Sunday, December 22, 2024
Homeបរិយាយស្គាល់ដើមឈើ ដោយសារផ្លែ

ស្គាល់ដើមឈើ ដោយសារផ្លែ

ដោយអាចារ្យថាំ

បក្សកាន់អំណាច (ជភភ) ដឹងដែរថា លោកសម រង្ស៊ី មេប្រឆាំងដ៏ស្វិតស្វាញនោះ នៅពីក្រោយបក្សភ្លើងទៀន តាំងពី ចាប់ផ្តើមលើកស្លាកជាថ្មី ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ទោះជា ជភភ បានដឹង ក៏នៅតែ បើកឱកាសឱ្យភ្លើងទៀន ឆេះប្លុងៗ អត់ផ្លុំពន្លត់នោះទេ លុះដល់កាលបរិច្ឆេទនៃការបោះឆ្នោតជិតចូលមកដល់ ស្រាប់តែផ្ទុះ ប្រតិកម្មពីអ្នកគាំទ្រ ជភភ ចោទប្រកាន់និងប្តឹងផ្តល់នៅ គ.ជ.ប ឱ្យហាមឃាត់សកម្មជនភ្លើងទៀនដែលឃោសនាចងភ្ជាប់គ្នា ជាមួយអតីតបក្សសង្គ្រោះជាតិ (ជណភ្រ)។ ជាងនេះទៀត សហការីលោកកឹម សុខា ក៏ព្យាយាមចង់ឱ្យ គ.ជ.ប “ស្រឿ សរសៃ” ពួកភ្លើងទៀននេះដែរ ដូច្នេះ ការចេញផ្លែ ឬឃើញផ្លែឈើ គេស្គាល់ដល់ដើមឈើ ដែល “នគរធំ” ក្តាប់បាន ក៏លើក ពី “ស្គាល់ដើមឈើ ដោយសារផ្លែ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សុភាសិត “ស្គាល់ដើមឈើ ដោយសារផ្លែ” សំដោដល់ឈ្មួញរកស៊ីដឹកដូង ស្វាយ ឪឡឹក ម្នាស់ មៀន ជាដើម យកទៅ លក់នៅទីក្រុង។ បើក្មេងៗកើតនៅដីក្រុង ភាគច្រើនអត់ស្គាល់ដើមឈើ ទោះជាបានឃើញផ្លែ ប៉ុន្តែ សម្រាប់ចាស់ៗគាត់ បានឃើញផ្លែដូង ផ្លែស្វាយ ផ្លែមៀន ក៏ស្គាល់ដល់ដើមវា មិនភ័ន្តច្រឡំឡើយ។

យ៉ាងណាមិញ ការរិះគន់ ការឃោសនាបញ្ចោញវោហារសាស្ត្រ វាយប្រហារគ្នា រវាងសកម្មជនគណបក្សនានា ដែលកំពុង បើកយុទ្ធនាការរកសំឡេងឆ្នោតជ្រើសមេឃុំ-សង្កាត់ អាណត្តិទី៥នេះ គ្រាន់តែខ្ជាក់សម្តីចេញមក គេអាចស្គាល់ដល់សាវតារ ឬប្រភពគណបក្សនោះ មិនសូវច្រឡំឡើយ។

ជាក់ស្តែង គ្រាន់តែគណបក្សភ្លើងទៀន លើកស្លាកយីហោ និងមានដំណើរការរលូន អាចលើកបានទូទាំងប្រទេសនោះ គេអាចដឹងបានថា “ផ្លែស្វាយ កើតចេញពីដើមស្វាយ”។ ដើមស្វាយសង្គ្រោះជាតិនោះ ទោះជាហ៊ុមព័ទ្ធរបង ឬយកកំបោរទៅ លាបដើមយ៉ាងណា ក៏នៅតែចេញផ្កា ក្តឹប ផ្លែរយោងរយានដដែល។ គ្រាន់តែមានអ្នកដឹកផ្លែស្វាយទៅដល់ផ្សារ គេដឹងថា វាជាផ្លែស្វាយដែលហ៊ុមព័ទ្ធរបងនោះហើយ ព្រោះភូមិនោះមាន “ស្វាយល្ហួត” តែ១ដើមហ្នឹង។ ស្វាយល្ហួតផ្លែធំៗណាស់ ជួនកាលភូមិខ្លះ អត់មាន១ដើមផង ដូច្នេះបើកាលណាឃើញស្វាយល្ហួត លក់ឯផ្សារក្នុងភូមិ អ្នកទិញក៏ស្គាល់ថា បេះមកពី ដើមស្វាយល្ហួត នៅចុងភូមិ ដែលគេព័ទ្ធរបងលាបកំបោរ។

