Sunday, December 22, 2024
Homeបរិយាយស្រុកយើងសប្បាយ

ស្រុកយើងសប្បាយ

ដោយ អាចារ្យថាំ

ស្រុកសុខសន្តិភាព សម្បូរម្ហូបអាហារ ជីវភាពពលរដ្ឋឈានឡើងខុសពីមុន ចង់ដើរកម្សាន្តទីណាក៏បាន មិនបារម្ភពីចោរកម្ម ឧទ្ទាមកម្ម គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ដូច្នេះ បើបោះឆ្នោតរួចកាលណា សង្ឃឹមថា ទីតាំងរមណីយដ្ឋានណាដែល នៅជិតមណ្ឌលបោះឆ្នោត នឹងមានមនុស្សទៅលេងកម្សាន្ត ទទួលបានប្រភពចំណូលមិនតិចទេ។ ហេតុនេះ ជាសំណូមពររបស់ “នគរធំ” បើបោះឆ្នោតរួច សូមបងប្អូនប្រជាពលរដ្ឋ កុំសេពសុរា មេរ័យ ដោយបង្វិលមុខព្រួញទៅលេងជើងភ្នំទឹកធ្លាក់ ឆ្នេរ សមុទ្រ ដែលនៅជិតផ្ទះ ព្រោះ “ស្រុកយើងសប្បាយ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បន្ទាប់ពីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ជិត៣ទសវត្សមក កម្ពុជា បានក្លាយទៅជា “ប្រទេសទេសចរណ៍” ល្បីល្បាញក្នុងពិភពលោក ដោយសារមាន “ប្រាសាទអង្គរវត្ត” និងប្រាង្គប្រាសាទរាប់ពាន់ ជាតំណាងឱ្យអរិយធម៌វប្បធម៌ខ្មែរ។ ក្រៅពីតំបន់អង្គរ យើងនៅមានតំបន់ទឹកជ្រោះ ទឹកធ្លាក់ កំពូលភ្នំ ស្ទឹង ទន្លេ សមុទ្រ កោះ អាងទឹក បានត្រូវអភិវឌ្ឍឱ្យទៅជារមណីយដ្ឋាន។

“ស្រុកយើងសប្បាយ” ទាំងថ្ងៃទាំងយប់ អត់បិទចរាចរណ៍ ឬមានច្បាប់ “បម្រាមគោចរ” នៅពេលយប់នោះទេ ផ្ទុយពី កាលមានសង្គ្រាមស៊ីវិល បើចង់ចេញទៅខេត្តឆ្ងាយៗ ឬតំបន់ព្រៃ មិនខុសពីអ្នកផ្សងព្រេង ក្នុងរឿងគុននិយម។ គ្មានពលរដ្ឋ ខ្មែរណា ចង់បានសង្គ្រាមនោះទេ សូម្បីតែពួកប្រឆាំង ក៏ស្រលាញ់សន្តិភាពដែរ ឯរឿងដែលពួកប្រឆាំង ចង់ឱ្យមានការផ្លាស់ប្តូរ នោះ វាជាលក្ខណៈនៃប្រទេសកាន់លិទ្ធប្រជាធិបតេយ្យ ដែលគេផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ ដោយការបោះឆ្នោតតាមអាណត្តិ។

ថ្ងៃនេះ ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចូលមកដល់ហើយ ទោះបីជាតំបន់ខ្លះមានភ្លៀង ឬក្តៅខ្លាំង ក៏មិន អាចទប់ជាប់ចំនួនមនុស្សដែលចូលទៅបោះឆ្នោត និងពិតណាស់ថា ចំនួនអ្នកធ្វើពហិការតិចតួចណាស់ ដែលភាគច្រើនមាន ទុក្ខធុរៈ ឬមានជំងឺ មិនអាចទៅបោះឆ្នោតបាន។

