ដោយ អាចារ្យថាំ
សុភាសិតថា “ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា” សូម្បីតែក្មេងរៀនសាលាបឋមសិក្សា ក៏យល់ដែរ។ អ្នកលេងល្បែងបញ្ជល់មាន់ សម្រាប់អ្នកឈ្នះ មុខឡើងខ្លាញ់រងើម រីឯអ្នកចាញ់ ដំឡើងទឹកមុខខឹងសម្បាដូចខ្លាឃើញសាច់ ជួនកាលខឹងពេក ក៏មួលកមាន់ បញ្ជល់របស់ខ្លួនដែលចាញ់គេនោះងាប់ទៅ រួចបោះឱ្យគ្នីគ្នាយកទៅបោចស្ងោរក្លែមស្រា។ អ្នកឈ្នះនិងអ្នកចាញ់ការបោះឆ្នោត បើចេញតែក្បួនដូចអ្នកលេងមាន់បញ្ជល់ ច្បាស់ជាឈ្លោះគ្នារញ៉េរញ៉ៃទៀតហើយ ដែល “នគរធំ” ធ្លាប់ឆ្លងកាត់ការបោះឆ្នោត ជាច្រើនអាណត្តិ សូមលើកពី “ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ចប់សព្វគ្រប់អស់ហើយ ទោះបីជា គ.ជ.ប មិនទាន់ប្រកាសលទ្ធផល ជាផ្លូវការ ក៏តួលេខហក់មិនផុតពីលទ្ធផលបណ្តោះអាសន្នគឺគណបក្សប្រជាជនកម្ពុជា (ជភភ) ឈ្នះតំណែងមេឃុំ-ចៅសង្កាត់ ១៦០០ ក្នុងចំណោម ១៦៥២ និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ៧០% ទូទាំងប្រទេសនេះដែរ។ ប្រជាពលរដ្ឋខ្មែរ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស ចង់បោះឆ្នោតតាមប្រជាធិបតេយ្យ បើបក្សណាឈ្នះកៅអីមេឃុំ ចៅសង្កាត់ ក៏អង្គុយទៅ តែបើបក្សណាបានកៅអីជំទប់ ក្រុមប្រឹក្សា ក៏អង្គុយតាមឋានៈទៅ “មិនចង់ឱ្យឈ្លោះគ្នាទេ”។
បើនិយាយពីរឿងឈ្លោះនោះ វាសាំដដែលៗ ក្លាយជាវប្បធម៌ទៅហើយ (ជភភ) ចាញ់ឆ្នោតតំណាងរាស្ត្រហ៊្វុនស៊ិនប៉ិច ក៏ផ្ទុះការតវ៉ាចង់បំបែកប្រទេស តែបានសម្តេចឪ ព្រះបរមរតនកោដ្ឋ ទ្រង់សម្របសម្រួលឱ្យចែកកៅអីគ្នា មាននាយករដ្ឋមន្ត្រី ២រូប។ លុះដល់បោះឆ្នោតអាណត្តិក្រោយៗមក ពួកប្រឆាំងចាញ់វិញ ក៏ផ្ទុះបាតុកម្ម កុបកម្ម រហូតបាញ់គ្នាដួលច្រងាប់ច្រងិល ដែលជាទិដ្ឋភាពមួយធ្វើឱ្យខ្មែរអាប់ឱនកិត្តិយស។
កាលនោះយើងដឹងថា “អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា” ដោយឃ្លាំមើលឃើញថា អ្នកឈ្នះបបួលគ្នាជប់លៀង រាំ ច្រៀងជល់កែវក្លែមសាច់គោដុត ជ្រលក់ទឹកប្រហុក អន្លក់កញ្ឆែត ធ្វើឱ្យមុខគាត់ឡើងខ្លាញ់រងើម។ រីឯអ្នកចាញ់ក៏ផឹកដែរ មិនសុខចិត្តស្ងួតជើងធ្មេញនោះទេ លុះត្រូវស្រា ឬផឹកទឹកត្នោតជូរ ស្រវឹងស្រឿងៗ ក៏បញ្ចោញទឹកមុខដូចខ្លា។ អ្នកចាញ់មិនរាំ ច្រៀង ស្តាប់ភ្លេងលេងភ្លៅនោះទេ តែគាត់កៀងគរគ្នាទៅធ្វើបាតុកម្ម កូដកម្ម ស្រែកជេរដៀមដាមអ្នកឈ្នះ លាក់គំនុំនយោ- បាយច្បាស់ក្រឡែត។
