Sunday, December 22, 2024
Homeបរិយាយមនុស្សស្គម កុំថាខ្សោយ

មនុស្សស្គម កុំថាខ្សោយ

ដោយ អាចារ្យថាំ

អ្នកប្រកបរបររកស៊ីដោយប្រើកម្លាំង ដូចជាកម្មករលីបាវស្រូវ ស៊ីឈ្នួលរែកដី ឬអ្នករត់ប្រណាំងគ្នាជាដើម “អ្នកធាត់ ដុះពោះ មិនឈ្នះអ្នកស្គម” នោះទេ។ ពូគន្ធាត់ទៅស៊ីឈ្នួលលីបាវស្រូវដាក់ឡាន ឬចុះកាណូត ឆាប់ហត់ណាស់ ប៉ុន្តែ ពូសម្គម មិនងាយហត់ទេ គាត់អាចលីបាវស្រូវទាល់តែអស់ទើបឈប់ ជាមួយនឹងផលកម្រៃបានច្រើនជាងពូគន្ធាត់។ ការឃោសនា បោះឆ្នោតដែលមានអ្នកហែគគ្រឹកគគ្រេង បើមានមោទនភាពពេក ជួនកាលអ្នកហែអត្តខាត់យកប្រៀប ឬដេញប្រកិតៗ ប្រដមប្រសងគ្នា ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “មនុស្សស្គម កុំថាខ្សោយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោក រស់ សារ៉ុម អ្នកវិភាគនយោបាយ-សង្គម កាលបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ អាណត្តិទី៦ ដោយមើលឃើញ ពីកម្លាំងបក្សកាន់អំណាច ដែលប្រកួតជាមួយបក្សតូចៗ ខណៈដែលបក្សសង្គ្រោះជាតិ (ជណភ្រ) ត្រូវរំលាយចោលមក បានទាយមិនដាក់ទ្រនឹបថា “ជភភ នឹងឈ្នះ ១២៥,១២៥” ឃើញថា ត្រូវម៉ាច់ អត់ខុសអីបន្តិច។

ឥឡូវលោក រស់ សារ៉ុម ចេញក្បួនទាយមិនដាក់ទ្រនឹបទៀតហើយ ដូចអ្វីដែលលោកផុសសំណេរតាមហ្វេសប៊ុកថា “ភ្នំពេញថ្ងៃនេះ (ថ្ងៃហែបក្សទី១) ក្បួន ជភភ ៤០០០០នាក់ ទល់ក្បួនភ្លើងទៀន ១៥០០នាក់ ក៏ពិតមែន ការវាយតម្លៃលើ ចំនួនអ្នកបោះឆ្នោតគាំទ្របក្សទាំងពីរ មានកម្រិតល្អៀងតូចបំផុត” សំណេរនេះ មានន័យថា អ្នកវិភាគដែលធ្លាប់ទាយត្រូវពី មុននោះ ចាប់ផ្តើមទាយទៀតហើយ ដោយបញ្ចោញឃ្លាបញ្ចប់ថា “មានកម្រិតល្អៀងតូចបំផុត” បានសេចក្តីថា ចាញ់ឈ្នះគ្នា បន្តិចបន្តួច។

បើពិនិត្យទិដ្ឋភាពក្បួនហែបក្ស នៅថ្ងៃទី១នោះ បក្សកាន់អំណាច ហ៊ឹកហ៊ាក់គគ្រឹកគគ្រេងសម្បើមណាស់ ដោយមានក្បួន រថយន្តទាំងឯកជន ទាំងពាក់ស្លាកលេខរដ្ឋសភា ព្រឹទ្ធសភា ជាដើម បានមកចូលរួមហែដែរ។ អ្នកពាក់អាវសសញ្ញាទេវតា បាចផ្កា កាន់ទង់បក្សទង់ជាតិ រាប់ម៉ឺននាក់ទូទាំងប្រទេសនោះ សម្តែងក្តីសោមនស្សរីករាយជាងពេលណាៗទាំងអស់។