បើបោះឆ្នោតពីពេលព្រឹក អាចនឹងមានប្រជាពលរដ្ឋរៀបបាយកញ្ចប់ ម្ហូបអាហារ នំចំណី ភេសជ្ជៈ ដាក់ម៉ូតូ ឬរថយន្ត នាំគ្នាចេញទៅកម្សាន្តតាមរមណីយដ្ឋានណាដែលនៅជិត។ ជួនកាលគាត់អាចបង្ហួសទៅលេងតំបន់ទេសចរណ៍ឆ្ងាយៗក៏បាន ដែរ អាស្រ័យលើធនធាន ឬមានរថយន្តជាមធ្យោបាយធ្វើដំណើរ។ ម៉្យាងទៀត ថ្ងៃចន្ទ ក្រោយបោះឆ្នោត១ថ្ងៃ រាជរដ្ឋាភិបាល បើកច្បាប់ឱ្យសម្រាក១ថ្ងៃនេះទៀត ជាឱកាសល្អបំផុត សម្រាប់អ្នកចូលចិត្តដើរលេង ព្រោះតែ “ស្រុកយើងសប្បាយ”។

“នគរធំ” មានជំនឿថា តំបន់អង្គរ, ប្រាសាទព្រះវិហារ, ប្រាសាទសំបូរព្រៃគុក, ភ្នំគូលែន, សមុទ្រកែប, សមុទ្រកំពង់-សោម, គិរីរម្យ បឹងយក្សឡោម, ព្រៃមណ្ឌលគិរី, រតនគិរី, បូកគោ, កោះនានាក្នុងសមុទ្រ៘ នឹងស្រូបទាញអ្នកបោះឆ្នោត ដែលមានម្រាមដៃប្រឡាក់ទឹកល័ខ ទៅលេងកម្សាន្តមិនខានឡើយ។

បានន័យថា ការដើរលម្ហែ បានចូលរួមចំណែកកាត់បន្ថយភាពតានតឹងផ្នែកនយោបាយ បានមួយចំណែកដែរ។ នយោបាយ ស្តែងចេញតាមរយៈការបោះឆ្នោត ចាត់ទុកជាសម្ពាធមួយ ធ្វើឱ្យមនុស្សពិចារណាផ្តល់ការគាំទ្រឱ្យគណបក្សណាមួយ ប៉ុន្តែ មុននឹងគូសសន្លឹកឆ្នោត គាត់ត្រូវប្រើវិចារណញ្ញាណថ្លឹងថ្លែងហ្មត់ចត់ណាស់។

បើបានដើរយកខ្យល់អាកាសលើកំពូលភ្នំបូកគោ គិរីរម្យ ដែលមានធាតុអាកាសត្រជាក់ស្រេងនោះ ធ្វើឱ្យខួរក្បាលរង សម្ពាធ បានធូរស្រាលមិនខានឡើយ។ សព៌ាង្គកាយស្អុះស្អាប់ក្នុងពេលប្រជ្រៀតគ្នា ឬឈរតម្រៀបជួរ រង់ចាំលេខរៀង របស់ខ្លួននោះ នាំឱ្យបែកញើសជោកខ្នង ដូច្នេះ បើបានទៅងូតទឹកនៅឆ្នេរទន្លេកោះដាច់ ឬចុះត្រាំទឹកសមុទ្រ នៅឆ្នេរកែប, ឆ្នេរអូរឈើទាល ធានានឹងបានស្រួលខ្លួនជាពិតប្រាកដ។ ធ្លាប់តែតាមដាននយោបាយ រហូតបោះឆ្នោតរួចរាល់ជាស្ថាពរ បើបាន ដើរកាត់ព្រៃ ស្តាប់សំឡេងរៃកណ្តឹងយំរ៉ែៗពីលើមែកឈើខ្ពស់ៗ ធានាថា អារម្មណ៍ធុញថប់តប់ប្រមល់ នឹងធូរស្រាលឡើង វិញ។ ធ្លាប់តែឮជម្លោះនយោបាយជេរដៀមដាមគ្នា តាមហ្វេសប៊ុក យូធូប លុះបោះឆ្នោតរួច បានចេញទៅមើលរូបចម្លាក់ តាមប្រាង្គប្រាសាទនានា ឬបានទៅគក់ទ្រូង ឮមូង! មូង! នៅក្នុងប្រាសាទគក់ទ្រូង ពិតណាស់ថា ស្នូរដូចវាយគងនោះ នឹង ចូលមកជំនួសការដៀមដាម ជេរប្រទេចគ្នាជាពិតប្រាកដ។