មនុស្សធ្លាប់រាកអាចម៍ដោយសារហូបស្វាយល្ហួត ហួសចំណុះ គ្រាន់តែឃើញស្វាយហ្នឹងដឹកទៅដល់ផ្សារ ក៏រករឿងអ្នក លក់ ដោយទាមទារឱ្យប្រមូលយកទៅវិញ កើតជាជម្លោះតឹងសរសៃក ប៉ុន្តែ “ប្រធានផ្សារ” ជួយសម្របសម្រួលឱ្យលក់ស្វាយ អស់សិនទៅ កុំកោសរូសគ្នាអី។

បើយករឿង “ស្គាល់ដើមឈើ ដោយសារផ្លែ” ឬគ្រាន់តែឃើញស្វាយល្ហួត ស្គាល់ដើមវា ដែលមួយភូមិ មានតែ ១ដើម ចេញផ្លែព្រោងព្រាតនោះ យើងអាចប្រៀបបានទៅនឹង “ផ្លែភ្លើងទៀន” ដែលចេញពី “ដើមសង្គ្រោះជាតិ”។ អ្នកគាំទ្រ ជភភ ធ្លាប់ស្គាល់រសជាតិផ្លែស្វាយនេះម្តងហើយ កាលពីឆ្នាំ២០១៣ និង២០១៧ យកទៅចិតជ្រលក់ទឹកត្រីស្ករ ស្រាប់តែរាកឈូ! ធ្វើឱ្យអ្នកហូបខឹងសម្បា ចង់កាប់ដើមស្វាយចោល ប៉ុន្តែមិនហ៊ានកាប់ បានត្រឹម “ហ៊ុមព័ទ្ធរបងលាបកំបោរ”។ ដើមស្វាយ សង្គ្រោះជាតិនោះ ទោះជាជាប់របង ឬ “ត្រូវជាប់អំណាចសាលក្រមតុលាការកំពូល” ក៏នៅតែប្រឹងចេញផ្កា ក្តឹប ផ្លែ ដោយ “មានអ្នកឡើងបេះបញ្ចោញទៅទីផ្សារ”។

អ្នកគាំទ្រ ជភភ “ស្អប់ខ្ពើមស្វាយល្ហួតហ្នឹងណាស់” ក៏ចោមរោមដាក់ពាក្យបណ្តឹងចោទប្រកាន់ថា “ភ្លើងទៀន យកសង្គ្រោះ- ជាតិ មកឃោសនាខុសច្បាប់” ប៉ុន្តែអ្នកនាំស្វាយទៅលក់ តវ៉ាថា “ដឹងដែរថា ភ្លើងទៀន ចេញពីសង្គ្រោះជាតិ ហេតុអ្វីមិន តវ៉ាពីដំបូង? ដល់ពេលជិតបោះឆ្នោត ទើបរករឿង?”។

ទោះយ៉ាងណា “គ.ជ.ប ឬប្រធានផ្សារ” បានជួយសម្របសម្រួលដោយហាមឃាត់អ្នកបញ្ចោញផ្លែស្វាយនោះ ឈប់យក ឈ្មោះ ជណភ្រ មកឃោសនាទៀត បានទាំងប្រាប់ “ឈ្មួញភ្លើងទៀន ទាវ វណ្ណុល” ឱ្យដកយកសុន ឆ័យ ដែលប្លមខ្លួនដឹក ស្វាយ មកលក់ទៀតផង។

ការប្រៀបធៀបនេះ ល្មមយល់ហើយ ប៉ុន្តែ “នគរធំ” សូមនិយាយឱ្យចំៗម្តងវិញ គឺថា បក្សភ្លើងទៀន ចេញពីដើមឈើ សង្គ្រោះជាតិ ឬមេប្រឆាំង សម រង្ស៊ី បានបង្កើតតាំងពីអាណត្តិទី២ ម៉្លេះ ជាពូជពង្សរបស់គណបក្សជាតិខ្មែរ គណបក្សសម រង្ស៊ី ក្លាយទៅជាសង្គ្រោះជាតិ ជណភ្រ ក្រោយពេលចាប់ដៃលោកកឹម សុខា។

