Monday, May 6, 2024
Homeបរិយាយក្បាច់ស្ទាក់

ក្បាច់ស្ទាក់

ដោយ អាចារ្យថាំ

ករណីពួកប្រឆាំង និងអ្នកវិភាគ រិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជារឿងធម្មតាទៅហើយ គឺឱ្យតែដល់រដូវឃោសនាបោះឆ្នោតម្តងៗ គេព្រួតគ្នារិះគន់ និងចោទបក្សកាន់អំណាច (ជភភ) ជាអ្នករៀបចំ គ.ជ.ប ដើម្បី ឈ្នះឆ្នោត។ ឥឡូវការរិះគន់ផ្ទុះឡើងដដែលៗ ចេញពីចង្កោមពួកប្រឆាំងនិងអ្នកវិភាគ ទោះជាមន្ត្រី ជភភ ប្រឹងការពារ យ៉ាងណា ក៏គេចមិនផុត ដែលតាមពិតអ្វីៗជា “ក្បាច់ស្ទាក់” ឬទប់ គ.ជ.ប ឱ្យមានតម្លាភាព យុត្តិធម៌ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ក្បាច់ស្ទាក់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ បានផុសសំណេរតាមហ្វេសប៊ុកថា “គណបក្សភ្លើងទៀន ក៏ដឹងច្បាស់ដែរ ថា គ.ជ.ប នឹងមិនអាចផ្តល់នូវតម្លាភាព អព្យាក្រឹតភាព និងយុត្តិធម៌បានពេញលេញសម្រាប់ការបោះឆ្នោតខាងមុខនេះបាន ទេ តែគណបក្សភ្លើងទៀន នៅបន្តតស៊ូចូលរួមក្នុងការបោះឆ្នោត ប្រកបក្តីសង្ឃឹម” ការលើកឡើងនេះ យើងអាចយល់បាន ថា បណ្ឌិតសេង សារី ដែលវិភាគបែបប្រឆាំង “មិនទុកចិត្ត គ.ជ.ប” ក៏ចេញ “ក្បាច់ស្ទាក់” ទុកឱ្យហើយ ដើម្បីទាញអារម្មណ៍ មហាជននិងអន្តរជាតិ ដែលគេចាំតែឃ្លាំមើលការបោះឆ្នោតនោះ។

ចំណែកលោកគឹម សុខ អ្នកវិភាគរស់នៅប្រទេសហ្វាំងឡង់ បានផុសសំណេរជាអាទិ៍ថា “ការបោះឆ្នោត ០៥ មិថុនា ២០២២ ជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យ យើងមិនប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែប្រឆាំងដាច់ខាតនឹង អយុត្តិធម៌ធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មបោះឆ្នោត” សំណេរនេះ បង្ហាញថា អ្នកវិភាគគឹម សុខ ចេញ “ក្បាច់ស្ទាក់” ទុកឱ្យហើយ ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជិតចូលមកដល់។ គំនិតអ្នកវិភាគរូបនេះ គ្មានអ្វីក្រៅពីចង់ទាញអារម្មណ៍ អន្តរជាតិ ឱ្យឃ្លាំមើលការបោះឆ្នោតនោះទេ ព្រោះលេចឮព័ត៌មានថា សហភាពអឺរ៉ុប នឹងបញ្ជូនអ្នកសង្កេតការណ៍ មកពិនិត្យ ការបោះឆ្នោតនេះ មុននឹងសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ពែៅ មកកម្ពុជាវិញ។

ជាការផ្ទុយពីនេះ លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (ជភភ) បានផុសសំណេរតាមហ្វេសប៊ុកថា “ហេតុអី សហភាពអឺរ៉ុប និយាយពីលក្ខខណ្ឌបោះឆ្នោតនៅកម្ពុជា? = គឺគេតាំងខ្លួនជាចៅហ្វាយនាយរបស់កម្ពុជា និងជាការរំលោភ លើអធិបតេយ្យកម្ពុជា?”។

ក្តាប់បានពីការឆ្លើយឆ្លងគ្នាដោយប្រយោលនេះ “នគរធំ” មានទស្សនៈថា ពួកប្រឆាំង ក៏ដូចអ្នកវិភាគ ដឹងយ៉ាងច្បាស់ ថា “ជភភ នឹងឈ្នះឆ្នោត” ទើបពួកគេដាក់របាំងវោហារសាស្ត្រ និងសំណេរ “ស្ទាក់មុខទុកឱ្យហើយ” ក្នុងន័យទាក់ទាញការ ចាប់អារម្មណ៍ពីសហភាពអឺរ៉ុប ដែលចង់បញ្ជូនគ្នាគេមកឃ្លាំមើលការបោះឆ្នោត។