ឥឡូវសួរថា តើអ្នកនយោបាយយើងគ្រប់និន្នាការចាប់យកវប្បធម៌ “ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា” ទៀតឬយ៉ាងណា? បើនៅតែមិនចោលក្បួនចាស់ហ្នឹងទេ “ជម្លោះនយោបាយ” នឹងគ្មានទីបញ្ចប់។
អ្នកឈ្នះគួរតាំងចិត្តឱ្យដូចកីឡាករប្រដាល់ ពេលដាល់គេដួល ក៏ជួយលើកគ្រាហ៍ សំពះសុំទោស ទើបមានឈ្មោះជា កីឡាករគំរូ។ ពុំមែនដាល់គេដួល រួចលោតទៅថែមនោះទេ ឬថាបើមិនបានជួយលើកគ្រាហ៍ ក៏ឈរមើលអ្នកចាញ់នោះ ដោយទឹកមុខស្ងួតស្ងប់ បង្កប់ក្តីអាណិតអាសូរ។
ចំណែកអ្នកចាញ់ដែលដួលទ្រមខ្លួននោះ ត្រូវគិតថា មកពីខ្លួនគេហាត់មិនដល់កម្រិត ចេះស្នៀតមិនដល់គេ គួររៀនសូត្រ ពីគេ ឬសុំគេទុកជារៀមច្បង ពុំមែនចាញ់ភ្លាម សុំសងសឹកភ្លាមៗនោះទេ។
ការបោះឆ្នោតតំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា តាំងពីអាណត្តិទី១ ឆ្នាំ១៩៩១មកនោះ ពលរដ្ឋជាម្ចាស់ ឆ្នោតឆ្អែតឆ្អន់ហើយ គឺបន្ទាប់ពីបោះរួច ស្រាប់តែអ្នកនយោបាយពាក់មុខយក្សដាក់គ្នា អូសទាញទាំងសកម្មជនអ្នកបម្រើ នយោបាយ ឱ្យញេញធ្មេញលាត់ដៃអាវបង្ហាញសាច់ដុំ។
ដូចកាលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ អតីតបក្សសង្គ្រោះជាតិ (ជណភ្រ) ដណ្តើមបានកៅអី មេឃុំ-ចៅសង្កាត់ពី ជភភ ជិត៥០០ ដោយមិនគិតពីចំនួនកៅអីក្រុមប្រឹក្សានោះទេ។ កាលនោះ លោកសម រង្ស៊ី ទោះជា ចាញ់ “ក៏ធ្វើឈ្នះ” ដោយគាត់អួតថា ជាជ័យជម្នះក្នុងប្រវត្តិសាស្ត្រ និងចំអកឱ្យ ជភភ ថាមូលហេតុរបូតកៅអីជិត ៥០០នោះ មកពីរាស្ត្រអស់ជំនឿ។
ចំណែកមន្ត្រី ជភភ អួតថា ទេវតានៅតែឈ្នះជានិច្ច ក៏នាំគ្នាជល់កែវ រាំច្រៀង ខណៈដែលពួក ជណភ្រ ហ៊ោកញ្ច្រៀវ ព្រោះគិតថា ឈ្នះដែរ។
ដល់ដណ្តើមគ្នាឈ្នះយ៉ាងនេះ “សុទ្ធតែមុខខ្លាញ់គ្រប់គ្នា” ប៉ុន្តែមេឃុំចាស់ដែលរបូតកៅអីទៅគេនោះ “មុខខ្លា” ខឹងសម្បា មិនធម្មតាឡើយ ព្រោះអាចត្រូវមាត់ថ្នាក់លើថា មកពីគាត់មិនកើត បានជាគេដណ្តើមកៅអីបាន។
ទីបំផុត “អ្នកណាខ្លាំង អ្នកហ្នឹងឈ្នះ” ខណៈដែល ជណភ្រ ត្រូវតុលាការកំពូល រំលាយចោល បិទផ្លូវតវ៉ា រីឯកៅអីក្រុម ប្រឹក្សាឃុំ-សង្កាត់ ជណភ្រ ៥០០៧ ត្រូវដកហូតទៅចែកគ្នា ដែល ជភភ បានច្រើនជាងទេ។