“ស្រុកយើងសប្បាយ” មិនខ្វះកន្លែងកម្សាន្ត ឱ្យតែមានលុយ និងមធ្យោបាយធ្វើដំណើរ។ អ្នកបោះឆ្នោត អាចទៅរង់ចាំ ស្តាប់លទ្ធផលឆ្នោត ចេញបណ្តោះអាសន្ន តាមហ្វេសប៊ុក យូធូប នៅឯរមណីយដ្ឋានក៏បាន។ មិនគួរខ្វល់ថា បោះឆ្នោតរួច “ផ្ទុះសង្គ្រាម” ដូចបុគ្គលបំពុលសង្គមខ្លះបំភិតបំភ័យនោះទេ។ ពលរដ្ឋគ្រប់រូប ត្រូវការសប្បាយ ឆ្អែតឆ្អន់នឹងសង្គ្រាម កុំថា ដល់ទៅផ្ទុះ សូម្បីតែឃើញគេបំផុសបំភិតបំភ័យ ក៏មិនចង់ឱ្យជួប។

ផ្ទុយទៅវិញ បើបោះឆ្នោតរួច បបួលគ្នាព័ទ្ធវង់ជល់កែវ ខុសពីបទបញ្ជារាជរដ្ឋាភិបាលនោះ បានត្រឹមនាំទុក្ខមកដាក់ខ្លួន តែប៉ុណ្ណោះ។ បើផឹកក្លែមមាន់ស្ងោរ ឬសាច់គោអាំង អត់អីទេ តែបើ “ផឹកក្លែមនយោបាយ” ជួនកាលអ្នកស្រវឹងដាល់គ្នា បែកមុខបែកមាត់ មិនស្គាល់បងប្អូនព្រៀងលានក៏មានដែរ។

វិធីដែលល្អបំផុត គួរចេញដើរកម្សាន្ត ដូចអ្វីដែល “នគរធំ” បានពិពណ៌នាខាងលើ បើអ្នកនៅសៀមរាប គួរទៅមើល អង្គរ, បារាយណ៍ទឹកថ្លា ឬងូតទឹកភ្នំគូលែន។ អ្នកនៅខេត្តកំពត អាចទៅលេងនៅទឹកឈូ ,តាដា, ក្តាត, ភ្នំដូង, ដូងទេរ, ឬបូកគោ។ អ្នកនៅកំពង់ស្ពឺ គួរទៅក្រាលកន្ទេល ដេកក្រោមដើមស្រល់ នៅគិរីរម្យ។ អ្នកនៅកែប គួរទៅត្រាំទឹកសមុទ្រ កន្លះម៉ោងទៅ ឱ្យជ្រះញើសក្អែល ឬការធុញថប់តប់ប្រមល់។ អ្នកនៅតាកែវ អាចទៅលេងជ្រោះផ្អោក, ឡើងយកខ្យល់ អាកាសនៅភ្នំជីសូរ ភ្នំប្រាសាទបាយ៉ង់កោរ៘

ថ្ងៃចន្ទ ក្រោយពេលបោះឆ្នោតនោះ ជាឱកាសល្អណាស់ សម្រាប់អ្នកចូលចិត្តដើរលេង តែត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ចរាចរណ៍ផង។ ទោះយ៉ាងណា អ្នកបម្រើនយោបាយជោកជាំ អត់ចូលចិត្តដើរលេងទេ ច្បាស់ជាគាត់សំងំក្នុងផ្ទះ ឬដើរក្រវែល មណ្ឌលបោះឆ្នោត រង់ចាំស្តាប់លទ្ធផលបោះឆ្នោត។ បើដឹងថា បក្សគាត់ឈ្នះឬចាញ់ ក៏ទៅផ្ទះ “ដាក់ពីរបីកំប៉ុង” អត់ខ្វល់ពី បម្រាមរាជរដ្ឋាភិបាល បានត្រឹមនាំមកនូវការបាត់បង់សិរីសួស្តី ឬផ្ទុះកំហឹងដាក់គ្នាតែប៉ុណ្ណោះ។

សរុបទៅ “ស្រុកយើងសប្បាយ” គ្រាន់តែជាទស្សនៈបង្ហាញផ្លូវអ្នកបោះឆ្នោតរួច អាចចេញកម្សាន្តបំបាត់ភាពអផ្សុក។ បើមិនអាចទៅណាឆ្ងាយ បានត្រឹមតែអុំទូកត្នោត ចុះដកព្រលិត ឬបេះផ្កាឈូក នៅតាមបឹងបួក្នុងភូមិ ក៏សប្បាយភ្លេចទុក្ខ ដែរ…’

RELATED ARTICLES