Monday, May 6, 2024
Homeបរិយាយពហិការបោះឆ្នោត?

ពហិការបោះឆ្នោត?

ដោយ អាចារ្យថាំ

ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែកៀក ស្របពេលយុទ្ធនាការរកសំឡេងឆ្នោតកាន់តែ រលូន បែរជាមានពួកប្រឆាំងនិងអ្នកវិភាគខ្លះ “ចង់ឱ្យធ្វើពហិការបោះឆ្នោត” ដោយគេលើកឡើងថា គ.ជ.ប មិនឯករាជ្យ និងជាការរៀបចំរបស់បក្សកាន់អំណាច (ជភភ)។ ពហិការបោះឆ្នោត វាអត់ចំណេញអ្វីក្រៅពីបន្តជម្លោះនយោបាយគ្មាន ថ្ងៃអវសាននោះឡើយ ព្រោះប្រជាធិបតេយ្យ ស្តែងចេញតាមរយៈការបោះឆ្នោត ធ្វើឱ្យមានការផ្លាស់ប្តូរនេះឯង ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ពហិការបោះឆ្នោត?” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ពហិការ” មានន័យថា ធ្វើឱ្យនៅខាងក្រៅ ដែលមិនចូលរួមក្នុងបញ្ហាអ្វីមួយពាក់ព័ន្ធដល់សមាគម សហគមន៍ ឬជាតិមាតុ- ភូមិ។ ពហិការ មានលក្ខណៈស្រដៀងនឹង “អបគមន៍” (ដំណើរប្រាសទៅ) គឺការបំបែកខ្លួនចេញពីការដឹកនាំរដ្ឋ ទៅបង្កើត រដ្ឋមួយទៀត ឬរដ្ឋក្នុងរដ្ឋ។

“ពហិការបោះឆ្នោត” សំដៅដល់ការមិនចូលរួមបោះឆ្នោត ទោះបីជាផ្ទះនៅក្បែរមណ្ឌលបោះឆ្នោត ក៏គាត់មិនខ្ចីទៅ ជួនកាលដល់ពេលបោះឆ្នោត គាត់គេចទៅដើរលេងបាត់ លៃយ៉ាងណាឱ្យរួចខ្លួនពីការបោះឆ្នោតនោះ។

លោកគឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ បានផុសសំណេរតាមហ្វេសប៊ុកថា “តើ បងប្អូនគួរទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត ៥ មិថុនា ២០២២?” ដោយបន្ថែមគោលជំហរគាត់ច្បាស់ៗថា “ខ្ញុំប្រឆាំងនឹង ឧក្រិដ្ឋកម្មបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២”។

ដោយឡែក លោកយឹម ស៊ីណន អតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង ដែលទើបចូល មកកម្ពុជា និងមានគោលជំហរគាំទ្រលោកកឹម សុខា វ៉ៃលោកសម រង្ស៊ី បានផុសសំណេរតាមហ្វេសប៊ុក ថា “នាទីចុងក្រោយ យុទ្ធនាការបោះឆ្នោត លោកសម រង្ស៊ី នឹងប្រកាសឱ្យបក្សភ្លើងទៀនធ្វើពហិការ មិនចូលរួមបោះឆ្នោត ក្នុងបំណងក្រឡុក ស្ថានការណ៍នៃការបោះឆ្នោត ឱ្យទៅជារឿងអាក្រក់មើលមួយ។ ក្រោយអង្គការសហប្រជាជាតិ រួមទាំងប្រទេសមហាអំណាច ភាគច្រើនមិនបានបញ្ចូលអ្នកសង្កេតការណ៍ ចូលរួមការបោះឆ្នោតខាងមុខ” សំណេរលោកយឹម ស៊ីណន ជាការវិភាគបែប ទស្សន៍ទាយ ដូចអ្វីដែលលោកបញ្ជាក់នៅឃ្លាខាងដើមថា “ខ្ញុំសាកល្បងទាយឱ្យខុសមួយចុះ!” ប៉ុន្តែការទស្សន៍ទាយបែបនេះ មានន័យមិនខុសពីអ្នកវិភាគគឹម សុខ នោះទេ និយាយឱ្យចំ គឺ “ចង់ឱ្យមានពហិការបោះឆ្នោត” តែម្តង។

សួរថា “តើទៅបោះឆ្នោត និងពហិការបោះឆ្នោត ខាងណាល្អជាង?” “នគរធំ” សូមឆ្លើយឱ្យបានក្បោះក្បាយបន្តិចចុះ ដោយលើកអតីតកាលមកបង្ហាញដោយត្រួសៗដូចខាងក្រោម ៖

បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ មក អ៊ុនតាក់ បានជួយរៀបចំការបោះឆ្នោត ជ្រើសតាំង “សភាធម្មនុញ្ញ” ដែលក្លាយជាសភាជាតិ។ កាលនោះ ភាគីខ្មែរក្រហម បានធ្វើ “ពហិការបោះឆ្នោត” គេបានទាំង អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា កុំទៅបោះឆ្នោតទៀតផង ដោយលើកឡើងថា ការបោះឆ្នោតនោះ “គ្រាន់តែជួយភាគីរដ្ឋ កម្ពុជា ឱ្យកាន់អំណាចពេញសិទ្ធិតែប៉ុណ្ណោះ” ព្រោះជំនាន់នោះ “ចលនាត្រីភាគី” ឈរឈ្មោះដោយកម្ពុជាប្រជាធិបតេយ្យ កាន់កាប់អាសនៈអង្គការសហប្រជាជាតិ។ ទោះបីជាមុនបោះឆ្នោត បានទុកកៅអី អ.ស.ប ឱ្យនៅទំនេរ ក៏ភាគីខ្មែរក្រហម មិនព្រមចូលរួមបោះឆ្នោត និងមិនទម្លាក់អាវុធ។ លុះលទ្ធផលដឹងថា ហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត ស្រាប់តែខ្មែរក្រហម ប្រកាស ទទួលស្គាល់លទ្ធផលបោះឆ្នោតភ្លាមៗ។

មេរៀនអតីតកាលនេះ បើយកមកឆ្លុះមើលបច្ចុប្បន្នកាល យើងអាចសន្និដ្ឋានបានថា ក្រុមលោកកឹម សុខា និង អ្នកវិភាគមួយចំនួន កំពុងយករបៀបតាមខ្មែរក្រហម ហើយ ដោយអំពាវនាវប្រជាពលរដ្ឋខ្មែរ កុំបោះឆ្នោត ព្រោះដឹងថា ជភភ នៅតែឈ្នះដដែល។ ប៉ុន្តែឧបមាថា បក្សប្រឆាំងណាមួយ “មិនចំពោះតែភ្លើងទៀន” ឈ្នះការបោះឆ្នោតនោះ ពិតណាស់ថា អ្នកអំពាវនាវឱ្យធ្វើពហិការនោះនឹង “ទទួលស្គាល់លទ្ធផលបោះឆ្នោតលឿនដូចផ្លេកបន្ទោរ”។

ទោះយ៉ាងណា ការអន្ទងមនុស្សរាប់លាននាក់ តាមតែមនុស្សពីរបីនាក់នោះ ដូចអូសប្ញស្សីច្រាសចុង ព្រោះថា រាស្ត្រ សម័យនេះ ឆ្លាតណាស់ ជាពិសេស អ្នកគាំទ្របក្សប្រឆាំង តែងពិចារណាច្បាស់លាស់ណាស់ បើសិនជាគាត់មិនទៅបោះឆ្នោត នឹងមានបញ្ហាដល់គ្រួសារ។

សម្រាប់អ្នកមិនទាន់មានប្លង់ដី ច្បាស់ជាបារម្ភថា បើគាត់មិនទៅបោះឆ្នោត ធ្វើឱ្យអាជ្ញាធរមូលដ្ឋានខាង ជភភ លាក់គំនុំ បើមានទុក្ខធុរៈ រៀបការកូនចៅ ឬទៅធ្វើប្លង់ដី ក្រែងគេមិនធ្វើឱ្យ?

អ្នកជ្រុះបាត់អត្តសញ្ញាណប័ណ្ណ តែចង់រកការងារធ្វើ ឬចង់ធ្វើប៉ាស្ព័រចេញទៅក្រៅប្រទេស បើគាត់បាត់ឈ្មោះក្នុងបញ្ជី បោះឆ្នោត ឬពហិការបោះឆ្នោត ក្រែងប៉ូលិសមិនរវល់រៀបចំធ្វើកាតថ្មីឱ្យវិញ?

ការធ្វើពហិការបោះឆ្នោត វាអត់ចំណេញអ្វីដល់ប្រជារាស្ត្រនោះទេ តែចំណេញអ្នកនយោបាយដែល “យកនយោបាយ ធ្វើមុខរបរ” ឯណោះ។ អ្នកនយោបាយខ្លះ គំនិតអាក្រក់ “ចង់ឱ្យគេទិញគាត់” ក៏ធ្វើជាប្រឆាំងខ្លាំង តែប្រឆាំងនៅក្នុងទីមាន សុវត្ថិភាព អត់ហ៊ានចេញក្រៅទេ ខ្លាចអ្នកស្អប់គាត់លួចវ៉ៃបែកក្បាល ប៉ុន្តែគាត់នឹងស្របភ្លាម បើបានសើមមាត់ខ្លះ នេះ ហើយ ជាសារជាតិរបស់អ្នកនយោបាយរាយរងខ្លះ ដែលប្រឆាំងខ្លាំង គឺ “ដើម្បីលុយ”។

ដូច្នេះ ការដែលអ្នកវិភាគនិងអ្នកនយោបាយខ្លះ អំពាវនាវឱ្យធ្វើពហិការបោះឆ្នោតនោះ គ្រាន់តែជា “ល្បិចលើកតម្លៃ ខ្លួនគាត់ឱ្យគេទិញ” តែប៉ុណ្ណោះ គ្មានអ្វីអស្ចារ្យទេ។ ចំណែកអ្នកទិញទៀតសោត បើចេះតែទិញមនុស្សប្រភេទហ្នឹង បើសិន ជារាស្ត្របានដឹង ធ្ងន់កហើយ ព្រោះនយោបាយទិញដូរ ជាសត្រូវនៃការអភិវឌ្ឍន៍ជាតិមាតុភូមិ។