ជភភ ដឹងយូរហើយថា ភ្លើងទៀន មានសម រង្ស៊ី អេង ឆៃអ៊ាង មួរ សុខហួរ… នៅពីក្រោយ ប៉ុន្តែ “អត់ញញើត” ក៏ បើកឱកាសឱ្យចូលរួមការបោះឆ្នោត។ ទោះជាអត់ញញើត ក៏ ជភភ ត្រូវបង្ហាញពី “ការគោរពច្បាប់” ទើបមានការប្តឹងផ្តល់ ទៅ គ.ជ.ប ពីករណីពួកភ្លើងទៀន យកឥទ្ធិពល ជណភ្រ ទៅឃោសនា។

លោក រស់ សារ៉ុម អ្នកវិភាគនយោបាយសង្គម បញ្ចោញទស្សនៈថា “បក្សភ្លើងទៀន អាចបានកៅអីមេឃុំ-ចៅសង្កាត់ ៣០០” ប៉ុន្តែលទ្ធភាពបេក្ខជនភ្លើងទៀនល្បីៗ ដូចអ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជាដើម ដែលធ្លាប់ជាប់ជាចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ក្នុងនាម ជណភ្រ នោះ “មិនជាប់ទៀតនោះ ព្រោះ ជភភ រៀបចំយុទ្ធសាស្ត្រទប់ទល់ ដោយបញ្ជូនអ្នកគាំទ្រ ជភភ ទៅបោះឆ្នោតសង្គ្រប់យកកន្លែងធ្លាប់ចាញ់”។

ចុះបើ ជភភ រៀបចំយុទ្ធសាស្ត្រឈ្នះ-ឈ្នះ បានល្អយ៉ាងនេះទៅហើយ ដោយសង្ឃឹមបានកៅអី ១៤០០នោះ ហេតុអ្វីក៏ ខ្លាច ៣០០កៅអី? ចំណុចនេះ “នគរធំ” ហ៊ានឆ្លើយថា “ជភភ មិនខ្លាចទេ តែធ្វើឱ្យមានលក្ខណៈស្របច្បាប់” ទាក់ទាញ អារម្មណ៍អន្តរជាតិ។ ទោះជាបក្សតូចៗឯទៀត ដែលមិនសង្ឃឹមបានកៅអី ឬ “ហ្សេរ៉ូកៅអី” ក៏ ជភភ យកច្បាប់មកនិយាយ តាមរយៈក្រសួងមហាផ្ទៃ ឬប្តឹងទៅ គ.ជ.ប។ ដឹងថា ផ្លែស្វាយល្ហួត ១កញ្ជើ លក់មិនបានលុយច្រើនដូចផ្លែស្វាយកែវល្មៀត ដែលដឹកពេញរ៉ឺម៉ក ក៏គេកោសរូសអ្នកលក់ស្វាយល្ហួតហ្នឹងសិន ដែល “មិនព្រមបង់ថ្លៃភាស៊ី” យល់?

មានសំណួរទៀតថា “ចុះមុនថ្ងៃឃោសនា ម៉េចមិនរករឿង?” ចំណុចនេះ “នគរធំ” អាចឆ្លើយបានថា សេរីភាពបង្កើត គណបក្ស អត់ឃាត់ទេ វៀរលែងតែបក្ស ជណភ្រ ដែលតុលាការរំលាយ។ គេមិនអាចរករឿងមុនថ្ងៃឃោសនាបានឡើយ លុះកាលបរិច្ឆេទនៃការឃោសនាចូលមកដល់ គេចាំតែរំពៃមើល បើឃើញខុសច្បាប់ ក៏ព្រមានអ៊ីចឹងអីទៅ។

