Sunday, December 22, 2024
Homeបរិយាយពូជអាចារ្យជុំ

ពូជអាចារ្យជុំ

ដោយ អាចារ្យថាំ

មិនមែនជារឿងចម្លែកនោះទេ ដែលព្រះសង្ឃមួយអង្គ មាននិន្នាការប្រឆាំង ត្រូវសង្គ្រាជ និងអាចារ្យវត្ត ដេញចេញពី វត្តទាំងយប់នោះ ព្រោះអ្វីៗសុទ្ធតែជាន់ដានប្រវត្តិសាស្ត្រ។ បើកាលណាគេដេញ ច្បាស់ជាវត្តឯទៀត មិនហ៊ានទទួលឱ្យគង់នៅ ដូច្នេះជម្រើសមានតែមួយ គឺគង់នៅក្នុងព្រៃក្បែរផ្ទះញាតិញោម ឬទៅនៅព្រៃភ្នំក្រំថ្ម ធ្វើធុតង្គតែម្តង។ បើពិចារណាទៅ មកពីពូជព្រះអាចារ្យខៀវ ជុំ មិនទាន់ផុត ក៏នៅសល់ព្រះសង្ឃមួយៗបន្តធ្វើនយោបាយដែល “នគរធំ” សូមគាស់កកាយ រំព្ញក “ពូជអាចារ្យជុំ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ព្រះភិក្ខុធម្មបាលោ ខៀវ ជុំ” ហៅអាចារ្យជុំ ជាអតីតសមណសាស្ត្រាចារ្យ នៅសាលាបាលីជាន់ខ្ពស់ មិត្តភក្តិព្រះអាចារ្យ ហែម ចៀវ ជាព្រះសង្ឃ “ចេះវិន័យមិនខ្លាចអាបត្តិ”។ ព្រះអាចារ្យជុំ ធ្លាប់ធ្វើសកម្មភាពប្រឆាំងបារាំង លុះស្រុកបានឯករាជ្យ ក៏បន្តប្រឆាំងរដ្ឋាភិបាលសង្គមរាស្ត្រនិយម សុខចិត្តនិមន្តចូលព្រៃ ជាមួយមេខ្មែរសេរី សឺង ង៉ុកថាញ់ ទៅគង់នៅតំបន់ភ្នំដង- រែក។ កាលនោះ ព្រះអាចារ្យជុំ ក្លាយជាធម្មកថិក ទេសនាប្រៀនប្រដៅមេឥស្សរៈសំខាន់ៗ ដូចជា “ឡឹក សំអឿន ហៅ ផ្កាយព្រឹក” ជាដើម ឱ្យប្រឆាំងរបបរាជានិយម ជាពិសេស អាចារ្យជុំ មិនដែលភ្លេចទេសនាពី “ទសពិធរាជធម៌” ឬធម៌ ១០ ប្រការ សម្រាប់ព្រះមហាក្សត្រ រួចព្រះអង្គបញ្ជាក់ថា “បើកាន់ធម៌ទាំង១០នេះ មិនជាប់ កុំធ្វើស្តេចអី”។

អាចារ្យជុំ ត្រូវគណៈសង្ឃនាយក មិនទទួលស្គាល់ថា ជាសង្ឃពុទ្ធសាសនានោះទេ ព្រោះលោកធ្វើនយោបាយ ប៉ុន្តែ ក្រោយពេលរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ លោកប្រធានាធិបតី លន់ នល់ បានហៅលោកសឺង ង៉ុកថាញ់ ចេញពីព្រៃ មកធ្វើនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ ឯលោកសឺង ង៉ុកថាញ់ ក៏បាននិមន្តព្រះអាចារ្យជុំ ឧត្តមទីប្រឹក្សានោះ វិលមក ភ្នំពេញ វិញ បានឡើងជាព្រះចៅអធិការវត្តលង្កា។