ដោយឡែកបក្សភ្លើងទៀន មានក្បួនហែ មិនសូវហំហួន គគ្រឹកគគ្រេងដូច ជភភ នោះទេ ដែលតំបន់ខ្លះ គេយកមីក្រូ ចងលើឡានដឹកស៊ីម៉ងត៍ ឬម៉ូតូកង់បី កង់បួន ឯអ្នកពាក់អាវភ្លើងទៀន ក៏មិនជាច្រើនប៉ុន្មានទេ គ្រាន់តែថាមានគេឃើញ ពិតជាបានហែបក្សប្រាកដមែន។

ធម្មតាអ្នកហែគ្នាច្រើន តែងសង្ឃឹមឈ្នះដាច់ដូចអ្វីដែលលោកសារ៉ុម បង្ហាញតួលេខ ៤ម៉ឺន ទល់១ម៉ឺន ៥ពាន់នាក់នោះ បើគិតជាសមាមាត្រគឺ ជភភ ខ្លាំងជាងភ្លើងទៀន ២៦ដងឯណោះ។ លើសខ្វះគ្នា ២៦ដងនេះ រំពឹងថា ជភភ ឈ្នះដាច់ក្នុង ឱកាសបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃ០៥ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្តែ បើយកការវិភាគ ឬទស្សន៍ទាយ របស់លោក រស់ សារ៉ុម មកពិចារណា ជួនកាល “មនុស្សធាត់ ចាញ់មនុស្សស្គម”។

នៅក្នុងរឿង “កុលាបប៉ៃលិន” នៅពេលលោកហ្លួងរតនសម្បត្តិ យល់ព្រមទទួល “ចៅចិត្រ” ធ្វើជាកម្មករជីកត្បូង ឱ្យ គាត់ ស្រាប់តែបុត្រីសំណព្វ “ឃុននារី” ប្រាប់ឪពុកថា “មនុស្សស្គមដូចអ្នកញៀនអាភៀនបែបនេះ មានកម្លាំងជីកដីដែរប៉ា?” ភ្លាមនោះ ចៅចិត្រ ក៏តបតទៅវិញទាំងទោមនស្សថា “មនុស្សស្គម គេមិនសម្គាល់ថាខ្សោយនោះទេ ស្គមយ៉ាងខ្ញុំបាទនេះ ក៏មានកម្លាំងជីកដីបានដូចគេឯងដែរ”។

ទ្រឹស្តីចៅចិត្រ មិនខុសឡើយ ព្រោះគាត់ស្គមមែន ប៉ុន្តែធ្វើការស្វាហាប់ណាស់ បានជួយយឹតយោងមុខរបរថៅកែត្បូង នៅប៉ៃលិន ឱ្យឡើងខ្ពស់ត្រដែត រហូតដល់ថៅកែសុខចិត្តលើកកូនក្រមុំដ៏ឆ្នាសនេះ ឱ្យចៅចិត្រ ជាកម្មករសម្គម។

យ៉ាងណាមិញ ការហែក្បួនបក្ស ៤ម៉ឺននាក់ ទល់នឹង១ម៉ឺន ៥ពាន់នាក់នោះ បើ ជភភ មានមោទនភាពពេក មិនសូវល្អទេ ព្រោះលោក រស់ សារ៉ុម ទាយទៀតហើយថា “មានកម្រិតល្អៀងតិចតួច” មិនទាយថា “ឯកបក្ស ឬ ១២៥,១២៥” ដូចពីមុនទៀតទេ។

សម្រាប់ “នគរធំ” យល់ថា “ជភភ មិនចាញ់ទេ” តែមិនហ៊ានថាល្អៀងតិចតួច” នោះឡើយ ដោយហេតុថា បក្សភ្លើងទៀន មិនខ្លាំងដូច ជណភ្រ នោះទេ ព្រោះពួកប្រឆាំងបែកបាក់គ្នា។ ទោះយ៉ាងណា “នគរធំ” ក៏ហ៊ានថា “ជភភ លែងបានសំឡេង ឯកបក្ស” ទៀតហើយ ចាំបាច់ត្រូវតែបើកផ្លូវឱ្យបក្សប្រឆាំងណាដែលខ្លាំង មកធ្វើការជាមួយ។

