Wednesday, April 17, 2024
Homeបរិយាយគូសឱ្យចំប្រអប់

គូសឱ្យចំប្រអប់

ដោយ អាចារ្យថាំ

ថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ឈានមកដល់ស្អែកនេះហើយ ជាទិវាប្រកបដោយជោគជ័យ សិរីសួស្តី សម្រាប់ អ្នកនយោបាយគ្រប់និន្នាការដែល “សង្ឃឹមឈ្នះឆ្នោត” ព្រោះសូម្បីតែបក្សតូចៗ ក៏សង្ឃឹមដែរ តែនឹងអាចសង្ឃឹមទៅបាន អាស្រ័យលើប្រជារាស្ត្រម្ចាស់ឆ្នោត “គូសចំប្រអប់បួនជ្រុង” នៅលើសន្លឹកឆ្នោត ប៉ុន្តែបើគាត់គូសមិនចំ ក៏ក្តីសង្ឃឹមនោះត្រូវ អសារបង់ ដែល “នគរធំ” ក្តាប់បាន ក៏លើកពីការបោះឆ្នោត “គូសឱ្យចំប្រអប់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សុភាសិតមួយថា “គ្មានអ្នកណាខ្វាក់ជាងមនុស្សមិនមើល” មានខ្លឹមសារអប់រំជ្រៅណាស់ ស្រដៀងនឹង “គ្មានអ្នកណា ថ្លង់ ជាងអ្នកមិនស្តាប់” ពោលគឺបុគ្គលនោះ មានភ្នែកភ្លឺក្រឡែត តែគាត់មិនរវល់បើកភ្នែកមើលនូវអ្វីដែលគាត់មិនចូលចិត្ត ក៏មិនខុសពីមនុស្សខ្វាក់នោះឡើយ។

យ៉ាងណាមិញ ពលរដ្ឋខ្មែរគ្រប់រូប ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ សុទ្ធតែមានសិទ្ធិបោះឆ្នោត សូម្បីកងប្រដាប់អាវុធ មន្ត្រីរាជការ ចាស់ជរា រហូតដល់ព្រះសង្ឃ សុទ្ធតែមានសិទ្ធិដូចគ្នា មិនហាមឃាត់ដូចកាលពីសម័យសង្គមរាស្ត្រនិយមនោះទេ។

សព្វថ្ងៃកម្ពុជា ជារដ្ឋពហុបក្ស យោងតាមរដ្ឋធម្មនុញ្ញ ដូច្នេះ ប្រជារាស្ត្រដែលទៅបោះឆ្នោត ក៏ស្រេចតែចិត្តគាត់ បើ ស្រលាញ់បក្សណា “គូសឱ្យចំប្រអប់បួនជ្រុង” ក្នុងរង្វង់និមិត្តសញ្ញាគណបក្ស បើគូសខុសប្រអប់ នឹងយកជាការមិនបានឡើយ ប៉ុន្តែមានការលើកលែងដែរ បើគាត់គូសចំនិមិត្តសញ្ញាបក្ស អាចយកបាន វៀរលែងតែមិនចំ។

ទោះយ៉ាងណា សុភាសិតថា “គ្មានអ្នកណាខ្វាក់ជាងមនុស្សមិនមើល” ចង់សំដៅដល់អ្នកចូលទៅបោះឆ្នោត បើគាត់មិន ពេញចិត្តនឹងការបោះឆ្នោត ច្បាស់ជា “គូសខ្វែងចោល” ឬគូសមិនចំទីដៅយកជាការមិនបាន។ ពុំមែនគាត់មិនចេះអក្សរ ឬ មើលមិនឃើញនោះទេ ព្រោះសូម្បីមនុស្សភ្នែកមីញ៉ូប ក៏មានវ៉ែនតាកញ្ចក់ក្រាស់ ជាជំនួយ។ រីឯចាស់ៗ ចូលដល់វ័យ កណ្តាល ឬវ័យជ្រេ ក៏សុទ្ធតែមានវ៉ែនតាសពាក់យោងភ្នែកងងឹត ឬស្រវាំង ឱ្យមើលឃើញច្បាស់។ គាត់អាចមើលដឹងថា បក្សណានៅលេខរៀងទីប៉ុន្មាន? មិនច្រឡំឡើយ ប៉ុន្តែបើគាត់គ្មាន ចិត្តចង់បោះឆ្នោត តែ “មិនហ៊ានធ្វើពហិការ” ក៏ចូលទៅ បោះនឹងគេ ទាំងមុខមិនសូវស្រស់។

នៅក្នុងបន្ទប់បាំងជិតនោះ ទោះជាគាត់មើលឃើញច្បាស់ ក៏ធ្វើមិនឃើញ រួចគូសខ្វែងចោល ទើបបត់សន្លឹកឆ្នោតញាត់ ទៅក្នុងហឹប បានជ្រលក់ថ្នាំគីមីម្រាមដៃដូចគេឯងដែរ។ ការបោះឆ្នោតបែបនេះ គាត់ធ្វើយករួចខ្លួន ជាក់ស្តែងកាលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ នោះ តាមពត័ត៌មានថា “មានសន្លឹកឆ្នោតមិនបានការច្រើនដែរ” ប៉ុន្តែបក្ស កាន់អំណាច ដែលឈ្នះឯកបក្ស បូកសរុបលទ្ធផលថា “មានអ្នកគាំទ្រ ជភភ ជាង៨៣%” ឯណោះ។