ទោះជារបបរាជានិយម ត្រូវផ្តួលរំលំ ក៏អាចារ្យជុំ នៅមិនសុខ ចេះតែទើសព្រះទ័យនឹងរដ្ឋាភិបាលលន់ នល់ ដែលពុក-រលួយ លេបជំនួយអាមេរិក ក៏និមន្តទៅចូលរួមបាតុកម្ម ជាមួយក្រុមនិស្សិតសាលាច្បាប់ ដឹកនាំដោយនិស្សិតកុយ ប៉ិច, សន ថាត, អ៊ឹម យូហៃ និងសាស្ត្រាចារ្យគួច គីឡេង។ ដោយល្វីងមុខពេក លោកលន់ នល់ ក៏ស្នើទៅសម្តេចព្រះសង្ឃរាជ ហួត តាត នៃគណៈមហានិកាយ ថ្លែងព្រះរាជសារតាមវិទ្យុជាតិ កាលពីពាក់កណ្តាលឆ្នាំ១៩៧១ ប្រកាសមិនទទួលស្គាល់ភិក្ខុខៀវ ជុំ ជាសង្ឃក្នុងព្រះពុទ្ធសាសនា ដោយចោទថា មហាថេរអង្គនេះ ចេះតែនិមន្តចច្រប់ទៅចូលរួមជាមួយបាតុករប្រឆាំង រដ្ឋាភិបាល។ ជោគវាសនាព្រះភិក្ខុខៀវ ជុំ ចប់ត្រឹមរបបប៉ុល ពត ព្រោះបាត់ព្រះកាយសូន្យឈឹង សូម្បីព្រះភិក្ខុប៉ាង ខាត់ អ្នកប្រាជ្ញភាសាសំស្ក្រឹត ជាដៃគូ ក៏បាត់ដែរ ខណៈដែលសម្តេចហួត តាត ធ្លាយព័ត៌មានថា កាលបែកភ្នំពេញ នោះព្រះអង្គ យាងទៅដល់វត្តវាំងចាស់ នៅឧដុង្គ ក៏ត្រូវពួកខ្មែរក្រហមធ្វើគុត។

ការលើកពីប្រវត្តិព្រះអាចារ្យជុំ ដោយត្រួសៗនេះ ចង់បង្ហាញថា “សង្ឃធ្វើនយោបាយ” មកពីព្រះអង្គទើសព្រះទ័យ ទោះជារបបរាជានិយម ឬរបបសាធារណរដ្ឋក៏ដោយឱ្យតែឃើញពុករលួយ ក៏ប្រឆាំងជំទាស់ភ្លាម។ ករណីសង្ឃប្រឆាំង ដែល បន្តរហូតដល់សព្វថ្ងៃ គឺមកពី “ជាប់ពូជអាចារ្យជុំ” ចេញជាប្ញសកែវ ប្ញសរយាងដូចដើមឈើ។

យើងឃើញភិក្ខុប៊ុត ប៊ុនតិញ ភិក្ខុលួន សុវ៉ាត, មហាគ្រូងិន ភេន សង្ឃបណ្ឌិតហុក សាវណ្ណ ជាដើម សុទ្ធតែប្រឆាំងបក្ស កាន់អំណាច ជភភ តែងទេសនាប្រៀនប្រដៅបរិស័ទ បង្កប់ខ្លឹមសារនយោបាយ។ មហាភេន ជាអតីតចៅអធិការវត្តស្វាយ-ពពែ រាជធានីភ្នំពេញ ខាងគណៈធម្មយុត្តិ បាននិមន្តទៅគង់នៅប្រទេសបារាំង បន្តការប្រឆាំងរហូតដល់សុគត់ក្នុងព្រះជន្ម ៩៤វស្សា។