ឧទាហរណ៍ឱ្យកាន់តែច្បាស់ជាងនេះ ដូចអ្នកដើមបុណ្យ ទៅសុំច្បាប់ថា នឹងជួលយីកេ មកសម្តែងជូនទស្សនា លុះដល់ ថ្ងៃបុណ្យ ស្រាប់តែឃើញល្ខោនបាសាក់ មកសម្តែងទៅវិញ ធ្វើឱ្យអាជ្ញាធរមួម៉ៅ ក៏ទៅរករឿងស្តីបន្ទោសអ្នកផ្តើមបុណ្យ ដែលមិនធ្វើតាមច្បាប់ ឬការស្នើសុំជួលយីកេ បែរជាយកល្ខោន។ ទោះជាប៉ូលិសទៅរករឿង ក៏មិនបានបន្ទច់បង្អាក់កម្មវិធី បុណ្យ សម្តែងល្ខោនបាសាក់នោះទេ គ្រាន់តែស្តីបន្ទោស ឱ្យគោរពច្បាប់តែប៉ុណ្ណោះ។

ងាកមករឿង “ស្គាល់ដើមឈើ ដោយសារផ្លែ” ក៏មានន័យមិនខុសពីជួលយីកេ តែបែរជាជួលល្ខោន។ បើភ្លើងទៀន ធ្វើខុសច្បាប់ គេរករឿងអ៊ីចឹងហើយ ឬថាឃោសនាត្រឹមតែគោលនយោបាយភ្លើងទៀន បានហើយ កុំយកទ្រឹស្តី ជណភ្រ ឬពាក្យសម្តីលោកសម រង្ស៊ី មកឃោសនា វានាំឱ្យខុសច្បាប់។

ទោះយ៉ាងណា “នគរធំ” ផ្តោតជំនឿថា ក្រសួងមហាផ្ទៃ និង គ.ជ.ប គ្រាន់តែព្រមានបក្សភ្លើងទៀន ឱ្យឈរលើគោល-ការណ៍នីតិរដ្ឋ អត់បញ្ឈប់ការបោះឆ្នោត ឬផ្លុំពន្លត់ភ្លើងទៀននោះទេ។ ជភភ ត្រៀមឈ្នះ ៧០% ទៅ ៨០% ស្រេចទៅហើយ គេមិនល្ងង់អីទៅបញ្ឈប់អ្នកចាញ់ ត្រឹម ២០% នោះទេ។ ទុក ២០% កំដរប្រជាធិបតេយ្យ មិនចំណេញ? តែបើ គ.ជ.ប ក៏ដូច តុលាការ ប្រកាសរំលាយបក្សប្រឆាំងខ្លាំងឱ្យរលត់សូន្យសុងនោះ បានត្រឹមនាំមកនូវ “ការបែកបាក់ជាតិ” ធ្ងន់ទៅៗ។ ប្រធាន ផ្សារ ត្រូវតែសម្របសម្រួលជាមួយអ្នករាករូស ដោយការហូបស្វាយល្ហួត ទឹកត្រីស្ករ ហួសចំណុះនោះ ឱ្យបន្ថយកំហឹង ទុកពេល ឱ្យគេលក់ស្វាយ ១កញ្ជើនោះចុះ ទោះជាដឹងថា ផ្លែស្វាយ ចេញពីដើមស្វាយព័ទ្ធរបងលាបកំបោរក៏ដោយ។

សរុបទៅ “ស្គាល់ដើមឈើ ដោយសារផ្លែ” ចង់ផ្តោតនៅលើការរករឿងប្តឹងផ្តល់គ្នា យកគំនុំនយោបាយដាក់មុខ។ ជភភ ដឹងដែរថា ស្វាយភ្លើងទៀន វាចេញពីដើមស្វាយសង្គ្រោះជាតិ បើបិទផ្លូវពីមុន អត់សូវមានបញ្ហាទេ ព្រោះជាបក្សមានមេ ប្រឆាំងទណ្ឌិត នៅពីក្រោយ។ លុះដល់ពេលជិតបោះឆ្នោត ស្រាប់តែរករឿងប្តឹងផ្តល់ ខឹងអ្នកលក់ស្វាយ ១កញ្ជើហ្នឹង វាអត់ ចំណេញអ្វីដល់យុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ ជភភ នោះទេ…ដែលជាបរិបទសម្រាប់បក្សកាន់អំណាច ពិចារណាតាមការគួរ…’

RELATED ARTICLES