ថ្ងៃស្អែកនេះ ដល់ពេលគូសទៀតហើយ ជាសំណូមពររបស់ “នគរធំ” សូមស្នើបងប្អូនប្រជាពលរដ្ឋដែលចូលទៅបោះឆ្នោត “គូសឱ្យចំប្រអប់” កុំធ្វើដូចមុនទៀត។ បើបងប្អូនស្រលាញ់បក្សណា គូសឱ្យបក្សហ្នឹងទៅ កុំចេញក្បួនគូសខ្វែងសន្លឹកឆ្នោត នោះ មានន័យថា “អន់ជាងមនុស្សខ្វាក់ទៅទៀត”។

បើដូចការបោះឆ្នោតតំណាងរាស្ត្រ មេឃុំ-ចៅសង្កាត់ កាលពីសម័យសង្គមរាស្ត្រនិយម “គ្មានអ្នកខ្វាក់ទេ” គឺឱ្យតែចូល បោះឆ្នោត ដឹងតែទម្លាក់សន្លឹកឆ្នោតទៅក្នុងហិប។ សន្លឹកឆ្នោតតាមប្រព័ន្ធ “ឯកត្តនាម” សុទ្ធតែមានរូបថតបេក្ខជន បើរាស្ត្រ ស្រលាញ់បេក្ខជនណា ក៏យកសន្លឹកឆ្នោតមានរូបថតនោះទម្លាក់ចូលហិប អត់អាចបន្លំ ឬមិនបាច់គូសអ្វីឡើយ។ បោះឆ្នោត តាមឯកត្តនាម មានន័យទប់ស្កាត់ “មនុស្សភ្នែកភ្លឺ កុំឱ្យខ្វាក់” ប៉ុន្តែបើបោះឆ្នោតតាមប្រព័ន្ធ “សមាមាត្រ” ដូចបច្ចុប្បន្ននេះ “មនុស្សខ្លះ ភ្នែកភ្លឺ បែរទៅជាខ្វាក់” ព្រោះគាត់គូសន្លឹកឆ្នោត មិនអាចយកជាការបាន។

យ៉ាងណាក៏ដោយចុះ ចិត្តមនុស្សមិនដូចគ្នាទេ ខណៈដែលពលរដ្ឋភាគច្រើន ចង់ទៅបោះឆ្នោត តែមនុស្សភាគតិច “ចង់ ពហិការ”។

ចំណាំមើលទៅ “នគរធំ” ថាមិនខុសទេ បើមណ្ឌល ឬការិយាល័យបោះឆ្នោតណា មានសន្លឹកឆ្នោតខ្វែង ពិតណាស់ថា ភូមិមណ្ឌលនោះ “មានមនុស្សខ្វាក់មាន់”។ ខ្វាក់មាន់ បើពេលថ្ងៃ មើលឃើញធម្មតា តែបើពេលយប់ គាត់មើលអ្វីមិនឃើញ ទេ ដែលភាគច្រើនជំងឺនេះកើតតែក្មេងៗ។ ពីដើម គេមានរបៀបព្យាបាលក្មេងខ្វាក់មាន់ ដោយយកស្លឹកឈូក ខ្ចប់ទឹក រួចចាំ គប់ឱ្យចំភ្នែកក្មេងនោះ ពេលវាដើររាវពពីមពពើម។ បើគប់ទឹកត្រជាក់ចេញពីកញ្ចប់ស្លឹកឈូកនោះ ចំភ្នែកបានល្អ ក្មេង នោះនឹងជាសះស្បើយពីជំងឺខ្វាក់មាន់។

សម្រាប់ “អ្នកបោះឆ្នោតខ្វាក់” គ្មានថ្នាំព្យាបាលទេ ទោះជាយកទឹកខ្ចប់ស្លឹកឈូក ចាំគប់គាត់នៅពេលយប់ ក៏គាត់នៅ តែងងឹតដដែល។ វិធីព្យាបាលមនុស្សភ្នែកភ្លឺ តែងងឹតតាមនិន្នាការនយោបាយ លុះត្រាតែ “ឯកភាពជាតិ” ឈប់ឈ្លោះប្រកែក ជេរដៀមដាមគ្នា តាមបណ្តាញសង្គម ទើបស្រោចស្រង់បាន។

សរុបទៅ “គូសឱ្យចំប្រអប់” តែគាត់គូសខ្វែងនោះ ពុំមែនគាត់មើលមិនឃើញនោះទេ ប៉ុន្តែ “គ្មានមនុស្សណាខ្វាក់ជាង អ្នកមិនមើល”។ ឧបមាថា មណ្ឌលនោះ មានអ្នកបោះឆ្នោត ៥០០នាក់ តែសន្លឹកឆ្នោតខ្វែង ៥០សន្លឹក គឺមានន័យថា នៅភូមិ នោះ មានអ្នកមិនពេញចិត្តនឹងការបោះឆ្នោត ១០ភាគរយ…’

RELATED ARTICLES