ការលើកអតីតកាលដោយត្រួសៗនេះ មកពី “នគរធំ” ចង់បញ្ចៀសកុំឱ្យមានហេតុការណ៍បែបនេះ កើតឡើងទៀត បន្ទាប់ពីបានឃើញសំណេរលោកសុខ ឥសាន អ្នកនាំពាក្យ ជភភ ថា “ភ្លើងទៀន មានសង្ឃឹមរលាយដូចឪវា (ជណភ្រ) ដោយសារបានប្រព្រឹត្តល្មើសច្បាប់ និងគោលការណ៍ គ.ជ.ប”។
ដូច្នេះឧបមាថា ភ្លើងទៀន ត្រូវរលាយរលត់មែននោះ វានឹងឈានដល់ដំណាក់កាល “ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា” ធ្ងន់ ជាងពេលណាៗទាំងអស់ ដោយហេតុថា អ្នកបោះឆ្នោតឱ្យភ្លើងទៀន គឺជាមនុស្ស ជណភ្រ តែគេសំងំសុខ។ មានតែប្រតិ-បត្តិការមាគ៌ាពុទ្ធនិយម ទើបសុខស្ងប់ គ្មានការតវ៉ា គ្មានការបង្ក្រាប ពោលគឺអ្នកឈ្នះ គួរតែបង្ហាញទឹកមុខសន្តោសប្រណី ឯអ្នកចាញ់ ត្រូវតែញញឹមទទួលយកការបរាជ័យរបស់ខ្លួន។
ទោះយ៉ាងណា ពេលអាប៉ោងបើកគ្រប គេ “ស្តាប់មេស៊ីសង” មិនមែនលូកដៃទៅឆក់លុយពីមេអាប៉ោងនោះទេ។ គ.ជ.ប ប្រៀបបាននឹងមេអាប៉ោង បើគេចាក់ត្រូវប៉ុន្មាន សងគេប៉ុណ្ណឹងទៅ។
មន្ត្រី ជភភ ខ្លះ គ្មានចិត្តចង់ចែករំលែកកៅអីថ្នាក់មូលដ្ឋាននេះ ទៅពួកប្រឆាំងនោះទេ ដោយយល់ថា បើប្រឆាំងបាន ធ្វើមេឃុំ-ចៅសង្កាត់ គាត់ពិបាកទៅធ្វើសំបុត្រស្នាម ព្រោះមិនមែនគ្នាឯង។ រឿងនេះបើគិតឱ្យសព្វៗទៅ “ស្រួលទៅវិញទេ” ព្រោះថា អ្នកឡើងថ្មីនេះ “ធ្វើការក្រោមបង្គាប់អភិបាលស្រុក” ដែលជាមន្ត្រី ជភភ។ រីឯចៅហ្វាយស្រុក ចៅហ្វាយខេត្ត នៅ ក្រោមបង្គាប់ក្រសួងមហាផ្ទៃ ឬរាជរដ្ឋាភិបាល ជភភ មិនមែនមេឃុំ មកពីបក្សប្រឆាំង ចង់ធ្វើអ្វីស្រេចតែចិត្តឯណា?
ជាក់ស្តែងកាលអ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត ទៅធ្វើចៅសង្កាត់អូរចារ ក្រុងបាត់ដំបង គ្រាន់តែដាក់លូទឹក បណ្តោះទឹក-ស្អុយចេញពីភូមិមួយ មិនសុំយោបល់ថ្នាក់លើ ក៏មានមន្ត្រី ជភភ និងតំណាងរាស្ត្រ ជភភ ចុះទៅទប់ស្កាត់ ចេញជា “ឈ្នះមុខ-ខ្លាញ់ ចាញ់មុខខ្លា”។
សរុបទៅ “ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា” ជាសំណូមពររបស់ “នគរធំ” ស្នើគណបក្សនយោបាយទាំងអស់ យល់ព្រម ទទួលយកលទ្ធផលបោះឆ្នោត ដែលប្រកាសដោយ គ.ជ.ប។ បក្សណាឈ្នះប៉ុន្មាន ទទួលប៉ុណ្ណឹងទៅ ឯអ្នកចាញ់ឬបានកៅអី ខ្លះនោះ ក៏ចាត់ទុកថា ឈ្នះដែរ គួរចែករំលែកគ្នារស់ មិនមែន “ដណ្តើមគ្នារស់” នោះទេ…’