ករណីនេះ អ្នកវិភាគ រស់ សារ៉ុម ក៏បានផុសសំណេរដែរថា “កឹម សុខា កាន់តែភ្លឺភ្នែក នៅពេល ែូ បានដាក់ភ្នាក់ងារ សង្កេតការណ៍បោះឆ្នោត បក្សប្រឆាំង ពិតទន់ភ្លន់ជាងមុន ទើបជាការចង់បានរបស់តេជោ ហ៊ុន សែន ហើយអាមេរិក និង លោកខាងលិច ត្រៀមចាប់ដៃបក្សភ្លើងទៀន និងលើកលែងទណ្ឌកម្មទាំងស្រុងរួចទៅហើយ…”។

ការបញ្ចោញទស្សនៈរបស់អ្នកវិភាគសំខាន់ៗ ៣រូបនេះ និងមានលោកសុខ ឥសាន ចាំ “ទប់បាល់” កុំឱ្យគេស៊ុតចូលទី បាននោះ វាជារឿងធម្មតាទៅហើយ សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន។ អ្វីដែល “នគរធំ” ចាប់អារម្មណ៍នៅត្រង់ គ.ជ.ប កំពុង ដំណើរការយ៉ាងរលូន ដែលភាគច្រើននៃមន្ត្រី គ.ជ.ប (ណជែ) រហូតដល់មន្ត្រីបោះឆ្នោតថ្នាក់ខេត្ត (ភជែ) ថ្នាក់ឃុំ (ជជែ) សុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ទោះបីជាមន្ត្រីបោះឆ្នោតគ្រប់រូប “លាឈប់ពីគណបក្ស” ក៏មនោសញ្ចោតនា បក្ស មិនបោះបង់ទៅណាឡើយ។ អាចនិយាយបានថា “ចិត្តខាងណា បះទៅខាងណោះ” ជាហេតុនាំឱ្យពួកប្រឆាំង និងអ្នក-វិភាគ “ចេញស្ទាក់” គ្រប់គ្នា វៀរលែងតែសហការីលោកកឹម សុខា ដូចអត់ឃើញចេញស្ទាក់ គ.ជ.ប នោះទេ តែគេ “ស្ទាក់ ផ្លូវភ្លើងទៀន” មិនចង់ឱ្យដំណើរការ។

សូមរំព្ញកថា កាល គ.ជ.ប រៀបចំការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៧ កាលនោះខាង ជណភ្រ បានដាក់មនុស្សរបស់គេ ២រូប ដែលសំខាន់បំផុត គឺលោកគួយ ប៊ុនរឿន (អនុប្រធាន គ.ជ.ប) និងលោករ៉ុង ឈុន (សមាជិក) សុទ្ធតែមានឋានៈឯកឧត្តម។ លុះពួកប្រឆាំងមានមនុស្សធ្វើការក្នុង គ.ជ.ប ក៏ទទួលបាន ៥៥ អាសនៈរដ្ឋសភា និង៥០០៧កៅអីក្រុមប្រឹក្សាឃុំ-សង្កាត់។ លុះមនុស្សសំខាន់របស់ ជណភ្រ ទាំងពីរនាក់នោះ លាឈប់ពី តំណែង ព្រោះតុលាការរំលាយ ជណភ្រ ជាពិសេស លោករ៉ុង ឈុន ជាប់ពន្ធនាគារ ពីបទទៅតវ៉ារឿងព្រំដែន ធ្វើឱ្យ គ.ជ.ប នៅសល់តែមនុស្សជាអតីតសមាជិក ជភភ និងនៅមានអតីតបក្សប្រឆាំងខ្លះដែរ តែគេប្រកាសថា “អព្យាក្រឹត”។

អ៊ីចឹងឆ្នាំ២០២២នេះ គ.ជ.ប គ្មានគួយ ប៊ុនរឿន រ៉ុង ឈុន ចូលធ្វើការទៀតទេ ទើបបានជាលោកសេង សារី គឹម សុខ “ចេញក្បាច់ស្ទាក់” ពញ្ញាក់ស្មារតីអ្នកគាំទ្រភ្លើងទៀន ក៏ដូចអាមេរិក អឺរ៉ុប ឱ្យឃ្លាំមើលការបោះឆ្នោត។ បើសិនជាអន្តរជាតិ ដាក់ពាក្យសុំចូលពិនិត្យ តើរាជរដ្ឋាភិបាល និង គ.ជ.ប រារាំងដែរឬយ៉ាងណា? ខណៈដែលអ្នកនាំពាក្យ ជភភ លើកឡើងថា “ជាការរំលោភអធិបតេយ្យកម្ពុជា?”។

ដូច្នេះ ពួកប្រឆាំងនិងអ្នកវិភាគ គ្មានមធ្យោបាយអ្វីក្រៅពីនាំគ្នារិះគន់ចោទប្រកាន់ទុកជាមុន ហើយបើគេលាបពណ៌ ស្ទាក់មុខយ៉ាងនេះទៅហើយ គ.ជ.ប ប្រហែសម៉េចបាន?