ជភភ ឈ្នះកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រឹមតែ ៨០% ជាការល្អបំផុត ដោយចំណាយ ១០% ទៅភ្លើងទៀន និង ១០% ទៀត ទៅបក្សឯទៀត មានហ៊្វុនស៊ិនប៉ិច ជាដើម។ គំនិតមន្ត្រី ជភភ ក៏ដូចអ្នកគាំទ្រ ជភភ គឺចង់បានឯកបក្សដូចមុនដដែល មិនបាច់ឆ្ងល់ ព្រោះគាត់ខ្លាចកៅអីដែលធ្លាប់អង្គុយក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ នោះ បានទៅគេ ប៉ុន្តែនយោបាយថ្នាក់លើ ជភភ ដែលឆ្លងកាត់បទពិសោធន៍ឯកបក្សកន្លងមក “អត់សូវចំណេញ” ជាពិសេស ឯកបក្សពេកទៅ ធ្វើឱ្យមន្ត្រីមូលដ្ឋានខិលខូច មួយចំនួន លេងល្បិចថ្ពឹនភ្នែកថ្នាក់លើ ទទួលលុយទៅកសាងផ្លូវ អត់គុណភាព ឬសាងសង់យឺតយ៉ាវ មិនទាន់ចិត្តប្រជារាស្ត្រ។ នាយទាហាន នាយប៉ូលិសខ្លះ ទៅវាតទីយកដីព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប ព្រោះតែ ជភភ ឯកបក្ស អត់សំឡេង ប្រឆាំងជួយស្រែក។ ប្រព័ន្ធអនុគ្រោះពន្ធ អភ្ស និង ពែៅ ក៏របូតទៅ ធ្វើឱ្យរោងចក្រមួយចំនួន បង្ខំចិត្តបិទទ្វារ ទុកឱ្យកម្មករ ដាច់អាជីព នាំគ្នាធ្វើចំណាកស្រុក ប្រឈមការបាត់បង់សេចក្តីថ្លៃថ្នូរ។

ដូច្នេះ គំនិតមន្ត្រី ជភភ ខ្លះ ចង់ឯកបក្សនោះ មិនស្របនយោបាយថ្នាក់លើនោះទេ ព្រោះបើថ្នាក់លើចង់ឯកបក្ស មិនមែន សុខចិត្តបើកផ្លូវឱ្យបក្សភ្លើងទៀន ធ្វើសកម្មភាពចូលរួមការបោះឆ្នោតទេ។

ងាកមក “មនុស្សស្គម កុំថាខ្សោយ” វិញ យើងកុំភ្លេចទ្រឹស្តីចៅចិត្រ ដែលជាស្នាដៃនិពន្ធរបស់លោកញ៉ុក ថែម។ យើង ឃ្លាំមើលមិនខុសទេ បើហៅមនុស្សធាត់ដុះពោះ មករត់ប្រណាំងជាមួយមនុស្សស្គម ពិតណាស់ថា កីឡាករធាត់នោះឆាប់ហត់ ធ្លាក់អណ្តាត ឯកីឡាករស្គម មិនងាយហត់ទេ អាចយកឈ្នះអ្នកធាត់ៗ។

ការហែក្បួនបក្សដែលប្រមែប្រមូលមនុស្សពីគ្រប់គ្រួសារទៅជួបជុំគ្នានោះ សម្រាប់បក្សកាន់អំណាច “អត់អ្នកប្រកែកទេ” បើមេភូមិមកហៅទៅហែ ត្រូវតែទៅ។ បើមេអង្គភាពស្ថាប័នដាក់បទបញ្ជាទៅហែកន្លែងណា កូនចៅអត់ប្រកែកបានឡើយ។