ឥឡូវលេចឮថា មានសង្ឃមួយអង្គ ព្រះនាមហេង គីមឡាយ គង់នៅវត្តប្រាសាទរង្សី ស្រុកពួក ខេត្តសៀមរាប ត្រូវបាន ចៅអធិការ ដេញចេញពីវត្តទាំងយប់ ពាក់ព័ន្ធនយោបាយ អាចថាមកពីសង្ឃអង្គនោះ ជា “ពូជអាចារ្យជុំ” តែម្តង។ កំហុសធ្វើនយោបាយ មិនបានចារទុកក្នុងវិន័យបិដកនោះទេ ឬថាបើចាប់ផ្សឹក ក៏មិនកើតដែរ ព្រោះទោសកំហុសចាប់ផ្សឹក លុះត្រាតែ “ជាអាបត្តិធ្ងន់បំផុត ឬ បារាជិក៤” ទើបផ្សឹកបាន។

កំហុសបារាជិក៤ រួមមាន ១-សម្លាប់សត្វមានជីវិត ២-លួចទ្រព្យគេ ៣-សេពមេថុនធម្ម ៤-ពោលអួតគុណវិសេស ថា ខ្លួនខ្លាំងពូកែគ្មានអ្នកណាដល់ (ឧត្តរិមនុស្សធម្ម)។ ភិក្ខុ សាមណេរដែលជាន់អាបត្តិនេះ ត្រូវគណៈសង្ឃចាប់បកស្បង់ចីវរ ដែលសមត្ថកិច្ចគ្រហស្តមិនអាចធ្វើបានឡើយ ប៉ុន្តែបើផ្សឹករួច ទើបប៉ូលិសអាចវ៉ៃខ្នោះបាន ក្នុងករណីលួចទ្រព្យគេជាដើម។

ដូច្នេះកំហុសសង្ឃហេង គីមឡាយ ត្រឹមបណ្តេញចេញពីវត្តនោះ សមស្របហើយ មិនអាចផ្សឹកបានឡើយ ប៉ុន្តែសួរថា “តើសង្ឃអង្គនេះ ត្រូវទៅគង់ទីណា?” ព្រោះសង្ឃនយោបាយល្បីល្បាញពេញបណ្តាញសង្គម គ្មានវត្តណាហ៊ានទទួលឱ្យនៅ ទេ ខ្លាចពាក់ព័ន្ធដូចសម្លកំពឹស។

បើលោក “សឹកដំបូក” ដូចនេនទុំ ក៏រឹតតែខុសវិន័យសាសនាទៅទៀត ហើយបើនិមន្តរសាត់អណ្តែត តែលតោល សិង ក្រោមដើមឈើ ឬក្បែរផ្លូវរថយន្តបើកបរ កាន់តែមិនសមភ្នែកញាតិញោមពុទ្ធបរិស័ទ។ បើនិមន្តទៅនៅផ្ទះជាមួយញាតិញោម ក៏មិនត្រូវដែរ ព្រោះព្រះសង្ឃ មិនអាចទៅសិង “ក្រោមដំបូលរួមជាមួយមាតុគ្រាម” បានឡើយ សូម្បីតែញោមស្រី ឬបងប្អូន ស្រី ក៏មិនបានដែរ ខុសវិន័យសិក្ខាបទ។

ដូច្នេះ “ពូជអាចារ្យជុំ” មានតែនិមន្តទៅនៅព្រៃភ្នំ ដូចព្រះអាចារ្យជុំ កាលនៅគង់នៅភ្នំដងរែក ប៉ុន្តែអាចារ្យជុំ មាន អាស្រម និងចង្ហាន់បរិបូណ៌ ដែលពួកឥស្សរៈយកទៅប្រគេន បើភិក្ខុហេង គីមឡាយ ធ្វើដូចអាចារ្យជុំ តើបានចង្ហាន់ឯណា ឆាន់? ជាពិសេស គ្មានព្រៃធ្វើអាស្រម ដូចតាបសឥសីនោះទេ។ អ៊ីចឹងរឿងនេះ លុះត្រាតែក្រសួងធម្មការនិងសាសនា ក៏ដូច គណៈសង្ឃនាយក ចាត់ចែងជោគវាសនាភិក្ខុជាពូជអាចារ្យជុំ នោះទើបបាន។ ចាត់ការនៅត្រង់បង្កលក្ខណៈងាយស្រួលឱ្យ មានវត្តអារាមគង់នៅ “មិនមែនចាប់ផ្សឹក” ព្រោះកំហុសនយោបាយនោះទេ។ បើមានអ្នកប្តឹងចោទថា “លោកហ្នឹងលួច ទូរស័ព្ទគេ ឬខូចគ្នាជាមួយមេម៉ាយក្បែរវត្ត” ក៏កាន់តែយ៉ាប់ ព្រោះអ្នកប្តឹងអត់ភ័ស្តុតាង ត្រូវទទួលបាបកម្មពីបទ “បំបែកសង្ឃ” ឈានដល់ “អនន្តរិយកម្ម”។

លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា រឿងបណ្តេញព្រះសង្ឃចេញពីវត្តនេះ លោកមិនបានទទួល អង្គហេតុបានគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែលោកថា បើសិនជាសង្ឃនោះ ត្រូវបានចៅអធិការ គណៈកម្មការដេញចេញ ពីវត្ត ដោយសារគាំទ្រគណបក្សនយោបាយណាមួយនោះ លោកមានសិទ្ធិប្តឹងនៅគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត (ភជែ) ឱ្យជួយធ្វើអន្តរាគមន៍។ ទោះយ៉ាងណា សង្ឃហេង គីមឡាយ បានមានថេរដីកាប្រាប់ “នគរធំ” ថា ព្រះអង្គបានទាក់ទង ទៅ១០០វត្តហើយ គ្មានវត្តណាហ៊ានទទួលព្រះអង្គឱ្យគង់នៅនោះទេ។ រឿងមិនហ៊ានឱ្យនៅនេះ មកពីខ្លាចជំពាក់ជំពិន ពុំមែន មានន័យថា ព្រះសង្ឃសុទ្ធតែគាំទ្រ ជភភ ១០០%នោះទេ តែរឿងខ្លាច ធំជាងអ្វីៗទាំងអស់។ រឿងព្រះសង្ឃនិមន្តចោលស្រុក ក៏មកពីខ្លាចពីសុវត្ថិភាពដែរ សូម្បី “មហាប៉ាន” បាននិមន្តចេញពីស្រុកខ្មែរ ទៅគង់នៅស្រុកសៀម ដោយសារ “អាចារវិបត្តិ” (ដំណើរខូចមារយាទ) ព្រះសង្ឃប្រកាន់បក្សពួក ខណៈដែលស្រុកខ្មែរ កើតចលាចលក្នុងសម័យ “បះតេជោ ទែន” ប៉ុន្តែ ក្រោយមកព្រះបាទអង្គឌួង បានចាត់នាហ្មឺនឱ្យទៅនិមន្តព្រះអង្គមហាប៉ាន មកស្រុកវិញ និងតែងតាំងជា “សម្តេចព្រះ-សុគន្ធាធិបតី ព្រះសង្ឃរាជនៃគណៈ-ធម្មយុត្តិកនិកាយ ដំបូងគេបង្អស់ កាលពីឆ្នាំ១៨៥៥។

សរុបទៅ “ពូជអាចារ្យជុំ” មិនទាន់ផុតរលត់ទេ អស់មួយនៅមួយ របបណាក៏ប្រឆាំងដែរ ឱ្យតែទាស់ព្រះទ័យ ព្រោះ លោកចេះផ្នែកពុទ្ធចក្រច្បាស់លាស់ណាស់ ប៉ុន្តែ “ចេះច្បាប់មិនខ្លាចក្តី ចេះវិន័យមិនខ្លាចអាបត្តិ” ហេតុនេះ គួរតែក្រសួង ធម្មការ និងសាសនា ក៏ដូចគណៈសង្ឃ ធ្វើអន្តរាគមន៍រឿងពូជអាចារ្យជុំ នេះផង…’

RELATED ARTICLES