សូម្បីតែស្ថានការណ៍អន្តរជាតិ ក៏មានពលរដ្ឋខ្មែរ ចាំស្ទាក់បែបនេះដែរ ដូចករណីប្រធានាធិបតីអាមេរិក ចូ បៃដិន ថ្លែង ថា បើមហាអំណាចចិន ចូលលុកលុយតៃវ៉ាន់ អាមេរិក នឹងធ្វើអន្តរាគមន៍យោធាភ្លាម ស្រាប់តែពលរដ្ឋខ្មែរមួយចំនួន ស្ទាក់ ថា “អ៊ុយក្រែន ក៏អាមេរិក ថាជួយដែរ តែដល់រុស្ស៊ី ឈ្លានពាន អាមេរិក ឈរមើល ដោយជួយតែលុយកាក់ និងអាវុធ” ករណីតៃវ៉ាន់ មកពីជាកូនអុកអាមេរិក តាំងពីជំនាន់ជៀង កាយចៀក មានអាមេរិក នៅពីក្រោយ និងអង្គការណាតូ គាំទ្រ ផង ផ្ទុយពីអ៊ុយក្រែន ជាអតីតរដ្ឋមួយក្នុងចង្កោមសហភាពសូវៀត ដូច្នេះ អាមេរិក គេបាំងដៃឈរមើលចំណេញជាង ប៉ុន្តែ បើចិន វាយតៃវ៉ាន់ ច្បាស់ជាអាមេរិក មិនព្រងើយកន្តើយនោះទេ។

ស្ថានការណ៍អន្តរជាតិ ក៏អាចយកមកប្រៀបធៀបនឹងរបត់នយោបាយកម្ពុជា បានដែរ ខណៈដែល គ.ជ.ប ត្រូវពួកប្រឆាំង រិះគន់ថា ជាការរៀបចំរបស់បក្សកាន់អំណាច។ បើពួកប្រឆាំងនិងអ្នកវិភាគ ចេញក្បាច់ស្ទាក់ ពីគ្រប់ច្រកល្ហកយ៉ាងនេះ មិន មែនស្រួលទេ ចាំបាច់ត្រូវតែ គ.ជ.ប ប្រយ័ត្នប្រយែងពីរបៀបរបបការងារ តាំងពីលើដល់ក្រោម ព្រោះគេឃ្លាំមើល។ ឧបមា ថា គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ (ជជែ) និងថ្នាក់ខេត្ត (ភជែ) បូកសរុបលទ្ធផលសំឡេងឆ្នោតលើសខ្វះគ្នា ពីកំណត់ត្រារបស់ភ្នាក់ងារតំណាងបក្ស ប្រចាំការិយាល័យនីមួយៗ ច្បាស់ជាមានការប្តឹងផ្តល់គ្នា រញ៉េរញ៉ៃមិនខានឡើយ។ បើមានការប្តឹងគ្នា រឿងលើសខ្វះ១ ឬ២សំឡេងនោះ អន្តរជាតិនឹងវាយតម្លៃស្ថានការណ៍ទូទាំងប្រទេសតែម្តង ឬថា បើមាន បាតុភាពត្រឹមតែពីរ-បីឃុំ-សង្កាត់ គេអាចសង្ស័យរហូតមួយប្រទេស។

សរុបទៅ “ក្បាច់ស្ទាក់” ដែលពួកប្រឆាំងនិងអ្នកវិភាគ ផុសសំណេរតាមបណ្តាញសង្គមនោះ គឺគេចង់ទាញអារម្មណ៍ អន្តរជាតិច្បាស់ណាស់ លុះត្រាតែ គ.ជ.ប បញ្ចោញយុត្តិធម៌ តម្លាភាព ប្រាកដនិយម។ “នគរធំ” ដឹងយ៉ាងច្បាស់ថា “បក្ស ទេវតា នឹងឈ្នះលេខ១” ប៉ុន្តែបើ គ.ជ.ប ភ្លាត់ស្នៀតក្នុងការបូកសរុបលទ្ធផលលើសខ្វះគ្នាតែ ១សំឡេង ឬមានសន្លឹកឆ្នោត “មិនបានការច្រើនពេក” ធ្វើឱ្យជ័យជម្នះរបស់ ជភភ មិនសូវមានការចាប់អារម្មណ៍ពីអន្តរជាតិ ជាពិសេស ែូ ដែលត្រៀម ផ្តល់ ពែៅ និងអាមេរិក ដែលត្រៀមផ្តល់ អ្សភ មកកម្ពុជាវិញ…’

RELATED ARTICLES