្រ ក៏ទះដៃអបអរសាទរ អត់បង្ហាញគំនិតទុដ្ឋិទ្ទិនិយម មិនចង់ ឱ្យបោះឆ្នោតនោះទេ។

បក្សភ្លើងទៀន អាច “មឹះៗកេះឆ្នាំងបាយធ្លុះ” ព្រោះមុនដំបូង គេស្មានថា មិនបានប៉ុណ្ណឹងទេ ដល់ឃោសនា ស្រាប់តែ ឃើញអ្នកគាំទ្រចេញហែគគ្រឹកគគ្រេង មានឡាន ម៉ូតូ លើកបដា លើកស្លាកមិនធម្មតា។ អ្នកខ្លះឆ្ងល់ថា “ភ្លើងទៀន បាន លុយពីណាមកហែក្បួនគគ្រឹកគគ្រេងម៉្លេះ?” ចំណុចនេះ “នគរធំ” អាចឆ្លើយបានថា “មុខរបរធ្វើនយោបាយ គេប្រថុយខាត ដើម្បីចំណេញ” ពោលគឺក្រៅពីលោកសម រង្ស៊ី នៅពីក្រោយភ្លើងទៀន អាចមានអាណិកជន ឬឧកញ៉ាខ្លះ លាក់មុខជួយ លុយ ទើបភ្លើងទៀន ឆេះធ្លោបែបនេះ ដោយមិនបាច់និយាយពីបក្សកាន់អំណាច ដែលមានអ្វីៗទាំងអស់នោះទេ។

ម៉្យាងទៀត គួរយល់ថា អតីតគណបក្សសង្គ្រោះជាតិ “រលាយតែបក្ស ឯអ្នកគាំទ្រ មានរលាយឯណា?” ទោះជាពួក ប្រឆាំង ចែកជា២ ក៏គេមើលឃើញថា កម្លាំងគាំទ្រលោកសម រង្ស៊ី ច្រើនជាង ដែលស្តែងចេញតាមរយៈការហែក្បួនភ្លើង-ទៀន។ រីឯគណបក្សឯទៀតទេ ខាងខ្សែលោកកឹម សុខា ដូចមិនសូវគគ្រឹកគគ្រេងស្រោះ នាំឱ្យគេមើលឃើញពីសន្ទុះខ្លាំង ឬខ្សោយរបស់ក្រុមប្រឆាំងទាំងពីរនោះ។

ដូច្នេះ “ដេកផ្ទះបានត្រឹមយល់សប្តិ ចាក់កន្ទុយលេខ” ប៉ុន្តែសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ “នគរធំ” ហ៊ានថាទុកជាមុន ច្បាស់ជាមានអ្នកទៅបោះឆ្នោត គ្មានខានម្នាក់ទេ វៀរលែងតែអ្នកមានជំងឺ ឬអត់អត្តសញ្ញាណប័ណ្ណ។ កម្លាំងប្រឆាំងដែលសំងំយូរ នឹងងើបឈុលឡើង បើ ជភភ មើលរំលង ច្បាស់ជាមានការស្តាយក្រោយ ព្រោះ “ប្រហែស ប្រហោង” ក្តាប់ស្ថានការណ៍មិនបាន។

កម្លាំងគាំទ្របេក្ខជនមេឃុំ-ចៅសង្កាត់ គេមិនមើលបក្សទេ តែគេស្គាល់ចរិតមេឃុំ-ចៅសង្កាត់ចាស់ បើសិនជាគាត់ “ស៊ីញ៉េ១ខ្វោក ទារលុយ” ឬ “រាស្ត្រនៅធ្វើសំបុត្រស្នាមអី គាត់កិកកុកថា ចាំស្អែក” ពិតណាស់ថា រាស្ត្រនឹងដកសេចក្តីទុកចិត្ត ដោយជ្រើសយកអ្នកថ្មី។ ឧបមាថា គាត់ស្រលាញ់ ជភភ តែមិនចូលចិត្តមេឃុំ ជភភ ព្រោះរឿងស៊ីលុយក្រោមតុនោះ តើ បក្សឯណាជួយបាន?

ជួនកាលទៀត បេក្ខភាពមេឃុំ-ចៅសង្កាត់បក្សប្រឆាំង ជាព្រឹទ្ធាចារ្យ ឬជាអតីតនិស្សិតកម្រិតបរិញ្ញា មានចរិយា មារយាទថ្លៃថ្នូរ បើគាត់ប្រកួតជាមួយមេឃុំ ចៅសង្កាត់ ប្រឡាក់ប្រឡូសនោះ ទោះជាអ្នកគាំទ្រ ជភភ ក៏ពិបាកយកគាត់ឱ្យ ធ្វើបន្តទៀតណាស់ ទោះជាឈ្មោះគាត់នៅលើបញ្ជីលេខរៀងទី១ ក៏ដោយចុះ។

អ៊ីចឹង “ដេកផ្ទះបានត្រឹមឈ្នះឆ្នោតកន្ទុយលេខ” បើសិនជាគាត់យល់សប្តិឆុត ដូចទាហានម្នាក់ដេកយល់សប្តិឃើញអ្នកតា ប្រាប់លេខ ៨០គត់។ បើអ្នកតាមិនប្រាប់ ហ៊ានចាក់ទៀត ចាញ់បោសគូទ ឯរឿងបោះឆ្នោតមេឃុំ-ចៅសង្កាត់ មិនចាំបាច់ អ្នកតាអ្នកដូនឯណាពន្យល់សប្តិនោះទេ តែគាត់ឃ្លាំមើលឥរិយាបថបេក្ខជន មិនមែនគិតតែបក្សនោះទេ។

សរុបទៅ “ដេកផ្ទះឈ្នះឆ្នោត?” លែងជារឿងសំខាន់ទៀតហើយ ព្រោះរបត់នយោបាយវាបត់បែន មិននៅតែមួយ កន្លែងនោះទេ។ ករណីអ្នកវិភាគ គឹម សុខ ចោទ គ.ជ.ប ថា “រៀបចំលទ្ធផលទុកមុន” នោះ គ្រាន់តែជា “ក្បាច់ស្កាត់” តែ ប៉ុណ្ណោះ ព្រោះអ្នកវិភាគហ្នឹង ចេះដឹងជ្រៅជ្រះណាស់។ ហេតុនេះ “នគរធំ” សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសមេឃុំ-ចៅ-សង្កាត់ណាដែលខ្លួនស្រលាញ់…’

RELATED ARTICLES