ចំណែក “បក្សសម្គមភ្លើងទៀន” នោះ អាចបបួលបានតែអ្នកក្លាហាន ឯអ្នកខ្លាច មិនហ៊ានទៅហែទេ ទោះជាគាត់មាន និន្នាការប្រឆាំងក៏ដោយចុះ។ អ្នកប្រឆាំងលាក់មុខ តែងខ្លាចសកម្មជន ជភភ រករឿង ឬលាក់គំនុំនយោបាយ ម៉្លោះហើយ គាត់ សុខចិត្តដេកស្ងៀមវិញល្អជាង។ ឯអ្នកក្លាហាន ដែលចេញទៅហែភ្លើងទៀននោះ មកពីគាត់មិនខ្លាចគំនុំនយោបាយ សូម្បីតែ ជនពិការ និងក្រមុំស្អាតៗ ក៏ចេញទៅដែរ តែដល់បូកសរុប មានចំនួនតិចតួចណាស់ គឺ១៥០០នាក់ ទល់ ជភភ ៤០០០០នាក់។

ដូច្នេះ “មនុស្សស្គម កុំថាខ្សោយ” គឺនៅត្រង់អ្នកមិនហ៊ានទៅហែនេះឯង ប៉ុន្តែគាត់រង់ចាំទៅគូសសន្លឹកឆ្នោត ជូនបក្ស ដែលគាត់ស្រលាញ់។ ករណីក្រសួងមហាផ្ទៃ ជូនដំណឹងទៅប្រធានគណបក្សភ្លើងទៀន អំពីការតែងតាំងលោកសុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន ខុសលក្ខន្តិកៈបក្ស និងច្បាប់ស្តីពីគណបក្សនយោបាយ នោះ យើងឃើញពួកប្រឆាំងរិះគន់ ព្រោងព្រាតតាមបណ្តាញសង្គមថា “មកពី ជភភ ខ្លាចសុន ឆ័យ” ជាសាវ័កសម រង្ស៊ី បានជាបង្គាប់ឱ្យពិនិត្យពីបញ្ហាតួនាទី នោះ។

ករណីនេះ ពាក់ព័ន្ធនឹងច្បាប់ “នគរធំ” មិនដឹងទេ គ្រាន់តែបញ្ជាក់ថា “មនុស្សស្គម កុំថាខ្សោយ” ទោះជាដកបុគ្គលសុន ឆ័យ ចេញ ក៏នៅសល់មនុស្សស្គមច្រើនទៀត ដែលត្រៀម “រត់ប្រឆាំងជាមួយអ្នកធាត់ ជភភ”។ អ៊ីចឹងការវិភាគបែបទស្សន៍- ទាយរបស់លោក រស់ សារ៉ុម ថា “មានកម្រិតល្អៀងតូចបំផុត” គឺមានន័យថា ឈ្នះចាញ់ ប្រដមប្រសងគ្នាតែម្តង។

សរុបទៅ “មនុស្សស្គម កុំថាខ្សោយ” ចំនួនក្នុងបញ្ជីបោះឆ្នោតរាប់លាននាក់ ក៏ដូចចំនួនអ្នកហែបក្ស ជភភ គគ្រឹក-គគ្រេងភ្លូកទឹកភ្លូកដីនោះ គួរប្រុងប្រយ័ត្នផង។ ជភភ ធ្លាប់ខកចិត្តស្អិតទ្រូងម្តងហើយ កាលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០១៧ ដែល ជណភ្រ ដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ ជិត៥០០ ដោយមិននិយាយពីក្រុមប្រឹក្សា។ ដូច្នេះ ឃើញ “អាសម្គមបាញ់លលក” កុំថាវាខ្សោយ មឹះៗកេះឆ្នាំងបាយធ្លុះ អាចយកកូនក្រមុំសេដ្ឋី ២នាក់ ធ្វើប្រពន្ធ ឱ្យគ្រហើរៗ… ហេស! ហេ!…’

RELATED ARTICLES