ឧបមាថា លោកសម រង្ស៊ី មើលឃើញទិដ្ឋភាពដែលអ្នកគាំទ្របក្សភ្លើងទៀន មួយចំនួន “នាំគ្នាដុតមួក និងអាវបក្ស” ធ្វើឱ្យមេប្រឆាំងនោះខឹងសម្បា រួចបញ្ជាភ្លើងទៀន ឱ្យ “ពហិការបោះឆ្នោត” ដូចអ្វីដែលលោកយឹម ស៊ីណន ទស្សន៍ទាយនោះ សួរថា “អ្នកណាខាត?”។

ចំណុចនេះ “នគរធំ” ហ៊ានឆ្លើយថា “ខាតទាំងអស់គ្នា!” គឺ ជភភ ខាតនៅត្រង់ “ឈ្នះឆ្នោតអត់គូប្រកួតស្មើទម្ងន់” រីឯ ភ្លើងទៀនខាត នៅត្រង់ខំចំណាយថវិកាអស់មិនតិចទេ ក្នុងយុទ្ធនាការឃោសនា តែមិនបានកៅអីមួយនឹងគេ។ ករណីបំផុស ឱ្យមានការដុតអាវ ដុតមួកបក្សនោះ ឃើញតែប៉ុណ្ណឹងដដែលៗ គ្រប់អាណត្តិ គ្មានប្លែកទេ រួចលេចចេញជាការរិះគន់ថា “ដុត អាវបក្សចោលបានលុយ” ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ជភភ។

តាមការកត់សម្គាល់ ២០-៣០ឆ្នាំកន្លងមកនេះ ជួនកាលមូលដ្ឋានខ្លះ មានពួកប្រឆាំងចុះចូល ជភភ ច្រើន លុះបោះឆ្នោត បែរជាកន្លែងចុះចូលនោះ បក្សប្រឆាំងឈ្នះទៅវិញ តើមកពីអ្វី?

ឥឡូវ “នគរធំ” កត់ត្រាទុកអស់ហើយ ភូមិណា ឃុំណា ដែលមានពួកភ្លើងទៀន ដុតអាវនោះ ចាំមើលថា តើ “ឃុំហ្នឹង បក្សណាជាប់លេខ១?” ឃុំ-សង្កាត់ណាដែលមានការប្តឹងផ្តល់គ្នាខ្លាំង ក៏យើងកត់ទុកដែរថា តើខាងណាបានកៅអីមេឃុំ?

អ៊ីចឹងករណីលោកគឹម សុខ លោកយឹម ស៊ីណន និងសហការីលោកកឹម សុខា ខ្លះទៀត អំពាវនាវឱ្យ “ពន្លត់ភ្លើងទៀន” គឺមានន័យស្មើនឹង “មិនបានបោះឆ្នោត” ឬភ្លើងទៀន ពហិការបោះឆ្នោត។ ករណីលោកគឹម សុខ ថា ការបោះឆ្នោត ជា ឧក្រិដ្ឋកម្ម ក៏មិនខុសពីលោកខៀវ សំផន កាលនៅជាតំណាងខ្មែរក្រហមក្នុងចលនាត្រីភាគី ប្រកាសមិនទទួលស្គាល់ការបោះ- ឆ្នោត អាណត្តិទី១។ លុះហ៊្វុនស៊ិនប៉ិច ឈ្នះ ជភភ ស្រាប់តែលោកខៀវ សំផន ប្រកាសទទួលស្គាល់ការបោះឆ្នោតលឿនជាងគេ។ អ៊ីចឹង ឧបមាថា ភ្លើងទៀន ឈ្នះបានកៅអីត្រឹមតែ ៣០០ឡើងទៅ ច្បាស់ជាលោកគឹម សុខ “សូមស្វាគមន៍មេឃុំ-ចៅសង្កាត់ ភ្លើងទៀន” មិនខានឡើយ។

សរុបទៅ “ពហិការបោះឆ្នោត” មិនចំណេញទេ តែរឿងដែលពួកប្រឆាំង ក្រុមលោកកឹម សុខា និងអ្នកវិភាគ គឹម សុខ មានចេតនាចង់ឱ្យធ្វើពហិការនោះ មកពីដឹងថា “ជភភ ឈ្នះដាច់ឆ្ងាយពេក” ប៉ុន្តែបើបក្សភ្លើងទៀន អាចដណ្តើមបានកៅអី មេឃុំ-ចៅសង្កាត់ ប្រហាក់ប្រហែល ជណភ្រ នោះ ច្បាស់ជាពួកគាត់ញញឹមខ្ជឹប ដែលមិនគួរឆ្ងល់…’

RELATED ARTICLES